ប្រធានាធិបតីអ៊ុយក្រែន ប្រកាសថាលោកកំពុងធ្វើដំណើរទៅកាន់ក្រុងវ៉ាស៊ីនតុន ហើយនឹងជួបលោក បៃដិន នៅថ្ងៃពុធនេះ។ នេះជាដំណើរទស្សនកិច្ចដំបូងបង្អស់ទៅក្រៅប្រទេសរបស់លោក ហ្សេឡេនស្គី ក្នុងអំឡុងប្រទេសកំពុងស្ថិតក្នុងសង្គ្រាមលុកលុយពីមហាអំណាចរុស្ស៊ី ៣០០ថ្ងៃមកនេះ។
កាលពីពេលកន្លងមកនេះ មានមេដឹកនាំពិភពលោកជាច្រើន ដូចជានាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្កូតេរ៉េស ប្រធានាធិបតីប៉ូឡូញ ប្រធានាធិបតីប៊ុលហ្គារី ប្រធានាធិបតីរូម៉ានី នាយករដ្ឋមន្ត្រីកាណាដា ប្រធានាធិបតីអ៊ីតាលី ប្រធានាធិបតីបារាំង អធិការបតីអាល្លឺម៉ង់ ប្រមុខដឹកនាំសហភាពអឺរ៉ុប ប្រធានាធិបតីឥណ្ឌូនេស៊ី និងភរិយាលោក បៃដិន បានទៅជួបលោក ហ្សេឡេនស្គី នៅរដ្ឋធានីគៀវ។ ជំនួបសុទ្ធតែធ្វើឡើងដោយផ្ទាល់អំឡុងពេលរុស្ស៊ី បាញ់គ្រាប់មីស៊ីលស្រោចលើតំបន់ភាគខាងត្បូង និងខាងកើត ហើយក៏ទៅដល់រដ្ឋធានីគៀវ ទៀតផង។
មេដឹកនាំនៃប្រទេសទាំងនោះបាននាំនូវជំនួយទាំងជំនួយមនុស្សធម៌ និងទាំងជំនួយសម្រាប់វិស័យការពារជាតិដល់អ៊ុយក្រែន ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក គឺជាប្រទេសម្ចាស់ជំនួយអាវុធ និងហិរញ្ញវត្ថុធំបំផុតដល់អ៊ុយក្រែន ដើម្បីតតាំងនឹងរុស្ស៊ីឈ្លានពាន។
លោក ហ្សេឡេនស្គី តែងអរគុណម្ចាស់ជំនួយទាំងអស់ និងជាពិសេសសហរដ្ឋអាមេរិក ចំពោះការផ្ដល់ការគាំទ្រ និងជំនួយសព្វបែបយ៉ាង ដែលភាគច្រើនគឺតាមតម្រូវការរបស់អ៊ុយក្រែន កំពុងស្ថិតក្នុងសង្គ្រាម និងតាមរបៀបដែលអាមេរិកដោះដូរសព្វាវុធជាមួយនឹងសម្ពន្ធមិត្ត ដើម្បីយកសព្វាវុធសម្ពន្ធមិត្តនៅអឺរ៉ុបខាងកើតដែលប្រទេសខ្លះនៅប្រើអាវុធសហភាពសូវៀត គឺជួយផ្ទេរឱ្យអ៊ុយក្រែន ប្រើប្រាស់ក្នុងសង្គ្រាម។
គោលបំណងរបស់លោកទៅកាន់អាមេរិកដែលលោកសរសេរបញ្ជាក់នៅលើបណ្ដាញសង្គមទ្វីតធឺ គណនីរបស់លោកមានការចុះការរៀបរាប់ថា ការទៅអាមេរិកក្នុងបំណងទៅពង្រឹងមិត្តភាពជាមួយអាមេរិក និងសមត្ថភាពជួយការការពារអ៊ុយក្រែនចំពោះសង្គ្រាមរបស់រុស្ស៊ី។
លោក ហ្សេឡេនស្គី ក៏ធ្លាប់រៀបរាប់ដែរថា រូបលោកបានទាក់ទងគ្នាជាមួយលោក បៃដិន តាមទូរស័ព្ទជាញឹកញាប់ គឺសឹងតែពីរបីដងក្នុងមួយសប្ដាហ៍ក៏មាន។
នៅពេលមកដល់ទឹកដីវ៉ាស៊ីនតុន លោក ហ្សេឡេនស្គី នឹងត្រូវជួបលោកប្រធានាធិបតី បៃដិន នៅឯសេតវិមាន ដែលគេរំពឹងថា លោកនឹងទទួលបានជំនួយទឹកប្រាក់ចំនួន ២ពាន់លានដុល្លារអាមេរិកបន្ថែមលើផ្នែកសន្តិសុខ ជាមួយនឹងប្រព័ន្ធការពារដែនអាកាសតាមដែលលោកចង់បាន។
ប្រព័ន្ធមីស៊ីលដែលលោក ហ្សេឡេនស្គី ចង់បានពីអាមេរិក គឺប្រព័ន្ធមីស៊ីល ATACMS ដែលមានមុខងារបាញ់គោលដៅលើដី ហើយគ្រាប់វាអាចរត់បានពី ៥០០គីឡូម៉ែត្រទៅ ៧០០គីឡូម៉ែត្រ និងប្រព័ន្ធមីស៊ីល Patriot មានមុខងារបាញ់ទម្លាក់យន្តហោះ និងបាញ់ទម្លាក់គ្រាប់មីស៊ីល។
បច្ចុប្បន្ន ប្រព័ន្ធមីស៊ីលដែលអាមេរិកបញ្ជូនទៅឱ្យអ៊ុយក្រែន មានប្រព័ន្ធមីស៊ីល Hapoon ជាមីស៊ីលបាញ់នាវាចម្បាំង និងមីស៊ីល NASAM មានមុខងារបាញ់យន្តហោះ និងបាញ់គ្រាប់មីស៊ីល។
អាវុធដែលអ៊ុយក្រែនប្រើយ៉ាងសកម្ម គឺប្រព័ន្ធរ៉ុក្កែត HIMARS និងប្រព័ន្ធកាំភ្លើងធំ M-777។ ក្រៅពីនោះ អាមេរិកបញ្ជូនរថក្រោះ Abrams និងមីស៊ីលធុនស្រាលសម្រាប់បាញ់យន្តហោះឈ្មោះថា Stinger និងមីស៊ីលបាញ់រថក្រោះ Javelin ក៏កំពុងត្រូវបានកងអ៊ុយក្រែនប្រើយ៉ាងសកម្មនៅសមរភូមិជួរមុខ។
គិតមកដល់ពេលនេះ អាមេរិកចំណាយសាច់ប្រាក់ជួយដោយគិតទាំងជំនួយសព្វាវុធ និងជំនួយមនុស្សធម៌ និងសាច់ប្រាក់សុទ្ធ គឺជាង ២០ពាន់លានដុល្លារអាមេរិកហើយនៃកញ្ចប់ថវិកាដែលសភាអាមេរិកអនុម័ត ៤០ពាន់លានដុល្លារ។
ក្រោយពីជំនួបហើយ ទាំងប្រធានាធិបតី បៃដិន និងលោក ហ្សេឡេនស្គី ត្រូវគេរំពឹងថានឹងបើកសន្និសីទនៅមុខសេតវិមាន មុននឹងលោក ហ្សេឡេនស្គី បន្តដំណើរទៅកាន់វិមានរដ្ឋសភា ដើម្បីធ្វើបទបង្ហាញជូនទៅកាន់សមាជិកសភាអាមេរិកទាំងពីរថ្នាក់។
មន្ត្រីសេតវិមានមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ BBC ថា លោក បៃដិន មានលិខិតរបស់លោកផ្ទាល់នឹងប្រគល់ជូនលោក ហ្សេឡេនស្គី នៅសេតវិមាន ហើយសារនោះនឹងជូនទៅកាន់ប្រជាជនអ៊ុយក្រែន ប្រជាជនអាមេរិក និងពិភពលោក ថាអាមេរិកសច្ចាឈរជាមួយអ៊ុយក្រែន ទោះសង្គ្រាមរុស្ស៊ីឈ្លានពានយូរយ៉ាងណាក៏ដោយ។
មន្ត្រីសេតវិមានទើបបញ្ជាក់ថា លោក ហ្សេឡេនស្គី បានហៅទូរស័ព្ទជាមួយលោក បៃដិន ចុងក្រោយបង្អស់នៅថ្ងៃទី១១ ខែធ្នូ ហើយក៏មានការអញ្ជើញជាផ្លូវការមួយបានទៅដល់លោក ហ្សេឡេនស្គី កាលពីមួយសប្ដាហ៍មុន ដែលជាការពិភាក្សាស្តីអំពីសន្តិសុខសម្រាប់ការរៀបចំទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់លោក ហ្សេឡេនស្គី។
សេតវិមានបដិសេធផ្ដល់ការលម្អិតអំពីការជួយរៀបចំ ឬការធ្វើដំណើររបស់លោក ហ្សេឡេនស្គី មកកាន់អាមេរិក ថាតើមានរួមយន្តហោះអាមេរិកហោះហើរទៅយកលោកផ្ទាល់ពីក្រុងគៀវ ហើយចុះផ្ទេរយន្តហោះនៅប្រទេសណាមួយទេ ឬមួយក៏លោក ហ្សេឡេនស្គី ធ្វើដំណើរតាមផ្លូវរថភ្លើងចេញពីប្រទេសប៉ូឡូញ ដើម្បីហោះបន្តមកសហរដ្ឋអាមេរិក។
បើតាមដំណឹងចុងក្រោយនេះ លោក បៃដិន បានចុះហត្ថលេខារួចហើយនូវកញ្ចប់ជំនួយ ១ពាន់ ៨០០លានដុល្លារជាការបញ្ជូនប្រព័ន្ធមីស៊ីល Patriot រួមទាំងគ្រាប់មីស៊ីល កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត HIMARS ទៅឱ្យអ៊ុយក្រែនតាមសំណើរបស់លោក ហ្សេឡេនស្គី។
ខណៈសង្គ្រាមធ្លាក់ចូលរដូវរងានេះ លោក ហ្សេឡេនស្គី ចេញពីប្រទេសមកជួបលោក បៃដិន។ ចំណែកលោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ីក៏បានចាកចេញពីប្រទេសរបស់លោកជាលើកទី២ មកកាន់ប្រទេសបេឡារុស ក្រោយពីប៉ុន្មានថ្ងៃដែលមានសេចក្ដីរាយការណ៍ថាលោក ពូទីន បានដាក់បញ្ជាឱ្យមេទ័ពរុស្ស៊ីចុះទៅពិនិត្យទ័ពនៅលើទឹកដីនៃប្រទេសបេឡារុស ដើម្បីត្រៀមធ្វើសង្គ្រាមវាយចេញពីព្រំដែនបេឡារុស ចូលទៅរដ្ឋធានីគៀវ៕