32.5 C
Phnom Penh

ម្ចាស់​ក្រុម​ហ៊ុន​ស្នើ​សុំ​ឲ្យ​លោក​ ហ៊ុន សែន លុប​បំបាត់​​សិទ្ធិ​បង្កើត​សហ​ជីព​របស់​កម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រាប់​​ម្ចាស់​ក្រុមហ៊ុន និង​មន្ត្រី​រដ្ឋាភិបាល​កាល​​ពី​ម្សិលមិញថា លោក​នឹង​មិន​អត់​ឱន​ចំពោះការ​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​វិនិយោទុន​ទេ ប៉ុន្តែ​លោក​មិន​បាន​ពិចារណា​​ពី​សំណើ​សុំ​​ឲ្យ​កម្ពុជា​​ដក​ខ្លួន​ចេញ​ពី​​អនុ​សញ្ញា​​មួយ​របស់​អង្គកា​រ​សហ​ប្រជា​ជាតិ​ដើម្បីការ​ពារ​សិទ្ធិ​​បង្កើត​សហ​ជីព​​របស់​​​កម្មករ​នោះទេ​។

ថ្លែង​នៅឯ​វេទិកា​រាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជន​លើក​ទី​១៧​ លោក ហ៊ុន សែន ក៏​បាន​ចាត់​ទុក​គណបក្ស​ប្រឆាំង​ជាក្រុម​ជ្រុល​និយម​ដែល​បាន​បង្ក​ភាព​ចលាចល​​ ដោយ​ការ​​ញុះ​ញង់​កម្មករ​រោង​ចក្រកាត់​ដេរ​​ឲ្យ​ចូល​រួម​នៅ​ក្នុង​សកម្មភាព​ខុស​ច្បាប់​ អំឡុង​ពេល​ធ្វើ​កូដ​កម្ម​ទូទាំង​ប្រទេស​កាល​ពីពីរ​ខែមុន។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា “ គណបក្ស​ប្រឆាំង​ និង​សហជីពរបស់​គេ​​បាន​ប្រើ​គោល​​នយោបាយ​​ប្រជា​ភិថុតិ​ ដោយ​ការ​​​យក​កម្មករ​ធ្វើជា​ឧបករណ៍​​នយោបាយ​​​​ និង​បាន​ញុះ​ញង់​ឲ្យមាន​ការ​ធ្វើ​កូដកម្ម​ខុស​ច្បាប់​ជា​ពិសេស កូដកម្ម​​ទាម​ទារ​ប្រាក់​ខែគោល​ច្រើន​​​ហួស​ហេតុ ដែល​​មាន​បំណង​បំផ្លាញ​បរិយា​កាស​វិនិយោគ​ ផល​ប្រយោជន៍​របស់​កម្មករ-និយោជក​​ និង​​ឱកាស​ការងារសម្រាប់​យុវជន​”។

លោកនាយក​រដ្ឋ​មន្ត្រី  ហ៊ុន សែន បាន   មាន​ប្រសាសន៍ថា “រដ្ឋាភិ​បាល​​សូម​បញ្ជាក់​ជាថ្មីថា ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​​ ដើម្បី​ទាម​ទារ​អ្វី​មួយ​នោះ​ត្រូវ​តែ​ធ្វើ​ដោយ​ស្រប​ច្បាប់។ ប្រសិន​បើ​អនុវត្ត​សិទ្ធិ​ផ្ទុយ​ពីច្បាប់​ មិន​មាន​ការ​អត់ឱន​​ទេ​”។

កម្មករ​រោង​ចក្រ​កាត់ដេរ​ដែល​ធ្វើ​កូដកម្ម​ប្រាំនាក់​​ត្រូវ​បាន​កង​រាជ​អាវុធ​ហត្ថ​បាញ់​សម្លាប់​ និង​បាញ់​ឲ្យរង​របួស​ជាង​៤០​នាក់​កាល​​ពីដើម​ខែ​មករា​។ អំពើ​ហិង្សា​របស់​​កង​រាជ​អាវុធ​ហត្ថ​ និង​ការ​ព្យួរ​រដ្ឋ​​ធម្មនុញ្ញ​ពី​សំណាក់​គណបក្ស​កាន់​អំណាច​ដើម្បី​ហាម​​ឃាត់​មិន​ឲ្យមាន​ការ​ជួប​ជុំ​គ្នា​នោះ បាន​បញ្ចប់​​កូដកម្ម​ទូទាំង​ប្រទេស​ និង​ការ​តវ៉ា​របស់​គណ​បក្ស​ប្រឆាំង​ដើម្បីទាម​ទារ​ឲ្យមាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

លោក​ ហ៊ុន សែន បាន​សម្រេច​ដក​បម្រាម​ មិន​ឲ្យ​ជួប​ជុំគ្នា​ជា​សាធារណៈ​នេះ​​កាល​ពី​សប្តាហ​៍​មុន​ ប៉ុន្តែ សន្តិសុខ​ខណ្ឌ​​បាន​បង្ក្រាប​​ការ​តវ៉ា​អហិង្សាកាល​ពីថ្ងៃ​ច័ន្ទ និង​បាន​រឹប​អូស​យក​ស្គរ​របស់​អ្នក​តវ៉ា​ទាំង​បង្ខំ​។

វេទិកា​ពាណិជ្ជ​កម្មកាល​ពីម្សិល​មិញ ដែល​លោក ហ៊ុន សែន ចាត់​ទុក​ថា ជា​កិច្ច​ប្រជុំ​បន្ត​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​​មាន​ការ​ចូល​រួម​​ពី​ប្រធាន​ក្រុមការងារ​ចំនួន​១០​​នៃ​វេទិកា​រាជ​រដ្ឋា​ភិបាល​-ផ្នែក​ឯកជន ដែល​​​​បាន​ប្រគល់​របាយ​ការណ៍​និង​ធ្វើ​សំណើ​ជូ​ន​លោក​នាយក​រដ្ឋ​មន្ត្រី​។

លោក​ ណាង សុធី ដែល​ជា​ប្រធាន​ក្រុម​ការងារ​ផ្នែក​ទំនាក់​ទំនង​ឧស្សា​ហកម្ម​ និ​ងជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រឹក្សា​ការងារ​របស់​រដ្ឋាភិបាល​ដែរ​នោះ​ បាន​ប្រើ​របាយ​ការណ៍​របស់​លោក​សម្រាប់​លោក​ ហ៊ុន សែន ដើម្បី​​បង្ហាញ​​កង្វល់​អំពី​ការ​ធ្វើ​កូដ​កម្ម​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​។

បន្ទាប់​មក​លោក ណាង សុធី បាន​ស្នើ​សុំ​ឲ្យ​លោកនាយក​រដ្ឋ​មន្ត្រី  ហ៊ុន សែន ពិចារណា​ពីឋានៈ​របស់​ប្រទេស​កម្ពុជា​ជា​ហត្ថលេខី​នៅក្នុង​អនុ​សញ្ញា​លេខ​​៨៧​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​ដែល​ធា​នា​សិទ្ធិ​របស់​កម្មករ​ក្នុងការ​បង្កើត​ និង​ចូល​រួម​នៅក្នុង​សហជីព​។​​​​ អនុញ្ញា​របស់​អង្គការ​ពល​កម្ម​អន្តរ​ជាតិ​នេះ​ត្រូវ​បានកម្ពុជា​អនុម័ត​កាល​ពីខែ​សីហា​ឆ្នាំ​១៩៩៩​។

លោក​ ណាង សុធី បាន​មាន​ប្រសាសន៍ថា “អនុ​សញ្ញា​លេខ​៨៧​មិន​ត្រូវ​បាន​ទទួល​ស្គាល់​​ដោយ​ប្រទេស​ទាំង​អស់​នៅក្នុង​ពិភព​លោក​ទេ​។ បណ្តា​ប្រទេស​ជិត​ខាង​មួយ​ចំនួន​អាច​ផលិត​សម្លៀ​ក​បំពាក់​ និង​​សម្លៀក​បំពាក់​កីឡា​នៅ​តាម​រោង​ចក្រ​របស់​ខ្លួន​ដោយ​គ្មាន​ការ​ឃ្លាំ​មើល​ពីសំណាក់​អង្គការ​ពល​កម្ម​អន្តរជាតិ​ឡើយ​”។

“ ផ្នែក​ឯកជន​ សូម​ស្នើ​ទៅ​សម្តេច​តេជោ​ថា រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​ពិចារណា​ឡើង​វិញ​អំពី​ការ​បន្ត​ធ្វើ​ជា​ប្រទេស​ហត្ថ​លេខី​នៅ​ក្នុង​អនុ​សញ្ញាលេខ​៨៧​របស់​​អង្គការ​ពល​​កម្ម​អន្តរ​ជាតិ​​ដើម្បី​កំណត់​ថា តើ​វា​មានអត្ថ​​ប្រយោជ​ន៍​ ឬ​អត់​”។

លោក ហ៊ុន សែន មិន​ឆ្លើយ​តប​ដោយ​ផ្ទាល់​ចំពោះសំណើ​នេះទេ​។ អ្នក​ដឹកនាំក្រុម​ការងារ​ផ្សេង​ទៀត​ក៏​បាន​ធ្វើ​សំណើ​ជូន​លោកនាយក​រដ្ឋ​មន្ត្រី​ផង​ដែរ​ រួម​ទាំង​ការ​លើក​ទឹក​ចិត្ត​ថ្មី​ៗ​សម្រាប់​​ការ​កិន​ស្រូវ​នៅក្នុង​ប្រទេស​ដើម្បីនាំចេញ​​ និង​សម្រាប់​​ចាត់​វិធាន​ការ​ជួយក្រុម​ហ៊ុន​នានា​ឲ្យ​អនុវត្ត​​ច្បាប់​​អាមេរិក​​ស្តីពី​ការ​អនុវត្ត​ពន្ធ​នៅ​ក្រៅ​ប្រទេស​​។

​ច្បាប់​េនះ​តម្រូវ​ឲ្យ​​ប្រជា​ពល​រដ្ឋ​អាមេរិក​រាយការណ៍​ពី​គណនី​ហិរញ្ញវត្ថុ​របស់​ខ្លួន​នៅក្រៅ​សហរដ្ឋ​អាមេរិក​ ​ជូន​ទៅ​ផ្នែក​សេវា​ប្រាក់​ចំណូល​​ផ្ទៃ​ក្នុង​។

បន្ទាប់​ពីការ​ធ្វើ​បទ​បង្ហាញ​អំពី​សំណើ​ទាំង​នេះលោក ហ៊ុន សែន បាន​ជ្រើស​រើសយក​​សំណើចំនួន​១៣ ​ដែល​លោក​ប្រកាស​ថា លោក​នឹង​អនុវត្ត​នៅខែក្រោយ​ រួម​ទាំង​ការ​លើកលែង​ពន្ធ​សម្រាប់​ក្រុមហ៊ុន​កិនស្រូវ ​ កា​រ​លោក​ទឹក​ចិត្ត​សម្រាប់​ក្រុមហ៊ុន​នាំ​ចូល​សម្ភា​រ​​​ប្រើ​សម្រាប់​ផលិត​កាបូប ​​​ និង​ការ​បង្កើត​ការិយា​ល័យ​អន្តោ​ប្រវេសន៍​ថ្មី​ៗនៅតាម​ច្រក​ទ្វារ​​ព្រំ​ដែន​។

លោក​បានមាន​ប្រសាសន៍ថា “ ចំពោះ​សំណើ​ផ្សេង​ទៀត​ យើង​តម្រូវ​ឲ្យមាន​ការ​ពិភាក្សា​​បន្ថែម​​ទៀត​នៅក្នុង​​ក្រុមការ​ងារ​ទាំង​នេះ​ និង​​​​ជា​មួយ​រដ្ឋាភិបាល​​” ។​ ប៉ុន្តែ​ លោក ហ៊ុន សែន  ​មិន​​បាន​លើក​ឡើង​អំពីសំណើ​សុំ​ដក​សិទ្ធិ​របស់​កម្មករ​មិន​ឲ្យ​ចូល​រួ​មជាមួយ​សហជីពទេ​។

លោក​ ហ៊ុន សែន ដែល​បាន​​សូមអភ័យ​ទោស​ចំពោះ​សុខ​ភាព​មិន​​ល្អ​អំឡុងកិច្ច​ប្រជុំ​នៅ​ពេល​ព្រឹក​ និង​បាន​សុំ​ក្អក​មួយ​ភ្លែត​មុន​ពេល​ពន្យល់​​ប្រាប់​ថា លោក​ដេក​មិន​លក់​មួយ​យប់​ដោយ​សារ​គ្រុន​ក្តៅ​។ លោក​បានមាន​ប្រសាសន៍​កំប្លែង​លេង​ថា “ខ្ញុំ​ហាក់​ដូច​ជា​មានសុខ​ភាព​មិន​ល្អ ប៉ុន្តែ អ្នក​ផ្សេង​កុំ​សង្ឃឹម​ថា ខ្ញុំងាប់​ឲ្យ​សោះ​”។

លោក​ ហ៊ុន សែន បាន​ប្រាប់​អ្នក​ចូល​រួម​ថា “មាន​អ្នក​​បន់​ឲ្យ​ខ្ញុំ​ងាប់​កាន់​តែ​ច្រើន ​ខ្ញុំ​​រស់​កាន់​តែយូរ​។ អ្នក​ដែល​ចង់​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​គឺ​ជាមនុស្ស​ដែល​បន់​ឲ្យ​ខ្ញុំ​ងាប់​ ប៉ុន្តែ កុំ​សង្ឃឹមខ្លាំង​ពេក​”៕​គឹម​ហឿន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស