អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្វើដំណើរទៅជួបសួរសុខទុក្ខអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃ ដ៏មានឥទ្ធិពលមួយរូបនេះបានរួចទោស និងចាកចេញពីមន្ទីរពេទ្យប៉ូលិសទៅគេហដ្ឋានរបស់លោក។
លោក ហ៊ុន សែន បានបង្ហោះសារអមដោយរូបថតផ្ទាល់ខ្លួនពីរសន្លឹកក្នុងដំណើរតាមយន្តហោះទៅកាន់ក្រុងបាងកក ថា លោកកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់លោក គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
លោក ហ៊ុន សែន បានសរសេរថា អតីតនាយករដ្ឋមន្ត្រី ២នាក់ជួបគ្នាមិនបាននិយាយរឿងនយោបាយនោះទេ តែបានរំលឹកអនុស្សាវរីយ៍រយៈពេល ៣២ឆ្នាំនៃមិត្តភាពទាំងពីរតាំងពីឆ្នាំ១៩៩២ មក។
លោក ហ៊ុន សែន អះអាងថា ដើម្បីពង្រឹងចំណងមិត្តភាព លោកបានអញ្ជើញអ្នកស្រី អ៊ុង អ៊ីង ប្រធានគណបក្សភឿថៃ មកទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
កាសែតបាងកកប៉ុស្តិ៍ បានសរសេរថា ដំណើរទៅសួរសុខទុក្ខលោក ថាក់ស៊ីន របស់លោក ហ៊ុន សែន ធ្វើឡើងនៅក្រោមការរឹតបន្តឹងផ្នែកសន្តិសុខខ្ពស់ ហើយថាបុរសខ្លាំងរបស់កម្ពុជាលោក ហ៊ុន សែន ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តទៅសួរសុខទុក្ខលោក ថាក់ស៊ីន ដល់ផ្ទះរបស់គាត់ ដោយសារតែបារម្ភពីសុខភាពរបស់មិត្តភក្ដិ។
អតីតនាយករដ្ឋមន្ត្រីនៃប្រទេសជិតខាងទាំងពីរមានទំនាក់ទំនងជាបងប្អូនធម៌នឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទំនាក់ទំនងដ៏ស៊ីជម្រៅ និងស្និទ្ធស្នាល ដោយលោក ថាក់ស៊ីន មានវត្តមានជាញឹកញាប់នៅក្នុងពិធីជាលក្ខណៈគ្រួសាររបស់លោក ហ៊ុន សែន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោក ថាក់ស៊ីន និងលោក ហ៊ុន សែន មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ ដូច្នេះ លោក ហ៊ុន សែន ចង់ទៅពេលណាក៏បានដែរ ពីព្រោះគាត់មិនដូចកាលពីមុនដែលជានាយករដ្ឋមន្ត្រីមានការងារច្រើន។
អតីតនាយករដ្ឋមន្ត្រីថៃ រូបនេះបានចំណាយពេលនៅក្រៅប្រទេសរហូតដល់ ១៥ឆ្នាំឯណោះ ដើម្បីគេចចេញពីបទចោទ និងការជាប់ពន្ធនាគារ។
ស្របពេលដែលគណបក្សភឿថៃ ទទួលបានសំឡេងគ្រប់គ្រាន់នៅក្នុងរដ្ឋសភាក្នុងការរៀបចំរដ្ឋាភិបាល លោក ថាក់ស៊ីន បានសម្រេចចិត្តត្រឡប់មកប្រទេសវិញ ហើយត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទរំលោភអំណាច ការផ្តល់ប្រាក់កម្ចីឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនាស់ផលប្រយោជន៍ ជាដើម។
ប៉ុន្មានខែក្រោយមកទៀត មហាក្សត្រថៃ បានបន្ធូរបន្ថយទោសលោក ថាក់ស៊ីន មកត្រឹមមួយឆ្នាំ ប៉ុន្តែលោកបានចំណាយពេលជាប់ឃុំរយៈពេល ៦ខែក្នុងមន្ទីរពេទ្យប៉ូលិសទាំងស្រុង ដោយជាប់ពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារបញ្ហាសុខភាព សម្ពាធឈាមឡើងខ្ពស់ និងចុកទ្រូង ជាដើម។ មហាសេដ្ឋីថៃ វ័យ ៧៤ឆ្នាំរូបនេះមានសេរីភាពមុនពេលកំណត់ គឺដោយសារតែអាយុ លក្ខខណ្ឌសុខភាព និងរយៈពេលជាប់ពន្ធនាគារ៕