29.6 C
Phnom Penh

លោក ស៊ូបេឌី ថ្កោលទោស​កា​របាញ់​សម្លាប់​កម្មករ​រោង​ចក្រ​កា​ត់​ដេរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ លោក សុរិយា ស៊ូបេឌី ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​​ជាតិបាន​ថ្កោល​ទោស​​​ការ​ប្រើ​វិធាន​ការ​ហិង្សា​បណ្តាល​ឲ្យមាន​មនុស្ស​ស្លាប់​កាលពី​ពេល​ថ្មី​នេះ​​លើ​ក្រុម​អ្នកត​វ៉ា​ ហើយ​​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​​អង្កេត​​ឯក​រាជ្យ​អំពី​ហេតុការណ៍ដែល​បាន​កើត​ឡើង​កាល​ពី​ដើម​ខែ​នេះ​ ពេល​កង​រាជ​អាវុធ​ហត្ថ​បាញ់​សម្លាប់​កម្មករ​រោង​ចក្រ​កាត់ដេរ​ធ្វើ​កូដកម្ម​ប្រាំនាក់​ និង​ធ្វើ​ឲ្យ​កម្មករ​ជាង​៤០​នាក់​​ទៀត​​រង​របួស​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ការិយា​ល័យ​ឧត្ត​ម​ស្នងការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំនៅកម្ពុជា​​ដើម្បី​បញ្ចប់​បេសកកម្ម​លើក​ទី​១០​របស់លោក​មក​កាន់​ប្រទេស​កម្ពុជា​នោះ​ លោក ស៊ូបេឌី​​ បាន​ថ្លែង​ថា ដំបូងឡើយ​​លោក​បាន​ស្វាគមន៍ការ​ធ្វើ​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​កាលពី​ចុង​ឆ្នាំ​២០១៣ ថា​ជា​ “សញ្ញា​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ចាស់​ទុំ​នៅក្នុង​ប្រទេស​កម្ពុជា​”។

លោក​បាន​ថ្លែង​​ថា  ទោះ​យ៉ាង​ណា​ ការ​ឆ្លើយ​តប​ដ៏ហិង្សារបស់​រដ្ឋាភិបាល​​​ចំពោះ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​​ខណ្ឌ​ពោធិ៍​សែ​នជ័យ​ រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ពេល​នោះ​​កម្មករ​ប្រាំនាក់​ត្រូវ​បាន​បាញ់​សម្លាប់នេះ​ស្តែង​​ឲ្យ​ឃើញ​ពី​​ “ការ​ផ្លាស់​ប្ដូរ​ដ៏​គួរឲ្យ​ព្រួយ​បារម្ភ​ពី​ការ​ឆ្លើយ​តប​ប្រកប​ដោយ​​ការ​យោគយល់​ទៅ​ជា​ការ​​​ឆ្លើយ​តប​​ដោយ​ហិង្សា​លើ​​ការ​តវ៉ា​ជា​សាធារណៈ​​​”។​ លោក​ ស៊ូបេឌី បាន​មានប្រសាសន៍​ថា​ “ខ្ញុំ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​ទង្វើ​របស់​អាជ្ញា​ធរ​ពាក់ព័ន្ធនឹង​ហេតុការណ៍​ដែល​បាន​​កើត​ឡើង​ ​នៅ​សប្ដាហ៍​ទី​១​នៃ​ខែ​មករា”។

លោក​ ស៊ូបេឌី បានលើកឡើង​ជាថ្មី​ពី​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​សម្លាប់​នោះ​ ដើម្បី​រក​ឲ្យ​ឃើញ ​“អ្នក​​ដែល​បាន​ចេញ​បញ្ជា​ និង​អ្នក​ដែល​បាន​អនុវត្ត​​បទ​បញ្ជា​ឲ្យ​​បាញ់សម្លាប់​នោះ​” ​ដោយ​បាន​បន្ថែម​ថា  ចាំ​បាច់​ត្រូវនាំ​អ្នក​ទទួល​ខុស​ត្រូវ​ទាំងអស់​​មក​ផ្ដន្ទា​ទោស​​។ លោក​ ស៊ូបេឌី បាន​ថ្លែង​ថា“ ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​ប្រាប់ពី​កន្លែងឃុំ​ខ្លួន​​អ្នក​ដែល​បាន​​បាត់​ខ្លួនតាំង​ពី​មាន​​​ហេតុការណ៍​នោះមក” ដោយ​លោ​កបាន​បន្ថែម​ថា គួរ​​មាន​ការ​ដោះលែង​មនុស្ស​ ​ទាំង​២៣​នាក់​​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោយ​​ការ​តវ៉ា​​ឲ្យ​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​អាសន្ន។​

អ្នក​ធ្វើ​របាយការណ៍​ពិសេស​រូប​នេះ​​ក៏​បាន​ថ្កោល​ទោស​ការ​បាញ់ស្លាប់​អ្នក​ឈរ​មើល​ពីរ​នាក់​ ​​គឺ​លោក ម៉ៅ​ សុខចាន់ និង​អ្នក​ស្រី អេង​ សុខុំ អំឡុង​កា​រប៉ះទង្គិច​គ្នា​ពីរ​លើក​ដាច់​ដោយ​ឡែកពីគ្នា​​រវាង​នគរ​បាល​ និង​អ្នក​តវ៉ា​កាលពី​ចុង​ឆ្នាំ​មុនផងដែរ​។ លោក​ ស៊ូ​បេឌី បាន​លើកឡើង​ទៀតថា​ បម្រាម​របស់​រដ្ឋា​​ភិបាល​មិន​ឲ្យ​មាន​ការ​តវ៉ា​ជា​សាធារណៈចាប់​តាំង​ពី​មាន​ហេតុការណ៍​​​ថ្ងៃ​ទី​៣ ខែ​មករាមក​នោះ​ គួរ​ដក​ចេញ​វិញ​ ពី​ព្រោះកា​រ​ចាត់​វិធានការ​​បែបនេះ​គួរ​តែ​ធ្វើ​ឡើង​ក្នុង​ករណី​ប្រទេសជាតិ​​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រា​អាសន្ន​ប៉ុណ្ណោះ។

លោក​បាន​បន្ថែម​ថា “ខ្ញុំ​មិន​ទាន់​ឃើញ​មាន​សេចក្ដី​ប្រកាស​ផ្លូវ​ការ​ពី​ស្ថាន​ភាព​​អាសន្ន​​​ ដែ​ល​គំរាម​កំហែង​​ដល់​ប្រទេស​​ជាតិ​​ទេ។ បើ​គ្មាន​​​មូល​ដ្ឋាន​ច្បាប់​គ្រប់​គ្រាន់ ​បម្រាម​​​មិន​ឲ្យ​ធ្វើ​បាតុកម្ម​នេះគួរ​​ដក​ចេញ​វិញ​​”។ ទាក់​ទង​នឹង​កា​រទាមទារ​របស់​កម្មករ​រោង​​ចក្រ​កាត់ដេរឲ្យ​មាន​ការដំឡើង​ប្រាក់​ខែ​​​គោល​​ឲ្យ​បានដល់​​១៦០​ដុល្លារ​​នោះ​ លោក​ ស៊ូបេ​ឌី​ បាន​​ថ្លែង​ថា ការ​ចរចា​រវាង​រដ្ឋា​ភិ​បាល​​​និង​កម្មករ​គឺជារឿង​ចាំបាច់​។

លោក​បានមាន​ប្រសាសន៍​ថា​ “រដ្ឋាភិ​បាល​ កម្ពុជា​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា មានការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​​គ្រប់​គ្រាន់​ល្មម​នឹង​ឲ្យ​​កម្មករ​និង​ក្រុម​គ្រួសារ​របស់​ខ្លួន​រស់​នៅ​ក្នុង​​ជីវភាព​សមរម្យ​”។ ដំណើរ​​ទស្សនកិច្ច​បស់​លោក​ ស៊ូបេឌី​ នៅ​សប្ដាហ៍​នេះ គឺ​ជា​លើក​ទី​១ហើយគិត​ចាប់​​ពី​​ថ្ងៃ​​បោះ​ឆ្នោត​ជាតិ​​ខែ​កក្កដា ដែលបាន​​ញាំញី​ដោយ​ការ​ចោទ​ប្រកាន់​ថា មាន​ការ​​លួច​បន្លំ​សន្លឹក​ឆ្នោត​។

គឺ​លទ្ធ​ផល​បោះឆ្នោត​​ដ៏​ចម្រូង​ចម្រាស​នោះ​ហើយ​​​ដែល​បាន​បណ្ដោយ​ឲ្យ​មាន​ភាព​ទាល់ច្រក​ផ្នែក​នយោ​បាយ ​​ដោយ​គណ​​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ ហើយ​បាន​ទាមទារ​ឲ្យ​មាន ​ការ​បោះឆ្នោត​ឡើង​វិញ និងបាន​​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ចុះ​ចេញពី​តំណែង។

លោក​ ស៊ូបេឌី បានមាន​ប្រសាសន៍​​ថា “ដូច​ខ្ញុំ​បាន​លើក​ឡើង​​​ក្នុង​ជំនួប​របស់​ខ្ញុំកន្លង​មក​អ៊ីចឹង​ថា  ការ​ផ្សះផ្សា​រនយោបាយ​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ស​ម្រា​ប់​ប្រទេស​កម្ពុជានៅ​ក្នុង​ការ​បោះ​ជំហាន​ឆ្ពោះ​ទៅមុខ​ ហើយ​លោក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រើ​ប្រាស់​​ភាព​បត់​បែន​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ដើម្បី​​បញ្ច​ប់​​ភាព​ទាល់​ច្រកនេះ​” ដោយ​​បាន​បន្ថែម​ថា លោក​ក៏​បាន​ប្រាប់​​គណ​បក្ស​ប្រឆាំង​ដូច្នេះ​ដែរ​។ តែ​ទោះ​យ៉ាង​ណា  ការ​បរាជ័យ​របស់​គណ​បក្ស​ ​ប្រឆាំងក៏គេច​​មិន​ផុត​ពី​ការ​រិះគន់ដែរ។

លោក​ ស៊ូបេឌី បាន​ថ្លែង​​ថា “ខ្ញុំ​មាន​កា​រ​ព្រួយ​បារម្ភចំពោះ​​ការ​ប្រើ​ភាសា​រើស​អើង​វៀត​ណាម​ ពី​សំណាក់គណ​បក្ស​ប្រឆាំង​នៅ​តាមទី​សា​ធារ​ណៈ” ដោយ​បាន​បន្ថែម​​ថា នៅ​ក្នុង​ជំនួបរបស់​លោក​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​បាន ​“គូស​បញ្ជាក់​ថា ការយោគយល់​ និង​ការមិន​រើស​អើង​ជាតិ​សាសន៍គឺមាន​សារៈ​សំខាន់​ណាស់​សម្រាប់​​​អនាគត​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា”។

ប្រេសិត​រូប​នេះ​បាន​សម្ដែ​ង​សុទិដ្ឋិ​និយម​​ពី​ជំនួប​របស់​លោក​​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន និង​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​១០​រូប​ទៀ​ត​​កាលពី​ថ្ងៃ​ពុធ  ដោយបាន​​លើក​ឡើ​ង​ថា  លោក​ជឿថា លោក​នាយក​រដ្ឋ​​មន្ត្រី​ “មាន​ឆន្ទៈ​​​ក្នុង​កា​រ​ដោះ​ស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេសកម្ពុជា​​ដោយ​ការ​យក​ចិត្ត​ទុកដាក់​”។

ត្រង់​ថា តើ​​ការ​ប្ដេជ្ញា​ចិត្ត​បែប​នេះ​អាច​ប្រែក្លាយ​ជា​ការអនុវត្ត​ជាក់ស្តែង​ ឬ​អត់នោះ​គឺ​នៅ​មិន​ទាន់​ច្បាស់​ទេ​​។  ពេល​ត្រូវ​សួរ​ថា តើ​លោក​បាន​ទទួល ​​​ការធានា​​អះអាង​ណាមួយដែល​​ថា  រដ្ឋា​ភិ​បាល​នឹងបញ្ឈប់​​ការ​ប្រើ​ប្រាស់​គ្រាប់​កំាភ្លើង​ពិត​លើ​ជន​ស៊ីវិល​នៅ​ពេល​អនាគត​ឬ​អត់​នោះ លោក​ ស៊ូបេឌី បាន​ឆ្លើយត្រឹម​តែ​ថា លោក​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ពី​ភាព​ចាំបាច់​ ពី​មូល​ដ្ឋាន​ច្បាប់​និងពីភាព​សមា​មាត្រ​នៃ​ការប្រើ​​កម្លាំង​មុន​ពេល​សម្រេចចិត្ត​​បាញ់​គ្រាប់​កាំភ្លើង​ពិត​។

ក្នុង​សុន្ទរកថាបញ្ចប់​ លោក​ ស៊ូបេឌី បាន​ថ្លែង​​ថា លោកឃើញ​​មាន​​ភាព​សុទិដ្ឋិ​និយម​និង​បំណង​ប្រាថ្នាឲ្យ​មាន​ការ​ផ្លាស់​ប្តូ​រនៅ​​ក្នុង​​ប្រទេស​កម្ពុជា​។
លោ​ក​​បាន​លើកឡើង​ថា “ប្រទេស​កម្ពុជា​ ដើរ​ដល់​ផ្លូវ​បំបែក​ហើយ។ ប្រទេស​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​​​លឿន​ជាង​ការ​រំពឹង​ទុក​របស់​​មជ្ឈដ្ឋាន​ជាច្រើន​ទៅ​ទៀត”៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស