ដំណាក់កាលចុងក្រោយនេះ មហាអំណាចរុស្ស៊ី បញ្ចេញក្រឡាសារដើរដល់ក្រឡាទាល់ច្រកនៃការលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែន ដែលមានព្រំដែនជាប់គ្នា។
សង្គ្រាមរុស្ស៊ីបង្កការឈ្លានពានអ៊ុយក្រែននេះ បានចូលដល់ខែទី១៤ ហើយ។ ក្នុងស្ថានភាពដែលរុស្ស៊ី មិនអាចវាយកាន់កាប់តំបន់ណាមួយពីអ៊ុយក្រែន ដោយគ្រប់គ្រងបានរឹងមាំដើម្បីទៅដល់ការបង្កើតរដ្ឋអំណាចក្នុងដែនដីរបស់ខ្លួន និងចំពេលអ៊ុយក្រែន មានសមត្ថភាពទប់ទល់បានពីការវាយលុករបស់ទ័ពមហាអំណាចនេះ ខណៈការមកដល់នៃសព្វាវុធធុនធ្ងន់របស់ក្រុមណាតូ បានមកដល់អ៊ុយក្រែនជាបន្តបន្ទាប់គ្នា បាននាំឱ្យអ៊ុយក្រែន មានផែនការវាយបកទៅលើទ័ពរុស្ស៊ីដោយទ្រង់ទ្រាយធំ។
សព្វាវុធធុនធ្ងន់ដូចជារថក្រោះ Leopard និងរថក្រោះអង់គ្លេស Challenger រាប់រយគ្រឿង រួមទាំងរថពាសដែកជាង ២០០គ្រឿងរបស់អាមេរិក និងបារាំង បាននាំឱ្យអ៊ុយក្រែនមានឱកាសចង់បើកការវាយលុកទ្រង់ទ្រាយធំលើទ័ពរុស្ស៊ីវិញ ដែលគេរំពឹងថា អ៊ុយក្រែនអាចនឹងវាយប្រហាររំដោះទឹកដីពីរុស្ស៊ីមកវិញនៅប៉ុន្មានសប្ដាហ៍ទៀតនេះ។
ក្រុមអ្នកវិភាគនៃវិទ្យាស្ថានសិក្សាសង្គ្រាម ISW ដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន ពិនិត្យឃើញថា រុស្ស៊ីត្រៀមបញ្ចេញក្បាលគ្រាប់នុយក្លេអ៊ែរ ហើយទៅដាក់ពង្រាយនៅតាមព្រំដែនប្រទេសបេឡារុស ជាប់នឹងព្រំដែនអ៊ុយក្រែន ជាប់នឹងព្រំដែនប៉ូឡូញ និងលីទុយអានី ដែលជាការបង្ហាញសមត្ថភាពអាវុធប្រល័យលោកនេះគំរាមទាំងអ៊ុយក្រែនផង និងក្រុមប្រទេសណាតូផង។
តាមសារព័ត៌មាន News week នៃចក្រភពអង់គ្លេស បានឱ្យដឹងថា កាលសប្ដាហ៍កន្លងមកនេះ រុស្ស៊ីបានធ្វើសមយុទ្ធទ័ពនុយក្លេអ៊ែរដោយអូសប្រព័ន្ធមីស៊ីលខ្នាតធំសាតាំងពីរអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយវារត់បាន ១២០០០គីឡូម៉ែត្រ។ សមយុទ្ធនេះធ្វើឡើងនៅតំបន់ស៊ីបេរី។
អ្នកវិភាគនៃវិទ្យាស្ថានសិក្សាសង្គ្រាម ISW យល់ថា សមយុទ្ធទ័ពនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាការបង្ហាញកម្លាំង និងអានុភាពនៃគ្រាប់នុយក្លេអ៊ែរ ដែលរុស្ស៊ីមានច្រើនជាងអាមេរិកទៅទៀត។
ក្រុមអ្នកវិភាគ ISW យល់ថា រុស្ស៊ីកំពុងបង្ហាញសង្គ្រាមចិត្តសាស្ត្រដើម្បីវាយបំបាក់ប្រទេសដែលផ្ដល់អាវុធទៅឱ្យអ៊ុយក្រែន ជាពិសេសគឺទៅលើប្រទេសអ៊ុយក្រែន ដែលកំពុងធ្លាក់ក្នុងសង្គ្រាមរបស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី និងលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា ការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅលើទឹកដីនៃប្រទេសបេឡារុស ជាសម្ព័ន្ធភាពរបស់រុស្ស៊ី នឹងត្រូវដាក់ពង្រាយឱ្យហើយនៅត្រឹមថ្ងៃទី១ កក្កដា គឺនៅមុនក្រុមមេដឹកនាំយោធាណាតូបើកសម័យប្រជុំប្រចាំឆ្នាំនៅប្រទេសលីទុយអានី ដែលជាប់នឹងប្រទេសបេឡារុស។
នៅខណៈនេះ ប្រទេសបេឡារុស កំពុងធ្វើសមយុទ្ធអនុវត្តការប្រើប្រព័ន្ធមីស៊ីល Iskander ដែលមីស៊ីលនេះអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅបេឡារុស Boris Gryzlov បាននិយាយថា ការដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរអាចមាននៅតាមព្រំដែនរុស្ស៊ី ដែលជាប់នឹងព្រំដែននៃប្រទេសសមាជិកណាតូ។
ចំពេលអ៊ុយក្រែនត្រៀមបើកការវាយលុកទ្រង់ទ្រាយធំដើម្បីរំដោះទឹកដីពីរុស្ស៊ីមកវិញ រួមទាំងឧបទ្វីបគ្រីមៀរ សហរដ្ឋអាមេរិកប្រកាសជំនួយយោធាកញ្ចប់ថ្មីមួយទៀតដែលមានសាច់ប្រាក់ ២៦០០លានដុល្លារ ដែលក្នុងជំនួយនេះមានគ្រាប់កាំភ្លើងធំ គ្រាប់រ៉ុក្កែត HIMARS និងប្រព័ន្ធមីស៊ីលបាញ់ទម្លាក់យន្តហោះ Avenger ចំនួន ៨គ្រឿងទៅឱ្យអ៊ុយក្រែន។
ក្រុមអ្នកវិភាគ ISW មើលឃើញថា អាវុធរបស់អាមេរិក និងក្រុមណាតូដែលអ៊ុយក្រែនកំពុងប្រើប្រាស់នេះ នាំឱ្យរុស្ស៊ីគំរាមចង់វាយប្រហារដោយគ្រាប់នុយក្លេអ៊ែរ។ រុស្ស៊ីព្រមានថា បើអ៊ុយក្រែនលើកទ័ពវាយចូលឧបទ្វីបគ្រីមៀរ ដែលក្រុងមូស្គូ ចាត់ទុកថាជាទឹកដីរបស់ខ្លួន គឺជាការចាប់បង្ខំឱ្យរុស្ស៊ីវាយប្រហារលើអ៊ុយក្រែនដោយគ្រាប់បែកនុយក្លេអ៊ែរ។
តាមគេហទំព័រ ican.org នៅលើពិភពលោកនេះប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរមាន ៩ប្រទេស៖
- រុស្ស៊ីមានក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ៥៩៧៧គ្រាប់
- សហរដ្ឋអាមេរិក មាន ៥៤២៨គ្រាប់
- ចិន ៣៥០គ្រាប់
- បារាំង ២៩០គ្រាប់
- អង់គ្លេស ២២៥គ្រាប់
- ប៉ាគីស្ថាន ១៦៥គ្រាប់
- ឥណ្ឌា ១៦០គ្រាប់
- អ៊ីស្រាអែល ៩០គ្រាប់
- និងកូរ៉េខាងជើងអាចមានពី ២០ ទៅ ៤៣គ្រាប់។
ប្រទេសសមាជិកណាតូចំនួន៥ ដែលទទួលក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកទៅដាក់ពង្រាយលើទឹកដីរបស់ប្រទេសពួកគេមាន៖
- ប្រទេសតួកគី មានចំនួន ៥០គ្រាប់
- អ៊ីតាលី ៤០គ្រាប់
- បែលហ្សិក ២០គ្រាប់
- អាល្លឺម៉ង់ ២០គ្រាប់
- និងហុឡង់ដ៍ ២០គ្រាប់៕