29.6 C
Phnom Penh

មជ្ឈមណ្ឌលជាតិ​លើក​ឡើង​ថា ​កុមារ​៦០​នាក់​​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​តាំង​ពី​ខែ​មករា​មក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខពី​មជ្ឈមណ្ឌល​ជាតិ​ ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​គ្រុនចាញ់ ប៉ារ៉ា​ស៊ីត​សាស្ត្រ​ និង​បាណកសាស្ត្រ​ បានឲ្យដឹងថា ការ​ឆ្លង​​ជំងឺ​គ្រុន​ឈាម​​បាន​កើន​ឡើង​ជាង​២០០​ភាគ​រយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​នេះ​ ដោយ​មាន​មនុស្ស​ជាង​១៥.០០០​នាក់ បាន​ធ្លាក់​ខ្លួន​ឈឺ​ និង​កុមារ​ចំនួន​៦០​នាក់​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ នាពេល​កន្លង​មក​។

ក្រសួង​សុខា​ភិបាល ​បាន​បង្ហាញ​ថា ជំងឺ​គ្រុនឈាម​ឆ្នាំនេះ​​​មាន​ការ​កើន​ឡើង​ជាច្រើន​ករណី​ក្នុង​រង្វង់​​ប្រាំឆ្នាំ​ ដែល​ការ​ឆ្លង​នៃ​ជំងឺ​គ្រុនឈាម​នេះ​ភាគ​ច្រើន​កើតឡើង​​នៅក្នុង​ចំណោម​មនុស្សដែល​មិន​មានភាព​ស៊ាំ​​ ដូច​ជាកុមារ​ ដែល​ទើប​កើត​ បន្ទាប់​ពី​​​ជំងឺនេះ​បានផ្ទុះ​​ឡើង​យ៉ាង​ខ្លាំង ​នៅ​ពេល​ចុង​ក្រោយ​នោះ​។​ ​ការឆ្លង​​ជំងឺ​គ្រុន​ឈាម​ចុង​ក្រោយ​ បាន​កើត​ឡើង​នៅ​ប្រទេស​កម្ពុជា ​កាល​ពី​ឆ្នាំ២០០៧។

អំឡុង​២៧​សប្តាហ៍​ដំបូង​ កាលពី​ឆ្នាំមុន របាយ​ការណ៍​បាន​ចេញ​ផ្សាយ​ថា​ ការ​ឆ្លង​ជំងឺ​​គ្រុន​ឈាម​មានចំនួន​៤.៦០៤ករណី​ និងមានមនុស្ស​២៣នាក់បានស្លាប់។​ ក្រសួង​ក៏បាន​លើក​ឡើង​ដែរ​ថា​ ការធ្លាក់​ភ្លៀង​ឆាប់ពេក​ក្នុងឆ្នាំ​នេះ​​ ការ​កើន​ឡើង​នៃ​ដង្កូវ​ទឹក​ និងឪពុកម្តាយ​បាននាំ​​កូនៗ​របស់​ខ្លួន​​ទៅកាន់​មន្ទីរ​ពេទ្យ​ ដើម្បីព្យាបាល​នោះ ក៏​ជាកត្តា​បង្ហាញ​ថា ​​មាន​ករណីជំងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​ដែរ​។​

ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ​ សៀមរាប​ និង​ខេត្ត​កំពង់​ស្ពឺ​​  គឺ​ជាខេត្ត​ដែល​កើត​មាន​ជំងឺ​គ្រុនឈាម​ខ្លាំង​ជាង​គេ។ ដោយ​សារ​តែ​មាន​វិធី​សាស្រ្ត​ការពារ​បាន​ល្អ​ និងការ​យល់​ដឹង​ពីជំងឺ​នេះនៅ​ទូទាំង​ប្រទេស​​ លោក  ច ម៉េងជួ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​​ ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ា​ស៊ីត​សាស្ត្រ និង​បាណកសាស្ត្រ បានលើកឡើងថា​ ការ​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ឆ្នាំ​​នេះ​ ទំនង​ជាមិនដូច​ការ​ស្លាប់ កាលពីឆ្នាំ២០០៧ ដែល​មាន​របាយ​ការណ៍​ចេញ​ផ្សាយថា​ មាន​ជំងឺចំនួន​៤០.០០០ករណី​​ និង​មានមនុស្ស​ចំនួន​​៤០៧ ​បានស្លាប់នោះទេ។​

លោកវេជ្ជបណ្ឌិត ម៉េងជួ ​បានលើក​ឡើង​ថា​ “ក្រសួង​បាន​ជួយ​ផ្តល់​ថ្នាំ​អាបែត​ ដើម្បី​សម្លាប់​ដង្កូវ​ទឹក​ និងជួយ​អប់រំ​អំពី​ជំងឺ​គ្រុន​ឈាម​ ហើយ​ឪពុកម្តាយ​ត្រូវតែ​យក​ចិត្ត​ទុក​ដាក់​ពីសុខភាព​កូនៗ​របស់ខ្លួន”។​

លោក ភាតធឺ វ៉ាន ម៉ារ៉ែន​ (Pieter Van Maaren) តំណាង​ប្រចាំប្រទេស​នៃអង្គការ​សុខភាព​ពិភព​លោក​ បានលើកឡើងថា​ ការ​កើន​ឡើង​នៃការ​ស្លាប់​បាន​ធ្វើឲ្យ​មានការព្រួយ​រម្ភ​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ លោកបាន​ព្រមាន​ថា​​ ការឆ្លង​និង​ការ​ស្លាប់​ឆ្នាំ​នេះ​​អាច​ឈាន​ដល់​កម្រិតមួយ​ដូច​កាល​ពីឆ្នាំ២០០៧។​

លោក វេជ្ជ​បណ្ឌិត វ៉ាន ម៉ារ៉ែន ​បាន​លើក​ឡើង​ថា “ ច្បាស់ណាស់ យើងរំពឹងថា ​ករណី​មួយ​ចំនួន​នឹង​កើន​ឡើង​នៅ​រដូវ​វស្សា​ ប៉ុ​ន្តែ ថា

តើ​វាអាចឈាន​ដល់​កម្រិតមួយ​ដូច​កាល​ពីឆ្នាំ​២០០៧នោះ គឺ​យើង​មិន​អាច​និយាយ​បាន​នៅ​ឡើយ​ទេ”។ លោក​បន្ថែម​ថា ការឆ្លង​នេះ ក៏​អាច​កើត​ឡើ​ង​ដូចការកើតឡើងនៃ​ជំងឺ ជីគុន​គុនីយ៉ា (Chikungunya) ដែល​ជា​ជំងឺ​មួយ​កើត​ចេញ​ពីមូសខ្លា​ ដោយ​វាមាន​រោគ​សញ្ញា​ស្ទើ​រតែ​ដូច​ជំងឺ​គ្រុនឈាម​អ៊ីចឹង​ដែរ។​   លោកបានបន្តថា “ សម្រាប់ពេទ្យ វា​ងាយ​​​ស្រួល​ទេ ក្នុងការសម្គាល់ជំងឺនេះ ប៉ុន្តែ សម្រាប់​ មនុស្ស​ធម្មតា​វិញ​​ វាមិន​ងាយ​ស្រួល​ឡើយ​។ ហេតុ​ដូច្នេះ​ហើយ ​បញ្ហា​នោះ ​គឺយើង​អាច​ច្រឡំនឹង​ករណី​ជំងឺជីគុនគុនីយ៉ា​​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស