27.3 C
Phnom Penh

ថៃ​ចល័ត​រថពាសដែក​និង​កងកម្លាំង​យោធា​ជិត ១០០​នាក់​ចូល​ទីតាំង​ភូមិសាស្ត្រ​អូរស្មាច់ រាយ​លួស​បន្លា​បន្ថែម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា កងកម្លាំង​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​ចល័ត​រថពាសដែក​ចំនួន ២​គ្រឿង និង​កម្លាំង​ប្រមាណ ៧០​នាក់ ចូល​ក្នុង​ភូមិសាស្ត្រ​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ និង​បាន​រាយ​លួស​បន្លា​បន្ថែម​លើ​លួស​បន្លា​ចាស់​ដែល​ភាគី​ថៃ បាន​ហ៊ុមព័ទ្ធ​កាន់កាប់​យក​ដោយ​ខុស​ច្បាប់។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៣ មេសា ថា កាលពី​ថ្ងៃទី​២ ខែ​មេសា វេលា​ម៉ោង ៦:២០​នាទី​ព្រឹក កងកម្លាំង​យោធា​ថៃ បាន​ធ្វើ​សកម្មភាព​យោធា​ចូល​មក​ទីតាំង​ក្នុង​ភូមិសាស្ត្រ​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន​ដល់​ក្រុម​ទំនាក់ទំនង​របស់​យោធភូមិភាគ​ទី​៤ របស់​កម្ពុជា ឡើយ។

អ្នកនាំពាក្យ​រូប​នេះ​អះអាង​ថា ភ្លាមៗ​បន្ទាប់ពី​យោធា​ថៃ ធ្វើ​សកម្មភាព ក្រុម​ទំនាក់ទំនង​របស់​យោធភូមិភាគ​ទី​៤ កម្ពុជា បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់​កងទ័ព​ភូមិភាគ​ទី​២ ថៃ ឱ្យ​ធ្វើ​ការ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ និង​អំពាវនាវ​ឱ្យ​យោធា​ថៃ ត្រឡប់​មក​គោរព​នូវ​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ឯកភាព​គ្នា​កន្លង​មក។

អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ទើប​តែ​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ច្រក​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ កាលពី​ថ្ងៃទី​២៩ ខែ​មីនា កន្លង​ទៅ​ថ្មីៗ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ភាគី​ថៃ បែរជា​អះអាង​ថា​មាន​សកម្មភាព​ញុះញង់​ពី​ភាគី​កម្ពុជា​ទៅវិញ ដែល​នេះ​គឺជា​ការ​លើកឡើង​មិនមែន​ជា​ការពិត និង​គ្មាន​មូលដ្ឋាន។

កាលពី​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២៦ កាសែត​ថៃ The Nation បាន​រាយការណ៍​ថា ថៃ​បាន​ដាក់​ពង្រាយ​រថយន្ត​យោធា ដូចជា រថក្រោះ ជាដើម ទៅ​កាន់​តំបន់​ព្រំដែន​ជាមួយ​កម្ពុជា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ បន្ទាប់ពី​មាន​ការ​អះអាង​ថា​មាន​អាកប្បកិរិយា​មិន​សមរម្យ​ពី​កងទ័ព​កម្ពុជា ខណៈ​អាជ្ញាធរ​ថៃ បដិសេធ​ថា​ខ្លួន​មិនមែន​ជា​អ្នក​បង្កហេតុ​ឡើយ។

ប្រភព​ដដែល បាន​ស្រង់​សម្ដី​កងទ័ព​ថៃ ថា ការ​ផ្លាស់​ទី​យុទ្ធសាស្ត្រ​នេះ គឺជា​ការ​ពង្រឹង​សន្តិសុខ​នៅ​ច្រក​ព្រំដែន មិនមែន​ជា​ចេតនា​ដើម្បី​បង្កើន​ភាព​តានតឹង​នោះ​ទេ។

កាលពី​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៦ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) បាន​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ច្រក​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ ជុំវិញ​ការ​គោរព និង​អនុវត្ត​វិធានការ​ទាំងអស់​ក្នុង​សេចក្តី​ប្រកាស​រួម ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន។

ជុំវិញ​បញ្ហា​នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​នៅ​ក្នុង​កម្មវិធី​ស្ដីពី​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃ​សុក្រ​នេះ​ថា រាជរដ្ឋាភិបាល​ប្ដេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត​ផង​ដែរ។

ចំណែក​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​សិង្ហបុរី ប្រចាំ​នៅ​កម្ពុជា លោក ផាង ឈីវី (Pang Chee Wee) កាលពី​ថ្ងៃទី​២ មេសា នេះ​ថា ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ គឺ​ការ​រក្សា​នូវ​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព យូរ​អង្វែង និង​ដោយ​សន្តិវិធី តាមរយៈ​ការ​ចរចា​នៅ​ក្នុង​យន្តការ​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ។

កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២៦ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ដោយ​អំពាវនាវ​ឱ្យ​ថៃ វិវត្ត​ពី​កិច្ចសន្ទនា​ការទូត​ទៅ​ជា​ការ​អនុវត្ត​ជាក់ស្ដែង ដើម្បី​ចាប់ផ្ដើម​ការងារ​វាស់វែង​ព្រំដែន​ដោយ​ផ្អែកលើ​អនុសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ជាដើម។ បន្ថែម​ពី​នេះ ក៏​ត្រូវ​ផ្អែកលើ​ផែនទី​ដែល​ផលិត​ដោយ​គណៈកម្មការ​ខណ្ឌសីមា​ព្រំដែន​ឥណ្ឌូចិន-សៀម ផង​ដែរ ដើម្បី​កំណត់​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ តាម​ការ​ព្រមព្រៀង​គ្នា ដែល​នឹង​ជួយ​ទប់ស្កាត់​ជម្លោះ​សម្រាប់​ភាគី​ទាំង​សងខាង​នា​ពេល​អនាគត៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស