29.6 C
Phnom Penh

នគរ​បាល​មិនបង្ហាញ​​ភ័ស្តុតាង​ក្នុង​រឿង​ក្ដី​រួម​គំនិត​ក្បត់​ជាតិ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សវនាការ​ជំនុំជម្រះទោស​បុរស​ខ្មែរនិង​ខ្មែរ​កម្ពុជា​​​ក្រោមមួយ​​​ក្រុម ​​​ដែល​ត្រូ​វ​បាន​ចោទ​ប្រកាន់ពីបទរួម​​​គំនិត​​​ក្បត់​​​ដើម្បី​​​ផ្តួល​​​រំលំ​​​​រដ្ឋា​ភិបាល​កម្ពុជា​ បាន​បើក​ និង​បិទ​វិញ​ដោយលើក​​​ពេល​​​ប្រកាស​​​សាលក្រម​​​ កាល​​​ពីថ្ងៃ​សុក្រ​​​ ម្សិលមិញ​​​នេះ​​​។

មេធាវីម្នាក់​ក្នុងចំណោម​មេធាវី​របស់​ជន​ជាប់​ចោទ​បាន​ឲ្យ​ដឹ​ង​ថា សវនាការ​នេះ​បាន​បើក​ដោយ​ផ្អែក​លើ​ភ័ស្តុតាង​មិន​​គ្រប់​គ្រាន់​​ ដែ​លល្មម​​​នឹង​​​ឲ្យជន​សង្ស័យ​មាន​សេរីភាព​វិញ​។លោក ចាន់ រាសីភ័ក្ត្រ មេធាវី​​​ការ​ពារ​ក្ដី បាន​ឲ្យ​ដឹង​ថា​​​ជន​សង្ស័យ​ពីរ​នាក់​អះ​អាង​ថានគរ​បាល​បាន​ធ្វើ​​​ទារុណ​កម្មពួក​គេ​ ដើម្បី​ទទួល​បាន​ចម្លើយ​សារភាព​។

ការ​អះអាង​នេះ​ត្រូវបានបដិសេធ​ដោយ​​​​​លោក​ រិន សាវឿន អនុ​ប្រធាន​ការិយាល័យ​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​នាយក​ដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​នៅ​ក្រសួង​មហាផ្ទៃ​។

លោក​បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ​​​​ជា​ការ​ឆ្លើយ​តប​​ទៅនឹង​សំណួរ​ពី​មេធាវី​ការ​ពារ​ជន​ជាប់​ចោទ​ពីមូល​ហេតុ​​​​និង​នីតិវិធី​​​​​​នៃ​ការ​ចាប់​ខ្លួន​បុរស​ទាំង​នេះ​ក្នុង​ប្រទេស​​​ថៃ​កាលពីខែ​មីនាថា “យើង​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​​ក្នុង​ការ​បញ្ជាក់​ពីការ​ជា​ប់​ពាក់ព័ន្ធ​របស់​ពួកគេ​។ វា​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​នគរ​បាល​ ដូច្នេះនគរ​បាល​មិន​អាច​បរិយាយ​​​បាន​​ទេ​”។

អំឡុង​សវនាការ​​នេះ​​​ពុំមាន​សាក្សី​ឡើង​ផ្ដល់​សក្ខីកម្ម​បញ្ជាក់​ពីការជាប់​​​​ពាក់​ព័ន្ធ​របស់​​​បុរស​មួយ​​​ក្រុម​​​ ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​អតិ​បរមា​១០​ឆ្នាំ​​​​ប្រសិន​បើ​ពួកគេ​​​ត្រូវតុលាការ​​​រក​ឃើញ​ពិរុទ្ធភាព​ដូច​ការ​ចោទ​ប្រកាន់​ទេ​។

គួរ​រំឭក​ថា បុរស​​ខ្មែរ​កម្ពុជា​ក្រោមឈ្មោះ សួន ផល​ អាយុ​៥៣​ឆ្នាំ​ និង​ យិន យ៉ាវ អាយុ​៥៦​ឆ្នាំ​ ត្រូ​វបាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៣​ ក្នុង​ខេត្ត​បា៉ទុម​ថានី ប្រទេស​ថៃ​។​​​ចំណែក​ឈ្មោះ យ៉ន គឹមស្រ៊ុន វ័យ​​​​២៨​ឆ្នាំ យ៉ន យឿប អាយុ​២៦​ឆ្នាំ ថាច់ កុងភួង អាយុ​៣៨​ឆ្នាំ និង​ឈ្មោះ ខេម ម៉ា អាយុ​២៩​ឆ្នាំ ​ដែល​ជា​បុរស​ខ្មែ​រ​ត្រូវ​បាន​ចាប់​ខ្លួន​រយៈ ​ពេល​មួយ​សប្ដាហ៍​ក្រោយមក​ក្នុង​តំបន់​តែ​មួយ​នោះ​។ជន​ស្ស័យ​ប្រាំមួយ​នាក់​ទៀត​នៅ​មិនទាន់​ចាប់​ខ្លួនបានទេ​។

ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​សមា​ជិក​ក្រុម​ភេរវកម្មមួយ​ដែល​មាន​ឈ្មោះថា ចលនា​រណសិរ្សរំដោះជាតិ​ខ្មែរ​។ពួកគេ​បាន​បដិសេធ​​ថា ខ្លួនមិនដឹង​រឿង​អ្វីពាក់ព័ន្ធ​នឹង​សកម្មភាព​ក្បត់​​ដូច​ការ​ចោទ​ប្រកាន់ទេ​។

លោក កុង ភឿង បាននិយាយ​សំដៅ​លើ​មេដឹកនាំចលនា​នេះ​ថា “ខ្ញុំគ្រាន់តែ​ស្គាល់​សំ សេរី ប៉ុន្តែ​ខ្ញុំ​មិន​ដឹងអំពី​រចនាសម័្ពន្ធ​របស់​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ឡើយ​។ ខ្ញុំគ្រាន់តែ​បាន​ដឹង​ថា សំ សេរី បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​ដើម្បីពិភាក្សា​ពី​រណសិរ្ស​នេះ​” ដោយ​បន្ថែម​ថា ខ្លួន​មិន​ដែល​ឮលោក សេរី និយាយ​​​ពីការ​​ជ្រើស​រើស​កង​កម្លាំង​ប្រដាប់​​អាវុធ​ទេ​។ លោ​ក​បាននិយាយ​ថា “ ខ្ញុំ​មិនដែល​មាន​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ទេ ព្រោះ​យើង​គ្មាន​​​​កម្លាំង​ ឬ​អាវុធ​សោះឡើយ​”។

បង​ប្អូន​ប្រុស​​របស់​លោក សេរី គឺ​លោក យឿប បាន​ឲ្យ​ដឹង​ថា បង​ប្អូន​របស​់​លោក​ប្រើ​ឈ្មោះផ្សេង​  ហើយ​ថា គាត់​មិន​ដែល​បាន​និយាយ​ពីការ​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​របស់​នគរ​បាល​ទេ​។

លោក​បាននិយាយ​ថា “បង​ប្អូន​របស់​ខ្ញុំ​ពុំ​​​​ដែល​ប្រាប់​ខ្ញុំ​ពី​ចលនា​នេះទេ​ ហើយ​ខ្ញុំ​មិន​បានចូលរួម​ឡើយ​ ព្រោះខ្ញុំ​ជាប់​រវល់ក្នុង​ការ​​សិក្សា​នៅ​សាកលវិទ្យាល័យមួយ​ក្នុង​ប្រទេស​ថៃ​ឯណោះ​​​”។ នៅ​ក្នុង​រង្វង់​ក្រចក​សេះ លោកគឹមស៊្រុន ក៏បាន​បដិសេធ​ថា ខ្លួន​គ្មានចេតនាណាមួយ​ក្នុង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដែរ​។

ប៉ុន្តែ​លោក គឺ បុណ្ណារ៉ា ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​បាន​បញ្ជាក់​ថា ជន​សង្ស័យ​ពិត​ជា​មាន​បំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល​មែន និង​ថា ពួក​គេ​គួរ​តែ​ត្រូវបាន​ផ្ដន្ទាទោស​តាម​ច្បាប់​។ លោក​បាននិយាយ​ថា​​​“ ពួកគេ​ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ ដូច​ដែល​តុលាការ​ចោទ​​​ប្រកាន់​មែន​”។

លោក ចាន់ រាសីភ័ក្ត្រ មេធាវីការ​ពារ​លោក កុងភួង អះអាង​ថា “តុលាការ​គ្មានភ័ស្តុ​តាង​គ្រប់​គ្រាន់ និង​សាក្សី​ណាម្នាក់​ដើម្បីចោទ​ប្រកាន់​កូន​ក្ដីរ​បស​់​ខ្ញុំ​ឈ្មោះ ថាច់ កុង​ភួង​ ទេ ដូច្នេះ​ខ្ញុំ​សូម​ស្នើ​ឲ្យ​ចៅក្រម​លើក​លែង​កា​រ​​ចោទ​ប្រកាន់​លើ​កូន​ក្ដីរ​បស់​ខ្ញុំ​”។ លោក សេង នាង​ ចៅក្រម​​​ជំនុំ​​​ជម្រះ​​​បាន​ឲ្យ​ដឹង​ថា​​​សាល​ក្រម​​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែមេសា ​ខាង​​​មុខ​​​នេះ​​​៕ សេរីវុធ​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស