30 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​ជំរុញ​ឱ្យ​អាស៊ាន​និង​ចិន​ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ជំរុញ​ឱ្យ​អាស៊ាន និង​ចិន ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ថែម​ទៀត ដើម្បី​ស្ថាបនា​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន-អាស៊ាន​ទៅ​ថ្ងៃ​មុខ។

មេដឹកនាំ​ដែល​តែង​ប្រកាស​យក​ចិន​ជា​មិត្ត​ដែកថែប​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី​១៩ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ចាប់តាំងពី​ការ​ចុះ​ហត្ថលេខា​លើ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន និង​ចិន ក្នុង​ឆ្នាំ​២០០២ មក កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន និង​ចិន សម្រេច​បាន​នូវ​សមិទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​ខ្ពស់​ជាទីបំផុត។

លោក ហ៊ុន សែន អះអាង​ថា អាស៊ាន និង​ចិន ត្រូវ​ផ្ដោត​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ទៅ​លើ​ការ​ពង្រីក​វិសាលភាព​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​អាស៊ាន និង​ចិន ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ជាង​ពេល​បច្ចុប្បន្ន​នេះ។ លើស​ពី​នេះ ក៏​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល កំណើន​បៃតង និង​ការ​បង្កើន​សមត្ថភាព​សហគ្រាស​ធុន​តូច និង​មធ្យម​ផង​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​នឹង​ខិតខំ​បន្ត​ពង្រឹង​កិច្ចសហការ​អាស៊ាន​ជាមួយ​ប្រទេស​ចិន ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ធានា​នូវ​ចីរភាព និង​ភាព​ធន់​នៃ​កិច្ច​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​ក្នុង​តំបន់​ទាំង​ពីរ ដើម្បី​ឱ្យ​ក្លាយ​ជា​ក្របខ័ណ្ឌ​ស្នូល​សម្រាប់​ការ​ស្ថាបនា​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន ទម្រង់ ៣.០ នា​ពេល​ខាង​មុខ។

ទោះជា​យ៉ាងណាក៏ដោយ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ កញ្ញា នេះ​ថា ការ​ប្រកាស​ជំរុញ​ឱ្យ​អាស៊ាន និង​ចិន ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​ពី​សំណាក់​មេដឹកនាំ​កម្ពុជា ក្នុង​នាម​ប្រធាន​អាស៊ាន​ប្តូរ​វេន​នេះ មិនមែន​លោក ហ៊ុន សែន គិតគូរ​ពី​ផលប្រយោជន៍​របស់​អាស៊ាន​នោះ​ទេ ប៉ុន្តែ​ប្រធាន​អាស៊ាន​រូប​នេះ​គ្រាន់តែ​យក​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​ដើរតួ​បំពេញ​បំណង​ឱ្យ​ផែនការ​ចិន ដែល​អាច​កេង​ចំណេញ​ពី​កិច្ច​សហប្រតិបត្តិការ​នេះ​តែប៉ុណ្ណោះ។

លោក ម៉ែន ណាត អះអាង​ថា អ្នក​ដែល​ទទួល​ផល​ចំណេញ​ដ៏​មហិមា​ពី​កិច្ច​សហប្រតិបត្តិការ​នេះ មិនមែន​សមាគម​អាស៊ាន​នោះ​ទេ គឺ​មាន​តែ​ចិន​ប៉ុណ្ណោះ ហើយ​ដើម្បី​អាច​សម្រេច​មហិច្ឆតា​ខ្លួនឯង​ទៅ​ថ្ងៃ​មុខ​បាន ចិន​ពិត​ជា​ត្រូវការ​ខ្លាំង​ណាស់​នូវ​មេដឹកនាំ​ដែល​ព្រម​ចំណុះ​ក្រោម​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​គ្រប់​បែប​យ៉ាង​ដូចជា​មេដឹកនាំ​កម្ពុជា ដែល​កំពុង​រក​ផលប្រយោជន៍​ឱ្យ​ខ្លួន​សព្វថ្ងៃ​នេះ​ដូច្នោះ​ដែរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន លោក ហ៊ុន សែន ព្រម​ធ្វើ​គ្រប់​បែប​យ៉ាង​ទាំងអស់ សូម្បី​ការ​ស្នើ​ខ្លួន​ជា​លេខាធិការដ្ឋាន​របស់​អាសិប (RCEP) ក៏​មិនមែន​ដើម្បី​ផល​ប្រយោជន៍​អាស៊ាន​នោះ​ដែរ។ ជាង​នេះ​ទៀត ក៏​មិនមែន​ដើម្បី​ផលប្រយោជន៍​កម្ពុជា​ក្នុង​កម្រិត​ណា​មួយ​ឡើយ គឺ​ដើម្បី​តែ​បម្រើ​ផលប្រយោជន៍​របស់​ចិន​តែប៉ុណ្ណោះ ដែល​ជា​ថ្នូរ​នឹង​ការ​ជ្រោមជ្រែង​អំណាច​ដែល​ខ្លួន​នឹង​ផ្ទេរ​ទៅ​ឱ្យ​កូន​ខ្លួនឯង​តាម​របៀប​ប្រទេស​ប្រកាន់​របប​កុម្មុយនីស្ត​អនុវត្ត​កន្លងមក។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​ហៅ​កាត់​ថា RCEP (Regional Comprehensive Economic Partnership) ត្រូវ​ចំណាយ​ពេល​ចរចា​អស់ ៨​ឆ្នាំ និង​បាន​សម្រេច​ចុះហត្ថលេខា​ទទួលស្គាល់​ជា​ផ្លូវការ​កាលពី​ចុង​ឆ្នាំ​២០២០ ដែល​ត្រូវ​បាន​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២២ កន្លង​ទៅ​នេះ។ ក្រោយ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ អាស៊ាន​បាន​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន ក្នុង​ឆ្នាំ​២០២០ ជា​លើកដំបូង។

យ៉ាងណាក៏ដោយ ពាណិជ្ជកម្ម​អាស៊ាន-ចិន​នេះ ត្រូវ​គេ​មើល​ឃើញ​ផង​ដែរ​ថា ពិត​ជា​បាន​កើនឡើង​ប្រាកដ​មែន ប៉ុន្តែ​សមាជិក​អង្គការ​តំបន់​មួយ​នេះ​ភាគច្រើន​លើសលប់​បាន​នាំចូល​ទំនិញ​ពី​ចិន​ច្រើន​ជាង​ការ​នាំចេញ​ផលិតផល​របស់​ខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស