32.1 C
Phnom Penh

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ជប៉ុន​នឹង​ផ្តល់​ដ្រូន​ចម្បាំង​ដល់​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​រដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ដ្រូន​ចម្បាំង​ដល់​ប្រទេស​ថៃ ថា​ជា​រឿង​មិន​ពិត។ រដ្ឋាភិបាល​ជប៉ុន ចាត់ទុក​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ស្ដារ​ឡើងវិញ​នូវ​សន្តិភាព​ឱ្យ​បាន​ឆាប់​នា​ពេល​ខាង​មុខ។

ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​សីហា នេះ​ថា ពាក្យ​ចចាមអារ៉ាម​ជា​រឿង​មិន​ពិត​នោះ​ទេ។ រដ្ឋាភិបាល​ជប៉ុន មិន​ដែល​មាន​គម្រោង​ផ្តល់​គ្រឿងយន្ត​បែប​នេះ​ដល់​ប្រទេស​ថៃ ហើយ​ក៏​មិន​ធ្លាប់​បាន​ទទួល​សំណើ​បែប​នេះ​ពី​ប្រទេស​ថៃ ដែរ។

ប្រភព​ដដែល​អះអាង​ថា នីតិវិធី​នៃ​ការ​ផ្តល់​ជំនួយ​របស់​ជប៉ុន តែង​ធ្វើឡើង​យ៉ាង​តឹងរ៉ឹង ជាពិសេស​ផ្នែក​ដែល​មិន​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ជម្លោះ​អន្តរជាតិ។

ជប៉ុន រំពឹង​បែប​នេះ​ថា៖ «យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ប្រជាជន​កម្ពុជា​នឹង​អាច​វិល​ទៅ​រក​ជីវភាព​ប្រចាំ​ថ្ងៃ​ដោយ​សុខសាន្ត​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ។»

កាលពី​ថ្ងៃទី​១ សីហា លោក អ៊ូអិណុ បាន​ចុះ​ទៅ​ផ្ទាល់​ដល់​ជំរំ​ភៀសខ្លួន​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ឧត្ដរមានជ័យ ដែល​គេច​ចេញពី​តំបន់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ លោក​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង​នៅ​ពេល​បាន​ឃើញ​អំពី​ទំហំ​នៃ​ការ​ខូចខាត​ដោយសារ​ការ​ប៉ះទង្គិច​រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ។

ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ កាន់តែ​រីក​រាលដាល និង​ធ្ងន់ធ្ងរ​ចាប់ពី​ថ្ងៃទី​២៤ កក្កដា មក​ម្ល៉េះ ដែល​ភាគី​ថៃ ត្រូវ​គេ​ដឹង​ថា​បាន​ផ្ដើម​បើក​ការ​បាញ់​ប្រហារ​មក​លើ​កម្ពុជា​មុន។ ការ​ប៉ះទង្គិច​នេះ មាន​រយៈពេល ៥​ថ្ងៃ ទើប​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ក្នុង​ថ្ងៃទី​២៨ ខែ​កក្កដា។ បច្ចុប្បន្ន កម្ពុជា-ថៃ កំពុង​បន្ត​កិច្ចចរចា​គ្នា​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃទី​៤ ខែ​សីហា ដល់​ថ្ងៃទី​៦ ខែ​សីហា៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស