32.5 C
Phnom Penh

នឹងមាន​​​ក្រុម​នគរបាល​​​​​​​​ត្រួត​​​ពិនិត្យ​​​ការងារ​​​​​លើ​នគរ​​​បាល​​​ចរាចរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហា​​ផ្ទៃ​​​​បា​ន​ឲ្យ​ដឹងថា ​មន្ត្រីនគរ​បាល​​រាជ​ធានី​​​ភ្នំ​ពេញ​ ​ដែលល្បីខាង​ស៊ីសំណូក​នោះ ឆាប់ៗ​នេះ​នឹងត្រូ​វ​​ពិ​​និត្យ​​​​តា​ម​​ដាន​​​ដោ​យ​អង្គ​ភាព​​នគរបាល​ចល័ត​​ថ្មី​មួ​យ​​ ដើម្បី​​​ធា​នា​​​ថា ​ពួ​ក​​គេ​​​ប្រកាន់​ខ្ជាប់​​នូ​វការអនុវត្ត​​ច្បាប់​។

ក្រសួ​ងមហាផ្ទៃ​​​បាន​លើក​ឡើង​ក្នុង​សេច​ក្តីថ្លែ​ង​ការណ៍​​ចុះ​​​ថ្ងៃ​​ទី​៧ ខែ​កុម្ភៈ​​​ថា អ​ង្គ​​ភាព​​​​ពិ​សេស​​តាម​ដាន​​ការ​​អនុ​វត្ត​​ច្បាប់ចរាចរ​​នឹង​ធានា​​ថា ​​នគរបាល​​ចរា​ចរ​​មិន​បង្កើត​ប៉ុស្តិ៍​ត្រួ​ត​ពិ​និត្យ “អាណា​ធ​ិ​ប​តេយ្យ”  ប្រចាំ​​​ការ​​​នៅ​​ប៉ុស្តិ៍របស់​​​ខ្លួន​ ចង​ក្រង​​​​ឯក​សារ​​​គ្រោះ​​ថ្នាក់​ចរា​ចរ ​​អ​នុ​វត្ត​ច្បាប់​ឲ្យ​បា​ន​​ត្រឹម​​​ត្រូ​វ​ មិន​បំ​ផ្លាញ​កេរ៌្តិឈ្មោះ ឬកិត្តិ​​​យស​របស់​​​នគរបាល​​​ជាតិ​។

ក្រសួ​ង​​​មហា​​​ផ្ទៃ​បា​ន​​ឲ្យដឹង​ថា “អង្គភាព​នេះ​​មា​ន​​ភារកិច្ច​​​ពិ​និត្យ​​​តា​ម​​​ដាន និង​​ទ​ប់​ស្កាត់​​សកម្មភាព​របស់​​មន្ត្រី​​​នគរបាល​​ចរាចរ​​នៅ​ក្នុង​រាជ​​ធា​​នី​ ​ដែល​​រំ​លោភ​​ច្បាប់”។ សេចក្តី​ប្រកាស​​នេះ​​ផ្តល់​​សេចក្តី​លម្អិត​​​តិច​​តួច ក្រៅពីការ​​បង្ហាញ​​​អត្ត​សញ្ញាណរបស់​​លោក​វរសេ​នីយ៍​ឯក​ ហេង ​ច័ន្ទ​​​ធា​រី ​ស្នង​ការ​រង​នគរ​បា​ល​រាជ​ធា​នី​ភ្នំ​ពេញ​  និង​ជា​​អតី​ត​​​នាយ​​ការិយា​ល័យ​នគរបាល​​ចរា​ចរ​​រាជ​ធានីភ្នំ​ពេញ ដែលត្រូវ​បានចាត់តាំង​ឲ្យ​ដឹក​នំា​​​អង្គ​ភាព​​ថ្មី​នេះ​។ លោក​វរ​សេនី​យ៍​​ឯក ច័ន្ទ​​​​ធា​​រី ​​បា​ន​​បដិ​សេធ​មិន​ធ្វើ​​អត្ថា​​​ធិ​ប្បាយ​​​អំពី​ការងារ​​ថ្មី​​​របស់​​​លោក​​ទេ​​កា​ល​ពី​ម្សិល​មិញ​នេះ​។

​​ឆ្លើយតបទៅនឹង​សំណើ​​សុំ​ឲ្យ​​អត្ថា​​​ធិ​ប្បាយ​​​​អំ​ពី​​​ការងារ​ពិនិត្យតាមដាន​សកម្មភាព​​ការងារ​របស់​​​​​នគរបា​លចរាចរ​នេះ​ លោកឧត្តម សេនី​យ៍​ទោ ហ៊ឹម ​យ៉ាន ​​ប្រធា​ន​នា​យក​ដ្ឋាន​​សណ្តាប់​ធ្នាប់​សា​ធា​រណៈ​ នៃក្រសួ​ង​មហា​​ផ្ទៃ ​បា​ន​​ឲ្យ​ដឹង​​​ថា អង្គភាព​​​ថ្មី​នេះ​​​នឹង​ធា​នា​​ថា ​នគរបាល​​ចរាចរ​​​នឹ​ង​​បំ​ពេញ​ភារកិច្ច​​​​របស់​​ខ្លួន។

លោក​ថ្លែង​ថា “​​​អង្គភាព​ពិ​សេស​​នេះ​​នឹង​​ត្រូ​វ​ជំរុញ​ឲ្យ​អ​នុ​​វត្ត​​ច្បា​ប់​​ចរាចរណ៍​  ហើយ​នឹង​​ជំ​រុញ​​ឲ្យ[ម ន្ត្រីនគរ​បាល​ចរាចរ]​ ធ្វើ​ការ​ឲ្យ​បាន​​ល្អ​”។ សេចក្តី​ប្រកាស​នេះ​មិន​បា​ន​បញ្ជាក់​ពី​ នីតិវិធី​សម្រាប់​ដាក់​​ទោសមន្ត្រី​នគរបាល​​ចរាចរទេ​ក្នុងករណី​ដែលពួ​ក​គេ​ល្មើស​​នឹងអ​ង្គភាព​ត្រួត​​​ពិ​​និត្យ​​​តាម​ដាន​​​នេះ​។

លោក ​ចេវ ហាក់ ​នា​យ​ការិ​យា​ល័​យ​នគរ​បា​ល​ចរា​ចរ​​រាជ​​ធា​នី​ភ្នំ​​ពេញ​​​មិន​អាច​​​ទាក់​​ទង​បា​ន​​​ដើម្បី​សុំ​ធ្វើ​​​​អត្ថា​​ធិ​ប្បាយ​​បាន​ទេ​។

ទោះ​​ជា​​​យ៉ាង​ណា នាយ​​​នគរបាល​​ចរាចរ​​ជាន់​ខ្ពស់​ម្នាក់​​សុំ​មិន​​​បញ្ចេញឈ្មោះ​ ​ដោ​យ​សារ​មិន​ត្រូ​វ​បា​ន​​​អ​នុញ្ញាត​ឲ្យ​​និ​យា​យ​​​​ជាមួ​យ​​អ្នក​​សារព័ត៌មាន​ ​បាន​ឲ្យ​ដឹង​ថា សហការី​​​របស់​​លោក​​ត្រូ​វ​បា​ន​បង្ខំ​​​ឲ្យ​​​ទទួល​សំ​​​ណូ​ក។ មន្ត្រី​នគរបាល​​រូ​ប​នេះ​បាន​​និយាយ​ថា “​​​គេ​មិ​ន​គួរ​រឹ​ត​​បន្តឹងនគរបាល​ចរាចរ​​ បើ​មិន​ទាន់​ផ្តល់​ប្រាក់ច្រើន​ឲ្យ​ពួ​ក​គេ​ផង​​​”។ មន្ត្រី​រូប​នេះ​​​បាន​បន្ត​ថា  “តើ​សមា​​ជិក​ក្រុ​ម​​​​​​ចល័ត​​នេះ​នឹង​​​ទទួល​​​បា​ន​ប្រាក់​​​ខែ​​ប៉ុ​ន្មាន​?។

​​ពួ​ក​​​គេ​ត្រូ​វ​ការប្រាក់ ដូច្នេះ​​​ពួ​ក​គេ​​នឹ​ង​យក​​ប្រាក់​ម្តង​​ហើយ​​​ម្តង​ទៀត​​​។ ខ្ញុំ​​​សន្មត​ថា នគរ​បាល​ទាំង​នេះ​​មិន​អាចធ្វើ​ឲ្យស្ថាន​ភាព​ល្អ​ប្រសើរ​​ឡើង​​​​បា​ន​ទេ​”។ មន្ត្រី​​​នគរបាល​ចរា​​ចរ​​ឈរ​​​ជើ​ង​​​នៅ​តាម​មហា​វិ​​ថី​​​ព្រះ​​​នរោត្តម​​កា​ល​ពី​ម្សិល​មិញ​​​បា​ន​ឲ្យ​ដឹង​ថា ​​ពួ​ក​គេ​មិន​បា​រម្ភ​​​ទេ ​​ពី​ព្រោះ​​​ពួ​ក​​គេអនុ​វត្ត​​​​តា​ម​ច្បាប់​​គ្រប់​​ពេល​។

នគរបាល​​​រូ​ប​នេះបា​ន​លើក​ឡើង​ថា “​ខ្ញុំ​បា​ន​​​ឮ​​ពី​មេ​​​​របស់​​ខ្ញុំ​​​និយាយថា ​អង្គភាព​​នេះ​ត្រូ​វ​​បា​នបង្កើត​ឡើង​ ​ប៉ុន្តែ​មិ​ន​​ទាន់​​​អ​នុ​វត្ត​នៅ​​ឡើយ​ទេ​។ ​ខ្ញុំ​មិន​ខ្វល់​​​អ​ំ​ពី​អង្គភាព​​ត្រួត​​​ពិ​និត្យ​មន្ត្រី​​នគរបាល​​ចរា​ចរទេ ពី​ព្រោះរឿង​​​នេះ​នឹង​ជំ​រុញ​ឲ្យ​មន្ត្រី​នគរបាល​​​​អ​នុ​​វត្ត​ច្បាប់​​​”។

មន្ត្រី​ម្នាក់​​នៅ​​​អង្គការ​​​តម្លា​​ភាព​​​អន្តរជាតិ​កម្ពុជា ហៅ​កាត់​​ថា TI ​​ដែល​​​ពិ​និត្យ​តា​ម​​​ដាន​​​អំ​ពើ​​ពុក​រលួ​យ​ ​បា​ន​ឲ្យ​ដឹង​ថា ​ក្រុម​​​ត្រួ​ត​​​ពិ​និត្យ​​​​​នេះ​​​អា​​ចធ្វើ​ការ​​​ងារបាន ​ប៉ុន្តែ​​ជោគ​ជ័យ​​​របស់​​​ក្រុម​ការងារ​នេះផ្អែ​ក​​ច្រើន​​ទៀត​​លើ​​​របៀប​អនុវត្ត​​ប្រតិបត្តិការរបស់ពួកគេ។

លោក ​ព្រាប កុល នា​យ​​កប្រតិ​បត្តិ​​​អង្គការតម្លា​ភាព​​អន្តរ​​ជាត​ិ​កម្ពុជា ​បា​ន​​មា​ន​ប្រសាសន៍​ថា “ប្រ​សិ​ន​បើ​​​អ្នក​​​​នៅ​ក្នុង​អង្គភាព​នេះ​ត្រូ​វ​​​បា​ន​តែងតាំ​ង​​ជា​សម្ងាត់​ ​​វា​​​អាច​​មា​ន​ប្រសិទ្ធ​ភាព​កាន់តែ​ខ្លាំងពីព្រោះ ការធ្វើ​បែបនេះ​នឹង​​ធ្វើ​ឲ្យ​​នគរបាល​​ផ្សេងទៀត​ខ្លាច​មិនហ៊ាន​ប្រព្រឹត្ត​​​​អ​ំ​​​ពើ​ពុ​ក​រលួ​យ​ឬក៏ទទួល​សំ​​ណូ​ក​”។ លោក​បា​ន​​​បន្ត​ថា “ប្រសិ​ន​សមា​ជិក​​អង្គភាព​ចល័ត​នេះ​ ត្រូ​វ​​​បា​ន​​​ប្រកាស​​ជា​ផ្លូ​វ​ការ​ ​វា​​នឹង​មិន​ធ្វើ​ការ​​​ទេ ​ពី​ព្រោះ​​​ពួ​ក​គេ​​នឹង​​ស្វែង​រក​​វិ​ធី​មួ​យ​​ដើម្បី​ចែ​ក​​ប្រាក់​​​គ្នា​”។ប៊ុននី
(រាយការណ៍​បន្ថែមដោយ ផាន់ អា​ណា)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស