27.4 C
Phnom Penh

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ប្រកែក​ថា​នាយករដ្ឋមន្ត្រី​ខ្លួន​មិន​បាន​ទទួលស្គាល់​ថា​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា​ឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ប្រកែក​ថា ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) អំពី​ភូមិ​បានណងចាន់ (Ban Nong Chan) និង​ភូមិ​បានណងយ៉ាកែវ (Ban Nong Ya Kaew) គ្រាន់តែ​បញ្ជាក់​ពី​គោលការណ៍​យុត្តិធម៌​ប៉ុណ្ណោះ មិនមែន​ទទួលស្គាល់​ថា​ថៃ ឈ្លានពាន​ទឹកដី​កម្ពុជា នោះ​ឡើយ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ លោក សិរីពង អង្គការសាក់គុលគីត (Siripong Angkasakulkiat) ត្រូវ​បាន​កាសែត The Nation របស់​ថៃ ស្រង់​សម្ដី​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ការ​អះអាង​របស់​លោក អនុធីន ឆានវីរៈគុល អំពី​ការ​គ្រប់គ្រង​ព្រំដែន​ថៃ និង​កម្ពុជា គឺ​មាន​បំណង​បង្ហាញ​ពី​ភាព​យុត្តិធម៌​រវាង​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ។

ប្រភព​ដដែល អះអាង​ថា ពិត​មែន​តែ​លោក អនុធីន ឆានវីរៈគុល ផ្តល់​បទសម្ភាសន៍​អំពី​ការ​ដកថយ​ចេញពី​តំបន់​ដែល​គេ​ឃើញ​ថា​ជា​ទឹកដី​កម្ពុជា និង​រៀបចំ​លំនៅឋាន​សម្រាប់​ពលរដ្ឋ​ថៃ រង​ផល​ប៉ះពាល់ ដូច​ដែល​កម្ពុជា ធ្លាប់​បាន​ធ្វើ​នោះ គ្រាន់តែ​ជា​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​គ្រប់គ្រង​ព្រំដែន​ជាមួយ​កម្ពុជា ដោយ​ផ្ដោត​លើ​ភាព​យុត្តិធម៌ និង​ការ​សហការ​រវាង​ប្រទេស​ទាំង​ពីរ។

មន្ត្រី​រូប​នេះ​បញ្ជាក់​ថា គោលបំណង​នៃ​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​ភូមិ​ទាំង​ពីរ​នេះ គឺ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​សន្តិសុខ និង​ស្ដារ​ទំនាក់ទំនង​ការទូត​ឲ្យ​ប្រក្រតី​រវាង​ប្រទេស​ទាំង​ពីរ​ឡើងវិញ​ប៉ុណ្ណោះ ចំណែកឯ​ការ​បើក​ច្រកព្រំដែន​ឡើងវិញ គឺជា​ជំហាន​ចុងក្រោយ បន្ទាប់ពី​ស្ថានភាព​ព្រំដែន​មាន​ស្ថិរភាព និង​ទំនាក់ទំនង​ការទូត​ត្រូវ​បាន​ស្ដារ​ឱ្យ​បាន​ពេញលេញ​ឡើងវិញ​ដែរ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ បាន​លើកឡើង​ពី​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃចាន់ ដែល​ថៃ បាន​ចាត់ទុក​ជា​កម្មសិទ្ធិ​របស់​ថៃ ស្ថិត​ក្នុង​ភូមិ​បានណងចាន់ និង​ភូមិ​បានណងយ៉ាកែវ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ថ្ងៃទី​២៧ ខែ​តុលា ឆ្នាំ​២០២៥ កាសែត ខៅស៊ុត (Khaosod) របស់​ថៃ បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ថា​នៅ​ក្នុង​តំបន់​ត្រួតស៊ីគ្នា កម្ពុជា​បាន​រំលោភ​ចូល​ដី​ថៃ ចំណែកឯ​ថៃ ក៏​បាន​រំលោភ​ចូល​ដី​កម្ពុជា ដែរ​ក្នុង​ខេត្ត​ស្រះកែវ ដែល​ជាប់​នឹង​ខេត្ត​បន្ទាយមានជ័យ របស់​កម្ពុជា ហើយ​បញ្ហា​នេះ​ត្រូវតែ​មាន​ការ​គ្រប់គ្រង​ដោយ​យុត្តិធម៌​សម្រាប់​ភាគី​ទាំង​ពីរ។

ប្រភព​ដដែល អះអាង​ថា ការ​គ្រប់គ្រង​តំបន់​ត្រួតស៊ីគ្នា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ថៃ កំពុង​ផ្ដោត​លើ​តំបន់​បានណងចាន់ (Ban Nong Chan) និង​បានណងយ៉ាកែវ (Ban Nong Ya Kaew) ខេត្ត​ស្រះកែវ (Sa Kaeo) ព្រោះ​មាន​ផ្នែក​ខ្លះ​របស់​កម្ពុជា បាន​រំលោភ​ចូល​មក​លើ​ថៃ ប៉ុន្តែ​ក៏​មាន​ផ្នែក​ខ្លះ​របស់​ថៃ បាន​រំលោភ​ចូល​ទៅ​លើ​កម្ពុជា ដូច​គ្នា​ដែរ។

លោក អនុធីន ឆានវីរៈគុល លើកឡើង​ថា ប្រសិនបើ​ប្រជាជន​ថៃ បាន​រំលោភ​ចូល​ទឹកដី​កម្ពុជា ថៃ​ត្រូវតែ​ប្រគល់​ឲ្យ​កម្ពុជា​វិញ ខណៈ​រដ្ឋាភិបាល​ត្រូវតែ​រក​កន្លែង​ស្នាក់នៅ​ថ្មី​សម្រាប់​ពលរដ្ឋ​ដែល​បាន​រំលោភ​លើ​ដី​កម្ពុជា ហើយ​ការ​អនុវត្ត​ដូច​គ្នា​នេះ ក៏​ត្រូវ​ធ្វើឡើង​ដោយ​ភាគី​កម្ពុជា ដែល​បាន​រំលោភ​លើ​ដី​ថៃ ផង​ដែរ ក្នុង​ករណី​ដែល​ភាគី​ទាំង​ពីរ​មាន​ការ​ព្រមព្រៀង​គ្នា។

នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ បញ្ជាក់​ថា ប្រសិនបើ​កិច្ចការ​នេះ​អាច​ធ្វើ​ទៅ​បាន ការ​គំរាមកំហែង​ដល់​សន្តិសុខ​របស់​ប្រទេស​ថៃ នឹង​ត្រូវ​បាន​កាត់បន្ថយ ខណៈ​ប្រទេស​ទាំង​ពីរ​ក៏​អាច​ចាប់ផ្តើម​ស្ដារ​ទំនាក់ទំនង​ការទូត​ឡើងវិញ​ដែរ។

ក្រោយ​ការ​លើកឡើង​របស់​លោក អនុធីន ឆានវីរៈគុល កាសែត​ថៃ Top News បាន​ស្រង់​សម្ដី​អ្នកជំនាញ​ផ្នែក​សន្តិសុខ និង​កិច្ចការ​អន្តរជាតិ​ថៃ កាលពី​ថ្ងៃទី​២៧ តុលា ដោយ​ព្រមាន​រដ្ឋាភិបាល​ថៃ ហាម​ដាច់ខាត​កុំ​ឲ្យ​បាត់បង់​តំបន់​ទាំង​១១ ដែល​កងទ័ព​ថៃ បាន​ដណ្តើម​កាន់កាប់ ប្រគល់​ទៅ​ឲ្យ​កម្ពុជា​វិញ ទោះ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក៏ដោយ។

ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ឈុំ ហ័រ អាយុ ៨៦​ឆ្នាំ ជា​ម្ចាស់​ដីចម្ការ និង​ផ្ទះ​ដែល​ត្រូវ​យោធា​ថៃ ព័ទ្ធ​លួស​បន្លា​យក​ស្ថិត​ក្នុង​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​កាល​ថ្ងៃទី​៧ ខែ​តុលា នេះ​ថា ទឹកដី​ខ្មែរ​ដែល​ថៃ បាន​ឈ្លានពាន​យក​តាំង​ពី​មុន​រហូត​ដល់​បច្ចុប្បន្ន គឺ​មាន​ប្រវែង​ប្រមាណ​ជា ៣​គីឡូម៉ែត្រ។

លោក ឈុំ ហ័រ បញ្ជាក់​ថា ជុំវិញ​ការ​ឈ្លានពាន​របស់​យោធា​ថៃ នា​ពេលនេះ គឺ​បាន​វាតទី​ចូល​មក​ក្នុង​ទឹកដី​ខ្មែរ​ប្រមាណ​ជា ៥០០​ម៉ែត្រ ហើយ​ល្បិចកល​ដែល​ថៃ ធ្វើ​មក​លើ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចជា​អ្វី​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ពី​មុន​មក​ដែរ ប៉ុន្តែ​ខុស​គ្នា​នៅ​ត្រង់​ថា ពេល​មុន ពួកគេ​រំកិល​បន្តិចៗ តែ​ពេលនេះ គឺ​ប្រើ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​រាប់​រយ​ម៉ែត្រ​តែម្តង។

អ្នកច្បាប់​កម្ពុជា មេធាវី សុក សំអឿន បាន​លើកឡើង​នៅ​ថ្ងៃទី​២៨ តុលា នេះ​ថា ផែនទី​ខ្នាត ១/២០០០០០ គឺជា​មូលដ្ឋាន​សំខាន់​បំផុត​ក្នុង​ការ​វាស់វែង​ព្រំដែន​ជាមួយ​ថៃ ព្រោះ​កិច្ចព្រមព្រៀង​បារាំង-សៀម​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ រួម​ទាំង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ (MOU2000) សុទ្ធតែ​ពឹងផ្អែក​ទៅ​លើ​ផែនទី​ខ្នាត ១/២០០០០០ នេះ​ទាំងអស់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស