29.6 C
Phnom Penh

គម្រោង​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ត្រូវ​បានផ្អាក​​ ហើយ​មិន​ដឹង​ថា ចាប់​ផ្តើម​ឡើងវិញ​នៅ​ពេលណាទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ​ រាជ​ធានី​ភ្នំ​ពេញមាន​ពំនូក​ខ្សាច់​ទំហំ​១៣៣​ហិក​តា​ ដែល​កាល​ពីមុន​គឺ​ជា​បឹងដ៏ធំមួយ។​ គម្រោងមួយបាន​​​ប្រើ​ពេលវេលា​​​អស់ជិត​បួន​ឆ្នាំ​ ដើម្បី​ចាក់​ដី​ខ្សាច់​ទាំងនេះ​​​បំពេញ​បឹង​កក់។

គេ​បាន​បំពាក់​ផ្ទាំង​ប៉ាណូ​ធំ​ចំនួន​ពីរ​ផ្ទាំង​នៅ​បរិវេណ​ភាគ​ខាងជើង​បឹង​ ដែល​ត្រូវ​បាន​ចាក់​បំពេញ​ដោយ​ខ្សាច់​យ៉ាង​ច្រើន​នោះ​។ នៅ​លើ​ផ្ទាំង​ប៉ាណូ​ទាំង​ពីរ​ផ្ទាំង​នោះ​ មាន​ទស្សន​វិស័យ​របស់​លោក​ ឡៅ​ ម៉េង​ឃិន សមា​ជិក​ព្រឹទ្ធ​សភា​មកពីគណបក្ស​ប្រជា​ជន​កម្ពុជា​។​នៅ​​​ក្នុងទស្សន​​​វិស័យ​​​នេះ វា​ជា​គម្រោង​អចលន​​ទ្រព្យ​ដែល​មាន​រយៈ​ពេលវែង​មួយ​ មានអគារខ្ពស់​​ពីរសាង​​​សង់ពី​​​កញ្ចក់និងដែក​ កន្លែង​ទឹក​ផុស​ដ៏​ធំមួយ​កន្លែង​ និង​អគារ​លំនៅ​ដ្ឋានរាប់រយខ្នង​ នៅ​ជុំ​វិញ​ផ្ទៃ​ទឹក។

រហូត​មក​ទល់ពេល​នេះ​ ទស្សនវិស័យ​នេះ​បានក្លាយជា​​​​ការពិត​​​ខ្លះ​ហើយ​ ដូច​ជា​ផ្ទៃ​បឹង​ត្រូវ​បាន​ចាក់​ដី​​​​​​បំពេញ​ ហើយ​ប្រជាជនរាប់​ពាន់​នាក់​ ដែល​ធ្លាប់​​​បាន​​​រស់​នៅ​ក្នុងតំបន់​នេះ​​​ ត្រូវ​បាន​បណ្តេញ​ចេញ​ និង​ផ្លាស់ទៅ​តំបន់ផ្សេង​​​ ជាដើម​​​។ ក៏​ប៉ុន្តែ ​អ្វី​ដែល​កំពុង​តែ​កើត​មាន​ឡើង​ចំពោះ​តំបន់​នេះ​គឺ​មាន​ការ​ប៉ាន់​ស្មាន​ថា​ ទីស្នាក់​ការ​​របស់​ក្រុម​ហ៊ុន​នៅ​ក្នុង​រាជធា​នី​ភ្នំពេញ​​​ទំនង​ជា​បិទ​ទ្វារ​ហើយ។​ ភ្នាក់​ងារ​​អចលនទ្រព្យ​ នៅក្នុងរាជ​ធានី​ភ្នំពេញ​​​​និយាយ​ថា​ បរិមាណផ្គត់​ ផ្គង់​​អចលន​ទ្រព្យ​មាន​​ច្រើន​លើស​លប់​ ដូច្នេះ​ការ​អនុវត្ត​គម្រោង​សាង​សង់​អចលន​ទ្រព្យ​នៅ​ឯ​តំបន់​បឹង​កក់​បង្កឲ្យ​មាន​បញ្ហា​ហិរញ្ញ​វត្ថុ។​ ចំណែក​ឯ​មន្ត្រី​រដ្ឋា​ភិ​បាល​ទំនង​ជា​មិន​ដឹង​ថា​ នឹង​មាន​អ្វី​កើត​កើត​ឡើង​ទេ​ ហើយ​បើសិន​ជា​មន្ត្រី​ទាំង​នោះ​ដឹង​ ក៏​នឹងប្រហែល​​​ជា​​​បដិ​​​សេធ​មិន​ធ្វើ​​​​សេចក្តីអត្ថា​​​ធិប្បាយ​ដែរ។​​

អ្នក​ស្រី​ ឆាយ ស៊ី​ណា​ ដែល​បាន​បាត់​បង់​ការ​ងារ​របស់​​ខ្លួន​កាល​ពី​ខែកុម្ភៈ​ជា​ប្រធានផ្នែក​លក់នៅ​ក្រុម​ហ៊ុនអភិវឌ្ឍន៍​អចលន​ទ្រព្យ​ស៊ូកាគូ អឺដូស ហុងជុន (Shukaku Erdos​​ Hongjun Pproperty Development Co,.) ​ដែល​​​ជា​ក្រុម​ហ៊ុន បង្កើត​​​រួម​​​​គ្នា​រវាង​វិនិ​យោ​គិន​កម្ពុជា​ និង​វិនិ​យោគិន​ចិន​ ដើម្បី​​​​កាន់​កាប់​តំបន់​បឹង​កក់នេះ​បាន​និយា​​​យ​ថា​ “​ ពួក​គេ​បាន​ត្រឡប់​ទៅប្រទេសចិន​វិញ​អស់​​​ហើយ”។

អ្នក​ស្រី​ ស៊ីណា​ បាននិយាយថា​ រូប​អ្នក​ស្រី​ផ្ទាល់​ ព្រម​ទាំង​បុគ្គ​លិក​១០​នាក់ទៀត​ត្រូវ​បញ្ឈប់​​​ពីការ​​​ងារ​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​នេះ​ ហើយ​មាន​តែ​ប្រធាន​គ្រប់​គ្រង​គម្រោង​ទេ​​​ដែលនៅ​ធ្វើ​ការ​ឯ​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​ក្នុង​ខណ្ឌ​ទួល​គោក ​រាជ​ធានី​ភ្នំ​ពេញ​  ប៉ុន្តែ ​បន្ទាប់​ពី​អ្នក​ស្រី​បាន​ទៅ​ដល់​ទី​ស្នាក់​ការ​ក្រុម​ហ៊ុន​កាល​ពី​សប្តាហ៍មុន​ បុគ្គលិក​ក្រុម​ហ៊ុន​អឺ​ដូស​មួយរូបដែល​ធ្វើ​ការ​លើ​គម្រោង​ដោយឡែក​​​មួយ​​ទៀត​ បានប្រាប់​ថា ប្រធាន​គ្រប់​គ្រង​គម្រោង​រូបនោះបានចាក​​​ចេញ​​​ទៅ​ប្រទេស​ចិន​កាល​ពី​ខែ​មុន​ ហើយមិន​​ដឹងថា​ពេល​ណា​ទើប​គាត់​ត្រឡប់​មក​វិញ ឬ​មិន​ត្រឡប់​មក​វិញ​​ទេ។

ក្រុម​ហ៊ុន​ ស៊ូកាគូ​ និង​ក្រុម​ហ៊ុន​ អឺដូសហុង​​ជុន​ បោះទុន​​​រួម​​​គ្នា​ កាល​ពី​ដំណាច់​​​ឆ្នាំ​២០១០​ ដោយ​ក្រុម​ហ៊ុន​អឺដូស​កាន់​​​កាប់​​​ភាគ​ហ៊ុន​៤៩​ភាគ​រយ​នៅ​ក្នុង​ក្រុម​ហ៊ុនបង្កើត​​​រួម​គ្នា​​​​នេះ។

ប៉ុន្មាន​ខែ​ក្រោយ​មក​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានអនុម័ត​គម្រោង​បឹង​កក់​ ដែល​ត្រូវចំណាយ​​​​ប្រាក់​ក្នុង​​​គម្រោង​​​វិនិ​​​យោគ​នេះអស់​​​​២,២​ពាន់​លាន​ដុល្លារ​។ ក្រុម​ហ៊ុន​បានរៀបចំពិធី​​​​បញ្ចុះ​បឋម​សិលា សម្រាប់​​​គម្រោង​នេះ ​កាល​ពី​ខែ​កក្កដា​ ឆ្នាំមុន​ ​ដោយ​មាន​​​វត្ត​​​មាន​​​របស់​​​លោក កែប ជុតិមាអភិបាល​រាជធានី​ភ្នំពេញ​ និង​លោក ឡៅម៉េង​ឃិន ជា​អធិបតី។​​

អ្នក​ស្រី​ ស៊ីណា​ អតីត​ប្រធាន​ផ្នែក​លក់​បាន​និយាយ​ថា “​គម្រោង​អភិវឌ្ឍន៍​នេះ​មិន​ដែល​បាន​ចាប់​ផ្ដើម​សកម្មភាព​​​សាង​សង់​ទេ​ គ្រាន់​តែ​បាន​​បើក​ដំណើរ​​​ការ​​​ប៉ុណ្ណោះ”។​អ្នក​ស្រី បាន​ឲ្យ​ដឹងទៀត​​​​ថា  កាល​ពីដំបូងការដ្ឋាន​​​សាងសង់​នៅ​តំបន់​បឹង​កក់​​គ្រោង​ចាប់​ផ្ដើម​ក្នុង​ខែ​ធ្នូ ​ឆ្នាំ​នេះ។

លោក​ បេង ហុង​ សុជាតិ​ ខេមរ៉ូ អ្នក​នាំពាក្យក្រសួង​រៀប​ចំ​ដែន​ដី​ ​​​នគ​រូបនីយ​​​កម្ម​ និងសំណង់​​ ព្រម​ទាំងលោក​ ឆាយធីរិទ្ធចៅ​សង្កាត់​ស្រះចក​ខណ្ឌដូន​ពេញ​ ជា​កន្លែង​អភិវឌ្ឍន៍​គម្រោងនេះស្ថិតនៅ​ បាន​បដិសេធ​មិន​ធ្វើ​​​សេចក្តី​​​អត្ថា​​​ធិ​ប្បាយ ដោយ​បង្វែរ​សំណួរ​ទៅ​សាលា​រាជធានី​ភ្នំពេញវិញ។​ មិនមាន​​​នរណា​​​ម្នាក់​​​នៅ​​​សាលា​រាជ​ធានី ​ឬ ក្រុម​​ហ៊ុន​ស៊ូកាគូ ​អាច​ទាក់​ទងដើម្បី​​​​សុំ​សេចក្តី​​​អត្ថាធិប្បាយបាន​ទេ​។​ក្រុម​​​​ជំនាញ​ការ​​​ផ្នែក​​​​អចលនទ្រព្យ​បាន

និយាយ​​​​ថា ទោះ​បី​ជា​បច្ចុប្បន្ន​មាន​​​​​​កន្លែងសម្រាប់​​​សាង់សង់​​​អគារ​ការិយាល័យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​ក៏ដោយ​ ក៏​បរិមាណ​​​​ផ្គត់​ផ្គង់​ឡើង​​​ហួស​​​កម្រិត​​​​ទៅ​ហើយ​។ហើយ​​​ដោយ​​​សារតែ​​​មាន​​​គម្រោង​សាង​សង់​អចលនទ្រព្យ​មួយ​ចំនួន​ដូច​ជាគម្រោង​សាង​សង់​អគារ​ខ្ពស់​វឌ្ឍនៈ​ កម្ពស់​​​៣៨​ជាន់​ជាដើម​ ដែល​ត្រូវ​បាន​គេ​គ្រោង​​ដាក់​លក់​​​នៅ​លើ​គេហទំព័រ​ក្នុង​​​អុិន​ធើ​ណិត​នៅ​ដំណាច់​​​ឆ្នាំ​នេះ​ ទើប​​​ស្ថាន​ភាព​នេះ​គ្រាន​់​តែ​ទំ​នង​ជា​នឹង​មាន​ភាព​រីក​ចម្រើន​​ប៉ុណ្ណោះ។

ស្រប​​​ពេលដែល​​​​ទី​ផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​នៅ​ទ្រឹង​អស់​រយៈ​ពេល​ជា​​​ច្រើន​ឆ្នាំ​​ ​ចាប់​ផ្ដើម​ងើប​ឡើង​វិញ​តែ​បន្ដិចបន្តួច​​​​ប៉ុណ្ណោះ​​​នោះ​​​ មាន​​​គម្រោង​សម្រេច​​​​បាន​ពាក់​កណ្ដាល​ជា​ច្រើន​ គឺជាសញ្ញា​​​ក្រើន​​​រំឭក​​​​អំពី​​​មហិចតា​សាង​សង់​អចល​នទ្រព្យលើស​​​ពីទំហំ​​​​ទី​ផ្សារ​ដ៏តូចនេះដូចជា ​គម្រោង​សាង​សង់​អគារ​ខ្ពស់​ ​៤២​ជាន់ (Gold Tower 42)​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ និង​គម្រោង​អភិវឌ្ឍន៍​កាំ​កូ​ស៊ីធី​នៅ​ក្នុង​ខណ្ឌ​ឫ​ស្សី​កែវ​ ដែល​ត្រូវ​​​ចំណាយ​​​​ប្រាក់​​២ពាន់​លាន​ដុល្លារ​ជា​ដើម។​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស