42.2 C
Phnom Penh

អដ្ឋិធាតុ​ទាហាន​អាមេរិក​ត្រូវ​បាន​ធ្វើ​មាតុភូមិនិវត្ត​ទៅ​អាមេរិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អដិ្ឋធាតុ​មនុស្ស​បីនាក់​ដែល​គេ​ជឿ​ថា ជា​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅពេល​បំពេញ​បេសកកម្ម​កាល​ពី​ជាង​៤០ឆ្នាំ​មុន​ត្រូវ​បាន​ធ្វើ​មាតុភូមិ​និវត្ត​ទៅ​អាមេរិក​កាល​ពីម្សិលមិញ​ក្រោម​ការ​ឃ្លាំ​មើល​របស់​​កង​​ទ័ព​​សហ​រដ្ឋ​អាមេរិក​ បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញនៅ​ក្នុង​ខេត្ត​កំពង់​ចាម​នៅ​សប្តាហ៍​នេះ។

នៅពេល​នេះ​គេ​មិន​ទាន់​ដឹងថា តើ​ទាហាន​ទាំង​នោះ​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​វិធី​ណា​ ឬ​នៅពេល​ណា​នោះ​ទេ​។ កាល​ពី​ឆ្នាំ​១៩៧០​ ទាហាន​អាមេរិក​បាន​លុក​​លុយ​​តាម​ផ្លូវ​គោក​មួយ​រយៈ​ពេល​ខ្លី​​ចូល​ក្នុង​តំបន់​វាល​ទំនាប​​​នៃ​ទន្លេ​មេគង្គ​នៅ​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា ​រួ​មទាំង​ខេត្ត​កំពង់​ចាម​ផងដែរ​​។

លោក​ វីលៀម ថូត​ ឯក​អគ្គ​រដ្ឋទូត​​សហ​រដ្ឋ​អាមេរិក​​ប្រចាំ​ប្រទេស​​​កម្ពុជា​​បាន​ប្រាប់​ពល​រដ្ឋ​​អាមេរិក​ និង​មន្ត្រី​កម្ពុជា​ដែល​បាន​ចូល​រួម​​នៅក្នុង​ពិធី​ប្រគល់ជា​ផ្លូវការ​នៅ​​ចំណតវីអាយភី​​ក្នុង​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា “ថ្ងៃ​នេះ​យើង​ធ្វើ​មាតុភូមិ​និវត្ត​អដិ្ឋធាតុ​ពល​រដ្ឋ​អាមេ​រិក​​ដែល​បាន​ស្លាប់​ពេល​បំពេញ​ការ​ងារ​បម្រើ​ជាតិ​កាល​ពីជាង​៤០​ឆ្នាំ​មុន​។ក្នុង​នាម​ជា​កូន​របស់​អ្នក​បើក​បរ​ឧទ្ធម្ភាគចក្រ​ចម្បាំង​​ដែល​បាន​បម្រើការ​ងារ​ពីរ​ដង​នៅក្នុង​ប្រទេស​វៀត​ណាម​ ខ្ញុំ​ពិត​ជា​មាន​មោទនភា​ព​ណាស់​ក្នុង​ការ​​ចូល​រួម​​ពិធី​ដ៏សំខាន់​នេះ​”។

លោក​បាន​បន្ថែម​ថា “ នៅគ្រប់​ដំណាក់​កាល​នៃ​ប្រតិបត្តិការ​​​ស្វែង​រក​ទាំង​អស់​ អាមេរិក​ និង​កម្ពុជា​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​សម្រេច​គោល​ដៅ​របស់​យើង​គឺ​ការ​ទទួល​ខុស​ត្រូវ​ពេញ​លេញ​ចំពោះ​ជន​ជាតិ​អាមេរិក​ទាំង​អស់​ដែល​បាន​បាត់​ខ្លួន​ពី​​សម័យ​សង្គ្រាម​”។

ប្រអប់​ទាំង​នោះ​ត្រូវ​បាន​ដាក់​ដោយ​ប្រុង​ប្រយ័ត្ន​ម្តង​មួយ​ៗ​ទៅក្នុង​ប្រអប់​បី​ដាច់​ដោយ​ឡែក​ពី​គ្នា​សម្រាប់​ដឹក​ចេញ​។​​នៅ​ចំពោះមុខ​មន្ត្រី កង​ទ័ព​ម៉ារីន ទ័ព​អាកាស​ និ​ង​ទ័ព​ជើង​ទឹកអាមេរិក​​ ប្រអប់ទាំង​នោះ​ត្រូវ​បាន​គ្រប​ដោយ​ទង់ជាតិ​អាមេរិក​​មុន​ពេល​សែង​ទៅ​ដាក់​នៅក្នុង​យន្ត​ហោះ​ដឹក​ជញ្ជូន​ម៉ាក​ ​C-17 របស់​កង​ទ័ព​អាកាស​អាមេរិក​។

ប្រតិបត្តិការ​ស្វែង​រក​រួម​គ្នា​ត្រូវ​បាន​​​ធ្វើ​ជាផ្លូវ​ការ​នៅ​កម្ពុជា​ដោយ​អាមេរិក​ និង​​មាន​ជំនួយ​ពី​កម្ពុជា​ចាប់​តាំង​ពីឆ្នាំ​១៩៩២​មក​។ លោក​ វីលៀម ថូត មាន​ប្រសាសន៍​ ថា បេសក​​​ កម្ម​​នា​ពេល​ថ្មី​ៗ​​​ដែល​បាន​រក​ឃើញ​អដ្ឋិធាតុ​ទាំង​នេះ​បាន​បញ្ចប់​កាល​ពី​​ពីរបីថ្ងៃ​មុន​។

បន្ទាប់ពី​ចុះ​ហត្ថ​លេខា​លើ​លិខិត​ប្រគល់​ លោក សៀង ឡាប្រេស អនុ​ប្រធាន​ទី​១នៃ​គណៈកម្មាធិការ​កម្ពុជា​ទទួល​បន្ទុក​ឈ្លើយ​​សឹក​​ និង​យុទ្ធ​ជន​បាត់​ខ្លួន​​នៅក្នុង​សង្គ្រាម​បាន​​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​ជួយ​ដល់​ការ​​ស្វែង​រក​អដ្ឋិធាតុ​​ទាំង​​​នេះ​​​ ​ហើយ​ថា ប្រតិបត្តិ    ការ​ស្វែង​រក​មិន​ផ្តោត​ទៅ​លើ​ខេត្ត​ណា​​មួយ​នោះ​ទេ​។

លោក​បានមាន​ប្រសាសន៍​ថា “មិន​មាន​ខេត្ត​ណា​មួយ​ជា​ពិសេស​ទេ​ វាអាស្រ័យ​លើ​​​ក្រុម​ការ​ងារ​អាមេរិក​​។ ពួក​គេ​ដឹង​ច្បាស់​ជាង​ពួកគេ​មាន​ផែន​ទី​ ពួក​គេ​ដឹង​ថា អដ្ឋិធាតុ​នៅ​ទី​ណា​​ បន្ទាប់​មក​ពួក​គេ​បាន​ស្នើ​សុំ​ឲ្យយើ​ង​ជួយ​។ យើង​គ្រាន់​តែ​ជួយ​រក​​អដ្ឋិធាតុ​ ពួក​គេ​​​ទទួល​បន្ទុក​ផ្នែក​​បច្ចេកទេស​ និង​វិទ្យាសាស្ត្រ​។

ឥឡូវ​នេះ​ អដ្ឋិ​ធាតុ​​ទាំង​នេះ​ត្រូវ​ដឹក​ទៅ​ទីក្រុង​អូអាហូ៊ ក្នុង​រដ្ឋ​ហាវ៉ៃ ដែល​នៅ​ទី​នោះ​បញ្ជាការ​រួម​ទទួល​បន្ទុក​​ឈ្លើយ​សឹក​ និង​យុទ្ធ​ជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ ​នឹង​ធ្វើ​កោសល្យ​វិច័យ​ដើម្បី​រក​អត្ត​សញ្ញាណ​អដ្ឋិ​ធាតុ​រក​ឃើញ​ទាំង​នេះ​។ ប្រសិន​បើ​រក​ឃើញ​អត្ត​សញ្ញាណ​ហើយ​ គេ​នឹង​ទាក់​ទង​ក្រុម​សាច់​ញាតិ​របស់​ទាហាន​នោះ​ ហើយ​​នឹង​ត្រូវ​បញ្ចុះដោយ​រៀប​​​​ ចំ​ពិធី​​បែប​​​យោធា​៕​គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស