38 C
Phnom Penh

មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​របស់​​​អូស្ត្រាលី​​​និយាយ​​​ថា “អំពើ​​​ឃោរឃៅ​​​” កើត​​​មាននៅ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​​​គណបក្ស​​​បៃតង (Greens Party) ដែល​​​ជា​​​គណបក្ស​​​ប្រឆាំង​​​របស់​​​អូស្ត្រាលី​​​បាន​​​​​​រិះគន់​​​ស្ថានភាព​​​​​​នយោបាយ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ដោយ​​​​​​លើក​​​ឡើង​​​ថា មាន​​​ “អំពើ​​​ឃោរ​​​ឃៅ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​គួរ​​​ឲ្យ​​​តក់​​​ស្លុត​​​” នៅ​​​ទីនេះ​​​។​​​ លោក​​​ស្រី​​​​​​បាន​​​ថ្លែង​​​​​​បែប​​​នេះ​​​​​​នៅ​​​ឯ​​​សន្និសីទ​​​កាសែត​​​រួម​​​គ្នា​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​​​​ ជាមួយ​​​លោក​​​ សម រង្ស៊ី​​​ ប្រធាន​​​​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​កំពុង​​​​​​ធ្វើ​​​ដំណើ​​​រ​​​ទស្សន​​​កិច្ច​​​នៅ​​​​​​ប្រទេស​​​អូស្ត្រាលី និង​​​ប្រទេស​​​នូវែល​​​​​​សេឡង់។

ថ្លែង​​​នៅ​​​ក្នុង​​​ទីក្រុង​​​​​​កង់​​​បេរ៉ា ជាមួយ​​​លោក​​​ សម រង្ស៊ី លោក​​​ស្រី​​​ គ្រីស្ទីន ​​​មីន​​​ (Christine Milne) មេដឹកនាំ​​​គណបក្ស​​​បៃតង​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​​​​ដាក់​​​គំនាប​​​​​​លើ​​​​​​រដ្ឋាភិបាល​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​របស់​​​​​​លោក​​​​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន​​​ សែន​​​ ឲ្យ​​​​​​យល់​​​ព្រម​​​​​​អនុញ្ញាត​​​​​​ការ​​​ស៊ើប​​​អង្កេត​​​ឯករាជ្យ​​​​​​លើ​​​​​​ការ​​​បោះឆ្នោត​​​​​​ជាតិ​​​កាល​​​ពី​​​ឆ្នាំមុន​​​​​​ និង​​​​​​ដាក់​​​គំនាប​​​ឲ្យ​​​បញ្ចប់​​​​​​ការ​​​​​​បង្ក្រាប​​​ដោយ​​​ហិង្សា​​​លើ​​​​​​បាតុកម្ម​​​។

លោក​​​ស្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក​​​ ហ៊ុន​​​ សែន​​​ ដែល​​​មាន​​​រដ្ឋាភិបាល​​​ខុស​​​ច្បាប់​​​​​​នៅ​​​​​​ទី​​​នោះ​​​ [ក្នុង​​​ប្រទេស​​​កម្ពុជា​​​] បាន​​​បង្ក្រាប​​​​​​បាតុកម្ម​​​។​​​ គាត់​​​​​​បាន​​​ចាត់​​​ទុក​​​​​​ថា វាជា​​​​​​រឿង​​​ខុស​​​ច្បាប់​​​ ដែល​​​​​​ប្រជាពលរដ្ឋ​​​​​​រួប​​​រួម​​​​​​គ្នា​​​ចេញ​​​​​មក​​​តវ៉ា​​​ [ហើយ​​​] នៅ​​​ដើម​​​ឆ្នាំ​​​នេះ​​​​​​កម្មករ​​​​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​​​​កង​​​កម្លាំង​​​រដ្ឋាភិបាល​​​បាញ់​​​ស្លាប់​​​​​​ដោយ​​​​​​សារ​​​តែ​​​ពួក​​​គេ​​​​​​ចេញ​​​មក​​​តវ៉ា​​​​​​តាម​​​​​​ដង​​​ផ្លូវ​​​ ដើម្បី​​​ទាម​​​ទារ​​​​​​ប្រាក់​​​ខែ​​​សមរម្យ​​​​​​”។ លោក​​​ស្រី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​បន្ថែម​​​ទៀត​​​ថា “មាន​​​អំពើ​​​ឃោរឃៅ​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​​​​គួរ​​​ឲ្យ​​​តក់​​​ស្លុត​​​​​​កំពុង​​​​​​កើត​​​មាន​​​ ប៉ុន្តែ​​​​​​ប្រជាពលរដ្ឋ​​​កម្ពុជា​​​​​​ចង់​​​ការពារ​​​លទ្ធផល​​​លទ្ធិ​​​ប្រជាធិបតេយ្យ​​​ជា​​​ខ្លាំង​​​​​​”។​​​

ប្រធាន​​​គណបក្ស​​​និង​​​​​​ជា​​​សមាជិក​​​ព្រឹទ្ធ​​​សភា​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “អូស្ត្រាលីត្រៀម​​​ខ្លួន​​​រួច​​​​​​ជា​​​ស្រេច​​​ដើម្បី​​​ជួយ​​​​​​ ហើយ​​​​​​សំណួរ​​​​​​នៅ​​​ត្រង់​​​ថា តើ​​​រដ្ឋាភិបាល​​​​​​របស់​​​លោក​​​ តូនី អាបូត (Tony Abbott) នឹង​​​ក្រោក​​​ឈ​​​រ​​​ឡើង​​​ ហើយ​​​​​​ជួយ​​​ដល់​​​កម្ពុជា​​​ដែរ​​​ទេ​​​?”។

បច្ចុប្ប​​​ន្ន​​​​​​ គណបក្ស​​​បៃតង​​​​​របស់​​​អូស្ត្រាលី ដែល​​​​​​មាន​​​សមាជិក​​​ព្រឹទ្ធសភា​​​ចំនួន​​​ប្រាំបួន​​​រូប​​​​​​នៅ​​​ក្នុង​​​សភា​​​ជាន់ខ្ពស់​​​​​​ ដែល​​​មាន​​​៧៦​​​អាសនៈ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ មាន​​​តុល្យភាព​​​អំណាច​​​រវាង​​​​​​សមាជិក​​​ព្រឹទ្ធសភា​​​​​​ រដ្ឋាភិបាល​​​៣៣​​​រូប​​​ និង​​​សមាជិក​​​ព្រឹទ្ធសភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ចំនួន​​​៣១​​​រូប​​​។​​​ វា​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គេ​​​​​​​​ជំរុញ​​​​​​គោល​​​នយោបាយ​​​របស់​​​ខ្លួន​​​​​​ដោយ​​​ការ​​​​​​​រារាំង​​​​​​ការ​​​អនុម័ត​​​ច្បាប់​​​​​​ស្នើ​​​ឡើង​​​​​​ដោយ​​​គណបក្ស​​​ធំ​​​ទាំង​​​ពីរ​​​នេះ​​​។

នៅ​​​មុន​​​នេះ​​​​​​លោក​​​ សម រង្ស៊ី​​​ បាន​​​​​​បង្ហាញ​​​​​​ខ្លួន​​​នៅ​​​ចំពោះ​​​មុខ​​​គណៈកម្មាធិការ​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​បរទេស​​​​​​​​​ការពារ​​​ជាតិ​​​ និង​​​ពាណិ​​​ជ្ជ​​​កម្ម​​​នៃ​​​រដ្ឋសភា​​​ ហើយ​​​​​​បាន​​​​​​ពណ៌នា​​​ពី​​​ស្ថាន​​​ភាព​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។​​​ លោក​​​បាន​​​ស្នើ​​​ឲ្យ​​​​​​លោក​​​ស្រី​​​​​​ គ្រីស្ទីន​​​ មីន​​​ អំពាវនាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​​​​កាត់​​​ផ្ដាច់​​​​​​ជំនួយ​​​​​​។​​​

លោក​​​ សម​​​ រង្ស៊ី បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា “យើង​​​នៅ​​​ទីនេះ​​​​​​ដើម្បី​​​អំពាវនាវ​​​​​​ឲ្យ​​​អូស្ត្រាលី​​​​​​ដឹក​​​នាំ​​​​​​គេ​​​​​​នៅ​​​ក្នុង​​​យុទ្ធ​​​នាការ​​​ជា​​​អន្តរជាតិ​​​មួយដើម្បី​​​ស្ដា​​​​​​រ​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​​កម្ពុជា​​​។​​​ អូស្ត្រាលី​​​ គឺ​​​ជា​​​​​​កន្លែង​​​​​​ដ៏​​​ល្អ​​​​​​សម្រាប់​​​ការ​​​ដឹកនាំ​​​​​​បែប​​​នេះ​​​​​​ ដើម្បី​​​ជួយ​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​​​​”។

មេដឹកនាំ​​​​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “អូស្ត្រាលី​​​​​​គឺ​​​ជា​​​កន្លែង​​​​​​ល្អ​​​​​​សម្រាប់​​​ចាត់​​​វិធាន​​​​​​ការ​​​​​​ជួយ​​​ដល់​​​ប្រទេស​​​កម្ពុជា​​​។​​​ អូស្ត្រាលី​​​​​​ គឺ​​​​​​ជា​​​ប្រទេស​​​ម្ចាស់​​​ជំនួយ​​​​​​ដ៏ធំ​​​​​របស់​​​កម្ពុជា​​​​​​ ដែល​​​​​​មិន​​​អាច​​​​​​រស់​​​រាន​​​​​​បាន​​​ឡើយ​​​ បើ​​​គ្មាន​​​​​​ជំនួយ​​​អន្តរជាតិ​​​ទេ​​​នោះ”។

នៅ​​​ក្នុង​​​បទ​​​សម្ភាសមួយ​​​ជាមួយ​​​វិទ្យុ​​​សា​​​ជីវកម្ម​​​​​​ផ្សាយ​​​​​សំឡេង​​​​​​អូស្ដ្រាលី​​​ហៅ​​​កាត់​​​ថា ABC កាល​​​ពី​​​ម្សិលមិញ លោក​​​ សម រង្ស៊ី​​​ ក៏​​​បាន​​​ចាត់​​​ទុក​​​​​​​​​ការ​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​លើ​​​ជន​​​ជាតិ​​​​​​​​​ភាគ​​​តិច​​​វៀតណាម​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ថា ជា​​​ “ឧបទ្ទវហេតុ​​​ដែល​​​កម្រ​​​កើត​​​ឡើង​​​​​​”។

លោក​​​ សម រង្ស៊ី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ពេល​​​​​​ប្រជាពលរដ្ឋ​​​ខ្មែរ​​​​​​រាប់​​​ពាន​​​់​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​​​​ដោយ​​​សារ​​​អំពើ​​​ហិង្សា​​​​​​ ជាពិសេស​​​អំពើ​​​ហិង្សា​​​ផ្នែក​​​នយោបាយ​​​នោះ​​​​​​ គ្មាន​​​នរណា​​​ម្នាក់​​​​​​ហ៊ាន​​​​​​និយាយ​​​អ្វី​​​ទាំង​​​អស់​​​ ប៉ុន្តែ​​​នៅ​​​ពេល​​​​​​មាន​​​ឧបទ្ទវហេតុ​​​​​​ដ៏​​​កម្រ​​​កើតឡើង​​​​​​ពាក់ព័ន្ធ​​​នឹង​​​​​​ពលរដ្ឋ​​​ផ្សេង​​​ៗ​​​ទៀត​​​ អ្នក​​​ឯង​​​​​​ចង្អុល​​​​​​ម្រាម​​​ដៃ​​។ អ្វីៗ​​​ត្រូវ​​​មើល​​​លើ​​​​​​បរិបទ​​​ទូទៅ​​​​​​ គឺ​​​បរិបទ​​​អំពើ​​​ហិង្សា​​​​​​និង​​​​​​និទណ្ឌភាព​​​”។

គណបក្ស​​​របស់​​​លោក​​​ សម រង្ស៊ី ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ថា កំពុង​​​តែ​​​ព្យាយាម​​​​​​យក​​​​​​ឈ្ន​​​ះ​​​ការ​​​បោះឆ្នោត​​​​​​ ដោយ​​​ការ​​​និយាយ​​​មិន​​​ល្អ​​​ពី​​​គេ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​។​​​ នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៨៥ លោក​​​ ហ៊ុន​​​ សែ​​​ន​​​ ត្រូវ​​​បាន​​​​​​រដ្ឋាភិបាល​​​វៀត​​​ណាម​​​លើក​​​បន្តុប​​​ឲ្យ​​​ធ្វើ​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​។

អ្នក​​​នយោបាយ​​​អូស្ត្រាលី​​​សំខាន់ៗ​​​មួយ​​​ចំនួន​​​មកពី​​​​​​គណបក្ស​​​នយោបាយ​​​ពីរ​​​ផ្សេង​​​គ្នា​​​​​​បាន​​​​​​រិះគន់​​​រដ្ឋាភិបាល​​​របស់​​​​​​លោក​​​ ហ៊ុន​​​ សែន​​​ ក្នុងរយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មីៗ​​​នេះ​​​ចំពោះ​​​ការ​​​បង្ក្រាប​​​​​​​​​បង្ហូរ​​​ឈាម​​​របស់​​​ខ្លួន​​​​​​លើ​​​​​​បាតុកម្ម​​​និង​​​ការ​​​មិន​​​យល់ព្រម​​​ស៊ើប​​​អង្កេត​​​ការ​​​បោះឆ្នោត​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​។

នៅ​​​ក្នុង​​​អត្ថបទ​​​កាសែត​​​ចុះ​​​ផ្សាយ​​​មួយ​​​​​​កាល​​​ពីខែមុន​​​ លោក​​​ ហ្គារ៉េត អីុវែនស៍ (Gareth Evans) ដែល​​​ធ្លាប់​​​បាន​​​កាន់​​​មុខ​​​តំណែង​​​ជា​​​រដ្ឋមន្ត្រី​​​​​​ការបរទេស​​​អូស្ត្រាលី​​​​​​ចន្លោះ​​​ពី​​​ឆ្នាំ​​​១៩៨៨​​​ ដល់​​​ឆ្នាំ​​​១៩៩៦​​​ បាន​​​រិះគន់​​​លោក​​​ ហ៊ុន​​​ សែន​​​ ចំពោះ​​​​​ឃាត​​​កម្ម​​​​​​ទាក់​​​ទិន​​​រឿង​​​នយោ​​​បាយ​​​ថ្មីៗ​​​នេះ​​​ ហើយ​​​បាន​​​អំពាវនាវ​​​​​​​​​ឲ្យ​​​ដាក់​​​ទណ្ឌកម្ម​​​។​​​​​​ នៅ​​​ក្នុងឆ្នាំ​​​១៩៨៩​​​ លោក​​​ អីុវែនស៍​​​ គឺ​​​ជា​​​​​​បុគ្គល​​​​​​​​​​​​​​​អន្តរជាតិ​​​​​​​​​ដ៏​​​សំខាន់​​​​​​ ដែល​​​ត្រូវ​​​ជំរុញ​​​ឲ្យ​​​មាន​​​ដំណោះស្រាយ​​​នយោបាយ​​​​​​​​​រហូត​​​ដល់​​​សង្គ្រាម​​​សីុវិល​​​រុាំរៃ​​​៉នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

នៅ​​​ក្នុង​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​​​​ក្នុង​​​រដ្ឋ​​​សភា​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ លោក​​​ ហ្វីលីប រូដក់ (Phillip Ruddock) ប្រធាន​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​​​​​​​របស់​​​រដ្ឋាភិបា​​​ល​​​ បាន​​​ពណ៌នា​​​អំ​​​ពី​​​រដ្ឋាភិ​​​បាល​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ ថា ជា​​​ “រដ្ឋ​​​ឯក​​​បក្ស​​​”៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស