បុរសខ្លាំងក្រាញអំណាចនៅកម្ពុជា ប្រកាសហាមមិនឲ្យសារព័ត៌មានដែលមានមតិផ្ទុយរដ្ឋាភិបាល ដំណើរការនៅកម្ពុជាឡើយ ដោយលោកចោទថាជាសារព័ត៌មានអាក្រក់ និងទុច្ចរិត។
ក្នុងពិធីដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ មេសា លោក ហ៊ុន សែន ប្រកាសថាមនុស្សមួយចំនួនចូលចិត្តតែនិយាយអំពីសារព័ត៌មានដែលប្រព្រឹត្តខុស ហើយត្រូវដកអាជ្ញាប័ណ្ណ ប៉ុន្តែមិនបាននិយាយអំពីសារព័ត៌មានជាច្រើនដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននៅកម្ពុជា។
ក្រៅពីលើកឡើងដូច្នេះហើយ បុរសខ្លាំងរូបនេះបានអំពាវនាវឲ្យពលរដ្ឋកុំទៅខ្វល់ជាមួយអ្នកដែលលើកឡើងអំពីសារព័ត៌មានដែលលោក ហ៊ុន សែន ចាត់ទុកថាប្រព្រឹត្តខុស ហើយត្រូវបានលោកលុប ឬដកអាជ្ញាប័ណ្ណចោលទៀត។
លោក ហ៊ុន សែន ចាត់ទុកសារព័ត៌មានដែលហ៊ាននិយាយការពិត និងមានមតិផ្ទុយ ឬមិនគាំទ្រ រួមទាំងមិនជួយឃោសនាឲ្យលោកដូចសារព័ត៌មាន Fresh News និងសារព័ត៌មានបាយ័ន ដែលដឹកនាំដោយកូនស្រីរបស់លោក ថាជាសារព័ត៌មានអាក្រក់។
ការលើកឡើងរបស់លោក ហ៊ុន សែន ស្របពេលមានសកម្មជនសង្គមជាច្រើននាក់យកញត្តិទៅដាក់ជូនក្រសួងព័ត៌មាន ដើម្បីស្នើសុំឲ្យផ្តល់អាជ្ញាប័ណ្ណដល់អង្គភាពសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី ឡើងវិញ បន្ទាប់ពីអង្គភាពសារព័ត៌មានមួយនេះត្រូវបានរដ្ឋាភិបាលបិទលែងឱ្យដំណើរការកាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅ។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានបិទអង្គភាពសារព័ត៌មាន វីអូឌី បន្ទាប់ពីទទួលបានបញ្ជាពីលោក ហ៊ុន សែន ក្រោមហេតុផលថាអង្គភាពសារព័ត៌មាននេះបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើវិជ្ជាជីវៈសារព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមិនអាចលើកលែងឲ្យបាន។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ អង្គភាពសារព័ត៌មានសំឡេងប្រជាធិបតេយ្យ VOD បានចុះផ្សាយអត្ថបទមួយពាក់ព័ន្ធនឹងលោក ហ៊ុន ម៉ាណែត ដែលមានចំណងជើងថា មន្ត្រីរដ្ឋាភិបាលអះអាងថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឲ្យប្រទេសតួកគី មិនមែនជារឿងខុសឆ្គងទេ។
អំឡុងដែលលោក ហ៊ុន សែន បិទសារព័ត៌មាន វីអូឌី នោះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានអះអាងថា ស្ថានទូតប្រទេសបែលហ្សិក ប្រទេសឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហុឡង់ដ៍ អេស្ប៉ាញ ស៊ុយអែត ប៉ូឡូញ និងព័រទុយហ្គាល់ ជាដើម មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដកហូតអាជ្ញាប័ណ្ណរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD ដែលបង្ហាញពីការរាំងខ្ទប់ដំណើរការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ចំណែកសភានៃសហភាពអឺរ៉ុប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ បានព្រមានដាក់ទណ្ឌកម្មពាណិជ្ជកម្មលើរដ្ឋាភិបាលលោក ហ៊ុន សែន ដោយការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA បន្ថែមទៀត ប្រសិនបើលោក ហ៊ុន សែន មិនព្រមដោះលែងលោក កឹម សុខា មេដឹកនាំសហជីព អ្នកការពារសិទ្ធិមនុស្ស និងបើកលំហសង្គមស៊ីវិល ព្រមទាំងត្រូវផ្តល់អាជ្ញាប័ណ្ណដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ VOD ឡើងវិញទេនោះ៕