38.8 C
Phnom Penh

សហ​ភាព​អឺរ៉ុប: បង្កើន​ល្បឿន​កំណែ​ទម្រង់​ដើម្បី​ស្រូប​យក​ការ​វិនិយោគ​ទុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា សហ​ភាព​អឺរ៉ុប​ជា​អ្នក​វិនិយោគ​នាំ​មុខ​គេ​នៅ​លើ​ពិភព​លោក​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន តែ​មិន​ដល់​មួយ​ភាគរយ​នៃ​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​តំបន់​នេះ​ផង មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ស្ថិតិ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខ្វះ​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា និង​បរិយាកាស​ពាណិជ្ជកម្ម​ពិបាក​យល់។

ជំនួប​នៅ​ក្នុង​ការ​សន្ទនា​ពាណិជ្ជកម្ម​កម្ពុជា-សហ​ភាព​អឺរ៉ុប​ដំបូង​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ តំណាង​ជាច្រើន​រូប​នៃ​ប្លុក​នេះ​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ខ្នះខ្នែង​ធ្វើការ​កែ​ទម្រង់​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ក្រៅ​ប្រទេស​ផ្ទាល់​ពី​ពាណិជ្ជកម្ម​អឺរ៉ុប។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​​​នៃក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍកម្ពុជា (កណ្តា) និង​​​លោក អេមម៉ានូអែល មេណានតូ ប្រធាន​​​សភាពណិជ្ជកម្ម​​​សហភាព​​​អឺរ៉ុបនៅកម្ពុជា​​​ ក្នុង​​​កិច្ច​​​សន្ទនា​​​ពាណិជ្ជកម្ម​​​កម្ពុជា​​​-សហភាព​​​អឺរ៉ុប ក្នុង​​​ក្រុង​​​ភ្នំពេញ កាលពី​​​ថ្ងៃច័ន្ទ។ Reuters
លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​​​នៃក្រុម​​​ប្រឹក្សា​​​អភិវឌ្ឍន៍កម្ពុជា (កណ្តាល) និង​​​លោក អេមម៉ានូអែល មេណានតូ ប្រធាន​​​សភាពាណិជ្ជកម្ម​​​សហភាព​​​អឺរ៉ុបនៅកម្ពុជា​​​ ក្នុង​​​កិច្ច​​​សន្ទនា​​​ពាណិជ្ជកម្ម​​​កម្ពុជា​​​-សហភាព​​​អឺរ៉ុប ក្នុង​​​ក្រុង​​​ភ្នំពេញ កាលពី​​​ថ្ងៃច័ន្ទ។ Pring Samrang/Reuters

លោក អេមម៉ានូអែល មេណានតូ ប្រធាន​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​បាន​និយាយ​ថា “កាលពី​មុន មាន​ការ​ស្ទាក់ស្ទើរ​ពី​ក្រុម​អ្នក​វិនិយោគ​អឺរ៉ុប។ ប៉ុន្តែ​ឥឡូវ​នេះ ដោយ​មាន​ការ​ធ្វើ​សមាហរណកម្ម​ចូល​ទីផ្សារ​អាស៊ាន ស្ថិរភាព​និង​កំណែ​ទម្រង់​នយោបាយ អ្នក​វិនិយោគ​មាន​ការ​ចាប់​អារម្មណ៍ ប៉ុន្តែ​ការ​វិនិយោគ​ក្រៅ​ប្រទេស​ផ្ទាល់​[ក្នុង​ប្រទេស​កម្ពុជា]​ពី​អឺរ៉ុប​មាន​តិចតួច​នៅ​ឡើយ”។

យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប-អាស៊ាន ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា​បាន​ទទួល​០,៣​ភាគរយ​នៃ​ការ​វិនិយោគ​សរុប​មក​កាន់​អាស៊ាន​ពី​សហ​ភាព​អឺរ៉ុប គឺ​៨៦​លាន​ដុល្លារ​នៃ​ទឹក​ប្រាក់​ប្រហែល​២៩​ពាន់​លាន​ដុល្លារ។ ប្រាក់​នេះ​មាន​នៅ​រាយប៉ាយ​ជា​ច្រើន​ផ្នែក គឺ​មាន​ចាប់តាំង​ពី​ហេដ្ឋារចនាសម្ពន្ធ​រហូត​ដល់​កិច្ចការ​ធនាគារ​ជាដើម។

ការ​ស្ទង់​មតិ​លើ​ការ​ទុក​ចិត្ត​ផ្នែក​ពាណិជ្ជកម្ម​នៃ​តំណាង​ពាណិជ្ជកម្ម​អឺរ៉ុប​និង​អន្តរជាតិ​៧២​នាក់​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ដោយ​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​កាលពី​ឆ្នាំ​មុន បាន​ផ្តល់​សញ្ញា​មួយ​ចំនួន​ចំពោះ​មូលហេតុ​ដែល​អ្នក​វិនិយោគ​បរទេស​ផ្សេងទៀត​ព្រងើយ​កន្តើយ​មិន​ចាប់​អារម្មណ៍​ប្រទេស​នេះ។ ហើយ​៧៩​ភាគរយ​នៃ​អ្នក​ឆ្លើយ​តប​បាន​លើក​ឡើង​អំពី​តម្លៃ​ទាប​នៃ​ធនធាន​មនុស្ស ជា​ប្រយោជន៍​ធំ​នៃ​ការ​ធ្វើ​វិនិយោគ​ក្នុង​ប្រទេស​នេះ ៥៣​ភាគរយ​បង្ហាញ​ពី​កង្វះ​ធនធាន​មនុស្ស​ដែល​អាច​រក​បាន ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ជំរុញ​ការ​អប់រំ​និង​ការ​បណ្ដុះបណ្ដាល​ជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាល។

លោក​បាន​មាន​ប្រសាសន៍​ថា “ការ​បណ្តុះបណ្តាល​ឲ្យ​មាន​ជំនាញ​ជា​អាទិភាព​មួយ។ យើង​ចង់​ឲ្យ​មាន​និស្សិត​ថ្នាក់​បណ្ឌិត​ច្រើន​នាក់​ទៀត និង​មាន​វគ្គ​បណ្តុះបណ្តាល​ដែល​បង្កើន​ជំនាញ​របស់​កម្មករ​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​ទាក់ទាញ​វិនិយោគ​ក្រៅ​ប្រទេស​ផ្ទាល់ មិន​ត្រឹមតែ​អំពី​ពន្ធ​លើក​ទឹក​ចិត្ត​ប៉ុណ្ណោះ​ទេ។ ការ​ខ្វះ​កម្មករ​ជំនាញ​ក៏​ជា​ឧបសគ្គ​មួយ​ដែរ”។

ការ​ស្ទង់​មតិ​ដោយ EuroCham ក៏​បាន​លើក​ឡើង​ដែរ​ថា កង្វះ​សេចក្តី​ទុក​ចិត្ត​លើ​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជា​ការ​ធ្វើ​ឲ្យ​រួញរា​ដល់​ការ​វិនិយោគ​របស់​សហភាព​អឺរ៉ុប។

សំណុំ​បែបបទ​និង​ការ​បង់​តម្លៃ​ស្មុគស្មាញ​ពិបាក​យល់ នីតិវិធី​ការិយាធិបតេយ្យ​ស្មុគស្មាញ និង​ច្បាប់​មិន​ច្បាស់លាស់ ជា​បញ្ហា​បី​លើ​គេ ដែល​អ្នក​ឆ្លើយ​តប​បាន​និយាយ​ថា ចាំបាច់​ត្រូវ​ដោះស្រាយ​ដោយ​រដ្ឋាភិបាល។

គោលនយោបាយ “សៀវភៅ​ស” រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​កម្ពុជា ក៏​ត្រូវ​បាន​ប្រគល់​ជា​ផ្លូវ​ការ​ទៅ​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ច័ន្ទ​ដែរ ដោយ​ស្នើ​ឲ្យ​មាន​សេចក្តី​ច្បាស់លាស់​ទាក់ទិន​នឹង​ច្បាប់​និង​បទបញ្ញត្តិ​ក្នុង​វិស័យ​ទាំង​ប្រាំបី​នៃ​សេដ្ឋកិច្ច។

លោក សុខ ពិសិដ្ឋ ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា បាន​ស្វាគមន៍​សំណើ​ទាំង​នេះ ដោយ​លោក​បាន​ក្រើន​រំឭក​ថា ពាណិជ្ជកម្ម​ក្នុង​ស្រុក​ត្រូវ​កែ​តម្រូវ​តាម​ដើម្បី​ទាក់ទាញ​ដៃគូ​អឺរ៉ុប។

លោក​បាន​និយាយ​ថា “ប្រជាជន​អឺរ៉ុប​ភាគ​ច្រើន​ចង់​បាន​ពាណិជ្ជកម្ម​មាន​ស្តង់ដារ និង​លក្ខណៈ​ជា​ប្រព័ន្ធ។ យើង​មាន​របៀប​ផ្សេងគ្នា​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ​យើង​ត្រូវតែ​មាន​ជា​ប្រព័ន្ធ​ថែម​ទៀត ហើយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​កាន់តែ​មាន​តម្លាភាព​ដែរ”។

មន្ត្រី​សហភាព​អឺរ៉ុប​មួយ​ចំនួន​បាន​កត់​សម្គាល់​ថា កំណែ​ទម្រង់​របស់​រដ្ឋាភិបាល ក្នុង​នោះ​មាន​ទាំង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កាលពី​ឆ្នាំ​មុន​ផង ដែល​សំដៅ​ធ្វើ​ឲ្យ​ប្រទេស​ប្រសើរ​ឡើង​ពី​ឧស្សាហកម្ម​ដែល​ប្រើ​ពលកម្ម​ច្រើន ទៅ​ជា​ការ​ប្រើ​ពលកម្ម​ជំនាញ គឺ​កំពុង​ជំរុញ​ប្រទេស​នេះ​ក្នុង​ទិសដៅ​ត្រឹមត្រូវ។

លោក ហ្គី​ឡោម ម៉ាស៊ិន អនុប្រធាន​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​កម្ពុជា បាន​និយាយ​ថា “កំណែ​ទម្រង់​រដ្ឋាភិបាល​មិន​ទាន់​ទទួល​បាន​ការ​ពេញ​ចិត្ត​នៅឡើយ”។

លោក​បាន​និយាយ​ថា “ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​អីុនធឺណិត​របស់​ក្រសួង​ពាណិជ្ជកម្ម​ក៏​ជា​ជំហាន​វិជ្ជមាន​មួយ​ដែរ។ ហើយ មាន​ជំនឿ​ទុកចិត្ត​ពាណិជ្ជកម្ម​នៅ​តែ​ខ្លាំង ពោល​គឺ​៨១​ភាគរយ​នៃ​អ្នក​ឆ្លើយតប​[ទៅ​នឹង​ការ​ស្ទង់​មតិ​នេះ] មាន​គម្រោង​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា”។

ប៉ុន្តែ លោក ហ្វីលីប ឌូភូស ប្រធាន​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​នៅ​ប្រទេស​ថៃ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើន​ជំហាន​កំណែទម្រង់ ដើម្បី​សម្រួល​ផលិតកម្ម​ដែល​មាន​តម្លៃ​ខ្ពស់ ក្នុង​ពេល​មាន​ប្រព័ន្ធ​ពាណិជ្ជកម្ម​អន្តរជាតិ​កំពុង​ផ្លាស់​ប្តូរ ដែល​អាច​ប៉ះពាល់​ខ្លាំង​ដល់​ប្រយោជន៍​ដែល​មាន​យូរ​មក​ហើយ​របស់​ប្រទេស​នេះ។

លោក ឌូភូស បាន​និយាយ​ថា “ដោយ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហភាព​អឺរ៉ុប​និង​សមាជិកភាព​[កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក]​របស់​វៀតណាម ផល​ប្រយោជន៍​តម្លៃ​របស់​កម្ពុជា​បើ​ប្រៀប​ធៀប​ទៅ គឺ​ថយ​ចុះ”។

លោក​បាន​និយាយ​បន្ថែម​ថា “ប្រទេស​នេះ​កំពុង​ប្រកួត​ប្រជែង​រក​ការ​វិនិយោគ ហើយ​ពិភព​លោក​មិន​នៅ​ទ្រឹង​មួយ​កន្លែង​ទេ។ កម្មករ​ជំនាញ​និង​បរិយាកាស​ច្បាប់​គឺ​សំខាន់​ដល់​ការ​ទ្រទ្រង់​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​នេះ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស