32.5 C
Phnom Penh

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​៖ សកម្មភាព​ប្រឆាំង​សហជីពកម្មករ​រោង​ចក្រ​កាត់​ដេរ​​ត្រូវ​តែ​បញ្ចប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​ត្រូវ​បាន​ជំរុញ​ឲ្យ​បញ្ឈប់​ការ​អនុវត្ត​សកម្មភាព​ប្រឆាំង​សហជីព​ នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​នានា បន្ទាប់​ពី​កម្មករ​នៅ​រោង​ចក្រ​ជា​ច្រើន​បាន​ប្តឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ថា ការ​​ប៉ុន​ប៉ង​បង្កើត​សហ​​ជីព​ប្រឈម​​នឹង​ការ​គំរាម​​ និង​ការ​បញ្ឈប់​ពី​ការងារ​។​​

​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ​ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ (Hu​man​ Rights Watch)​ ដែល​មាន​មូល​ដ្ឋាន​នៅ​បុរី​ញូវយ៉ក សហរដ្ឋ អាមេរិក​ បាន​លើក​ឡើង​ថា ខ្លួន​បាន​រក​ឃើញ​ថា  ​រោង​ចក្រ​កាត់​ដេរ​​ជាច្រើន បាន​ព្យា​យាមយ៉ាង​សកម្ម​ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​បង្កើត​សហជីព​ឯក​រា​ជ្យ​ ហើយបាន​បង្ខំ​ឲ្យ​កម្មករ​ចូល​​ជា​សមាជិក​ក្នុង​សហជីព​ ដែល​មាន​និន្នាការ​គាំទ្រ​គណៈគ្រប់​គ្រង​រោង​ចក្រ​ ហើយ​កម្លាំង​សន្តិសុខ​បាន​ដាក់​សម្ពាធ​ទៅ​លើ​កម្មករ​ដែល​ហ៊ានធ្វើ​កូដកម្ម​។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស ​បាន​លើ​ក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែ​ងការណ៍​របស់​ខ្លួន​ថា “រោង​​ចក្រកាត់​ដេរ​នៅ​ប្រទេសកម្ពុជា​ ដែល​ផ្គត់​ផ្គង់​ទំនិញ​ឲ្យ​ក្រុម​ហ៊ុន​អន្តរជាតិនោះ​ ជាធម្មតាបាន​ប្រើ​ការ​គំរាម​កំហែង​ បញ្ឈប់​ពីការ​ងារ​ និង​​មិន​បន្ត​កិច្ច​សន្យា​ការងារ​រយៈពេល​ខ្លី​ ដើម្បី​រំខាន​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​បង្កើត​ និង​ចូល​រួម​ជា​សមាជិក​​សហជីព​ឯករាជ្យ​”។ អង្គការ​នេះ​បាន​លើក​ឡើង​បន្ត​ទៀតថា រដ្ឋា​ភិបាល​ និង​រោង​ចក្រ​ “ធ្វើ​ការ​​ងារ​បន្ថែម​ទៀត​ ដើម្បី​ធានា​ថា អ្ន​ក​ផ្គត់​ផ្គង់​របស់​ខ្លួន​អនុវត្តតាម​ច្បាប់​ និង​បញ្ឈប់​ការ​អនុវត្ត​សកម្មភាព​ប្រឆាំង​សហជីព​”។

លោក ប្រេត អាដាម (Brad Adams) នាយក​ប្រចាំ​​តំបន់​​អាស៊ី​ នៅអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំពោះ​ក្រុម​ហ៊ុន​លំដាប់​ពិភពលោក​​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​ផ្គត់​ផ្គង់​របស់​ក្រុម​ហ៊ុន​ទាំង​នោះ​ អនុញ្ញាត​​ឲ្យ​កម្មករបង្កើត​សហ​ជីពឯករាជ្យ​ដោយ​មិន​មាន​ការ​ជ្រៀត​ជ្រែក ហើយ​តំណាង​សហជីព​ អាច​ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​ដោយ​មិន​មាន​ការ​គំរាម​កំហែង និង​ការ​សង​សឹក​”។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ បន្ទាប់​ពី​ខ្លួន​​សម្ភាស​កម្មករ​រោង​ចក្រកាត់​ដេរ​​ និង​តំណាង​សហជីព​សរុប​ប្រហែល​២០០នាក់​ មក​ពី​រោង​ចក្រ​កាត់​ដេរ​ចំនួន​៥៥ កាលពី​ដំណាច់​ឆ្នាំ​មុន​  និង​បាន​រក​ឃើញ​ថា “សកម្មភាព​ប្រឆាំង​សហជីព​” បាន​កើត​ឡើង​នៅ​រោង​ចក្រ​យ៉ាង​តិច​៣៥ក្នុង​ចំណោម​រោង​ចក្រ​ទាំង​នោះ​។

ឈ្មោះ​រោង​ចក្រ​ទាំង​នោះត្រូវ​បាន​រក្សា​ការ​សម្ងាត់​ ដើម្បី​ការពារ​កម្មករ​ ដែល​ត្រូវ​បាន​សម្ភាស​។ យោង​តាម​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​បាន​បន្ថែម​ទៀត​ថា ម្នាក់​ក្នុង​ចំណោម​កម្មករ​ដែល​ត្រូវ​បាន​សម្ភាស​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា អ្នក​គ្រប់​គ្រង​របស់​ពួកគេ​បាន​ប្រាប់​ពួក​គេ​ឲ្យ​ផ្តិត​មេដៃ​ប្រកាស​ថា ខ្លួន​មិន​បង្កើត​សហ​ជីព​ទេ ហើយ​ប្រសិន​បើ​នៅ​តែ​បង្កើត​ កម្មករ​​ទាំង​នោះ​នឹង​ត្រូវ​បាន​បញ្ឈប់​ពីការងារ​។

យោង​តាម​សេចក្តីថ្លែងការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សហជីព​គាំទ្រ​គណៈ​គ្រប់​គ្រង​រោង​ចក្រ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​រោង​ចក្រ​ជា​ច្រើន​ ក៏​មិន​បាន​ថ្លែង​គាំទ្រ​​បណ្តឹង​សារ​ទុក្ខ​ ដែល​លោក​ ដេវ វេល (Dave Welsh) នាយក​ប្រចាំ​ប្រទេស​នៃ​មជ្ឈមណ្ឌល​អាមេរិក​កាំង​សម្រាប់​សាមគ្គី​ភាព​ពលកម្ម​អន្តរជាតិ​ ហៅ​ថា ការ​អនុវត្ត​យ៉ាង​ទូលំ​ទូលាយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “វា​ជា​បញ្ហា​ធំមួយ​ ប៉ុន្តែ មិន​នៅ​ដាច់​ឆ្ងាយ​ពី​វិស័យ​កាត់​ដេរ​ទេ​។ វាគឺ​ជាការ​អនុវត្ត​មួយ​នៅ​ក្នុង​វិស័យ​នេះ​ ដើម្បី​គាំទ្រ​អង្គការ​នានា​ ដែល​ចុះ​បញ្ជី​ជា​សហជីព​ ក៏​ប៉ុន្តែ មិន​ធ្វើការងារ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ទេ​”។

កាលពី​ខែ​តុលាការ​ឆ្នាំ​មុន កម្មករ​រោង​ចក្រ​កាត់​ដេរ​ប្រាំ​នាក់​ “ត្រូវ​បាន​រុញ​ច្រាន​ឲ្យ​ចេញ​ពី​រោង​ចក្រ​មួយ​ បន្ទាប់​ពី​កម្មករ​ទាំង​នោះ​ប៉ុន​ប៉ង​បង្កើត​សហជីព​ឯ​ករាជ្យ​ នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ។ ក្រៅ​ពីក្តី​កង្វល់​ទាំង​នេះ អង្គការ​នេះ​ក៏​បាន​បង្ហាញ​អំពី​របៀប​ដែល​រោង​ចក្រ​ចេញ​កិច្ច​សន្យា​រ​យៈ​ពេលកំណត់​ ទាំង​នេះ​គឺជាការគំរាមកំហែងដល់​កម្មករ​”​។

សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “កម្មករ​ជាច្រើនបាន​ប្រាប់​អង្គការ​សិទ្ធិមនុស្ស​ថា អ្នកគ្រប់​គ្រង​រោង​ចក្រ​បាន​គំរាម​មិន​បន្ត​កិច្ច​សន្យាការងារ​​ ប្រសិន​បើ​កម្មករ​ទាំង​នោះ​ពាក់​ព័ន្ធ​ជាមួយ​សហជីព​ឯករាជ្យ​”។ នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ជាសាធារណៈកាលពី​សប្តាហ៍​មុន បាន​ឲ្យ​ដឹង​ថា សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC)​ អះ​អាង​ថា សិទ្ធិ​ធ្វើកូដកម្ម​មិន​មាន​មូល​ដ្ឋាន​ទេ​ ហើយ​ “ចំនួន​ដ៏​ច្រើន​នៃ​សហជីព​ នៅ​តែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​នៅ​ក្នុង​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​នៅ​កម្ពុជា​”។

សមាគម​ GMAC បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​ទាំង​នេះ​រួម​មាន​ “ចំនួន​សហជីព​គ្មាន​តំណាង​កើន​ឡើង​កាន់​តែ​ច្រើន ​​​ការ​ប្រ​ជែង​​គ្នា​ក្នុង​ចំណោម​សហ​ជី​ព​នៅ​ក្នុង​រោង​ចក្រ​ដើម្បី​ទាម​ទារ​ប្រជា​ប្រិយ​ភាព​ក៏​មាន​កាន់​តែ​ច្រើន​ ​ចំនួន​សមាជិក​មិន​មាន​មុខ​ដោយ​សារ​តែ​​មាន​ការ​រាប់​ឈ្មោះ​ពីរដង​ក៏​មានកាន់​តែ​ច្រើន​ និង​អសមត្ថភាព​ក្នុង​ការ​ចូលរួម​ជាមួយ​សហ​ជីពឲ្យ​បាន​សកម្ម​ក៏​រីក​កាន់​តែធំ​”៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស