កាលពីថ្ងៃសៅរ៍ ទី១៩ វិច្ឆិកា ប្រជាជនម៉ាឡេស៊ីប្រមាណជាង ២១លាននាក់ ធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីជ្រើសរើសសមាជិកសភាអាណត្តិថ្មី តែការបោះឆ្នោតលើកនេះគេហៅថាការបោះឆ្នោតមុនអាណត្តិសភា គឺក្រោយពីសភាត្រូវបានរំលាយ។
ប្រទេសក្នុងសមាគមអាស៊ានមួយនេះមានសមាជិកសភា ២២២រូប។ កម្លាំងបក្សនយោបាយធំៗជាច្រើនបានចូលរួមការបោះឆ្នោត។ តាមលទ្ធផល គឺបក្សប្រឆាំងធំជាងគេដឹកនាំដោយអតីតអ្នកទោសនយោបាយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលដណ្ដើមអាសនៈបានច្រើនជាងគេ តែមិនមានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលនោះទេ។
មានន័យថា បក្សរបស់លោក អាន់វ៉ា គឺបក្ស Pakatan Harapan មិនប្រមូលបានអាសនៈលើសពី ៥០បូកមួយនោះទេ។ ដោយស្ថិតក្នុងភាពប្រទាញប្រទង់គ្នាក្នុងការចាំដៃគូបង្កើតរដ្ឋាភិបាលចម្រុះ នាំឲ្យព្រះមហាក្សត្ររបស់រាជាណាចក្រនេះចេញព្រះភ័ក្ត្រផ្ដល់ឱវាទដល់បក្សនយោបាយទាំងអស់ ឲ្យស្ថិតក្នុងភាពស្ងប់ស្ងាត់ និងត្រូវឈរលើស្មារតីសាមគ្គីជាតិជាធំ។ ព្រះអង្គបានបញ្ជូនព្រះរាជសារទៅកាន់បក្សនយោបាយដូចនេះ ទន្ទឹមនឹងស្ថានភាពនយោបាយកំពុងតែផុយស្រួយទៅរកវិបត្តិសង្គម និងនយោបាយ។
តាមប្រភពព័ត៌មានម៉ាឡេស៊ី Bernama ព្រះមហាក្សត្រ Al-Sultan Abdullah បានកោះហៅមេបក្សនយោបាយធំៗដែលបានសំឡេងឆ្នោតក្នុងការកាន់កាប់អាសនៈសភា ត្រូវចូលគាល់ព្រះអង្គនៅម៉ោង ២រសៀលថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា នេះ ដោយព្រះអង្គចង់ដឹងអំពីគោលជំហររបស់មេបក្សទាំងអស់នោះក្នុងការបង្កើតរដ្ឋាភិបាលចម្រុះមួយឱ្យបាននៅរយៈពេលខាងមុខនេះ។
តែអ្នកសង្កេតការណ៍យល់ថា ការណ៍ដែលព្រះមហាក្សត្រកោះហៅអ្នកនយោបាយធំៗចូលគាល់ព្រះអង្គ គឺដើម្បីទប់ស្កាត់កុំឲ្យមានភាពចលាចលនយោបាយកើតឡើងដែលនឹងនាំទៅរកការបែកបាក់ជាតិ។
រដ្ឋសភាម៉ាឡេស៊ី មាន ២២២អាសនៈ។ សំឡេងឆ្នោត ៥០បូកមួយ គឺ ១១២អាសនៈ ហើយបើបក្សណាទទួលបានអាសនៈក្នុងចំនួននេះ ជាការកំណត់ថាជាបក្សឈ្នះឆ្នោត ហើយអាចបង្កើតរដ្ឋាភិបាលដោយឯកតោភាគី។ មានន័យថាមិនចាំបាច់ចាប់ដៃគូបក្សនយោបាយណាមួយនោះទេ។
យោងតាមលទ្ធផលបោះឆ្នោត គណបក្ស Pakatan Harapan ជាបក្សប្រឆាំងធំជាងគេដឹកនាំដោយលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអាសនៈច្រើនជាងគេ គឺបាន ៨២អាសនៈ។
គណបក្ស Perikatan Nasional ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Muhyiddin Yassin ទទួលបាន ៧៣អាសនៈ។ គណបក្សជាតិបារីសាន់ ដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទុះ គឺលោក Ismail Sabri Yaakob ទទួលបាន ៣០អាសនៈ។ គណបក្សធំមួយទៀត គឺបក្ស Gabungan Parti Sarawak ទទួលបាន ២២អាសនៈ។ ក្រៅពីបក្សចំនួន ៤ នេះ គឺមានបក្សបួនទៀតក៏ទទួលបានអាសនៈដែរ។
យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសម៉ាឡេស៊ី និងច្បាប់បោះឆ្នោតរបស់ប្រទេសនេះ បក្សប្រឆាំងដឹកនាំដោយលោក អាន់វ៉ា ជាបក្សមានអាទិភាពជាងគេក្នុងការចាប់ដៃគូដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ តែបើបក្សនេះពុំអាចរកដៃគូបានទេ គឺអាចធ្លាក់ទៅលើបក្សដែលបានអាសនៈលំដាប់ទី២ គឺបក្ស Perikatan Nasional ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Muhyiddin Yassin។
នៅយប់នេះ ឬនៅថ្ងៃទី២២ ខែវិច្ឆិកា ប្រជាជនម៉ាឡេស៊ី នឹងបានដឹងថា រដ្ឋាភិបាលថ្មីនឹងមានរូបរាងដូចម្ដេច ហើយបក្សណា អ្នកនយោបាយណាជាអ្នកកាន់ចង្កូតរដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យដ៏រឹងមាំមួយនេះ។
អ្នកសង្កេតការណ៍បានហៅការបោះឆ្នោតសភានៃប្រទេសម៉ាឡេស៊ី ដែលបង្ហាញលទ្ធផលដូចនេះ ថាជាភាពសុក្រឹតគួរឲ្យស្ញប់ស្ញែង ដោយចាត់ទុកស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសមួយនៅក្នុងសមាគមអាស៊ានជាយន្តការឥតលម្អៀង អព្យាក្រឹត្យ និងឯករាជ្យ មិនស្ថិតក្រោមឥទ្ធិពលបក្សនយោបាយណាមួយឡើយ។
អស់រយៈពេល ៤ឆ្នាំមកហើយដែលម៉ាឡេស៊ីជួបប្រទះនឹងវិបត្តិនយោបាយ បន្ទាប់ពីផ្ទុះរឿងអាស្រូវពុករលួយដ៏ធំមហាសាលពាក់ព័ន្ធនឹងអតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់។ លោក ណាជីប រ៉ាហ្សាក់ ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ។ ៤ឆ្នាំមកនេះ ម៉ាឡេស៊ីបានដូរនាយករដ្ឋមន្ត្រី ៣នាក់ហើយ។ លោក Ismail Sabri Yaakob មកពីគណបក្សជាតិបារីសាន់ គឺជានាយករដ្ឋមន្ត្រីដែលរំលាយរដ្ឋសភា ហើយនាំឲ្យមានការបោះឆ្នោតមុនអាណត្តិ។
នៅព្រឹកថ្ងៃសៅរ៍ ទី១៩ វិច្ឆិកា ការិយាល័យបោះឆ្នោតចាប់ផ្តើមបើកទ្វារភ្លាម គេសង្កេតឃើញមនុស្សម្នាមកឈរតគ្នារង់ចាំចូលទៅបោះឆ្នោតយ៉ាងច្រើនកុះករ។
ប្រជាជនម៉ាឡេស៊ីដែលស្ទុះស្ទាមកចូលរួមបោះឆ្នោតមុនអាណត្តិរបស់សភាប្រទេសនេះ បានបង្ហាញក្តីសង្ឃឹមថា ចំនួនអ្នកចូលរួមបោះឆ្នោតមានកម្រិតខ្ពស់ជាខ្លាំង ស្របពេលស្ថាប័នរៀបចំការបោះឆ្នោតរបស់រាជាណាចក្រនេះគួរជាទីទុកចិត្តរបស់ម្ចាស់ឆ្នោត។ ចំណែកស្ថាប័នកងទ័ព និងស្ថាប័នប៉ូលិសជាតិ មិនពាក់ព័ន្ធនឹងបក្សនយោបាយឡើយ៕