អតិថិជនរងគ្រោះពីការទិញលំនៅឋានក្នុងបុរីអ្នកឧកញ៉ា ឡេង ណាវ៉ា លាតត្រដាងថា ក្រុមហ៊ុនអចលនទ្រព្យបុរីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានរំលោភកិច្ចសន្យាទិញលក់ផ្ទះជាមួយខ្លួនជាង ៣ឆ្នាំមកហើយ ព្រោះក្រុមហ៊ុននៅមិនទាន់បានសាងសង់ផ្ទះតាមកិច្ចសន្យាឱ្យខ្លួនដូចមានចែងក្នុងកិច្ចព្រមព្រៀងនៅឡើយ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kreas In ដែលមានឈ្មោះពិតថា ជុំ សូគ្រឹះ បានបង្ហាញកិច្ចសន្យាទិញផ្ទះពីបុរី ចាស្មីន វីឡា របស់ក្រុមហ៊ុនហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា គ្រុប ជាសាធារណៈកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះថា ខ្លួនបានទិញផ្ទះនៅបុរី ឡេង ណាវ៉ាត្រា នៅផ្លូវជាតិលេខ៣ ដោយផ្ដិតមេដៃលើកិច្ចសន្យាដែលក្រុមហ៊ុនអះអាងថា នឹងធ្វើផ្ទះដែលខ្លួនបានទិញឱ្យរួចរាល់ក្នុងរយៈពេល ៣ឆ្នាំ ប៉ុន្តែមកដល់ពេលនេះ បុរីមួយនេះនៅមិនបានបំពេញតួនាទីរបស់ខ្លួនតាមកិច្ចព្រមព្រៀងទេ ហើយសូម្បីស្រមោលផ្ទះក៏មិនដែលឃើញដែរ។
អតិថិជនដដែលបញ្ជាក់ថា ខ្លួនបានសួរទៅកាន់បុគ្គលិករបស់ក្រុមហ៊ុនដែរ ប៉ុន្តែភាគីក្រុមហ៊ុនបានលើកយកកិច្ចសន្យាមកអះអាងថា ខាងក្រុមហ៊ុននឹងសងលុយឱ្យខ្លួនវិញនៅពេលដែលក្រុមហ៊ុនសង់ផ្ទះរួចរាល់ក្នុង ១ខែ ១០០ដុល្លារអាមេរិក ឬ ៤០ម៉ឺនរៀល ចំពោះការយឺតយ៉ាវកន្លងមក ប៉ុន្តែផ្ទុយទៅវិញ គម្រោងដែលក្រុមហ៊ុនត្រូវសាងសង់លើទីតាំងដែលបានកំណត់ក្នុងកិច្ចសន្យា ក្រុមហ៊ុនបានលុបចោលវិញអស់ហើយ ហើយក្រុមហ៊ុនតម្រូវឱ្យអតិថិជនទាំងអស់ប្តូរទៅទីតាំងថ្មីតាមការកំណត់របស់ខ្លួនវិញ ដោយមិនអនុញ្ញាតឱ្យអតិថិជនជ្រើសរើសទេ ក្រោមហេតុផលថា ក្រុមហ៊ុនមិនមានផ្ទះគ្រប់គ្រាន់តាមចំនួនអតិថិជននៅពេលនេះ។
អតិថិជនរងគ្រោះពីការទិញលំនៅឋានក្នុងបុរីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រូបនេះសួរថា តើរូបគេគួរបន្តទុកចិត្តក្រុមហ៊ុនទៀតដែរឬទេ នៅពេលដែលខ្លួនទាមទារសំណងមកវិញ ភាគីក្រុមហ៊ុនអះអាងថា គេនឹងសងលុយដើមត្រឡប់ទៅវិញតែ ៥០% ប៉ុណ្ណោះ ស្របពេលដែលលោកជាអតិថិជនត្រូវបានក្រុមហ៊ុនតម្រូវឱ្យបង់លុយតាមពេលវេលាជាក់លាក់ រួមនឹងទាំងការបង់លុយរំលស់ប្រចាំខែមិនដែលយឺតយ៉ាវម្តងណាផងនោះ។
ប្រភពដដែលបញ្ជាក់ថា ក្នុងនាមខ្លួនជាអតិថិជនដែលទិញផ្ទះពីបុរី ចាស្មីន (Jasmin) នេះ មិនមែនក្នុងបំណងដើម្បីតែចង់បានលុយសំណងយឺតយ៉ាវរបស់ក្រុមហ៊ុន ១០០ដុល្លារនោះទេ គឺចង់បានផ្ទះទៅតាមកិច្ចសន្យាប៉ុណ្ណោះ ដូច្នេះម្ចាស់ក្រុមហ៊ុនគួរតែបកស្រាយពីទង្វើរំលោភកិច្ចសន្យារបស់ខ្លួនឱ្យអតិថិជនរងគ្រោះដទៃទៀតបានដឹងផង។
ក្រុមហ៊ុនអចលនទ្រព្យលក់ដីលក់ផ្ទះល្វែងរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ បានផ្ទុះការតវ៉ាពីអតិថិជនជាបន្តបន្ទាប់ ក្រោយក្រុមហ៊ុនរំលោភកិច្ចសន្យាយកលុយពីអតិថិជន តែមិនព្រមសង់ផ្ទះឱ្យពួកគេនោះ។
អតិថិជនរងគ្រោះពីការទិញលំនៅឋានក្នុងបុរីឧកញ៉ា ឡេង ណាវ៉ាត្រា ឈ្មោះ ជុំ សូគ្រឹះ បានចុះកិច្ចសន្យាផ្ដិតមេដៃទិញផ្ទះពីក្រុមហ៊ុន ហ្កាឡាក់ស៊ី ឡេង ណាវ៉ាត្រា គ្រុប ក្នុងគម្រោងបុរី ចាស្មីន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដែលត្រូវបង់រំលស់ប្រចាំខែក្នុងទំហំទឹកប្រាក់ ២២០ដុល្លារ ឬ ៨៨ម៉ឺនរៀលក្នុង ១ខែជារៀងរាល់ដើមខែ។
ក្នុងលិខិតបង់រំលស់ប្រាក់ បញ្ជាក់ថា ការបង់រំលស់នេះ ត្រូវគិតការប្រាក់ ១% ខណៈអតិថិជនរូបនេះបានបង់លុយទៅឱ្យក្រុមហ៊ុនប្រចាំខែបានចំនួន ៤០ខែហើយ ឬ ៣ឆ្នាំកន្លះ ដែលគិតជាប្រាក់សរុបមានចំនួនជិត ១ម៉ឺនដុល្លារអាមេរិក (៨៨០០ដុល្លារ) គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ប៉ុន្តែលិខិតដដែលនេះបញ្ជាក់បន្ថែមថា អតិថិជនរូបនេះត្រូវបង់ប្រាក់ចំនួន ២៣២ខែ ឬ ២៧ឆ្នាំកន្លះ (២៧ឆ្នាំ ៥ខែ) ដែលគិតជាទឹកប្រាក់សរុបមានចំនួនដល់ទៅជាង ៥ម៉ឺនដុល្លារអាមេរិក (៥១០៤០ដុល្លារ) ឯណោះសម្រាប់ផ្ទះដែលគេបានទិញនេះ។
ទាក់ទិននឹងបញ្ហានេះ អតិថិជនរងគ្រោះពីការទិញលំនៅឋានក្នុងបុរីឧកញ៉ា ឡេង ណាវ៉ាត្រា មួយរូបផ្សេងទៀតឈ្មោះ សេង លីហួរ ក៏បានទម្លាយលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងថ្ងៃជាមួយគ្នាដែរថា រូបគេបានទិញផ្ទះពីបុរី ឡេង ណាវ៉ាត្រា នៅផ្លូវជាតិលេខ6A ដោយចុះកិច្ចសន្យារយៈពេល ២៤ខែ ក្រុមហ៊ុននឹងសង់ផ្ទះឱ្យរួចរាល់ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានសង់ផ្ទះឱ្យខ្លួននៅឡើយទេ គិតចាប់តាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មក។
ប្រភពដដែលបញ្ជាក់ថា គម្រោងដែលត្រូវសាងសង់លើទីតាំងក្នុងកិច្ចសន្យា ក្រុមហ៊ុនមិនបានចាក់ដីដើម្បីសាងសង់ទេ ខណៈទីតាំងគម្រោងនោះស្ថិតនៅលើដីលិចទឹកដូចដើមនៅឡើយ ប៉ុន្តែក្រុមហ៊ុនបានតម្រូវឱ្យអតិថិជនប្តូរទីតាំងរបស់ខ្លួនទៅតាមការណែនាំរបស់ក្រុមហ៊ុន ឬដាក់លក់គម្រោងរបស់ខ្លួនវិញតែម្តង ប៉ុន្តែអតិថិជនរូបនេះបញ្ជាក់ថា តើឱ្យរូបគេលក់វិញដោយរបៀបណា បើទីតាំងគម្រោងនេះនៅលិចទឹកនៅឡើយនោះ ខណៈរូបគេក៏បានបង់លុយផ្តាច់ទៅឱ្យក្រុមហ៊ុនចំនួនជិត ២ម៉ឺនដុល្លារអាមេរិកទៅហើយនោះ (១៧៨០០ដុល្លារ)។
ក្នុងរយៈពេល ១ឆ្នាំចុងក្រោយនេះ ឧកញ៉ា ឡេង ភត្ត្រា ហៅ ឡេង ណាវ៉ាត្រា ត្រូវអតិថិជនទម្លាយពីការរំលោភកិច្ចសន្យាទិញលក់ដី និងផ្ទះល្វែងជាបន្តបន្ទាប់ ប៉ុន្តែឧកញ៉ារូបនេះមិនបានដោះស្រាយបញ្ហានេះឱ្យចប់ចុងចប់ដើមទេ ដោយគ្រាន់តែប្រើវិធីសាស្ត្រដោះទាល់មួយគ្រាៗប៉ុណ្ណោះ ខណៈអាជ្ញាធរមានសមត្ថកិច្ចក៏មិនបានចាត់វិធានការច្បាប់ដោះស្រាយលើករណីរំលោភសេចក្តីទុកចិត្តនេះដែរ។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily ថា លោក ឡេង ណាវ៉ាត្រា គ្រាន់តែជាឧបករណ៍របស់គ្រួសារហ៊ុន ដែលផ្តល់ងារជាឧកញ៉ាឱ្យ ហើយឈរឈ្មោះឲ្យក្រុមគ្រួសារហ៊ុនក្នុងជំនួញរកស៊ីសាងសង់ផ្ទះលក់ ដើម្បីបិទបាំងរូបភាពលាងលុយកខ្វក់តែប៉ុណ្ណោះ។
លោក គឹម សុខ អះអាងថា គ្មានអ្នកណាអាចដើរវាស់យកដីបានច្រើនកន្លែង ហើយមួយកន្លែងៗមានទំហំរាប់រយហិកតារតាមទំនើងចិត្តនោះទេ ប្រសិនបើក្រុមគ្រួសារត្រកូលហ៊ុនមិនវាស់ឲ្យ ដើម្បីយកទៅបង្កើតរូបភាពជំនួញសាងសង់ផ្ទះល្វែងលក់បិទបាំងការលាងលុយកខ្វក់របស់ពួកគេនោះ៕