ព្រះសង្ឃប្រមាណ២០០អង្គបានឡោមព័ទ្ធអង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃជាន់ខ្ពស់នៅសាលសន្និសីទចតុមុខកាលពីម្សិលមិញ ដើម្បីទាមទារឲ្យមេដឹកនាំសាសនាអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការលើករណីចោរលួចព្រះសារីរិកធាតុព្រះពុទ្ធក្នុងពេលថ្មីៗនេះ។

ការតវ៉ានេះបានបន្តរយៈពេលជាង១ម៉ោង នៅពេលព្រះសង្ឃ និងអ្នកគាំទ្រជាច្រើនបានបិទផ្លូវនិងច្រកចូលសាលសន្និសីទចតុមុខ ហើយបានទាមទារក្ដែងៗឲ្យសម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស ចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាឲ្យរដ្ឋាភិបាលចាត់វិធានការលើករណីលួចព្រះសារីរិកធាតុ មានតែមួយគត់នៅប្រទេសកម្ពុជា ដែលដាក់តម្កល់នៅលើកំពូលភ្នំឧដុង្គ។
សម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស នៃគណៈមហានិកាយ អមដោយសម្ដេចមហាសង្ឃរាជ ប៊ូ គ្រី នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតនៅក្នុងសាលសន្និសីទជាមួយព្រះសង្ឃប្រមាណ១០០អង្គដែលនិមន្តមកពីទូទាំងប្រទេស ខណៈពេលព្រះសង្ឃដែលធ្វើការតវ៉ាបានប្រមូលផ្ដុំគ្នាទំាងកណ្ដាលភ្លៀងនៅលើផ្លូវខាងមុខសាលសន្និសីទនៅម៉ោងប្រហែល១០ព្រឹក ដោយមានលើកបដាមួយ ដែលសរសេរថា “ព្រះសារីរិកធាតុត្រូវបានចោរលួចដោយសារតែអំពើពុករលួយ”។
ព្រះសង្ឃទាំងនេះបានស្រែកហៅឲ្យព្រះសង្ឃនៅខាងក្នុងសាលសន្និសីទនិមន្ត “ចេញមកក្រៅ” ដើម្បីជួបជាមួយអ្នកតវ៉ា ហើយព្រះសង្ឃ ដែលធ្វើការតវ៉ាបានគំរាមសម្រុកចូលទៅក្នុងសាលសន្និសីទ ប្រសិនបើកំណាងជាន់ខ្ពស់របស់សម្ដេចអគ្គមហាសង្ឃរាជមិនចេញមកខាងក្រៅ ដើម្បីចរចាគ្នាជាមួយអ្នកតវ៉ាទេនោះ។
ព្រះសង្ឃមួយអង្គបានស្រែកតាមឧគ្ឃោសនសព្ទចងភ្ជាប់នៅលើដំបូលរថយន្តតូចមួយគ្រឿង ដែលបានបិទច្រកចូលសាលសន្និសីទមួយសន្ទុះថា “យើងទាមទារឲ្យអគ្គមហាសង្ឃរាជ [ទេពវង្ស] ចុះចេញពីតំណែង ប្រសិនបើពួកគេរកព្រះសារីរិកធាតុមិនឃើញទេនោះ។ យើងមិនត្រូវការព្រះសង្ឃរាជ និងនាយករដ្ឋមន្ត្រីនេះទេ”។
នៅខាងក្នុងសាលសន្និសីទដែលត្រូវបានឡោមព័ន្ធ សម្ដេចអគ្គមហាសង្ឃរាជ បានរិះគន់ព្រះសង្ឃ និងអ្នកចូលរួមតវ៉ានៅខាងក្រៅយ៉ាងខ្លាំង ដោយចាត់ទុកពួកគាត់ថាជា “មនុស្សឆ្កួត” និងជា “សត្រូវ” មិនយល់ពីហេតុផល ដែលព្រះអង្គមិនចេញសេចក្ដីថ្លែងការណ៍ជាសាធារណៈជុំវិញការបាត់បង់ព្រះសារីរិកធាតុព្រះពុទ្ធ ដែលចោរបានលួចយកទៅ។
សម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស បានមានបន្ទូលទៅកាន់ព្រះសង្ឃនៅខាងក្នុងសាលសន្និសីទថា “សម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និងសម្ដេច ហ៊ុន សែន បានសម្ពោធនិងប្រគល់ព្រះសក្យមុនីចេតិយឲ្យរួចទៅហើយ” នៅក្នុងពិធីមួយកាលពីឆ្នាំ២០០២ នៅពេលនោះហើយ ដែលព្រះសារីរិកធាតុត្រូវបានដង្ហែទៅដាក់តម្កល់ក្នុងព្រះសក្យមុនីចេតិយលើកំពូលភ្នំឧដុង្គ ប៉ុន្តែព្រះសារីរិកធាតុត្រូវបានចោរលួចកាលពីសប្ដាហ៍មុន។ ព្រះអង្គបានចោទសួរថា “អ្នកការពារមិនការពារ បែរជាស្នើឲ្យអញទៅការពារ ឬទៅស្វែងរកទៀត តើឲ្យអញទៅយកមកពីណាទៀត?”។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្មាំសន្ដិសុខការពារភ្នំឧដុង្គបានរាយការណ៍ថា ព្រះសក្យមុនីចេតិយកន្លែងដាក់តម្កល់ព្រះសារីរិកធាតុត្រូវបានចោរគាស់ទ្វារចូល ហើយថា ព្រះសុវណ្ណកោដ្ឋមួយ ដែលដាក់តម្កល់ព្រះសារីរិកធាតុព្រះពុទ្ធ អមដោយពុទ្ធប្បដិមាមាសមួយចំនួនទៀតត្រូវបានចោរលួច។
បុរសប្រាំនាក់រួមទាំងឆ្មាំសន្ដិសុខបីនាក់ ដែលការពារព្រះសក្យមុនីចេតិយផងនោះត្រូវបានចោទប្រកាន់ថា ជាអ្នកលួច ប៉ុន្តែនគរបាលមិនទាន់ប្រកាសការវិវឌ្ឍនៅក្នុងការស្វែងរកព្រះសារីរិកធាតុ និងវត្ថុបុរាណដែលចោរបានលួចយកទៅនៅឡើយទេ។
កាលពីម្សិលមិញ សម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស ក៏បានមានបន្ទូលដែរថា ព្រះសង្ឃនិងអ្នកចូលរួមធ្វើការតវ៉ាទាំងនេះកំពុងតែខ្ជះខ្ជាយពេលវេលារបស់ខ្លួន ដែលព្យាយាមទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហា។ ព្រះអង្គបានមានបន្ទូលថា “ពួកឯងកុំមកចង់ទាមទារ។ ពួកឯងកុំមកចង់បិណ្ឌបាតបាយក៏អត់មានដែរ មានតែអាចម៍ឆ្កែ” មុនពេលព្រះអង្គរិះគន់គណបក្សសង្គ្រោះជាតិខ្លាំងៗចំពោះការញុះញង់ឲ្យមានសកម្មភាពនយោបាយ និងការបែកបាក់សាមគ្គីផ្ទៃក្នុង នៅក្នុងព្រះពុទ្ធសាសនា។
ព្រះអង្គបានមានបន្ទូលបន្ថែមទៀតថា “មានអ្នកខ្លះចង់មកបំបែកបំបាក់សាមគ្គីរបស់យើង ដូចយើងបានឃើញថ្ងៃនេះស្រាប់”។ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ សម្ដេចអគ្គមហាសង្ឃរាជ ទេព វង្ស ត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យធ្វើជាអនុប្រធានរដ្ឋសភាក្រោមរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺពោលរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះឯង។
ខណៈពេលដែលការតវ៉ាកាលពីម្សិលមិញកំពុងតែបន្ដ គណៈសង្ឃមួយក្រុមដឹកនាំដោយព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងលោក ប្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានចេញពីសាលសន្និសីទចតុមុខ ហើយបានជួបចរចាជាមួយអ្នកតវ៉ាទាំងកណ្ដាលភ្លៀង។
ព្រះតេជគុណបានព្យាយាមមានសង្ឃដីកាបន្ធូរកំហឹងរបស់អ្នកតវ៉ាទាំងនេះថា “តេជគុណៗ បួសច្រើនវស្សាហើយ ហើយសិក្សារៀនសូត្របានច្រើនឆ្នាំ និងចេះដឹងជាងកុរណា ដូច្នេះតេជគុណគួរតែធ្វើជាគំរូសម្រាប់ព្រះពុទ្ធសាសនា”។ ព្រះអង្គបានមានសង្ឃដីកាទៀតថា វាមិនមែនជាការទទួលខុសត្រូវរបស់សម្ដេចអគ្គមហាសង្ឃរាជដែលត្រូវបញ្ជាឲ្យរដ្ឋាភិបាលស្វែងរកព្រះសារីរិកធាតុឲ្យឃើញនោះទេ។
ព្រះអង្គបានមានសង្ឃដីកាថា “នៅពេលយើងមានបញ្ហា មេដឹកនាំរដ្ឋាភិបាលនៅទីនេះនៅចាំបម្រើប្រទេសជាតិនិងព្រះពុទ្ធសាសនា ទោះបីជាពួកគេមិនអាចអនុវត្តបានភ្លាមៗក៏ដោយ”។
ទោះបីជាពន្យល់បកស្រាយយ៉ាងណាក៏ដោយ ក៏ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានសមាគមបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម បានប្រើឧឃ្ឃោសនសព្ទ ដើម្បីបញ្ជាក់ជាថ្មីអំពីការទាមទាររបស់ព្រះសង្ឃឲ្យសម្ដេចអគ្គមហាសង្ឃរាជចេញសេចក្ដីថ្លែងការណ៍អំពីព្រះសារីរិកធាតុដែលត្រូវចោរលួចយកទៅដដែល។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានមានសង្ឃដីកាថា “តេជគុណមកបកស្រាយ ឬក៏មកស្រែក? គ្រាន់តែប្រាប់យើងធម្មតាទៅបានហើយ ថាអាចដោះស្រាយបានឬក៏អត់? វាយូរពេកហើយ ដែលមិនទាន់មានសេចក្ដីថ្លែងការណ៍ណាមួយ”។ ព្រះតេជគុណបានគូសបញ្ជាក់ថា វាជាការលម្អៀងច្បាស់ណាស់ បើនិយាយពីសេចក្ដីថ្លែងការណ៍ជាសាធារណៈផ្សេងទៀតរបស់សម្ដេចអគ្គមហាសង្ឃរាជ ជាពិសេសស្ដីពីព្រះសង្ឃដែលគាំទ្រគណបក្សប្រឆាំង។ ព្រះតេជគុណ បានមានសង្ឃដីកាឆ្លើយតបទៅនឹងព្រះញាណវង្ស ឃឹម សន ថា “នៅពេលព្រះសង្ឃធ្វើបាតុកម្ម តេជគុណចេញសេចក្ដីថ្លែងការណ៍យ៉ាងច្រើនភ្លាមៗ”។
គណៈសង្ឃ ដែលគំាទ្រគណបក្សប្រជាជនកម្ពុជាជាយូរមកហើយនោះ បានចេញសេចក្ដីថ្លែងការណ៍ដោយឡែកពីគ្នា យ៉ាងហោចណាស់ចំនួនបី ក្រោយពីការបោះឆ្នោតជាតិកាលពីខែកក្កដា ដោយប្រាប់ព្រះសង្ឃនានាឲ្យចៀសវាងកុំចូលរួមពាក់ព័ន្ធនឹងរឿងនយោបាយ។ ប៉ុន្តែការធ្វើបែបនោះមិនអាចឃាត់ព្រះសង្ឃបានឡើយ ដោយព្រះសង្ឃកាន់តែច្រើនឡើងៗបាននិមន្តចូលរួមបាតុកម្មរបស់គណបក្សប្រឆាំង និងដឹកនាំបាតុកម្មផ្ទាល់ព្រះអង្គរិះគន់ការចាប់យកដីធ្លី និងការរំលោភសិទ្ធិមនុស្សទៀតផង។
ការប្រកែកគ្នាមួយសន្ទុះបានកើតឡើងនៅច្រកទ្វារចូលសាលសន្និសីទចតុមុខកាលពីម្សិលមិញ មុនពេលព្រះតេជគុណ ឃឹម សន បានយល់ព្រមជាសាធារណៈថា នឹងចេញសេចក្ដីថ្លែងការណ៍អំពីព្រះសារីរិកធាតុ ដែលចោរលួចយកទៅ ហើយក៏បានបញ្ចប់ការស្ថានភាពប្រឈរមុខដាក់គ្នានៅម៉ោងជិត១១ព្រឹកដដែល។
ព្រះតេជគុណ ឃឹម សន បានមានសង្ឃដីកាថា “យើងនឹងសរសេរលិខិតមួយច្បាប់ស្នើសុំឲ្យរដ្ឋាភិបាលខិតខំជួយស្វែងរកព្រះសារីរិកធាតុ ដើម្បីទុកសម្រាប់ប្រជាពលរដ្ឋ”។ មុនពេលព្រះសង្ឃទាំងនេះបំបែកគ្នា ពួកគាត់បានសូត្រធម៌រួមគ្នាមួយស្របក់នៅច្រកចូលសាលសន្និសីទចតុមុខ។
កាលពីយប់មិញ លោក សេង រតនៈ អភិបាលរងរាជធានីភ្នំពេញបានផ្ញើលិខិតមួយច្បាប់ទៅមេដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីតវ៉ាចំពោះឥរិយាបថរបស់ព្រះសង្ឃធ្វើបាតុកម្ម ដែលលោកបានចាត់ទុកថា ជាការបំពានកិច្ចព្រមព្រៀងរបស់សាលារាជធានី ដែលអនុញ្ញាតឲ្យធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ។ លោកបានលើកឡើងនៅក្នុងលិខិតនោះថា “សាលារាជធានីភ្នំពេញមានការសោកស្ដាយយ៉ាងខ្លាំងដោយសារតែបាតុកម្មមិនបានអនុវត្តតាមនិតិវិធីដូចដែលមានចែងនៅក្នុងច្បាប់ស្ដីពីបាតុកម្មអហិង្សា”៕ សុខុម
(រាយការណ៍បន្ថែមដោយ Alex Willemyns)