28.4 C
Phnom Penh

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​អឺរ៉ុប និង​អាមេរិក ដាក់​ពង្រាយ​ផ្កាយរណប​តាមដាន​ភាគី​ណា​បង្ក​ជម្លោះ​ឈ្លានពាន​ទឹកដី​ពិតប្រាកដ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ស្នើ​ឱ្យ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដាក់​ពង្រាយ​ផ្កាយរណប​ដើម្បី​តាមដាន​ផ្ដិត​យក​ភស្តុតាង​ភាគី​ដែល​ឈ្លានពាន​ទឹកដី ព្រោះ​ភាគី​ថៃ តែងតែ​បង្កើត​ភស្តុតាង​ក្លែងក្លាយ​ដើម្បី​លាប​ពណ៌ និង​ចោទប្រកាន់​កម្ពុជា ថា​បាន​ឈ្លានពាន​ទឹកដី​របស់​ពួកគេ​រហូត​មក​នោះ។

លោក មុត ចន្ថា ដែល​ជា​អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ថា ដើម្បី​ជម្រះ​ការ​ចោទប្រកាន់​ឱ្យ​ជ្រះ​ស្រឡះ និង​ធានា​ដល់​ការ​អនុវត្ត​បទ​ឈប់​បាញ់ គួរតែ​បើក​ឱ្យ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដាក់​ពង្រាយ​ផ្កាយរណប​ដើម្បី​តាមដាន​សង្គ្រាម​ព្រំដែន​កម្ពុជា-ថៃ ថា​តើ​ភាគី​ណា​ជា​អ្នក​ឈ្លានពាន​ភាគី​ណា​ឱ្យ​ពិតប្រាកដ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា កន្លង​មក ភាគី​ថៃ តែងតែ​បង្កើត​ភស្តុតាង​ក្លែងក្លាយ​ដើម្បី​លាប​ពណ៌ និង​ចោទប្រកាន់​កម្ពុជា ថា​បាន​រំលោភ​បំពាន​បទ​ឈប់​បាញ់ ដាក់​មីន​ថ្មី និង​បើក​ការ​វាយប្រហារ​ទៅ​លើ​ភាគី​ថៃ មុន ជាដើម ដូច្នេះ​ដើម្បី​បញ្ចប់​ការ​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក តើ​ថៃ ហ៊ាន​ទទួលយក​ការ​ចូលរួម​ឃ្លាំមើល​របស់​សហភាព​អឺរ៉ុប ជុំវិញ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា ក្នុង​ពេល​នេះ​ដែរ​ឬ​ទេ។

ការ​ស្នើ​នេះ ធ្វើឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប ប្រកាស​ពី​ការ​ផ្តល់​រូបភាព​ពី​ផ្កាយរណប​សម្រាប់​ការ​ឃ្លាំមើល​បទ​ឈប់​បាញ់​ជុំវិញ​សង្គ្រាម​កម្ពុជា-ថៃ ដែល​បាន​ផ្ទុះ​ឡើង​ជា​លើក​ទី​២ នា​ពេលនេះ។

តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប ទទួល​បន្ទុក​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Kaja Kallas បាន​ចេញ​សេចក្តី​ថ្លែងការណ៍​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម អិច (X) របស់​ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ​ថា សហភាព​អឺរ៉ុប អាច​ផ្តល់​ជូន​នូវ​រូបភាព​ពី​ផ្កាយរណប​សម្រាប់​ការ​ឃ្លាំមើល​បទ​ឈប់​បាញ់​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប្រសិនបើ​ប្រទេស​ទាំង​ពីរ​ត្រូវការ។

តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប រូប​នេះ បញ្ជាក់​ថា បទ​ឈប់​បាញ់​ចាំបាច់​ត្រូវតែ​ស្ដារ​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ជម្លោះ​រវាង​ប្រទេស​កម្ពុជា និង​ថៃ មិន​ត្រូវ​បណ្តោយ​ឱ្យ​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ឡើយ ខណៈ​អ្នកស្រី​ក្នុង​នាម​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប នឹង​បន្ត​កិច្ចការ​នេះ​ដើម្បី​ជួយ​បញ្ចប់​ការ​កើន​ឡើង​ជម្លោះ​តាម​បណ្តោយ​ព្រំដែន​រវាង​កម្ពុជា-ថៃ នា​ពេលនេះ។

សង្គ្រាម​តាម​បណ្តោយ​ព្រំដែន​រវាង​កម្ពុជា-ថៃ បាន​ឆ្លង​ចូល​ដល់​ថ្ងៃទី​១២ ហើយ ខណៈ​កម្ពុជា បាន​អះអាង​ថា យោធា​ថៃ បាន​វាយប្រហារ​មក​លើ​កម្ពុជា​មុន និង​បន្ត​វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដី​របស់​ខ្លួន​កាន់តែ​ឆ្ងាយ​ពី​ព្រំដែន​ជិត ១០០​គីឡូម៉ែត្រ​ហើយ​នា​ពេលនេះ ប៉ុន្តែ​ខាង​ភាគី​ថៃ ក៏បាន​អះអាង​ថា ខាង​កម្ពុជា គឺជា​អ្នក​វាយប្រហារ​លើ​ខ្លួន​មុន។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា នៅ​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ អះអាង​ថា ពេលនេះ ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​ធំៗ រួម​មាន CNN, AP និង​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ព្រមទាំង​បណ្ដាញ​ព័ត៌មាន​ជាច្រើន​ទៀត បាន​នាំ​សំឡេង​របស់​កម្ពុជា ប្រាប់​ពិភពលោក​ថា យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​មក​លើ​កម្ពុជា ជុំវិញ​សង្គ្រាម​តាម​ព្រំដែន​នា​ពេលនេះ។

លោក នេត្រ ភក្ដ្រា បញ្ជាក់​ថា ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ AP ក៏បាន​ចូលរួម​នាំ​ការពិត​ពី​កម្ពុជា ប្រាប់​ពិភពលោក​ឱ្យ​បាន​ដឹង​អំពី​ការ​ទម្លាក់​គ្រាប់បែក​របស់​យោធា​ថៃ ចូល​ជ្រៅ​មក​ក្នុង​ទឹកដី​កម្ពុជា ក្បែរ​ជំរំ​ជនភៀសសឹក និង​រឿងរ៉ាវ​ផ្សេងៗ​ទៀត​ដែល​កម្ពុជា បាន​ជួប​ប្រទះ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​អធិបតេយ្យភាព និង​បូរណភាព​ដែន​ដី​របស់​កម្ពុជា ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន រូប​នេះ​បញ្ជាក់​ថា ថៃ​មិន​អាច​បន្ត​ភូត​កុហក​ពិភពលោក​ទៀត​បាន​ឡើយ ហើយ​ពិភពលោក​ក៏បាន​ដឹង​ពី​ចរិត​ពិត​របស់​ថៃ ដែរ ខណៈ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP បាន​ចូលរួម​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​ព័ត៌មាន​ទាក់ទង​នឹង​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ មក​លើ​កម្ពុជា នា​ពេលនេះ ព្រោះ​ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង​បាន​ឡើយ។

ចំណែក​ស្ថានទូត​ចិន ប្រចាំ​ប្រទេស​ថៃ បាន​អះអាង​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ​ដែរ​ថា បេសកជន​ពិសេស​របស់​ក្រសួង​ការបរទេស​ចិន ទទួល​បន្ទុក​កិច្ចការ​អាស៊ី លោក Deng Xijun នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​ធ្នូ នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ការទូត ដែល​មាន​គោលបំណង​បន្ធូរបន្ថយ​ភាព​តានតឹង​តាម​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

ប្រភព​ដដែល​បញ្ជក់​ថា ប្រទេស​ចិន ក្នុង​នាម​ជា​មិត្ត​ជិតស្និទ្ធ​របស់​ប្រទេស​ទាំង​ពីរ កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​ដិតដល់ និង​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​សន្ទនា និង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នេះ​ដើម្បី​ស្ដារ​ស្ថិរភាព​ឡើងវិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស