អាជ្ញាធរអាល្លឺម៉ង់បានឲ្យដឹងកាលពីម្សិលមិញថា រថយន្តពីរគ្រឿងដែលជាកម្មសិទ្ធិរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់ដែលបានចតនៅក្នុងបរិវេណស្ថានទូតក្នុងទីក្រុងបែរឡាំងត្រូវបានគេលួចដុតនៅពេលរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ហើយនគរបាលជឿថា នេះជាការលួចដុត។

លោក Stefan Redlich អ្នកនាំពាក្យនគរបាលក្រុងបែរឡាំងបាននិយាយកាលពីម្សិលមិញថា “ រថយន្តពីរគ្រឿងដែលបានចតក្នុងបរិវេណស្ថានទូតម៉ាក Mercedes និង BMW បានឆេះ”។ លោក Redlich បានឲ្យដឹងថានគរបាលកំពុងសើុបអង្កេតរឿងនេះដើម្បីការពារសន្តិសុខជាតិ។ ពួកគេទទួលខុសត្រូវចំពោះបទឧក្រិដ្ឋពាក់ព័ន្ធនឹងរឿងនយោបាយ និងសកម្មភាពភេរវកម្ម។
លោក Redlich បានបន្ថែមថា “ដោយសារ ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងស្ថានទូត យើងកំពុងចាត់វិធានការរឿងនេះយ៉ាងហ្មត់ចត់បំផុត ហើយប្រហែលជាមាននរណាម្នាក់មានបំណងប្រឆាំងនឹងប្រទេសនេះ”។
ឧបទ្ទវហេតុនេះបានកើតឡើងបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលកម្ពុជាបានទៅចូលរួមការចរចាទ្វេភាគីក្នុងទីក្រុងព្រុចសែលនៅសប្តាហ៍នេះជាមួយសហភាពអឺរ៉ុបស្តីពីជំនួយ ពាណិជ្ជកម្ម និងសិទ្ធិមនុស្ស។
ប្រជាពលរដ្ឋខ្មែរមួយក្រុមតូចបានធ្វើការតវ៉ាខាងក្រៅក្រុមប្រឹក្សាសហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុុន សែន ចុះចេញពីតំណែង ហើយបានចោទប្រកាន់គណបក្សកាន់អំណាចថាបានលួចសន្លឹកឆ្នោតនៅពេលបោះឆ្នោតជាតិកាលពីខែកក្កដា និងមានការរំលោភបំពានសិទ្ធិមនុស្សទូទៅ។
នគរបាលបានឲ្យដឹងថា នាយកដ្ឋានពន្លត់អគ្គិភ័យក្រុងបែរឡាំងកំពុងស្វែងរកប្រភពនៃអគ្គិភ័យដែលបានឆេះរថយន្តស្ថានទូតនេះ ប៉ុន្តែ ទាំងក្រុមពន្លត់អគ្គិភ័យ និងនគរបាលការពារសន្តិសុខជាតិមានការសង្ស័យបន្តិចបន្តួចថា អាចជាការលួចដុត។ នគរបាលបានបន្ថែមថា អគារស្ថានទូតរងការខូចខាតបន្តិចបន្តួច។
លោក Redlich បាននិយាយថា “រថយន្តទាំងពីរគ្រឿងនេះអាចឆេះក៏ថាបានដោយសារបញ្ហាបច្ចេកទេស ប៉ុន្តែ យើងកំពុងតែនិយាយអំពីរថយន្ត BMW និង Mercedes ដូច្នេះវាមិនទំនងឆេះទាល់តែសោះ”។ លោក Redlich បានបន្ថែមថា គិតមកដល់ថ្ងៃម្សិលមិញ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការលួចដុតនេះទេ។
លោកបាននិយាយថា “តាមធម្មតាចំពោះបទឧក្រិដ្ឋពាក់ព័ន្ធនឹងរឿងនយោបាយ មានអ្នកអះអាងទទួលខុសត្រូវតាមអីុនធើណិត ប៉ុន្តែ យើងមិនទាន់រកឃើញនៅឡើយទេ ដូច្នេះយើងកំពុងស្វែងរកមូលហេតុ”។
ក្រុមពន្លត់អគ្គិភ័យក្រុងបែរឡាំងបានទទួលការហៅទូរស័ព្ទពីអ្នកជិតខាងម្នាក់ដែលរស់នៅទល់មុខស្ថានទូតកម្ពុជានៅម៉ោង៣ និង៤៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ម៉ោងក្នុងស្រុក។
លោក Redlich បាននិយាយថា ភ្លាមៗនោះបុគ្គលិកស្ថានទូតក៏បានជូនដំណឹងទៅនាយកដ្ឋានពន្លត់អគ្គិភ័យដែលបានមកដល់ក្នុងរយៈពេលប៉ុន្មាននាទីក្រោយមក។
លោកបានបន្ថែមថា ទាំងនគរបាលនិងបុគ្គលិកពន្លត់អគ្គិភ័យត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណស្ថានទូត ដើម្បីពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះ និងសើុបអង្កេតអំពីអគ្គិភ័យនេះ។
លោក Redlich បាននិយាយថា “ឥឡូវនេះយើងកំពុងសើុបអង្កេតឧបទ្ទវហេតុនេះ យើងត្រូវស្វែងរកភ័ស្តុតាង ឲ្យបានគ្រប់ជ្រុងជ្រោយ ស្វែងរកប្រភពនៃការបង្កអគ្គិភ័យ និងសម្ភាសសាក្សីមួយចំនួនទៀត ដូច្នេះវាអាចចំណាយពេលខ្លះមុនពេលយើងទទួលបានលទ្ធផល”។ លោកបានបន្ថែមថា នគរបាលការពារសន្តិសុខជាតិក៏បានចាប់អារម្មណ៍ក្នុងការសាកសួរបុគ្គលិកស្ថានទូតផងដែរ។
លោក Redlich បាននិយាយថា “ជាការ ពិត ចំពោះឧបទ្ទវហេតុនេះ យើងត្រូវសុំការអនុញ្ញាតពីស្ថានទូត ប៉ុន្តែ យើងសន្និដ្ឋានថា ដើម្បីផលប្រយោជន៍ស្ថានទូត យើងត្រូវតែស្វែងរកអ្នកដែលបានធ្វើសកម្មភាពនេះ”។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេស អាល្លឺម៉ង់បានឲ្យដឹងថា កម្លាំងនគរបាលបន្ថែម ត្រូវបានដាក់ពង្រាយនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបែរឡាំង បន្ទាប់ពីកម្មកររោងចក្រកាត់ដេរប្រាំនាក់ត្រូវបានកងរាជអាវុធហត្ថបាញ់សម្លាប់នៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា។
ការបាញ់សម្លាប់អ្នកតវ៉ា និងការបាញ់កម្មករឲ្យរងរបួសជាង៤០នាក់ទៀតនេះបានបណ្តាលឲ្យមានការតវ៉ាពីសំណាក់ពលរដ្ឋខ្មែរ និងជនបរទេសនៅមុខស្ថានទូតកម្ពុជាទាំងអស់នៅទូទាំងពិភពលោក។
លោក Redlich បានបន្ថែមថា សន្តិសុខនៅមុខស្ថានទូតត្រូវបានផ្លាស់ប្តូរបន្ទាប់ពីមានអគ្គិភ័យកាលពីថ្ងៃអង្គារ ។
លោក ស្រី ចាន់តារា ជំនួយការផ្ទាល់របស់លោក ជុន ថៃ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់មានប្រសាសន៍ថា បុគ្គលិកស្ថានទូតកំពុងសហការជាមួយនគរបាលមូលដ្ឋាន។ លោក ចាន់តារា បានមានប្រសាសន៍ថា រថយន្តទាំងពីរគ្រឿងនេះជារបស់ស្ថានទូត មិនមែនជារបស់បុគ្គលណាម្នាក់ទេ…។ ពួកគេ [ នគរបាល] កំពុងស្វែងរក អ្នកប្រព្រឹត្ត ហើយខ្ញុំបាននិយាយជាមួយឯកអគ្គរាជទូត ប៉ុន្តែ លោកបានមានប្រសាសន៍ថា យើងមិនត្រូវបានគេអនុញ្ញាតឲ្យផ្តល់ព័ត៌មានទេ”។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនៅរាជធានីភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីឧបទ្ទវហេតុនៅក្នុងទីក្រុងបែរឡាំងនេះទេ៕សារុន