30.4 C
Phnom Penh

​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​​​រឹបអូ​ស​បាន​ឈើ​​​ខុស​ច្បាប់​ជាច្រើន​ ប៉ុន្តែ​​​មិន​​​មាន​ការ​​​ចាប់​ខ្លួន​ជន​ល្មើស​ឡើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយថា រដ្ឋបាល​ព្រៃ​ឈើ​ ​ក្នុង​ខេត្ត​កំពត​​ កាល​ពីម្សិលមិញ​​រឹប​អូស​ឈើ​ខុស​ច្បាប់បាន​​ប្រហែល​២ម៉ែត្រ​គូប​​ពីរថយន្ត​មួយ​គ្រឿង​ក្នុង​ឃុំ​ស្ទឹង​កែវ​ ស្រុក​​ទឹក​ឈូ​។

យ៉ាង​ហោច​ណាស់​​ នេះគឺ​ជា​ប្រតិបត្តិ​ការ​​ចាប់​ឈើ​​លើក​​ទី​​៣​​ហើយ​ក្នុង​រយៈពេល​មួយ​សប្តា​ហ៍​ ដោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​រឹប​អូស​បាន​ឈើ​ប្រណីត​ខុស​ច្បាប់​ចំនួន​​២០០​ដុំ​ពី កន្លែង​លាក់ទុក​​ក្នុង​ព្រៃ​ស្ថិត​នៅ​ក្នុង​​ខេត្ត​ព្រះ​វិហារ​កាល​ពីថ្ងៃ​សៅរ៍  និង​រក​ឃើញ​ឈើ​ប្រណីត​រាប់​ពាន់​ដុំ​ទៀត​នៅក្នុង​ការ​ឆ្មក់​ចូល​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​មួយ​កន្លែង​ស្ថិត​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​កាល​ពី​ថ្ងៃ​សុក្រ​​។

បើ​ទោះ​​ភាព​ជោគ​ជ័យ​របស់​រដ្ឋា​ភិ​បាល​ត្រូវ​បាន​កោត​​​សរសើរ​ពី​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ក៏​ដោយ​ ក៏​មិន​ទាន់​​មាន​ការ​ចាប់​ខ្លួន​ជន​ណា​ម្នាក់​នៅក្នុង​ករណីណាមួយ​ក្នុង​ចំណោម​ករណី​ទាំង​នេះ​​ដែរ ដោយ​បណ្តាល​ឲ្យ​មជ្ឈដ្ឋាន​មួយ​​ចំនួន​​ចោទ​សួរ​ថា តើ​ជា​ឆន្ទៈ​នយោ​បាយ​ក្នុ​ងការ​ទប់​ស្កាត់​​ការ​កាប់​ឈើ ដែល​ជួន​​កាល​​​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​មន្ត្រី​ យោធា​ជាន់​ខ្ពស់​នោះ​ ​មាន​ពិត​មែន​ឬ​​អត់​។

ករណី​ចុង​ក្រោយ​​ដែល​កើត​​ឡើងក្នុង​ខេត្ត​កំពត​​មិន​ឃើញមាន​​ការ​ចាប់​ខ្លួន​ជន​ណា​ម្នាក់​ឡើយ​ ថែមទាំង​មាន​ការ​ព្យាយាម​ជ្រៀត​ជ្រែក​ក្នុងការងារ​របស់​រដ្ឋបាល​ព្រៃ​ឈើ​ទៀត​​ដោយ​​មេបញ្ជាការ​យោធា​មួ​យ​រូប​ដែល​​​គេ​ជឿ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ។

លោក ជួន សារ៉ា អនុ​ប្រធាន​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា “នៅពេល​យើង​បាន​ឃាត់​រថយន្ត​ធុន​តូច​មួយ​គ្រឿង​ដែល​ដឹក​ឈើ​ខុស​ច្បាប់​​នោះ​អ្នក​បើក​បរ​បាន​ទូរស័ព្ទ​ទៅ​លោក ហុក ចន្ថា មេបញ្ជាការ​កង​យោ​ធ​ព​ល​ខេមរភូមិន្ទ​នៅ​ក្នុងស្រុក​នេះ​ ហើយ​លោក​បាន​មក​ដល់​តាម​រថយន្ត​មួយ​គ្រឿង​ជាមួយ​មនុស្ស​ប្រាំ​មួយ​នាក់​ទៀត ហើយ​បាន​ព្យាយាម​​រារាំង​ពួក​យើង​​​មិនឲ្យ​រឹប​អូស​ឈើ​នោះ​​”។

លោក​បាន​បន្ថែម​ថា “ពួកគេ​បាន​ទាស់​សម្តី​គ្នាជាមួ​យ​យើង ហេតុដូច្នេះ ហើយ​​ខ្ញុំ​បាន​​​ទូរស័ព្ទ​ទៅ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ហើយ​នៅពេល​ខ្ញុំ​​ធ្វើ​ដូច្នេះ ពួក​​គេ​បាន​បើក​រថយន្ត​របស់​ខ្លួន​ចេញ​ទៅ​បាត់” ដោយ​ទុក​ឈើ​ចោល​នៅ​ទីនោះ។

លោក សារ៉ា បាន​មាន​ប្រសាសន៍​ថា លោក​​មិន​ដឹង​ច្បាស់​ថា តើ​នរណា​ជា​ម្ចាស់​ឈើ​នេះ​ទេ​ ប៉ុន្តែថា លោក​សង្ស័យ​ថា លោក​​ ចន្ថា ជាប់ពាក់​ព័ន្ធ​ក្នុង​រឿង​នេះ ហើយ​នឹង​កោះ​ហៅ​​រូប​លោក​មក​សាក​សួរ​ទាក់​ទង​នឹង​ករណី​នេះ​។

លោក អ៊ិន ជីវ៉ា ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​យល់​ស្រប​​។​លោក​បាន​មាន​ប្រសា​សន៍ថា “ឥឡូវ​នេះ​យើង​កំពុង​ស្វែង​រក​អ្នកជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​នេះ​ ប៉ុន្តែ អាជ្ញា​ធរ​ដាក់ការ​សង្ស័យ​​លើ​លោក ចន្ថា ពី​ព្រោះ​លោក​មាន​ដេប៉ូឈើ​នៅក្នុង​ទី​ប្រជុំ​ជន​នេះ”​។

លោក ចំ​ រ៉ុង អ្នក​គ្រប់​គ្រង​ដេប៉ូ​ឈើ​នៅ​ក្នុងស្រុក​ទឹក​ឈូបាន​អះ​អាង​ថា ឈើ​នៅ​ទី​នោះ​ជា​កម្មសិទ្ធិ​រប​ស់​លោក ចន្ថា។ លោក​បាន​មាន​ប្រ សាសន៍ថា “ខ្ញុំ​ជា​អ្នក​​គ្រប់​គ្រង​ដោយ​ទទួ​ល​ខុស​ត្រូវ​ទិញ​ឈើ​ពី​លោក ចន្ថា ហើយ​លោក​រ​កស៊ីតូ​ចតាច​ដោយ​​​​​ លក់​ឈើ​នៅ​ដេប៉ូ​របស់​លោក”។ គេ​មិន​អាច​ទាក់​ទង​លោក ចន្ថា ដើម្បី​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​។

នៅក្នុង​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​​មន្ត្រី​ជាន់​ខ្ពស់​ជួន​កាល​រួច​ផុត​ពីការ​ផ្តន្ទា​ទោស​​ចំពោះ​ការ​​ជាប់ពាក់​ព័ន្ធ​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​នោះ កាល​ពីថ្ងៃ​អាទិត្យឧត្តម​​សេនីយ៍​ត្រី​​កង​យោធពល​ខេមរភូមិន្ទ​មួយ​រូបនៅ​​ក្នុង​ខេត្ត​មណ្ឌល​គិរី​បានមាន​ប្រសា​សន៍ថាអា ជ្ញា​ធរ​បាន​លើ​កលែង​ការ​ស៊ើប​អង្កេត​​លើ​ឈើ​ខុស​ច្បាប់​មួយ​ចំនួន​ធំ ដែល​បាន​រឹប​អូស​ពី​ផ្ទះ​របស់​លោក​​រ​យៈ​ពេល​​ពីរបីថ្ងៃ​មុន​នេះ​។

ឧត្តម​សេនីយ៍​ត្រី ឈិត ម៉េង​ស្រេង​ បាន​អះ​អាង​កាល​ពីថ្ងៃ​អាទិត្យថា បន្ទាប់​ពីលោក​គំរាម​ប្តឹង​អាជ្ញាធរ ​ពួក​គេ​បាន​​សូម​អភ័យ​ទោស​ចំពោះ​ការ​បញ្ចេញ​ឈ្មោះ​លោក​នៅ​ក្នុង​​ករណី​នេះ​។​​

លោក ចាន់ សុវ៉េត​ អនុ​ប្រធាន​ផ្នែក​ឃ្លាំ​មើល​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​បាន​​មាន​ប្រសាសន៍​កាល​ពីម្សិលមិញថា ​គួរ​​នាំ​អ្នក​​កាប់​ឈើ​ខុស​ច្បាប់​​មក​ផ្តន្ទា​ទោស​។ លោក​​​ថ្លែង​​​ថា “ទោះ​ជា​យើង​ស្វាគមន៍​ការ​រឹប​អូស​ឈើ​ទាំង​នេះ​ក៏​ដោយ​ ក៏​ខ្ញុំ​គិត​ថា វាមិន​មែនជា​ភាព​​​ជោគ​ជ័យ​ទាំង​ស្រុង​នោះ​ទេ​ ពីព្រោះ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ និង​ការ​ដឹក​ឈើ​នៅតែ​បន្ត​កើត​មាន​ដដែល​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “រដ្ឋាភិ​បាល​​មិន​គួរ​អត់ឱន​ដល់​អ្នក​កាប់​ឈើ​ឡើយ​ ហើយ​​ត្រូវ​ថ្កោល​ទោស​អ្នក​ប្រព្រឹត្ត​ទាំង​អស់​ឲ្យ​បាន​ធ្ងន់​ធ្ងរ”៕សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស