32.5 C
Phnom Penh

អូស្ត្រាលី​​​ស្នើ​​​សុំឲ្យ​​​កម្ពុជា​​​ទទួល​​​យក​​​​​​​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​ដែល​ចូល​ទៅប្រទេស​​​អូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​សៅរ៍ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន បានមាន​ប្រសាសន៍​ថា លោក​នឹង​ពិចារណា​សំណើ​មួយ​ដែល​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ក្រីក្រ​បំផុត​នៅ​ក្នុង​តំបន់​ និងជា​ប្រទេស​​ដែល​​មាន​ប្រវត្តិ​​​​ច្រើន​​​ក្នុង​​​ការ​​​ដោះ​ស្រាយ​​​បញ្ហា​​​​ជន​ភៀស​ខ្លួន​ ទទួល​យក​ជន​ភៀស​ខ្លួន​មួយ​ចំនួន​ដែល​កំពុង​​​​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

លោកស្រី ជូលី ប៊ីសប់ រដ្ឋមន្ត្រី​ការ​បរទេស​​​អូស្ត្រាលី​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ លើក​ឡើង​ពី​សំណើ​នេះ​​​នៅ​​​ឯ​​​​ជំនួប​​ជាមួយ​​​​​​​នាយក​រដ្ឋមន្ត្រី​កាលពីព្រឹក​ថ្ងៃ​សៅរ៍។

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ បាន​ប្រាប់​អ្នក​យកព័ត៌មាន​បន្ទាប់ពី​លោកបាន​ជួប​ជាមួយ​លោកស្រី ប៊ីសប់ ថា “[លោកស្រី ប៊ីសប់​] បាន​ជួប​ជាមួយ​​​សម្តេច​​​​នាយក​រដ្ឋមន្ត្រី ហើយលោកស្រី​បានលើក​ឡើងពីបញ្ហា​បញ្ជូន​អ្នកស្វែង​រក​សិទ្ធិ​ជ្រក​កោន ដែល​បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​មក​ប្រទេស​កម្ពុជា​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ពីមុន​ប្រជា​​​ជន​ខ្មែរ​​បានទៅ​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​ផ្សេង​។ ឥឡូវ​នេះ​ប្រហែល​​ជា​ដល់ពេល​ប្រទេស​កម្ពុជា​ទទួល​យក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​វិ​ញហើយ​។ [ស ម្ដេច​ ហ៊ុន សែន ] បាន​ប្រាប់​លោកស្រី ប៊ីសប់ នៅ​ព្រឹក​នេះថា ប្រទេស​កម្ពុជា​នឹង​ពិចារណា​សំណើ​​​របស់​អូស្ត្រាលី​ដោយ​ប្រុង​ប្រយ័ត្ន​។

លោកស្រី ប៊ីសប់ មិន​បាន​លើក​ឡើង​ពី​សំណើ​​​​ពាក់​​​ព័ន្ធ​​​នឹង​​​អ្នក​​​​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នេះ​នៅ​ឯសន្និសីទ​កាសែត​នោះទេ ហើយ​ទាំង​​​​លោកស្រី និង​លោក​ ហោ ណាំហុង ​​​មិន​បាន​ទទួល​សំណួរ​របស់អ្នក​យក​​​​​​ព័ត៌មានឡើយ​។

នៅ​ឯសន្និសីទ​​​​​​​កាសែត​​​ដាច់ដោយឡែក​មួយ​ទៀត​កាលពី​ពេល​ព្រឹក​ លោក អៀង សុផាល្លែត ជំនួយ​ការ​ផ្ទាល់​របស់​លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោកស្រី ប៊ីសប់ បាន​ស្នើ​សុំ​ឲ្យ​​​កម្ពុជា​ទទួល​យក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោនស្រប​ច្បាប់មួយ​ចំនួន​តូច​។

លោក​មាន​ប្រសាសន៍​ថា “ លោក​ ហ៊ុន សែន នឹង​បង្កើត​គណៈកម្មការ​មួយ​​​​ដើម្បី​​​​ពិចារណា​សំណើនេះ​ ហើយ​បានស្នើ​សុំ​ឲ្យ​ប្រទេស​អូស្ត្រាលី​បញ្ជូន​គណៈប្រតិភូ​មក​​​ពិភាក្សា​អំពីសំណើ​នេះ​បន្ថែម​ទៀត​ជាមួយ​លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

ការ​​​ស្វែង​​​រក​​​ដំណោះ​​​​ស្រាយ​​​​ចំពោះ​​​​ទូក​ដឹក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​បាន​ក្លាយ​ជា​បញ្ហា​ក្ដៅ​គគុក​​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ ហើយ​​​ការ​សន្យា​​របស់​អូស្ត្រាលី​ដើម្បី​រារាំង​ទូក​ទាំងនោះ​បាន​ជួយ​ឲ្យ​លោក​នាយក​រដ្ឋ​​​មន្ត្រី​ តូនី អាបុត និង​គណបក្ស​សេរី​របស់​​​លោក​បានឡើង​កាន់​អំណាច​កាលពីឆ្នាំមុន​។

ប៉ុន្តែ​លោកស្រី ដេនីស ខូលែន ដែល​ជា​ប្រធាន​អង្គការ​សេវា​ជន​ភៀស​ខ្លួនព្រះយេស៊ូ ​​​(Jesuit Refugee Service) ប្រចាំកម្ពុជា​បាន​ហៅ​សំណើ​របស់​អូស្ត្រាលី​ថា “ មិន​សម​ហេតុ​ផល​” និង​ជា​ការ​បំពាន​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាមជា​ប្រទេស​ហត្ថលេខី​​ក្នុង​អនុ​សញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជា​ជាតិ​។

លោកស្រី​​មាន​ប្រសាសន៍​ថា “ អូស្ត្រាលី​ គួរ​ទទួល​យកមនុស្ស​ដែល​ចូល​ទៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ មិនមែន​ស្នើ​ឲ្យប្រទេស​ផ្សេង​ទៀត​ ជា​ពិសេស​ប្រទេស​ដែល​មាន​ធន​ធាន​តិច​តួច​ សមត្ថភាព​ផ្លូវ​ច្បាប់​ទន់​ខ្សោយ​ និង​មាន​​​​​រចនា​​​សម្ព័ន្ធ​តិច​តួច​​ ដោះ​ស្រាយ​បញ្ហា​ទាំង​នេះទេ​”។

អង្គការ​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​​ផ្អើល​​នៅពេលដែល​ប្រទេស​កម្ពុជា​​ទទួល​​​​​​​​​កាន់​​​កាប់​​​បន្ត​​​ទាំង​​​ស្រុងពី​អង្គការ​សហ​ប្រជា​ជាតិ​កាលពី​ឆ្នាំ​២០១១​​​​ចំពោះ​ការ​ដោះ​ស្រាយ​បញ្ហា​​​អ្នក​ស្វែង​​​រក​សិទ្ធិ​ជ្រក​កោន​។
លោកស្រី ខូលែន បាន​សរសើរ​រដ្ឋាភិបាល​​​កម្ពុជា​ចំពោះការ​ទទួល​យក​​​​​ពាក្យ​​​សុំ​​​​របស់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​រ៉ូហ៊ីងយ៉ា​ភាគ​ច្រើន​ដែល​បានភៀស​ខ្លួន​មក​ទីនេះ​ ដើម្បី​ស្វែង​រក​កន្លែង​ជ្រក​កោន​ពេល​គេច​វេះ​ពីការ​ធ្វើទុក្ខ​បុក​ម្នេញ​នៅ​ក្នុង​ប្រទេស​ភូមា​​​ យ៉ាង​ហោច​ណាស់មានចំនួន​សរុប​២១​នាក់​។ ​

លោក​ស្រី​បាន​ក្រើន​រំឭក​ថា ប៉ុន្តែ​នោះ​មិនមែនមាន​ន័យ​ថា រដ្ឋាភិបាល​ត្រៀម​ខ្លួន​ដោះស្រាយ​​​​​​បញ្ហា​​​របស់​​​​អ្នក​ចូល​​​មក​ទាំង​អស់​នោះទេ​។  លោកស្រី ខូលែន បានមាន​ប្រសាសន៍​ថា “ នៅពេល​ដែលជ​ន​ភៀស​ខ្លួន​​គេចចេញពី​ប្រទេស​ដែល​មាន​បញ្ហា​រសើប​ផ្នែក​នយោ​បាយ​ ដូច​ជា​ប្រទេស​ចិន និង​ប្រទេស​វៀត​ណាម​​​នោះ ប្រវត្តិ​របស់​ពួកគេ​នៅ​​​ក្នុង​​​ប្រទេស​​​​កម្ពុជា​​​អាក្រក់​ណាស់​”​។

​ប្រទេស​កម្ពុជា​ត្រូវ​បាន​រិះគន​់​យ៉ាង​ខ្លាំង​ចំពោះការ​និរទេស​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​​​​​ជន​ជាតិ​វីហ្គួចំនួន​២០​នាក់​ត្រឡប់ទៅ​ប្រទេស​​​ចិន​​​​វិញ​​​ភ្លាមៗ​ដោយ​ការ​ភ្ជង់កាំភ្លើង​កាល​ពី​ឆ្នាំ​២០០៩។ អង្គការ​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា ជន​ជាតិ​វីហ្គួទាំងនោះ​ត្រូវ​បាន​បញ្ជូនចេញ​មុន​​ពេល​មាន​ការ​ស៊ើប​អង្កេត​​​​​​​​​លើ​​​​​​ការ​អះ​​អាង​​​របស់​ពួកគេ​ឲ្យ​បាន​ត្រឹម​ត្រូវ​​​​​។​​​រដ្ឋា​ភិបាល​អះអាង​ថា ជនភៀស​ខ្លួន​នីមួយ​ៗ​​​ទទួល​បាន​ដំណោះ​ស្រាយ​​​ត្រឹម​ត្រូវ​តាម​ច្បាប់​។

កាលពី​ដើម​ និង​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​២០០០​​ កុលសម្ព័ន្ធ​ភ្នំ​ម៉ុង​តាញ៉ា​រាប់រយ​នាក់​ ដែល​ភៀស​ខ្លួន​ចេញពីការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នៅ​​តំបន់ខ្ពង់​រាប​កណ្ដាល​ក្នុង​ប្រទេស​វៀត​ណាម​​​​នោះ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បង្ខំ​ឲ្យ​​​ឆ្លង​​​​ដែន​ត្រឡប់ទៅវិញ​​ ហើយអាជ្ញាធរ​និយាយ​​​​ថា ជនភៀស​ខ្លួន​ទាំង​នោះគួរ​ចាត​់​ទុក​​​្ខ​​​​ថា​ ជា​ជន​ចំណាក​ស្រុក​ដើម្បីសេដ្ឋកិច្ច​ជា​ជាង​ជន​ភៀស​ខ្លួន​។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​ជា​អង្គការ​តស៊ូមតិ​អាមេរិក​ក៏បាន​រិះគន់​អនុក្រឹត្យមួយ​ចេញនៅ​ឆ្នាំ​២០០៩​​​​ផងដែរ​​​ចំពោះ​ការ​ផ្ដល់​ហេតុ​ផល​ច្រើនពេក​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​​​ក្នុង​​​ការ​​​បដិសេធ​​​មិន​​​ផ្តល់​​​ឋានៈជា​ជន​ភៀស​ខ្លួន​ និង​ការ​ការ​ពារ​​​មិន​​​​គ្រប់​គ្រាន់ចំពោះ​ការ​បណ្ដេញ​​ពួកគេ​ចេញ​​ដោយ​មិន​ត្រឹម​ត្រូវ​។

ប្រទេស​អូស្ត្រាលីខ្លួន​ឯង​បានទទួល​រង​នូវ​​​ការ​ស្ដីបន្ទោស​ពីអន្តរជាតិ​​ចំពោះ​ការ​ប្រើ​ប្រាស់​មណ្ឌល​ឃុំឃាំង​នៅ​ក្នុង​សមុទ្រ​នៅ​ប្រទេស​ប៉ាពូអាស៊ីនូវែលហ្គីណេ និង​ប្រទេស​​​​ណូរូ​ ដើម្បី​ឃុំ​ខ្លួន​ និង​ដោះ​ស្រាយ​​​បញ្ហា​​​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដែលខ្លួន​ឃាត់​ទុក​។

អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​ជា​ច្រើននាក់ទៀ​ត​បា​ន​រង​របួស​នៅពេល​មាន​កុបកម្ម​នៅ​មណ្ឌល​មួយ​ក្នុង​ប្រទេស​ប៉ាពូអាស៊ីនូវែល​ហ្គីណេ កាលពី​ដើម​​​ខែ​នេះ​។ អង្គការ​សហ​ប្រជា​ជាតិ​និយាយ​ថា​មណ្ឌល​នេះ​គួរ​តែ​បិទ​។

ដោយ​មិនទាន់មាន​ព័ត៌មានលម្អិត​អំពី​សំណើរ​បស់​​អូស្ត្រាលី​សម្រាប់​ប្រទេស​កម្ពុជា​​នោះ លោកស្រី ខូលែន បានមាន​ប្រសាសន៍​ថា រដ្ឋាភិបាល​របស់​លោក អាបុត ប្រហែល​ជា​កំពុង​ព្យាយាម​​បញ្ចេញ​មនុស្ស​មួយ​ចំនួន​ដែល​អូស្ត្រាលី​បាន​ផ្ដល់​ឋានៈ​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់​​រួច​ហើយ​។

លោកស្រី​បានមាន​ប្រសាសន៍​ថា “រឿង​​​​នោះ​​​​ធ្វើ​ឲ្យ​ខ្ញុំ​​កាន់​តែ​​​ខឹង​​​។ នៅ​​អូស្ត្រាលី​សម្បូរ​​​​បែប​ណាស់​​ មាន​ផ្ទៃ​ដីទំនេរ​ច្រើន​ ហើយ​នៅ​ទីនេះ​ពួកគេ​កំពុង​ព្យាយាម​បញ្ចេញ​​​មនុស្ស​​​ទាំង​នោះ​ ​​​ដោយ​​​ការ​​​បដិសេធ​​​​មិន​ផ្ដល់​ឱកាស​ច្រើន​ដល់ពួកគេ​។ វា​ជា​រឿង​ឆ្កួតៗ​”។

លោកស្រីបានមាន​ប្រសាសន៍​ថា វាជា​ការ​​​ដាក់បន្ទុក​មិន​ត្រឹម​ត្រូវ​​លើ​ប្រទេស​ដែល​មាន​​​កុមារ​៤០​ភាគរយ​​ខ្វះអាហារូបត្ថម្ភ​​ ហើយ​មាន​​​​មនុស្ស​ម្នាក់​ក្នុង​ចំណោមមនុស្ស​ប្រាំ​នាក់​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ ​​​ហើយ​​​កម្មករ​រោងចក្រ​កាត់​ដេរ​រាប់ពាន់នាក់​​ដែល​ធ្វើការ​តវ៉ា​សុខ​ចិត្ត​ប្រឈម​មុខ​ជា​មួ​យ​នគរ​បាល​ប្រឆាំង​បាតុកម្មនៅពេលថ្មីៗ​នេះ​ដើម្បី​​​ទាម​​ទារ​ដំឡើង​ប្រាក់​ខែ​គោល​ដែល​អាច​រស់​បាន​សមរម្យ​។

លោក សៃម៉ុន ហ្វេឡូ អ្នកនាំពាក្យ​ស្ថាន​ទូត​​​អូស្ត្រាលី​បាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ ឬ​​បញ្ជាក់​ពី​សំណើដែល​រដ្ឋាភិបាល​របស់​លោក​ស្នើ​ទៅ​ប្រទេស​​កម្ពុជា​​​​ទេ ហើយ​បាន​ឲ្យទៅ​មើ​ល​សេចក្ដី​​​​ប្រកាស​​​ព័ត៌មាន​​​​ផ្លូ​វ​ការ​អំពី​ដំណើ​​រ​ទស្សនកិច្ច​របស់​លោក​ស្រី ប៊ីសប់ ។

សេចក្ដីប្រកាស​នោះមិនលើក​ឡើង​អំពី​សំណើ​​​​​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​​​នេះ​​​ទេ​​​​​ និង​គ្រាន់​តែ​បញ្ជាក់​ដោយ​មិន​ច្បាស់​ថា លោក ហ៊ុន សែន និង​លោកស្រី ប៊ីសប់ ​លើក​ឡើង​ប្រធានបទ​អំពី​ចំណាកស្រុកខុស​ច្បាប់​។
សេចក្ដីប្រកាស​នោះលើក​ឡើង​ថា មាន​កិច្ច​​សហប្រតិបត្តិការ​ល្អ​រវាង​ទីភ្នាក់​ងារ​ពាក់​ព័ន្ធ​​​​លើ​​​បញ្ហា​ជួញដូរ​មនុស្ស​ ហើយយើង​នឹង​​បន្ត​ធ្វើ​ការ​តាម​រយៈ​​វេទិកា​ Bali Process ដើម្បី​គ្រប់គ្រង​លើការ​ចាត់​ចែង​ជនភៀស​ខ្លួន​ដែល​​​ចូល​មក​តាម​ផ្លូវ​ទឹក​ដោយ​ខុស​ច្បាប់ និង​ជន​ភៀស​ខ្លួន​ដែល​ត្រូវ​​ត្រឡប់​ទៅវិញ​​​”។

កាសែត​ The Daily Telegraph របស់​អូស្ត្រាលី​រាយ​ការណ៍​ថា គណបក្សបៃតង ដែល​​ជា​គណ​​​បក្ស​ប្រឆាំង នៅ​ប្រទេស​អូស្ត្រាលី​ កាល​ពី​ម្សិល​មិញបាន​ចោទ​រដ្ឋាភិបាល​របស់​គណ​បក្ស​សេរី​​​ថា បាន​​ផ្គាប​់​ផ្គុន​របប​ប្រឆាំង​ប្រជា​ធិបតេយ្យ​របស់​លោក ហ៊ុន សែន និង​ថា បាន​​ធ្វើ​មិន​ដឹង​​​មិន​ឮចំពោះ​​ការ​ចោទ​​​​ប្រកាន់​​​​​អំពី​​​​ការ​លួច​បន្លំ​សន្លឹក​​​​ឆ្នោត​​ដែល​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បាន​ឡើង​កាន់​អំណាង​ឡើង​​​​វិញ​កាល​​ពីខែ​កក្កដា​​​​នោះ​​​ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​កិច្ច​ព្រម​ព្រៀង​ស្ដីពីសិទ្ធិ​ជ្រក​កោន​​​​​​​​​​នេះ​​​។ បន្ទាប់ពី​គាំទ្រ​ការ​ទាម​របស់​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា​ឲ្យមាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យលើ​លទ្ធផល​នៃការ​បោះ​ឆ្នោត​​​ដែល​មិនទាន់​បាន​ធ្វើ​នៅឡើយ​នោះ លោក អាបុត បាន​សរសេរ​លិខិត​ទៅ​លោក​ ហ៊ុន សែន​ កាលពីខែតុលា អប​អរ​សាទរ​ចំពោះ​​​ជ័យ​​​​ជម្នះ​​របស់​លោក​។

ចាប់តាំងពីពេល​នោះមក អ្នកគាំទ្រ​គណ​បក្ស​​​ប្រឆាំង​រាប់​ម៉ឺន​នាក់​ដែល​ជឿ​ថា ​តាមពិត​គណ​បក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក ហ៊ុន សែន ចាញ់​ឆ្នោត​នោះ ​បាន​ហែ​ក្បួន​​​តវ៉ា​​​​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ទាម​ទារ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​រូបនេះ​ចុះចេញ ឬ​រៀប​ចំការ​បោះ​ឆ្នោត​ថ្មី​។ រដ្ឋាភិបាល​បាន​ច្រាន​ចោល​សំណើទាំង​ពីរ​ ហើយកាលពីដើម​ខែ​មុន​បាន​ដាក់​បម្រាម​​មិន​ឲ្យ​តវ៉ា​ និង​ធ្វើ​បាតុកម្ម​។

នៅ​ឯ​សន្និសីទកាសែត​កាលពីថ្ងៃ​សៅរ៍ លោកស្រី ប៊ីសប់ មាន​ប្រសាសន៍​ថា លោក​ស្រី​​មានគម្រោង​​ពិភាក្សា​អំពី​ស្ថានភាព​នយោ​បាយ​​​​បច្ចុប្បន្ន​របស់កម្ពុជាជាមួយ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅ​រសៀល​ថ្ងៃ​​​នោះ ប៉ុន្តែ​ទាំង​លោក​​​​​ស្រី និង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​មិន​បញ្ជាក់លម្អិត​អំពី​រឿង​នេះទេ​។

លោក ហោ ណាំហុង ថ្លែងថា កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​​អូស្ត្រាលី​បញ្ជូន​​​​អ្នក​ជំនាញ​ផ្នែក​បោះ​ឆ្នោត​មក​ជួយ​ផ្ដល់​យោ​បល់​ឲ្យ​កម្ពុជា​អំពី​កំណែ​ទម្រង​​់​​​ការ​​​បោះ​ឆ្នោត ​ដែលជា​ចំណុច​ជាប់​គាំង​ដ៏​សំខាន់​​រវាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​គណ​បក្ស​ប្រឆាំង​៕​​​គឹម​​​ហឿន​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស