កាលពីថ្ងៃសុក្រ តំណាងមកពីគណៈកម្មាធិការព្រឹទ្ធសភាអាមេរិក ទទួលបន្ទុកត្រួតពិនិត្យការចំណាយ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាពីស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាចាប់តាំងពីមានការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីឆ្នាំមុនមក។

ក្នុងជំនួបរយៈពេលមួយម៉ោងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិដែលលោក Paul Grove គណៈប្រតិភូអាមេរិកបានបដិសេធពុំធ្វើអត្ថាធិប្បាយនេះ លោក សម រង្ស៊ី បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិបត្តិក្រោយការបោះឆ្នោត ហើយថា លោកបានប្រាប់លោក Paul Grove អំពីការដាក់បម្រាមនាពេលថ្មីៗនេះលើការប្រមូលផ្ដុំគ្នាដោយសន្ដិវិធី។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “លោក Paul Grove បានមកប្រទេស កម្ពុជាដោយសារគាត់ចង់តាមដានស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ។ គាត់ចង់ដឹងថា តើ កំពុងមានការបោះជំហានបែបណាក្នុងដំណើរឆ្ពោះទៅរកការទទួលបានដំណោះស្រាយ ហើយយើងបានពន្យល់គាត់ឲ្យបានយល់អំពីបញ្ហានេះ”។
លោក សម រង្ស៊ី បានឲ្យដឹងថាលោក Paul Grove មិនបានលើកប្រធានបទពាក់ព័ន្ធនឹងការផ្ដល់ជំនួយដល់ប្រទេសកម្ពុជាទេ តែថា “ច្បាប់ថវិការបស់សហរដ្ឋអាមេរិក គឺមានលក្ខខណ្ឌមួយថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា មិនត្រូវផ្ដល់ជំនួយ ពិសេសគឺជំនួយយោធាដល់រដ្ឋាភិបាលលោក ហ៊ុន សែន ទេ ប្រសិនបើរដ្ឋាភិបាលនេះមិនបើកការស៊ើបអង្កេតឲ្យបានសមស្របលើភាពមិនប្រក្រតីក្នុងការបោះឆ្នោតជាតិនិងការលួចបន្លំសន្លឹកឆ្នោតទេនោះ”។
កាលពីខែសីហា រដ្ឋាភិបាលកម្ពុជា បានផ្អាកនូវកម្មវិធីជំនួយយោធាអាមេរិកភ្លាមៗក្រោយការបោះឆ្នោត ក្នុងការបោះជំហានមួយដែលអ្នកវិភាគលើកឡើងថានឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី ប៉ុន្តែដែលមន្ត្រីកម្ពុជាបានបដិសេធថា ពុំមានការជាប់ពាក់ព័ន្ធនឹងការអំពាវនាវរបស់សមាជិកសភាអាមេរិកឲ្យមានការផ្ដាច់ជំនួយយោធា។
ក្រោយមកនៅក្នុងខែតុលា សមាជិកព្រឹទ្ធសភាអាមេរិក Lindsey Graham ក៏បានដាក់សំណើមួយទៅគណៈកម្មាធិការការបរទេស ជាមួយនឹងការអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក ផ្អាកជំនួយយោធារហូតទាល់តែមានការស៊ើបអង្កេតអំពីភាពមិនប្រក្រតីអំឡុងការបោះឆ្នោត។
លោក ជាម យៀប សមាជិកសភាគណបក្សប្រជាជនកម្ពុជា លើកឡើងថា គណៈប្រតិភូអាមេរិកនេះចាំបាច់ត្រូវបោះជំហានដែលមានតុល្យភាពជាងនេះ ហើយថាសមាជិកព្រឹទ្ធសភាមកពីប្រទេសដទៃគ្មានសិទ្ធិប្រាប់កម្ពុជាពីរបៀបដោះស្រាយបញ្ហាជុំវិញការបោះឆ្នោតរបស់ខ្លួនទេ។
លោកបានថ្លែងថា “ពួកគេបានមកដល់ប្រទេសកម្ពុជាហើយ តែហេតុអ្វីបានជាពួកគេជួបតែគណបក្សប្រឆាំង ពុំជួបរដ្ឋាភិបាលផង។ សម រង្ស៊ី គ្រាន់តែចង់បានអំណាចតែប៉ុណ្ណោះ ដូច្នេះគាត់និយាយតែអំពីរឿងហ្នឹងឯង”។
គណៈកម្មាធិការទទួលបន្ទុកត្រួតពិនិត្យការចំណាយនេះនៅមានអនុគណៈកម្មការដោយឡែកមួយផ្សេងទៀតដែលត្រូវទទួលបន្ទុកលើប្រតិបត្តិការការបរទេស ដែលមានរូបលោក Paul Grove ធ្វើជាអ្នកតំណាងនៅក្នុងដំណើរទស្សនកិច្ចមុនៗមកកាន់ប្រទេសកម្ពុជា។
លោក Sean McIntosh អ្នកនាំពាក្យស្ថានទូតអាមេរិកបានឲ្យដឹងតាមរយៈអ៊ីម៉េលមួយថាគណៈប្រតិភូ អាមេរិកនេះ “មានវត្តមាននៅក្នុងប្រទេសកម្ពុជាដើម្បីជួបពិភាក្សាជាមួយអ្នកតំណាងមកពីក្នុងជួររដ្ឋា ភិបាល គណបក្សប្រឆាំង និងសង្គមស៊ីវិល និងដើម្បីពិនិត្យគម្រោងអភិវឌ្ឍន៍នានាដែលបានទទួលមូលនិធិពីសហរដ្ឋអាមេរិក។
កាលពីដើមសប្ដាហ៍នេះ មន្ត្រីគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាបានព្រមព្រៀងគ្នាជាគោលការណ៍លើការបង្កើតស្ថាប័នរួមមួយដែលទទួលបន្ទុកតាមដានកំណែទម្រង់ការបោះឆ្នោត ក្នុងបំណងបញ្ចៀសមិនឲ្យមានវិបត្តិទៀត៕សេរីវុធ
(រាយការណ៍បន្ថែមដោយ Lauren Crothers)