30 C
Phnom Penh

គណបក្ស​ខ្មែរ​រួបរួម​ជាតិ​និង​បក្ស​កម្ពុជា​និយម​រួម​បញ្ចូល​គ្នា​តែ​មួយ​ត្រៀម​បោះឆ្នោត​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​កម្ពុជា​និយម ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ការ​ប្រកាស​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ និង​គណបក្ស​កម្ពុជា​និយម ដឹកនាំ​ដោយ​លោក យ៉ែម បុញ្ញឫទ្ធិ បាន​ធ្វើឡើង​បន្ទាប់ពី​គណបក្ស​ទាំង​ពីរ​នេះ​ធ្វើ​សមាជ​វិសាមញ្ញ​ស្ដីពី​ការ​បញ្ចូល​គ្នា​ឲ្យ​ទៅ​ជា​គណបក្ស​តែ​មួយ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២២។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ក្នុង​ពិធី​សមាជ​វិសាមញ្ញ​ថា សមាជិក​របស់​គណបក្ស​នយោបាយ​មួយ​ចំនួន​បាន​មក​ចូលរួម​ជាមួយ​នឹង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​រូបលោក​កំពុង​ដឹកនាំ​បច្ចុប្បន្ន។

ក្រៅពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណបក្ស​ខ្មែរ​ក្រោក គណបក្ស​រស្មី​ខេមរា និង​គណបក្ស​ខ្មែរ​អភិរក្ស លោក​ថា​ក៏​មាន​គណបក្ស​ផ្សេង​ទៀត​ចង់​ចូលរួម​ដែរ ប៉ុន្តែ​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ ដោយសារ​ថ្នាក់​ដឹកនាំ​កំពុងតែ​ជជែក​គ្នា។

លោក ញឹក ប៊ុនឆៃ ចាត់ទុក​ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​កម្ពុជា​និយម នា​ថ្ងៃទី​៣០ ខែ​តុលា ថា​ជា​ទិវា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ដែល​ជំរុញ​ឲ្យ​បក្ស​នេះ​កាន់តែ​ខ្លាំង ហើយ​ជា​កម្លាំង​ប្រជាធិបតេយ្យ​ដែល​ជា​ប៉ូល​នយោបាយ​ប្រជាធិបតេយ្យ​ថ្មី​មួយ កណ្ដាល​និយម អព្យាក្រឹត្យ និង​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក​បញ្ជាក់​ថា គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព នីតិរដ្ឋ គោរព​សិទ្ធិមនុស្ស ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​ការ​កសាង​សង្គម​ជឿនលឿន​ស៊ីវិល័យ​ថ្លៃថ្នូរ​មួយ​មាន​ការ​អភិវឌ្ឍ​រីកចម្រើន យុត្តិធម៌​សង្គម គឺជា​គោលដៅ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។

បើ​តាម​លោក ញឹក ប៊ុនឆៃ និង​លោក យ៉ែម បុញ្ញឫទ្ធិ លើកឡើង​ថា ការ​រួបរួម​គ្នា​នេះ​ដើម្បី​ជា​ការ​ត្រៀម​លក្ខណៈ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ។

យ៉ាងណា មិនមែន​គណបក្ស​លោក ញឹក ប៊ុនឆៃ និង​លោក យ៉ែម បុញ្ញឫទ្ធិ នោះ​ទេ​ដែល​បាន​ប្រកាស​រួបរួម​គ្នា កាលពី​ពេល​ថ្មីៗ គណបក្ស​ឆន្ទៈ​ខ្មែរ​ដឹកនាំ​ដោយ​លោក គង់ មុនីកា ក៏​បាន​ប្រកាស​រួបរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដែរ។ ការ​ប្រកាស​បញ្ចូល​គ្នា​នេះ ដោយ​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរ​ថា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ករណី​នេះ កន្លងមក​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សាទរ និង​ស្វាគមន៍​ចំពោះ​គណបក្ស​តូច​ទាំងនោះ​ដែល​បាន​បញ្ចូល​គ្នា ប៉ុន្តែ​សុទិដ្ឋិនិយម​ថា គណបក្ស​តូចៗ​ទាំងអស់​មិន​អាច​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​ជិត ៤០​ឆ្នាំ​បាន​ឡើយ ទោះបីជា​ពួកគេ​រួម​កម្លាំង​គ្នា​ក្ដី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស