32.5 C
Phnom Penh

បក្ស​ប្រជា​ជន​កម្ពុជា​និង​បក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រដើម្បី​ពិភាក្សា​ពីការចរចា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណ​​​​​បក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា​ ក្រុម​ការ​ងារ​ដែល​មាន​សមា​​ជិក​ជាន់​ខ្ពស់​បី​រូប​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​អំពី​របៀប​វារៈ​សម្រាប់​ការ​ចរចាជា​ថ្មី​ម្តងទៀត។

លោក​ ព្រំ សុខា​ រដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹក​នាំ​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ការ​ចរចា​​លើក​មុន​ៗ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ បាន​ឲ្យ​ដឹង​ថា​​​  គណបក្ស​ទាំង​ពីរ​ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃសុក្រ​វេលា​​​ម៉ោង​៩​ព្រឹកនៅ​អគារ​ព្រឹទ្ធសភា​។

លោក សុខា​  បាន​លើក​ឡើង​ថា​ លោក​ស្វា​​គមន៍​ការ​វិល​ត្រឡប់​មក​រក​តុ​ចរចា​វិញ​របស់​គណបក្ស​សង្គ្រោះជាតិ​ បន្ទាប់​ពី​ការ​ធ្វើ​បាតុកម្ម​អស់រយៈ​ពេល​ជិត​មួយខែ​​និង​ការ​ទាម​ទារ​យ៉ាង​ម៉ឹង​ម៉ាត់​របស់​គណបក្ស​ប្រឆាំង​ ដែល​ថា​ ពួ​កគេ​នឹង​មិន​ចរចាឡើយ ​រហូត​ទាល់តែ​មាន​ការ​រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សារ​ជា​ថ្មី​នោះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​នៅ​​​មិន​ទាន់​រៀបចំ​របៀប​វារៈ​សម្រាប់​ការ​ចរចា​​​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ជំហរ​ [របស់​គណ​​បក្ស​​​ប្រជា​​ជន​កម្ពុជា] គឺ​មិន​ផ្លាស់​ប្តូរ​​​​ឡើយ​។ មធ្យោ​​បាយ​​​តែ​មួយ​គត់​និង​វិធីសាស្ត្រ​ប្រសើរ​បំផុតដើម្បី​ដោះ​ស្រាយ​បញ្ហា​នៃ​វិបត្តិ​ក្រោយ​​​​ការ​បោះ​ឆ្នោត គឺ​តាម​រយៈ​ការ​ចរ​ចា​ដោយ​សន្តិវិធី​”។

លោក​ សុខា​ បានលើក​ឡើង​ថា ការ​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃ​សុក្រ​ ​គឺជា​ថ្ងៃ​រៀប​ចំ​របៀប​វារៈ​សម្រាប់​ការ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អនាគត​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​ លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក​ យឹម​ សុវណ្ណ អ្នក​នាំ​ពាក្យរបស់​​គណ​​បក្សសង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា លោក​ជឿជាក់​ថា​ ការ​ជួប​ប្រជុំ​គ្នា​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​សម្ងាត់​ ទោះ​បី​ជា​គណ​បក្ស​របស់​លោក​ បាន​ទាម​ទារ​ម្តង​ហើយ​ម្តង​ទៀត​ថា រាល់កិច្ច​ប្រជុំ​ណា​មួយ​ រវាង​គណបក្ស​ទាំង​ពីរ​ ត្រូវ​តែ​មាន​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​ក៏ដោយ​។លោក​ យឹម​ សុវណ្ណ​ បាន​លើក​ឡើង​ថា​ គណ​​​​​​បក្ស​សង្គ្រោះ​ជាតិ នឹង​ជំរុញ​ឲ្យ​មាន​របៀប​វារៈ​ផ្តោត​លើ​កំណែ​ទម្រង់​ និង​ការ​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សារ​ជា​ថ្មី​ ក៏​ដូច​ជា​ជំរុញ​​​ឲ្យ​មាន​ការ​ជួប​ប្រជុំ​គ្នានៅ​ពេល​ខាង​មុខ​រវាង​លោក​ ហ៊ុន​ សែន​ និង​លោក សម​ រង្ស៊ី ដែល​មាន​ការ​ផ្សាយ​ជា​សាធារណៈ​ផង​ដែរ​។ លោក​បាន​ច្រាន​ចោល​ នូវគំនិត​ដែល​ថា​ មន្ត្រី​មក​ពី​គណ​បក្ស​កាន់​អំ​ណាច​ ​មិន​បើក​ចំហ​សម្រាប់​ការ​ទាម​ទារ​របស់​គណបក្ស​ប្រឆាំង ។

លោក​ យឹម​ សុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា “រហូត​មក​ដល់​ពេល​ឥឡូវ​ យើង​នៅ​មិន​ទាន់​មាន​​ការ​ជួប​ប្រជុំ​គ្នា​នៅ​ឡើយ​ទេ​។ យើង​នឹង​លើក​ឡើង​ពី​បញ្ហា​ទាំង​នេះ​ ហើយ​រង់​ចាំ​មើល​ថា​តើ​​នឹងមានអ្វី​​កើត​ឡើង​”។

រី​ឯ លោក​ សុខា វិញបាន​លើក​ឡើង​ថា គណបក្ស​ប្រជា​ជន​កម្ពុជានឹង​មិន​អនុញ្ញាត​ឲ្យ​មាន​កិច្ច​ប្រជុំ​ជាមួយ​លោក​ ហ៊ុន​ សែន ដែល​នឹង​ត្រូវ​បើក​ចំហ​ជា​សាធារណៈ​ឡើយ។ លោកបាន​មាន​ប្រសាសន៍​ថា “វា​មិន​អាច​ទៅ​រួច​ទេ​ ព្រោះ​វា​ការ​ចរចាគ្នា។ បើ​ពុំ​ដូច្នោះ​ទេ វេទិកា​​​​​សាធារណៈ​​អាច​ត្រូវ​បាន​គេ​ប្រើ​ដូច​ជា​យុទ្ធនាការ​បោះ​ឆ្នោត​ម្តង​ទៀត​អ៊ីចឹង។ បន្ទាប់​ពី​យើង​ជួប​ប្រជុំ​គ្នា​រួច​ យើង​​​អាច​ចេញ​សេចក្តីប្រកាស​​ព័ត៌មា​ន​​ស្តី​ពី​ការ​ជួប​ប្រជុំ​នេះ”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស