រដ្ឋមន្ត្រីការបរទេសកម្ពុជា ស្នើឲ្យសហរដ្ឋអាមេរិកបន្តសុពលភាព ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាឡើងវិញ ដើម្បីបន្តការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាក្នុងវិស័យនានា ក្នុងពេលបច្ចុប្បន្ននេះ បន្ទាប់ពីហួសសុពលភាពជិត ២ឆ្នាំ។
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នេះថា បន្ទាប់ពីបានជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីងខេន (Antony Blinken) ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែឧសភា កន្លងទៅ លោកសង្ឃឹមថា អាមេរិកនឹងបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) សម្រាប់កម្ពុជាឡើងវិញ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន អះអាងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីងខេន បានបង្ហាញពីការត្រៀមខ្លួនរបស់អាមេរិកក្នុងការគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍរបស់កម្ពុជា និងធ្វើការយ៉ាងសកម្មជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។
រដ្ឋមន្ត្រីការបរទេសកម្ពុជារូបនេះបញ្ជាក់ថា ការធ្វើពាណិជ្ជកម្ម គឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការវិជ្ជមានដ៏ល្អប្រសើរបំផុតរវាងប្រទេសទាំងពីរ ដើម្បីជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជានៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដែលភាគច្រើនសុទ្ធសឹងតែជាស្ត្រី។
ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់អាមេរិកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅពេលនេះ បន្ទាប់ពីកម្ពុជាត្រូវរងនូវការរិះគន់ពីការរំលោភសិទ្ធិមនុស្ស និងជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យនាពេលកន្លងមក។
សហរដ្ឋអាមេរិក គឺជាទីផ្សារធំមួយសម្រាប់កម្ពុជាក្នុងការនាំទំនិញយកទៅលក់ដែលផ្តល់នូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលហៅកាត់ថា (GSP) ដែលធ្វើឲ្យកម្ពុជាអាចនាំទំនិញចំនួនជាង ៥ពាន់មុខចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយ ដែលកម្ពុជាអាចចំណេញពីការបង់ពន្ធគយនេះក្នុងទំហំទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
យ៉ាងណាក៏ដោយ កម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិកដែលផ្តល់មកកម្ពុជា ត្រូវបានហួសសុពលភាពតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ មកម្ល៉េះ ហើយការហួសសុពលភាពនេះ បានប៉ះពាល់ទៅលើអ្នកបញ្ជាទិញដែលតម្រូវឱ្យបង់ពន្ធនាំចូលទៅកាន់សហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ក្រសួងរតនាគារសហរដ្ឋអាមេរិក ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានថា ខ្លួននឹងពិចារណាឡើងវិញក្នុងការផ្តល់ជូននូវកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ (GSP) មកឱ្យកម្ពុជាសាជាថ្មី ប៉ុន្តែការផ្តល់ជូនដល់កម្ពុជាសាជាថ្មីនេះ គឺត្រូវត្រួតពិនិត្យដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលមានការយល់ព្រមពីរដ្ឋសភាដោយផ្ទាល់ជាមុនសិន។
រដ្ឋាភិបាលកម្ពុជា ធ្លាប់បានចេញរបាយការណ៍របស់ខ្លួនកាលពីអំឡុងឆ្នាំ២០២០ កន្លងទៅថា កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិកក្នុងទំហំជាទឹកប្រាក់ប្រមាណជា ៦,៥ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនជាផលិតផលសម្លៀកបំពាក់ ក្នុងនោះទំហំទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារអាមេរិកមិនត្រូវបានគិតពន្ធនោះទេ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកនេះ។
កម្មវិធីអនុគ្រោះពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក Generalized System of Preferences ដែលហៅកាត់ថា (GSP) បានផ្តល់ឱកាសសម្រាប់ប្រទេសក្រីក្រក្នុងពិភពលោកជាច្រើនប្រើប្រាស់ប្រព័ន្ធពាណិជ្ជកម្មនេះ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ពួកគេឲ្យងើបចេញពីភាពក្រីក្រ។ កម្មវិធីអនុគ្រោះពាណិជ្ជកម្មនេះ គឺជាកម្មវិធីអនុគ្រោះពន្ធដ៏ធំ និងចំណាស់បំផុតមួយរបស់សហរដ្ឋអាមេរិក ដែលបានបង្កើតឡើងដោយច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសក្រីក្រ ដោយការលុបបំបាត់ការយកពន្ធលើផលិតផលរាប់ពាន់មុខនៅពេលប្រទេសទាំងនោះនាំចូលមកកាន់ទីផ្សារអាមេរិក។
ទាក់ទិននឹងប្រព័ន្ធអនុគ្រោះពន្ធនេះដែរ សមាជិកសភាអឺរ៉ុប កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ បានស្នើទៅកាន់ប្រទេសសមាជិកអឺរ៉ុបទាំង ២៧ប្រទេស ឱ្យដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ដោយការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុង ប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខនេះត្រូវបានគេរកឃើញថា គ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕