30.4 C
Phnom Penh

អង្គការ​​​ ILO រាយនាម​​​រោងចក្រ​​​​​​ដែល​​​មាន​​​​​​លក្ខខណ្ឌ​​​ការងារ​​​អន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​​​​បណ្ដា​​​​​​រោងចក្រ​​​​​​កាត់​​​ដេរ​​​​​​ ដែល​​​​​​មិន​​​បំពេញ​​​បាន​​​តាម​​​បទ​​​ដ្ឋាន​​​​​​ជា​​​មូល​​​ដ្ឋាន​​​​​​សម្រាប់​​​​​​លក្ខ​​​ខណ្ឌ​​​ការងារ​​​ ត្រូវ​​​បាន​​​​​​អង្គ​​​ការ​​​ពលកម្ម​​​អន្តរ​​​ជាតិ​​​​​​ ILO រាយ​​​នាម​​​ជា​​​​​​សាធារណៈ​​​​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​ ក្រោយ​​​ពី​​​កម្មវិធី​​​រោងចក្រ​​​​​​ល្អ​​​ប្រសើ​​​​​​រ​​​នៅ​​​កម្ពុជា​​​ (BFC) របស់​​​អង្គការ​​​ ILO បាន​​​បញ្ចេញ​​​មូល​​​ដ្ឋាន​​​ទិន្នន័យ​​​តម្លាភាព​​​កាល​​​ពី​​​ម្សិលមិញ​​​។​​​

រោងចក្រ​​​ចំនួន​​​១០​​​នៅ​​​ក្នុង​​​​​​របាយការណ៍​​​តម្លាភាព​​​​​​បឋម​​​របស់​​​​​​ BFC ក្នុង​​​ចំណោម​​​រោង​​​​​​ចក្រ​​​ចំនួន​​​៦១​​​​​​ត្រូវ​​​បាន​​​​​​ដាក់​​​ចំណាត់​​​ថ្នាក់​​​ជា​​​ “រោងចក្រ​​​ ដែល​​​មាន​​​ការ​​​អនុវត្ត​​​​​​ច្បាប់​​​​​​ទាប​​​បំផុត​​​” រី​​​ឯ​​​រោងចក្រ​​​ចំនួន​​​៣០​​​ត្រូវ​​​បាន​​​​​​រក​​​ឃើញ​​​ថា បំពេញ​​​បាន​​​ទាំង​​​អស់​​​នូ​​​វ​​​ “បញ្ហា​​​សំខាន់​​​ៗ” ចំនួន​​​២១​​​​​​របស់​​​ BFC។

យោងតាម​​​របាយការណ៍​​​​​​តម្លាភាព​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថារោងចក្រ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ក្រុម​​​ដែល​​​មាន​​​​​​ការ​​​អនុវត្ត​​​តាម​​​ច្បាប់​​​ទាប​​​បំផុត​​​ ដើម្បី​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​អនុវត្ត​​​ជា​​​មូល​​​ដ្ឋាន​​​​​​ដូចជា​​​ការ​​​​​​ផ្ដល់​​​​​​ច្រក​​​ចេញ​​​​​​ក្នុង​​​ពេល​​​​​​គ្រា​​​អាសន្ន​​​ និង​​​ការ​​​​​​ផ្ដល់​​​ប្រាក់​​​រង្វាន់​​​និង​​​ប្រាក់​​​ឧបត្ថម្ភ​​​របស់​​​កម្មក​​​រ ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​​​​បន្ទាប់ពី​​​​​​ការ​​​វាយ​​​តម្លៃ​​​យ៉ាង​​​ហោច​​​ណាស់​​​​​​ចំនួន​​​ពីរ​​​​​​​​​ចេញពី​​​​​​ BFC និង​​​រយៈ​​​ពេល​​​ជូន​​​ដំណឹង​​​ពីរ​​​ខែ​​​។

BFC ក៏បាន​​​រួម​​​បញ្ចូល​​​របាយការណ៍​​​នានា​​​ស្ដីពី​​​​​​សហជីព​​​កម្មករ​​​រួម​​​ទាំង​​​រោងចក្រ​​​កាត់​​​ដេរ​​​យ៉ាង​​​ហោច​​​ណាស់​​​ចំនួន​​​ប្រាំពីរ​​​​​​ផងដែរ​​​ ដែល​​​​​​មិន​​​​​​បាន​​​គោរព​​​តាម​​​នីតិវិធី​​​​​​ច្បាប់​​​​​​នៅ​​​ពេល​​​​​​រៀប​​​ចំ​​កូដកម្ម​​​ក្នុង​​​រយៈ​​​ពេល​​​១​​​ឆ្នាំ​​​មក​​​នេះ​​​។​​​

BFC បាន​​​ទទួល​​​រង​​​ការ​​​រិះគន់​​​យ៉ាង​​​ខ្លាំង​​​​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំមុន​​​ ពី​​​សំណាក់​​​ក្រុម​​​អ្នក​​​សិក្សា​​​ស្រាវជ្រាវ​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ស្ទែន​​​ហ្វដ​​​ (Stanford University) ដែល​​​បាន​​​បញ្ចេញ​​​របាយការណ៍​​​មួយ​​​លើក​​​ឡើង​​​ថា ខ្វះ​​​តម្លា​​​ភាព​​​នៅ​​​​​​ក្នុង​​​ការ​​​​​​អង្កេត​​​តាម​​​ដាន​​​របស់​​​ BFC លើ​​​រោងចក្រ​​​កាត់​​​ដេរ​​​នានា​​​​​​​​​កំពុង​​​ធ្វើ​​​ឲ្យ​​​បទ​​​ដ្ឋាន​​​ការងារ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​អន់ជាង​​​​​​ស្ថាន​​​ភាព​​​​​​ធ្វើ​​​ការ​​​​​​នៅ​​​ក្នុង​​​បណ្ដា​​​ប្រទេស​​​ផលិត​​​​​​សម្លៀក​​​បំពាក់​​​ធំៗ​​​ផ្សេងៗទៀត​​​។

លើក​​​ចុង​​​​​​ក្រោយ​​​ ដែល​​​ BFC បាន​​​ចេញ​​​​​​​​​ផ្សាយ​​​​​​ជា​​​សាធារណៈ​​​​​​នូវ​​​របាយការណ៍​​​ស្ដី​​​ពី​​​រោងចក្រកាត់​​​ដេរ​​​ ដែល​​​មិន​​​គោរព​​​ច្បាប់​​​​​​ គឺ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៥ មិន​​​យូរ​​​ប៉ុន្មាន​​​​​​បន្ទាប់ពី​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ពាណិជ្ជកម្ម​​​​​​ដែលទទួល​​​បាន​​​​​​ការ​​​អនុគ្រោះ​​​​​​ជាមួយ​​​នឹង​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​របស់​​​កម្ពុជា​​​ ដែល​​​​​​គ្រោង​​​​​​នឹង​​​​​​អភិវឌ្ឍ​​​ឆាប់ៗ​​​នេះ​​​​​​នូវ​​​ឧស្សាហកម្ម​​​កាត់ដេរ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ឧស្សាហកម្ម​​​កាត់​​​ដេរ​​​​​​ដែល​​​ការ​​​នាំ​​​ចេញ​​​​​​កាល​​​ពីឆ្នាំ​​​មុន​​​​​​​​​មាន​​​ទំហំ​​​​​ទឹក​​​ប្រាក់​​​រហូត​​​ដល់​​​ទៅ​​​​​​៥.០០០​​​លាន​​​ដុល្លារ​​​នោះ​​​​​​ ផ្គត់​​​ផ្គង​​​​​​់ដល់​​​ក្រុម​​​ហ៊ុន​​​ជាច្រើន​​​​​​ក្នុង​​​ចំណោម​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់ធំៗ​​​របស់​​​ពិភពលោក​​​ ក្នុង​​​នោះ​​​​​​រួម​​​មាន​​​​​​ក្រុមហ៊ុន​​​​​​ H&M ក្រុមហ៊ុន Levi’s ក្រុម​​​ហ៊ុន​​​ Gap​ ក្រុមហ៊ុន​​​ Wal-mart ​ក្រុមហ៊ុន​​​ Target ​ក្រុម​​​ហ៊ុន​​​ Puma ​និង​​​ ក្រុមហ៊ុន​​​ Zara។

រោងចក្រ​​​​​​ដែល​​​ BFC ដាក់​​​ចំណាត់​​​ថ្នាក់​​​​​​ថា​​​ជា​​​ក្រុមហ៊ុន​​​​​​ដែល​​​មាន​​​​​​កា​​​រ​​​អនុវត្ត​​​តាម​​​ច្បាប់​​​​​​ទាប​​​បំផុ​​​ត​​​នៅ​​​ក្នុង​​​របាយការណ៍​​​នេះ​​​​​​មាន​​​ដូច​​​ជា​​​ រោងចក្រ​​​ Best Tan Garment Ltd. រោង​​​ចក្រ​​​ Cambodian Hoi Fu Garments & Knitting Fty. Co. Ltd. ​រោងចក្រ Chang Tai International Corp ​រោង​​​ចក្រ Chea Sinat Garment Co.Ltd. រោងចក្រ Ever-Glory (Cambodia) Garment Manufacturing Co. Ltd. ​រោងចក្រ​​​ Juan Shi Garment Co.Ltd. ​រោង​​​ចក្រ​​​ Lixing Knitting Factory Co. Ltd. ​​​រោង​​​ចក្រ​​​ Phong Wan Enterprise Co. Ltd. រោងចក្រ USA Fully Field Garments Co. Ltd ​និង​​​​​​រោង​​​ចក្រ​​​ Yubin Service Co. Ltd.។

លោក​​​ស្រី​​​ ជីល​​​ ថាក់ឃើ (Jill Tucker) អ្នក​​​ប្រឹក្សា​​​ជាន់​​​ខ្ពស់​​​ផ្នែក​​​បច្ចេកទេស​​​នៅ​​​​​​ BFC បាន​​​មាន​​​ប្រសាសន៍​​​ថា របាយការណ៍​​​តម្លា​​​ភាព​​​​​​បឋម​​​នេះ​​​​​​​​​គ្រប​​​ដណ្ដប់​​​តែ​​​ទៅ​​​លើ​​​រោង​​​ចក្រ​​​​​​ចំនួន​​​៦១​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​រោង​​​ចក្រ​​​​​​ជិត​​​៥០០​​​ ដែល​​​ត្រូវ​​​បាន​​​​​​អង្កេត​​​តាម​​​ដាន​​​​​​ដោយ​​​​​​កម្មវិធី​​​នេះ​​​ ដែលនៅ​​​ទី​​​បំផុត​​​​​​នឹង​​​ត្រូវ​​​រាប់​​​បញ្ចូល​​​ទាំងអស់​​​នៅ​​​ក្នុង​​​របាយការណ៍​​​ចេញ​​​​​​ផ្សាយ​​​រាល់​​​បីខែ​​​ម្ដង​​​​​​ពេញ​​​​​​មួយ​​​ឆ្នាំ​​​។​​​

លោក​​ស្រី ជីល ថាក់ឃើ ដែល​​​បាន​​​រិះ​​​គន់​​​​​​របាយការណ៍​​​របស់​​​សាកល​​​វិទ្យាល័យ​​​ស្ទែន​​​ហ្វត​​​នៅ​​​ពេល​​​​​​របាយការណ៍​​​នោះ​​​ត្រូវ​​​បាន​​​​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្ដី​​​សម្រេច​​​​​​ចេញ​​​ផ្សាយ​​​របាយការណ៍​​​​​​របស់​​​ BFC ជា​​​សាធារណៈ​​​នេះ​​​​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​​​​មុន​​​​​​ពេល​​​​​​ក្រុម​​​អ្នកសិក្សា​​​ស្រាវជ្រាវ​​​នៅ​​​សាកល​​​វិទ្យាល័យនេះ​​​​​​រិះគន់​​​កម្មវិធី​​​នេះ​​​។

លោក​​​ស្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​របាយការណ៍​​​មួយ​​​​​​របស់​​​ BFC ដែល​​​បាន​​​ចេញ​​​ផ្សាយ​​​កាលពីខែ​​​កក្កដា​​​ ថា “ប្រសិន​​​បើ​​​​​​អ្នក​​​សម្លឹង​​​មើល​​​របាយការណ៍​​​​​​វាយ​​​តម្លៃ​​​ចុង​​​ក្រោយ​​​របស់​​​យើង​​​​​​ អ្នក​​​នឹង​​​អាច​​​មើល​​​​​​ឃើញ​​​អ្វី​​​ដែលយើង​​​បាន​​​មើល​​​ឃើញ​​​​​​ថា ​​​លក្ខខណ្ឌ​​​ [ការងារ​​​នៅ​​​តាម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​] ​បាន​​​ធ្លាក់​​​ចុះ​​​​​​ចាប់​​​តាំងពី​​​ឆ្នាំ​​​២០១០​​​មក​​​”។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​​​​ដឹង​​​ថា យើង​​​ត្រូវ​​​ការ​​​​​​ស្នៀត​​​មួយ​​​ទៀត​​​​​​សម្រាប់ការ​​​ផ្លាស់​​​ប្ដូរ​​​។​​​ យើង​​​បានធ្វើ​​​ការ​​​​​​​​​លើ​​​កិច្ច​​​ការ​​​នេះ​​​​​​បាន​​​យ៉ាង​​​ល្អ​​​មុន​​​ពេល​​​ការ​​​រិះគន់​​​នេះ​​​បាន​​​​​​ធ្វើ​​​ឡើង​​​​​​ជា​​​សាធារណៈ​​​ ប៉ុន្តែ​​​​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ការអនុវត្ត​​​មួយ​​​​​​ឲ្យ​​​បាន​​​ល្អ​​​​​​អាច​​​នឹង​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​”។

លោក​​​ ប៊ុន​​​ ធីដេត​​​ នាយ​​​ក​​​រោងចក្រ​​​ ជា សីុណាត បាន​​​មាន​​​ប្រសាសន៍​​​ថា រោងចក្រ​​​នេះ​​​​​​បាន​​​​​​កែលម្អ​​​លក្ខខណ្ឌ​​​​​​ការងារ​​​របស់​​​​​​ខ្លួន​​​​​​ច្រើន​​​មក​​​ហើយ​​​ចាប់​​​តាំងពី​​​ BFC បាន​​​ធ្វើ​​​សវនកម្ម​​​លើ​​​កចុង​​​ក្រោយ​​​កាលពីខែ​​​មករា​​​ ឆ្នាំ​​​២០១៣​​​មក​​​ ហើយ​​​នឹង​​​បន្ត​​​​​​ធ្វើ​​​ឲ្យ​​​រោងចក្រ​​​នេះ​​​កាន់​​​តែ​​​មាន​​​លក្ខណៈ​​​ល្អ​​​ប្រសើ​​​​​​រសម្រាប់​​​កម្មករ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រោង​​​ចក្រ​​​របស់​​​យើង​​​​​​បំពេញ​​​​​​បាន​​​១០០​​​ភាគរយ​​​តាម​​​បទ​​​ដ្ឋា​​​ន​​​ខ្មែរ​​​”។

អ្នកគ្រប់គ្រង​​​​​​រដ្ឋបាល​​​​​​ម្នាក់​​​នៅ​​​​​​រោងចក្រ​​​កាត់ដេរ Best Tan បាន​​​បដិសេធ​​​​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​​​​បញ្ហា​​​នេះ​​​ ចំណែក​​​ឯ​​​លោក​​​ កែន លូ អគ្គលេខាធិការ​​​​​​សមាគមន៍​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ ពីព្រោះ លោក​​​ជាប់​​​រវល់​​​ទៅ​​​បរទេស​​​។

ជុំ​​​ដំបូង​​​​​​នៃ​​​​​​របាយការណ៍​​​តម្លាភាព​​​របស់​​​  BFC ក៏​​​បាន​​​វាយ​​​តម្លៃ​​​ពី​​​កូដ​​​កម្ម​​​ចំនួន​​​១២ ដែល​​​បាន​​​កើត​​​ឡើងក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​នៅ រោងចក្រ​​​ចំនួន​​​៦១​​​ ដែល​​​​​​ត្រូវ​​​បាន​​​រាប់​​​បញ្ចូល​​​នៅ​​​ក្នុ​​​ង​​​សន្ទស្សន៍​​​តម្លា​​​ភាព​​​​​​នេះ​​​ដែរ​​​។

ក្នុង​​​ចំណោម​​​កូដកម្ម​​​ទាំង​​​នោះ​​​ សហជីព​​​​​​បាន​​​រៀប​​​ចំ​​​​​​កូដកម្ម​​​ចំនួន​​​ប្រាំបួន​​​ ហើយ​​​កូដកម្ម​​​​​ទាំង​​​​​​ប្រាំបួន​​​នោះ​​​ គ្មាន​​​កូដកម្ម​​​មួយ​​​ណា​​​បាន​​​អនុវត្ត​​​​​​​​​​​​តាម​​​នីតិវិធី​​​ដូច​​​មាន​​​ចែង​​​នៅ​​​ក្នុង​​​ច្បាប់​​​ការងារ​​​នៅ​​​ក្នុង​​​ព្រះរាជាណាចក្រ​​​​​​កម្ពុជា​​​ទេ​​​។​​​យោង​​​តាម​​​ BFC បាន​​​ឲ្យ​​​ដឹង​​​ថា  គ្មាន​​​សហជីព​​​ណា​​​មួយ​​​​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា បាន​​​​​​ធ្វើ​​​ការ​​​បោះ​​​ឆ្នោត​​​​សម្ងាត់​​​ក្នុង​​​ចំណោម​​​​​​សមា​​​ជិក​​​របស់​​​ខ្លួន​​​មុន​​​ពេល​​​ធ្វើ​​​កូដកម្ម​​​ ឬ​​​​​​ជូន​​​ដំណឹង​​​​​​ទៅ​​​រោង​​​ចក្រ​​​ប្រាំពីរ​​​ថ្ងៃ​​​មុន​​​ដូច​​​​​​ច្បាប់​​​តម្រូវ​​​នោះ ។

សហជីព​​​ដែល​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​ខាត​​​បង់​​​​​​ម៉ោង​​​ធ្វើ​​​ការ​​​ច្រើន​​​បំផុ​​​តសម្រាប់​​​រោង​​​ចក្រ​​​នានា​​​ គឺ​​​សហជីព​​​យុវជន​​​ខ្មែរ​​​ ។ សហ​​​ជីពផ្សេង​​​ៗ​​​ទៀត​​​ដែលត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា បាន​​​ធ្វើ​​​កូដកម្ម​​​ដោយ​​​ខុស​​​ច្បាប់​​​មាន​​​ដូច​​​ជា​​​ សហព័ន្ធ​​​សហ​​​ជីព​​​ការ​​​ងារ​​​កម្ពុជា​​​សហព័ន្ធ​​​សហ​​​ជីព​​​​​​កម្មករ​​​​​​កម្ពុជា​​​ និង​​​សហជីព​​​សហ​​​ព័ន្ធ​​​ការងារ​​​​​​សម្រាប់​​​​​​ប្រជាជន​​​កម្ពុជា​​​៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស