42.2 C
Phnom Penh

លោក​​​ ហ៊ុន សែន​​​ ៖ ការ​​​ស្លាប់​​​ដោយ​​​សារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​មាន​​​ច្រើន​​​ជាងការ​​​ស្លាប់​​​​​​ដោយ​​​សារ​​​សង្គ្រាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​មួយ​​​ឆ្នាំ​​​ៗ​​​​​​ការ​​​ស្លាប់​​​ដោយ​​​សារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​មាន​​​ច្រើន​​​ជាង​​​ការ​​​ស្លាប់​​​ដោយ​​​សារ​​​សង្គ្រាម​​​អំឡុង​​​ជម្លោះ​​​ប្រដាប់អាវុធ​​​ដែល​​​មាន​​​រយៈ​​​ពេល​​​​​​​​​ជាង​​​ពីរ​​​ទសវត្សរ៍​​​ទៅ​​​ទៀត។

ថ្លែង​​​នៅ​​​ក្នុង​​​ស្រុក​​​ បវេល ​​​ខេត្ត​​​បាត់​​​ដំបង​​​ នៅ​​​ក្នុង​​​ពិធី​​​សម្ពោ​​​ធ​​​​​ផ្លូវ​​​លេខ​​​ 57B ដែល​​​ទទួល​​​បាន​​​ការ​​​ឧបត្ថម្ភ​​​ពី​​​ប្រទេស​​​ចិន​​​ ជា​​​ផ្លូវ​​​ហាយ​​​វ៉េថ្មី​​​ចម្ងាយ​​​១៧៦​​​គីឡូ​​ម៉ែត្រ​​​តភ្ជាប់​​​ពី​​​​​​​ផ្លូវ​​​​​ជាតិ​​​លេខ​​​៥​​​ទៅ​​​កាន់​​​ព្រំ​​​ដែន​​​ថៃ​​​នៅ​​​ភាគ​​​ពាយព្យ​​​​​​នៃ​​​ខេត្ត​​​បាត់​​​ដំបង​​​ លោក​​​នាយ​​​ក​​​រដ្ឋ​​​មន្ត្រី​​​ហ៊ុន​​​ សែន​​​ បាន​​​ប្រើ​​​ការ​​​ប្រៀប​​​ធៀប​​​នៃ​​​ការ​​​ស្លាប់​​​ដោយសារ​​​សង្គ្រាម​​​ដើម្បី​​​សង្កត់​​​ធ្ងន់​​​លើ​​​ផល​​​ប៉ះ​​​ពាល់​​​យ៉ាង​​​ខ្លាំង​​​នៃ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​​​ដែល​​​ជាប់​​​ចំណាត់​​​ថ្នាក់​​​លេខ​​​​​១ ​​​ក្នុង​​​ការ​​​ធ្វើ​​​ឲ្យ​​​បាត់​​​បង់​​​ជីវិត​​​ របួស​​​ និង​​​ធ្វើ​ឲ្យ​​​មាន​​​ពិការ​​​ភាព​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោក​បាន​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​ពិធី​​​ដែល​​​​​​​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​លោក ពូ ជៀនគ័​​រ (Bu Jianguo)ឯក​​​អគ្គរដ្ឋទូត​​​ចិន​​​ថា“ សូម្បីតែ​​​អំឡុង​​​កើត​​​មាន​​​សង្គ្រាម​​​ជា​​​ច្រើន​​​ឆ្នាំ​​​ក៏ដោយ​​​​​​ ក៏​​​មនុស្ស​​​មិន​​​ស្លាប់​​​រាល់​​​ថ្ងៃ​​​នោះ​​​ឡើយ​​​ ប៉ុន្តែ​​​ឥឡូវ​​​នេះ​​​ជា​​​​​​​​​មធ្យម​​​មនុស្សលើស​​​ពី​​​​​​៥​​​នាក់​​​បាន​​​ស្លាប់​​​ជា​​​​​​រៀង​​​រាល់​​​ថ្ងៃ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​សារ​​​​​​​​​គ្រោះថ្នាក់​​​​​​ចរាចរណ៍។ ហេតុ​​​ដូច្នេះ​​​រយៈពេល​​​១០​​​ថ្ងៃ​​​ មាន​​​មនុស្ស​​​​​​៥០​​​នាក់​​​ ឬ​​​៦០​​​នាក់​​​បាន​​​ស្លាប់​​​។ មនុស្ស​​​ប្រហែ​​​ល​​​៦០០​​​នាក់​​​ នឹង​​​ស្លាប់នៅ​​​ក្នុង​​​រយៈពេល​​​១០០​​​ថ្ងៃ​​​ ហើយ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​មាន​​​មនុស្ស​​​ជាង​​​២.​​​០០០​​​នាក់​​​ បាន​​​ស្លាប់​​​ និង​​​ជាង​​​១០.០០០​​​នាក់​​​រង​​​របួស​​​”។

លោក ហ៊ុន សែន​​​ ​​​បាន​​​បន្ត​​​​​​ថា ទោះ​​​​​​​​​​​​បី​​​ជា​​ពល​​​រដ្ឋ​​​ខ្មែរ​​​ភាគ​​​ច្រើន​​​​​​គោរព​​​ច្បាប់​​​ចរា​​​​​​ចរណ៍​​​ហើយ​​​បាន​​​ធ្វើ​​​ដំណើរ​​​ដោយ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ក៏​​​ដោយ​​​​​​ ក៏​​​នៅ​​​មាន​​​មនុស្ស​​​ពីរ​​​ភាគ​​​រយ​​​​​​ដែល​​​បើក​​​បរ​​​មិន​​​ប្រុង​​​ប្រយ័ត្ន​​​បង្ក​​​ការ​​​គ្រោះ​​​ថា្នក់​​​ដល់​​​គេ​​​ឯង​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​ចំនួន​​​៩៨​​​ភាគរយ​​​ ជួប​​​ហានិភ័យ​​​នៃ​​​ការ​​​រង​​​របួស​​​ ឬ​​​​​​ក៏​​​​​​ស្លាប់​​​។លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​សូម​​​ សំណូម​​​ពរ​​​ដល់​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​ថា ប្រសិន​​​បើ​​យើ​​​ង​​​មិន​​​គោរព​​​​​​​​​ជីវិត​​​អ្នក​​​ដទៃ​​​ គួរ​​​តែ​​​គោរព​​​​​​​​​ជីវិត​​​ខ្លួន​​​ឯង​​​ផង​​​”។

លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុនសែន​​​បាន​​​លើក​​​​​​​​​ឡើង​​​ថា គម្រោង​​​ស្ថាបនា​​​ផ្លូវ​​​ថ្មី​​នេះ​​​ ​​​ជា​​​​​​​​​គម្រោង​​​​​​​​​មួយ​​​ក្នុង​​​ចំណោម​​​គម្រោង​​​ស្ថាបនា​​​ផ្លូវ​​​ថ្មី​​​ចំនួន​​​បី​​​នៅ​​​ភាគពាយព្យ​​​នៃ​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​មាន​​​​​​ផ្លូវប្រវែង​​​​​​សរុប​​​​​​​៤២៣​​​​​​គីឡូម៉ែត្រ​​​ត្រូវ​​​បាន​​​​​​​​​ស្ថាប​​​នា​​​ដោយ​​​ក្រុមហ៊ុន​​​សំណង់​​​ចិន​​​តាម​​​រយៈ​​​កម្ចី​​​ និង​​​ជំនួយ​​​ឥត​​​សំណងរបស់​​​​​​ប្រទេស​​​​​​​​​​​​​​​ចិន។​​​ហើយ​​​គម្រោង​​​ទាំង​​​បី​​​នេះ​​​នឹង​​​ជួយ​​​អភិ​​​វ​​​ឌ្ឍ​​​ផ្លូវ​​​​​​​​​អន្តរ​​​ប្រទេស​​​​​​ក្នុង​​​ប្រ​​​ទេស​​​​​​​​​កម្ពុជា​​​ដើម្បី​​​ត​​​ភ្ជាប់​​​ជា​​​មួយ​​​បណ្តា​​​ប្រទេស​​​នៅ​​​តំបន់​​​អាស៊ាន​​​ ។

មាន​​​អ្នក​​​ខ្លះ​​​យល់​​​ឃើញ​​​ថា ផ្លូវ​​​ដែល​​​​​​ស្ថាប​​​នា​​​​​​​​​​​​​​​​​​ក្នុង​​​រយៈ​​​ពេល​​​​​​មួយ​​​ទសវត្សរ៍​​​កន្លង​​​ទៅគឺ​​​ជា​​​​​​ កត្តា​​​ដែល​​​​​​​​​នាំ​​​​​​ឲ្យ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​និង​​​ការ​​​ស្លាប់​​​ដោយ​​​​​​​​​សារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​មាន​​​ការ​​​កើន​​​​​​​​​ឡើង​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ខណៈ​​​អង្គការ​​​សុវត្ថិ​​​​​​​​​ភាព​​​​​​​​​ចរាចណ៍​​​​​​ផ្លូវ​​​គោកជំទាស់​​​​​​ថា ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ឲ្យ​​​បាន​​​តឹង​​​រឹុង​​​គឺ​​​ជា​​​រឿង​​​ចាំ​​​បាច់​​​ដែល​​​​​​​​​ត្រូវ​​​ធ្វើ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​មាន​​​​​​ការ​​​ផ្លាស់​​​ប្តូរ​​​នៃ​​​ឥរិយា​​​បថ​​​បើក​​​បរ​​​ដែល​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​។

លោក អៀ​​​ ចរិយា​​​ អ្នក​​​គ្រប់​​​គ្រង​​​កម្មវិធី​​​សុវត្ថិភាព​​​ចរាចរណ៍​​​​​​ផ្លូវ​​​គោក​​​នៅ​​​អង្គការ​​​ជន​​​ពិការ​​​អន្តរ​​​ជាតិ​​​កម្ពុជា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ការ​​​ស្ថាប​​​​​​​​​​​​​​​នា​​​និង​​​ការ​​​ជួស​​​ជុ​​ល​​​ផ្លូវ​​​ឲ្យ​​​បាន​​​ល្អ​​​ជាង​​​មុន​​​គឺ​​​ជា​​​កត្តា​​​​​​រួម​​​ផ្សំ​​​ដែល​​​នាំ​​​ឲ្យ​​​គ្រោះ​​​ថ្នាក់​​​ចរា​​​ចរណ៍​​​​​​​​​មាន​​​ការ​​​កើន​​​ឡើង​​​ ពី​​​ព្រោះ​​​វា​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​បើក​​​ក្នុង​​​ល្បឿន​​​លឿន​​​ជាង​​​មុន​​​ នៅ​​​ពេល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ទី​​​ឆ្ងាយ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “អ្នក​​​​​​​​​ស្លាប់​​​ដោយសារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ជាង​​​៥០ ភាគរយ​​​កើត​​​ឡើង​​​ដោយ​​​សារ​​​តែ​​​ការ​​​បើក​​​លឿន​​​ហួស​​​ល្បឿន​​​កំណត់​​​ ហើយ​​​គ្មាន​​​ការ​​​ត្រួតពិនិត្យ​​​សុវត្ថិភាព​​​ផ្លូវ​​​គោក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​និង​​​គ្មាន​​​មូលនិធិ​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ដាក់​​​ស្លាក​​​សញ្ញា​​​ចរាចរណ៍​​​នៅ​​​កន្លែង​​​កើត​​​មាន​​​​គ្រោះ​​​ថ្នាក់​​​ញឹក​​​ញាប់​​​”។

តួលេខ​​​បឋម​​​ពី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​សម្រាប់​​​ឆ្នាំ​​​២០១៣​​​ បង្ហាញ​​​​​​ថា ការ​​​ស្លាប់​​​ដោយ​​​សារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បាន​​​កើន​​​ឡើង​​​បន្តិច​​​បន្តួច​​​ប៉ុណ្ណោះ​​​ដោយ​​​មាន​​​អ្នក​​​ស្លាប់​​​សរុប​​​១.៩០១​​​នាក់​​​ បើ​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​២០១២​​​​​​ ដែល​​​​​​​​​មាន​​​​​​មនុស្ស​​​ស្លាប់​​​១.៨៩៤នាក់​​​។ ហើយ​​​កាល​​​ពី​​​​​​​​​ខែ​​​មុន​​​រដ្ឋា​​​ភិបាល​​​បាន​​​អនុម័ត​​​គោល​​​នយោ​​​បាយ​​​ជាតិ​ស្តី​​​អំពី​​​សុវត្ថិភាពចរាចរណ៍​​​​​​ផ្លូវ​​​គោក​​​ដែល​​​នឹង​​​ពង្រីក​​​វិសាលភាព​​​នៃ​​​​​​ផែន​​​ការ​​​សកម្មភាព​​​​​​​​សុវត្ថិភាព​​​ដែល​​​មាន​​​ស្រាប់​​​សម្រាប់​​​ឆ្នាំ​​​២០១០​​​ដល់​​​ឆ្នាំ​​​២០២០​​​ ដោយ​​​មាន​​​ការ​​​បង្កើ​​​ន​​​ថវិកា​​​​​​ពី​​​២លាន​​​ដុល្លារ​​​ទៅ​​​១០​​​លាន​​​ដុល្លារ​​​​​​ក្នុង​​​មួយ​​​ឆ្នាំ​​​។

លោក​​​ ចរិយា​​​​​​ បាន​​​សរសើរ​​​រដ្ឋាភិបាល​​​ចំ​​​ពោះ​​​ការ​​​អនុម័ត​​​នូវ​​​​​​គោល​​​នយោបាយ​​​សុវត្ថិ ភាព​​​ផ្លូវ​​​គោក​​​​​​​​នេះ​​​ ប៉ុន្តែ​​​លោក​​​បាន​​​លើក​​​ឡើង​​​​​​​​​ថា ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​​​​ឲ្យ​​​បាន​​​ខ្លាំង​​​នៅ​​​តែ​​​ត្រូ​​វ​​​ការ​​​ ដើម្បី​​​សម្រេច​​​នូវ​​​គោល​​​នយោ​​​បាយ​​​នេះ​​​។ ហើយ​​​ប្រសិន​​​បើ​​​គ្មាន​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ និងខ្វះ​​​ការ​​​ចូល​​​រួម​​​អនុវត្ត​​​នោះ ​​​​​​ចំនួន​​​អ្នក​​​ស្លាប់​​​និង​​​អ្នក​​​រងរបួស​​​ដោយ​​​សារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ នឹង​​​នៅ​​​តែ​​​បន្ត​​​កើន​​​ឡើង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចំនួន​​​អ្នក​​​ស្លាប់​​​ដោយ​​​សារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ត្រូវ​​​បាន​​​គេ​​​ប៉ាន់​​​ប្រមាណ​​​ថា អាច​​​នឹង​​​កើន​​​ឡើង​​​ដល់​​​៣.២០០​​​នាក់​​​ក្នុ​​​ង​​​មួយ​​​ឆ្នាំ​​​នៅ​​​​​​ឆ្នាំ​​​២០២០”។

កាល​​​ពី​​​ខែ​​​មករា​​​ អ្នកជំនាញ​​​ដែល​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កម្មវិធី​​​សុវត្ថិភាព​​​ចរា​​​ចរណ៍​​​​​​ផ្លូវ​​​គោក​​​ដែល​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​​​​​​​ដោយ​​​អង្គ​​​ការ​​​ Bloomberg Philanthropies នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​បាន​​​លើក​​​ឡើង​​​ថា ការ​​​សម្រេច​​​ចិត្ត​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​មិន​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ឡើង​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ត្រូវ​​​បាន​​​ផ្អាកមុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​មក​​ គឺ​​​កំពុង​​​ធ្វើ​​​ឲ្យ​​​ខូច​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​អង្គ​​​ការ​​​សុវត្ថិភាពចរាចរណ៍​​​​​​ផ្លូវ​​​គោក​​​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស