33.2 C
Phnom Penh

អំពី​បេក្ខជន បក្ស​ប្រជាជន​ចង់​បាន​យុវជន បក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​សាមគ្គីភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃព្រហស្បតិ៍ គណបក្សធំៗពីរនៅប្រទេសកម្ពុជាបានត្រៀមដើម្បីចាប់ផ្តើមជ្រើសរើសអ្នកឈរឈ្មោះសម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញឲ្យដឹងគម្រោងសម្រាប់ការដាក់ស្នើបញ្ជីបេក្ខជនមុនការបោះឆ្នោតថ្ងៃទី៤ខែមិថុនា។

គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបាននិយាយថា ខ្លួននឹងផ្តោតលើការជ្រើសរើសយុវជនសម្រាប់អាសនៈ “ភាគច្រើន” ដើម្បីជំនួសអ្នកកំពុងកាន់តំណែងវ័យចាស់ រីឯគណបក្សសង្គ្រោះជាតិបាននិយាយថា អាទិភាពមួយរបស់ខ្លួនគឺរួមបញ្ចូលគ្នានូវមន្ត្រីថ្នាក់ឃុំសង្កាត់ដែលនៅបែកគ្នានៅឡើយរវាងក្រុមខាងគណបក្សសម រង្ស៊ី និងក្រុមគណបក្សសិទ្ធិមនុស្ស ដែលដើមឡើយដឹកនាំដោយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។

គណបក្សសង្គ្រោះជាតិបានបង្កើតឡើងនៅឆ្នាំ២០១២ ជាសម្ពន្ធភាពរវាងលោក កឹម សុខា និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានជាកម្លាំងដ៏ធំមុនការបោះឆ្នោតជាតិឆ្នាំ២០១៣។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ពេលកំណត់ទទួលបញ្ជីបេក្ខជនរបស់បក្សត្រូវបានកំណត់ត្រឹមថ្ងៃទី៥ខែមិនា ចំណែកឯពេលធ្វើយុទ្ធនាការរយៈ១៤ថ្ងៃគឺត្រូវចាប់ផ្តើមនៅថ្ងៃទី២០ខែឧសភា និងបញ្ចប់នៅថ្ងៃទី២ខែមិថុនា ហើយលទ្ធផលកំណត់ត្រូវរាប់និងបង្ហោះនៅថ្ងៃបោះឆ្នោត។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា គណបក្សមានផែនការដាក់ស្នើបេក្ខជនជាយុវជនក្នុងឃុំសង្កាត់ “ភាគច្រើន” ទោះជាយ៉ាងនេះក្តីលោកមិនបានបញ្ជាក់ថា លោកចង់និយាយថាច្រើនជាងពាក់កណ្តាលនៃអាសនៈទាំងអស់ទេ។

លោក ឥសាន បាននិយាយថា “យើងត្រូវការមន្ត្រីដែលជាអ្នកស្នងដើម្បីពង្រឹងបក្សរបស់យើង។ នេះជាគោលបំណងរបស់យើង”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បាននិយាយថា គណបក្សរបស់លោកនឹងចាប់ផ្តើមនៅខែមករាដើម្បីរួមបញ្ចូលគ្នានូវក្រុមប្រឹក្សាឃុំសង្កាត់ដែលជ្រើសរើសក្រោមគណបក្សចាស់។

“ប្រហែល៦ខែមុនការបោះឆ្នោត ពួកគេនឹងចូលរួមគ្នា។ ពួកគេ (មួយចំនួន) នឹងត្រូវដាក់ឈ្មោះក្នុងបញ្ជីរបស់គណបក្សសង្គ្រោះជាតិ។

លោក សុវណ្ណ បាននិយាយថា ជំនួសឲ្យការកំណត់កូតាបេក្ខជនដែលជ្រើសរើសពីបក្សចាស់នីមួយៗ ការិយាល័យមូលដ្ឋាននឹងជ្រើសរើសបេក្ខជនផ្អែកលើលក្ខណៈសម្បត្តិប៉ុណ្ណោះ។

សាមគ្គីភាពរវាងក្រុមទាំងពីររបស់គណបក្សសង្គ្រោះជាតិទំនងជាមិនរឹងមាំទេនាពេលថ្មីៗនេះ ខណៈដែលលោក រង្ស៊ី នៅក្រៅប្រទេសនៅឡើយដោយសារមានការផ្តន្ទាទោសពីបទបរិហារកេរ្តិ៍ ហើយលោក កឹម សុខា កាន់តួនាទីកាន់តែធំក្នុងបក្ស។

លោក សុវណ្ណ បាននិយាយថា លោករំពឹងថា ការរួមបញ្ចូលគ្នានេះនឹងធ្វើទៅបានដោយងាយនៅថ្នាក់ឃុំសង្កាត់។ “យើងមិនឃើញមានបញ្ហាអ្វីទេ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស