ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក ព្រមានថា តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV) ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ខេត្តខ្មែរចំនួន ៤ ជាមួយឡាវ និងវៀតណាម សព្វថ្ងៃនេះ គឺជាការសម្បទានរបស់រដ្ឋាភិបាលកម្ពុជាឱ្យទៅវៀតណាមគ្រប់គ្រងប៉ុណ្ណោះ មិនមែនជាការសហការដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនោះទេ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ ធ្នូ ថា កម្រិតសហការរវាងប្រទេសទាំងបីចំពោះតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV) នេះ មេដឹកនាំវៀតណាមបានរៀបផែនការក្តោបក្តាប់ប្រទេសកម្ពុជាមិនត្រឹមតែកម្រិតរដ្ឋាភិបាល និងរដ្ឋាភិបាលទេ គឺឈានដល់កម្រិតរដ្ឋសភា និងរដ្ឋសភាហើយនៅពេលនេះ ដែលបញ្ហានេះគឺជាគ្រោះថ្នាក់យ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជាដែលមានមេដឹកនាំក្រោមការបង្គាប់បញ្ជារបស់រដ្ឋាភិបាលវៀតណាមសព្វថ្ងៃនេះ។
លោក ម៉ែន ណាត លើកឡើងថា តំបន់ត្រីកោណអភិវឌ្ឍន៍មិនបានកំណត់ខណ្ឌសីមាក្នុងការឆ្លងដែនរបស់ជនជាតិវៀតណាម ទៅប្រទេសកម្ពុជា ទេ គឺមានន័យថា ជនជាតិវៀតណាមខុសច្បាប់ចង់ចូលទៅរស់នៅក្នុងទឹកដីខ្មែរក្នុងខេត្តទាំង ៤ នោះពេលណាក៏បាន ដូច្នេះខេត្តទាំង ៤ នេះ គឺស្មើនឹងទីតាំងលាក់ទុកជនជាតិវៀតណាមខុសច្បាប់ ដើម្បីត្រៀមបញ្ជូនទៅរស់នៅតាមបណ្តាខេត្តនានារបស់កម្ពុជាទៅថ្ងៃមុខយ៉ាងមានសុវត្ថិភាពដូច្នោះដែរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍នៅពេលនេះ គ្រាន់តែជាវត្ថុបញ្ចាំរបស់កម្ពុជាជាមួយរដ្ឋាភិបាលវៀតណាម ក្នុងការធានាជួយជ្រោមជ្រែងពីរដ្ឋការក្រុងហាណូយ ឱ្យកូនមេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបដូចជាលោក ហ៊ុន សែន ជាដើម ឱ្យបន្តកាន់អំណាចផងដែរ។
លោកបន្ថែមថា ពួកគេក៏នឹងត្រូវបន្តអនុវត្តផែនការរបស់វៀតណាម ក្នុងការគ្រប់គ្រងតំបន់នេះតទៅមុខទៀតដែរ ដូច្នេះផ្អែកតាមហេតុផលនេះ កម្ពុជាកំពុងរអិលធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់វៀតណាមដោយចៀសមិនផុតឡើយ បើប្រទេសខ្មែរនៅតែស្ថិតក្រោមការក្តោបក្តាប់បន្តពូជអម្បូរលោក ហ៊ុន សែន ទៀតនោះ។
កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានបើកកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម (CLV) ក្នុងប្រទេសឡាវ ក្នុងគោលបំណងលើកកម្ពស់យន្តការរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងបីឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត។
ប្រធានរដ្ឋសភាកម្ពុជា អ្នកស្រី ឃួន សុដារី អះអាងថា ការពង្រឹងយន្តការសភាក្នុងការចូលរួមការអភិវឌ្ឍតំបន់ត្រីកោណ (CLV) ជាសក្ខីភាពមួយបម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាននៃការគោរព និងជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ ដែលរហូតមកដល់ពេលនេះបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងបី។
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី មាន ១៣ខេត្ត ក្នុងនោះប្រទេសវៀតណាម មាន ៥ខេត្ត ប្រទេសឡាវ មានចំនួន ៤ខេត្ត និងប្រទេសកម្ពុជា ក៏មានចំនួន ៤ខេត្តដែរ ដូចជាខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ក្នុងនោះខេត្តទាំង ៤ របស់កម្ពុជា មានចំនួនប្រជាជនសរុបប្រមាណជា ៥០ម៉ឺននាក់ប៉ុណ្ណោះ ខណៈខេត្តទាំង ៤ របស់ប្រទេសឡាវ មានប្រជាជនប្រមាណជា ៧០ម៉ឺននាក់ ដោយឡែកខេត្តទាំង ៥ របស់ប្រទេសវៀតណាម មានប្រជាជនសរុបប្រមាណជាង ៧លាននាក់ឯណោះ។
មុននឹងឈានដល់កិច្ចប្រជុំកំពូលសភានៃប្រទេសទាំងបី ប្រធានរដ្ឋសភាកម្ពុជា អ្នកស្រី ឃួន សុដារី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំវៀតណាម កាលពីថ្ងៃទី២ ខែធ្នូ ផងដែរ ក្នុងនោះ អ្នកស្រី ឃួន សុដារី បានសន្យាជាមួយប្រធានរដ្ឋសភាវៀតណាម លោក វឿង ឌិញហ្វេ (VUONG Dinh Hue) ថា រដ្ឋាភិបាលកម្ពុជានឹងជួយសម្រួលឯកសារផ្លូវច្បាប់ដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅដោយខុសច្បាប់ក្នុងទឹកដីកម្ពុជាបន្តទៀត ខណៈពលរដ្ឋវៀតណាមប្រមាណជាង ១សែននាក់បានទទួលប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ទៅហើយនោះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងជំនួបជាមួយប្រធានរដ្ឋវៀតណាម លោក វ៉ វ៉ាន់ធឿង អំឡុងពេលចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ នៅសាធារណរដ្ឋប្រជាមានិតចិន ប្រធានរដ្ឋវៀតណាម ក៏បានស្នើឱ្យលោក ហ៊ុន ម៉ាណែត បន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌកាន់តែងាយស្រួលសម្រាប់សហគមន៍វៀតណាមនៅកម្ពុជាផងដែរ ទាំងការរស់នៅ ការធ្វើការងារ ព្រមទាំងដោះស្រាយបញ្ហាឯកសារផ្លូវច្បាប់ឱ្យបានកាន់តែល្អប្រសើរថែមទៀតដែរ ខណៈនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ក៏មិនបានបដិសេធនឹងសំណើនេះដែរ។
ជុំវិញបញ្ហានេះ កាលពីចុងខែមេសា ឆ្នាំ២០២៣ បណ្ឌិត ឌី ការ៉េត បានលើកឡើងថា តំបន់ត្រីកោណអភិវឌ្ឍន៍រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម គឺជាផែនការរបស់វៀតណាមដែលមានចេតនាបង្កប់កងទ័ពយួនឱ្យចូលទៅក្នុងទឹកដីខ្មែរដើម្បីគ្រប់គ្រងខ្មែរប៉ុណ្ណោះ។
អ្នកជំនាញព្រំដែនរូបនេះបញ្ជាក់ថា ផែនការរបស់វៀតណាមក្នុងការគ្រប់គ្រងទឹកដីខ្មែរ គឺជាផែនការសម្ងាត់របស់លោក ហ៊ុន សែន ជាមួយនឹងវៀតណាមជាយូរមកហើយ ព្រោះថាតំបន់ត្រីកោណអភិវឌ្ឍន៍នេះ ត្រូវបានវៀតណាមដាក់ផែនការពង្រីកបន្តិចម្តងៗតាមរយៈនៃការដាក់ខេត្តខ្មែរចូលក្នុងតំបន់នេះម្តងមួយជំហានៗ។ ជាក់ស្តែង ពេលចាប់ផ្តើមដំបូង ពួកគេដាក់ខេត្តត្រឹមតែ ២ប៉ុណ្ណោះ ប៉ុន្តែពួកគេបានព្យាយាមបញ្ចូលខេត្តផ្សេងទៀតជាបន្តបន្ទាប់រហូតដល់ ៤ខេត្តដូចសព្វថ្ងៃនេះ៕