27.4 C
Phnom Penh

កូនប្រុស​លោក លិម គិមយ៉ា ឆ្ងល់​ថា​ហេតុ​អ្វី​រដ្ឋាភិបាល​ខ្មែរ​មិន​ស៊ើបអង្កេត​សំណុំរឿង​ឪពុក​របស់​ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនប្រុស​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក្នុង​ប្រទេស​ថៃ ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​ដែល​មិន​បើក​ការ​ស៊ើបអង្កេត​លើ​ជនសង្ស័យ​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក លិម គិមយ៉ា ព្រោះតែ​សមត្ថកិច្ច​ថៃ មិន​បាន​ស្នើសុំ ឬ​មួយ​ត្រកូល​ហ៊ុន​រារាំង​មិន​ឱ្យ​មាន​ការ​ស៊ើបអង្កេត?

លោក លិម ថូម៉ាស់ កូនប្រុស​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៨ កុម្ភៈ នេះ​ថា គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​ភ័យខ្លាច​ការពិត​នៃ​អំពើ​ឃាតកម្ម​លោក លិម គិមយ៉ា ត្រូវ​បាន​លាតត្រដាង បន្ទាប់ពី​ជនសង្ស័យ​ឈ្មោះ លី រតនៈរស្មី និង​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​សមត្ថកិច្ច​ថៃ។

លោក​បន្ត​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​មិន​ត្រូវ​គេ​រក​ឃើញ​ថា​មាន​គំនុំ​ជាមួយ​ឪពុក​របស់​លោក ឬ​មាន​ទំនាក់ទំនង​ស្គាល់​គ្នា​ក្នុង​ហេតុផល​ណា​មួយ​ដែល​អាច​ឱ្យ​ពួកគេ​សមគំនិត​គ្នា​រហូត​ដល់​បាញ់​សម្លាប់​ឪពុក​របស់​លោក​នោះ​ឡើយ។

លោក លិម ថូម៉ាស់ អះអាង​ថា ការ​បដិសេធ​ដែល​ថា​សមត្ថកិច្ច​កម្ពុជា​គ្មាន​ភារកិច្ច​ត្រូវ​ស៊ើបអង្កេត ព្រោះ​ឃាតកម្ម​នេះ​កើតឡើង​នៅ​ប្រទេស​ថៃ នោះ គឺជា​រឿង​មិន​សម​ហេតុផល ពីព្រោះ​ជនសង្ស័យ​ជា​ជនជាតិ​ខ្មែរ​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​សម្លាប់​អ្នក​តំណាងរាស្ត្រ​ខ្មែរ ហើយ​ក៏​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​ដែរ​សព្វថ្ងៃ​នេះ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​ចូលរួម​សហការ​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ឱ្យ​សមត្ថកិច្ច​ថៃ ស៊ើបអង្កេត​ទៅ គឺ​គ្រប់គ្រាន់​ហើយ។

លោក លិម ថូម៉ាស់ បញ្ជាក់​ថា សម្រាប់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​បន្ត​មក​លោក ហ៊ុន ម៉ាណែត នៅ​ពេលនេះ គ្មាន​អ្វី​ផ្លាស់ប្ដូរ​ទេ ព្រោះ​អ្នកក្រ​កាន់តែ​ក្រ អ្នកមាន​កាន់តែ​មាន ចំណែក​អ្នក​រិះគន់​រដ្ឋាភិបាល​ត្រូវ​គេ​ចាប់​ដាក់​គុក ឬ​ត្រូវ​គេ​បាញ់​សម្លាប់ ហើយ​ឃាតករ​ពិត​នៅតែ​រួច​ខ្លួន​រស់នៅ​ដោយ​សេរី​ក្រៅ​សំណាញ់​ច្បាប់​គ្រប់​ករណី​ទាំងអស់ ដែល​ពាក់ព័ន្ធ​នឹង​ប្រយោជន៍​នយោបាយ​គ្រួសារ​ហ៊ុន។

ចាប់តាំងពី​លោក លិម គិមយ៉ា ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​៧ ខែ​មករា មក គឺ​មាន​រយៈពេល​ជាង ១​ខែ​ហើយ ខណៈ​ជនសង្ស័យ​ក៏​ត្រូវ​បាន​វែក​មុខ​ក្នុង​រយៈពេល​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ ប៉ុន្តែ​សមត្ថកិច្ច​ថៃ នៅតែ​មិន​ទាន់​អាច​ចាប់​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​ដើម្បី​បើក​ការ​ស៊ើបអង្កេត​រក​អ្នក​បញ្ជា​ពីក្រោយ​ខ្នង​នៅឡើយ​ទេ ដោយសារតែ​គ្មាន​ការ​សហការ​ពី​រដ្ឋាភិបាល​ត្រកូល​ហ៊ុន។

កាលពី​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក Jacques Pellet បាន​ជួប​ជាមួយ​អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឌី វិជ្ជា ដើម្បី​ពិភាក្សា​អំពី​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ស៊ើបអង្កេត​របស់​ប្រទេស​ថៃ ជុំវិញ​ឃាតកម្ម​លើ​ពលរដ្ឋ​បារាំង លោក លិម គិមយ៉ា។

ឯកអគ្គរដ្ឋទូត​បារាំង លោក Jacques Pellet បញ្ជាក់​ថា ប្រទេស​បារាំង​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​អំពី​ការ​ស៊ើបអង្កេត​ដែល​ធ្វើឡើង​ដោយ​ប្រទេស​ថៃ ដើម្បី​ស្វែងរក​ការពិត​ចំពោះ​ករណី​នេះ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស