31.4 C
Phnom Penh

អ្នក​ជំនាញ​ច្បាប់​ជំរុញ​ឱ្យ​កម្ពុជា​ប្តឹង​ថៃ ទៅ​តុលាការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដើម្បី​ទារ​សំណង​ពី​ការ​ខូចខាត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ច្បាប់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​ថៃ ទៅ​តុលាការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដើម្បី​ទាមទារ​សំណង​ចំពោះ​ការ​ខូចខាត​ប្រាសាទ​ខ្មែរ​ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​កងទ័ព​ថៃ ជុំវិញ​ជម្លោះ​ព្រំដែន​នា​ពេលនេះ។

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា សកម្មភាព​វាយប្រហារ​លើ​ប្រាសាទ​បុរាណ​ខ្មែរ​នានា​ពី​សំណាក់​កងទ័ព​ថៃ គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​យ៉ាង​ពិតប្រាកដ ដែល​ប្រឆាំង​នឹង​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ចុះ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​១៩៤៩ យ៉ាង​ធ្ងន់ធ្ងរ។

អតីត​មេធាវី​រូប​នេះ​អះអាង​ថា សកម្មភាព​បាញ់​បំផ្លិចបំផ្លាញ​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី ដែល​បណ្តាល​ឱ្យ​ខូចខាត​ស្ទើរតែ​ទាំងស្រុង និង​ខូចខាត​ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ដោយ​កងទ័ព​ថៃ គឺ​កម្ពុជា​អាច​ប្ដឹង​ថៃ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ឬ​តុលាការ​ក្នុង​ស្រុក​ក៏បាន ដើម្បី​ឱ្យ​ទទួល​ខុសត្រូវ​លើ​អំពើ​ឧក្រិដ្ឋ​របស់​ពួកគេ។

លោក កង ឫទ្ធិគិរី ជំរុញ​ឱ្យ​កម្ពុជា រៀបចំ​តុលាការ​ឧក្រិដ្ឋ​សង្គ្រាម​មួយ និង​ដាក់​ឱ្យ​ដំណើរការ​ដោយ​ចាប់ផ្ដើម​ស៊ើបអង្កេត​បុគ្គល​ពាក់ព័ន្ធ​ក្នុង​ការ​ដាក់​បទបញ្ជា​ឱ្យ​អនុវត្ត​បាញ់​ផ្លោង​កម្ទេច​ប្រាសាទ​បុរាណ​នានា​របស់​ខ្មែរ ព្រោះ​ការ​បាញ់​ផ្លោង​កម្ទេច​ប្រាសាទ​ខ្មែរ​ទាំងនោះ ប្រាកដជា​ពាក់ព័ន្ធ​នឹង​នាយករដ្ឋមន្ត្រី​ថៃ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ ប្រធាន​ភូមិភាគ​ថៃ និង​ប្រធាន​កងពល​នានា​របស់​ថៃ ជាក់​ជាមិនខាន។

លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​អំពើ​ព្រៃផ្សៃ​នេះ​កើតមាន​ម្តង​ទៀត​លើ​ប្រទេស​កម្ពុជា និង​ដើម្បី​បំបាក់​មុខ​មេដឹកនាំ​ថៃ ឱ្យ​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​យោធា​ថៃ បាន​បាញ់​បំផ្លាញ​ប្រាសាទ​តាក្របី និង​ប្រាសាទ​ព្រះវិហារ ជុំវិញ​ជម្លោះ​ជាមួយ​កម្ពុជា នា​ពេលនេះ។

លោក Lazare Aloundou Assomo នាយក​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤១ និង​កិច្ចប្រជុំ​ពេញ​អង្គ​លើក​ទី​៣២ នៅ​ថ្ងៃទី​១២ ខែ​ធ្នូ នេះ​ថា អង្គការ​យូណេស្កូ កំពុង​ពិនិត្យ​តាមដាន​យ៉ាង​ល្អិតល្អន់ និង​ត្រៀម​ខ្លួន​ផ្ដល់​ជំនួយ​បច្ចេកទេស និង​វិធានការ​នានា ដើម្បី​ការពារ​ដល់​សម្បត្តិ​បេតិកភណ្ឌ​ទាំងឡាយ​របស់​កម្ពុជា ពី​ការ​វាយប្រហារ​របស់​ទាហាន​ថៃ។

គណៈកម្មាធិការ​អន្តរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​រមណីយដ្ឋាន​អង្គរ និង​សំបូរព្រៃគុក ហៅ​កាត់​ថា អាយស៊ីស៊ី-អង្គរ និង​សំបូរព្រៃគុក បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៤១ និង​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​៣២ រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៥ ដែល​ដឹកនាំ​ដោយ​សហប្រធាន​ប្រទេស​បារាំង និង​ប្រទេស​ជប៉ុន ដោយ​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា ផង​ដែរ។

កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខ្មែរ បាន​ចេញ​ថ្លែងការណ៍​ថ្កោលទោស​កងទ័ព​ថៃ ដាច់អហង្ការ ដែល​បាន​កម្ទេច​ប្រាសាទ​តាក្របី និង​ប្រាសាទ​ព្រះវិហារ ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា នា​ពេលនេះ។

ក្រសួង​វប្បធម៌ ចាត់ទុក​សកម្មភាព​បំផ្លិចបំផ្លាញ​ប្រាសាទ​ខ្មែរ​ពី​សំណាក់​កងទ័ព​ថៃ គឺជា​ឧក្រិដ្ឋកម្ម​លើ​បេតិកភណ្ឌ​មនុស្ស​ជាតិ​ដែល​ប្រឆាំង​នឹង​អនុសញ្ញា​ឆ្នាំ​១៩៥៤ និង​អនុសញ្ញា​ឆ្នាំ​១៩៧២ ធ្ងន់ធ្ងរ។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អំពាវនាវ​ឱ្យ​ប្រជាជន​កម្ពុជា ទូទាំង​ប្រទេស ចូលរួម​កាន់ទុក្ខ​ការ​បាក់បែក​ប្រាសាទ​តាក្របី និង​ចងចាំ​ទុក​នូវ​ទង្វើ​ឧក្រិដ្ឋកម្ម​នេះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​បំផ្លិចបំផ្លាញ​របស់​យោធា​ថៃ មក​លើ​ប្រទេស​កម្ពុជា៕

អគារ​គយ​បឹងត្រកួន ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​ដោយសារ​យោធា​ថៃ បាញ់​ធ្លុះ​ធ្លាយ​កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥។
អគារ​គយ​បឹងត្រកួន ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​ដោយសារ​យោធា​ថៃ បាញ់​ធ្លុះ​ធ្លាយ​កាលពី​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០២៥។

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស