សហភាពអឺរ៉ុប អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដើម្បីអាចចូលរួមក្នុងជីវភាពនយោបាយឡើងវិញសម្រាប់ការបោះឆ្នោតនៅពេលខាងមុខប្រកបទៅដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
តំណាងសហភាពអឺរ៉ុប បានថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៃកិច្ចប្រជុំអន្តរសកម្មលើកទី៥០ ស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ថា កម្ពុជាត្រូវតែបើកលំហឱ្យមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ដើម្បីធានាការបោះឆ្នោតមួយដែលប្រកបទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ពួកគេជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកនូវលំហសេរីភាពបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឱ្យកាន់តែទូលំទូលាយ ព្រមទាំងផ្តល់នូវសេរីភាពកាន់តែច្រើនថែមទៀតនូវប្រព័ន្ធផ្សព្វផ្សាយនានា ដែលជាកត្តាជំរុញឱ្យដំណើរការប្រជាធិបតេយ្យកាន់តែមានភាពល្អប្រសើរនៅកម្ពុជាទៅថ្ងៃមុខ។
ការអះអាងនេះ ធ្វើឡើងដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការរឹតត្បិតសេរីភាពនយោបាយមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ដែលកំពុងរងការចោទប្រកាន់ទាំងអយុត្តិធម៌សព្វថ្ងៃនេះ។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ថា ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) សូមសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហភាពអឺរ៉ុប ដែលអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា។
លោក ទូច វិបុល អះអាងថា ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យសូមលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ប្រញាប់ស្ដារប្រក្រតីភាពនៃស្ថានភាពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងទម្លាក់ចោលរាល់បទចោទប្រកាន់លើលោក កឹម សុខា ទាំងអស់ រួមទាំងអ្នកនយោបាយ និងសកម្មជនសង្គមនានាដោយឈរលើគោលការណ៍ផ្សះផ្សាជាតិ ឯកភាពជាតិ និងសន្តិភាពថ្លៃថ្នូរ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលកំពុងធរមានសព្វថ្ងៃនេះ។
កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ឃុំខ្លួនពីបទឃុបឃិតជាមួយរដ្ឋបរទេស។ ប្រធានបក្សប្រឆាំងរូបនេះនៅមិនទាន់ត្រូវបានតុលាការកាត់ទោសពីបទល្មើសណាមួយនៅឡើយទេ ទោះបីមានសវនាការជិត ៤០ដងទៅហើយក៏ដោយ។
ក្រុមអ្នកឃ្លាំមើលសង្គមព្រមានថា ការបិទខ្ទប់សេរីភាពមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា អាចនាំឲ្យសហគមន៍អន្តរជាតិដាក់ចេញនូវសេណារីយ៉ូថ្មីទាក់ទងទៅនឹងនយោបាយប្រជាធិបតេយ្យូបនីយកម្មកម្ពុជា ដើម្បីកំណត់ផ្លូវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដើរទៅថ្ងៃមុខជាមិនខាន។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងដែលមិនអាចធ្វើដំណើរទៅចូលរួមវេទិកាពិភពលោកជាមួយបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ច G7 និង G20 តាមកម្មវិធីដែលបានគ្រោងទុក ដោយសារតែសិទ្ធិសេរីភាពរបស់លោកត្រូវបានហាមឃាត់៕