ក្រុមហ៊ុនប្រេងឥន្ធនៈរបស់ថៃ PTT (OR) ព្រមានបិទក្រុមហ៊ុននៅកម្ពុជា ដោយសារពលរដ្ឋខ្មែរឈប់គាំទ្រ ខណៈការលក់ចេះតែបន្តធ្លាក់ចុះ ស្របពេលដែលសាខាស្ថានីយចែកចាយនៅកម្ពុជា មួយចំនួន ក៏បានផ្តាច់កុងត្រាជាមួយក្រុមហ៊ុន។
កាសែត The Nation របស់ថៃ រាយការណ៍នៅថ្ងៃទី២៨ វិច្ឆិកា ថា ការលក់ប្រេងរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ PTT នៅក្នុងទីផ្សារប្រទេសកម្ពុជា បានធ្លាក់ចុះពី ៥០% ទៅដល់ ៦០% ខណៈដែលចំនួនស្ថានីយប្រេងឥន្ធនៈដែលមានចំនួនប្រមាណជា ២០០កន្លែង បានថយចុះមកត្រឹមតែ ១៥០កន្លែង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ។
ប្រភពដដែល អះអាងថា ក្រុមហ៊ុន PTT បានដាក់បញ្ចូលទីផ្សារកម្ពុជា ទៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដោយសារការលក់ប្រេងក៏បានថយចុះ និងក្រុមអ្នកចែកចាយប្រេងក្នុងប្រទេសកម្ពុជា ក៏បានប្តូរម៉ាកយីហោស្ថានីយរហូតដល់ជាង ៤០កន្លែងនាពេលនេះ។
កាសែតថៃ ដដែលនេះ បញ្ជាក់ថា ប្រសិនបើស្ថានការណ៍តានតឹងរវាងកម្ពុជា-ថៃ កាន់តែរីកធំជាងពេលបច្ចុប្បន្ន ក្លាយជាជម្លោះហិង្សា នោះក្រុមហ៊ុនអាចប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់បំផុត គឺត្រូវបិទប្រតិបត្តិការទាំងស្រុងតែម្តង ដែលនេះជាលទ្ធភាពមួយដែលអាចនឹងកើតមានឡើងនាពេលខាងមុខ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលពលរដ្ឋខ្មែរទូទាំងប្រទេសប្រកាសពហិការឈប់ប្រើផលិតផលថៃ ក្រោយពីមានជម្លោះព្រំដែនរវាងប្រទេសទាំងពីរចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥ មក ទោះក្រុមហ៊ុនថៃ នាំចូលផលិតផលពីប្រទេសផ្សេងចូលទៅកម្ពុជា ក៏ដោយ។
កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ កាសែត The Nation ធ្លាប់បានរាយការណ៍ថា ក្រុមហ៊ុនប្រេងឥន្ធនៈ PTT បានចាត់ទុកកម្ពុជា «ជាផ្ទះទី២» របស់ខ្លួន ព្រោះកម្ពុជា គឺជាទីផ្សារអន្តរជាតិដ៏ធំបំផុតដែលអាចឱ្យក្រុមហ៊ុនកើបលុយរាប់រយលានដុល្លារអាមេរិកក្នុង ១ឆ្នាំៗ។
យ៉ាងណាក៏ដោយ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ទាំងស្រុង ត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។
ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ និងការប្រកាសពហិការឈប់ប្រើផលិតផលថៃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ កូនប្រុសបង្កើតរបស់លោក ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ គឺលោក ទៀ ស្យាម បានប្រកាសទិញសិទ្ធិពី PTT CAMBODIA នៅប្រទេសកម្ពុជា ដោយផ្លាស់ប្ដូរឈ្មោះមកជាស្ថានីយប្រេងកម្ពុជាសន្តិភាពវិញ (Peace Petroleum Cambodia) ដែលហៅកាត់ថា PPC ឬ Peace Petroleum។
រហូតដល់ថ្ងៃទី៩ ខែសីហា ក្រុមហ៊ុន ភីស ភេត្រូលៀម បានចេញសេចក្តីជូនដំណឹងថា អតីតម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT ចំនួន ៣៥កន្លែង សម្រេចប្តូរមកស្ថានីយប្រេងឥន្ធនៈ ភីស ភេត្រូលៀម វិញ។
លោក ទៀ ស្យាម បានបញ្ជាក់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ថា ស្ថានីយប្រេង Peace Petroleum មានចំនួនជិត ៤០កន្លែង (៣៧កន្លែង) នៅទូទាំងប្រទេសកម្ពុជា ដែលបានផ្តាច់ចេញពីក្រុមហ៊ុនប្រេងឥន្ធនៈ PTT ក្នុងនោះរួមមាន ទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនផងដែរ។
ក្រុមហ៊ុនប្រេងឥន្ធនៈ PTT និងក្រុមហ៊ុន Retail Business Public Company Limited (OR) គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យថាមពល និងការលក់រាយរបស់ប្រទេសថៃ ដែលកំពុងដំណើរការនៅកម្ពុជា សព្វថ្ងៃនេះ ដោយរួមបញ្ចូលសេវាជាច្រើនទៀត ដូចជា ផ្សារទំនើប សេវិន អីឡឺវិន (7/11) និងកាហ្វេ Amazon ជាដើម៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

