កាលពីម្សិលមិញ ក្រុមហ៊ុនហ្គូហ្គល (Google) ជាក្រុមហ៊ុនអុីនធើណិតដ៏ធំ បានបញ្ចូលឧទ្យានបុរាណអង្គរក្នុងខេត្តសៀមរាបរបស់ប្រទេសកម្ពុជាទៅក្នុងផែនទីរបស់ខ្លួន ដោយអនុញ្ញាតឲ្យពលរដ្ឋទូទាំងពិភពលោកអាចចូលទស្សនាប្រាសាទជាង១០០នៅឧទ្យានបុរាណអង្គរនេះ ដែលរួមមានអង្គរវត្តជាដើមតាមរយៈរូបភាពឌីជីថល៣៦០ដឺក្រេ។

ដើម្បីប្រើប្រាស់ផែនទីនេះ យើងប្រើសញ្ញាព្រួញដើម្បីរំកិលមើលប្រសាទពីមួយទៅមួយ។ ប្រសាទមួយចំនួនត្រូវបានដៅចំណាំដែលពេលយើងចុចលើសញ្ញាដៅនោះវាបង្ហាញរូបភាពនៃប្រាសាទនីមួយៗមានដូចជារូបផ្ទាំងចម្លាក់ក្បាច់រាបជាដើម។ រីឯសញ្ញាដៅផ្សេងទៀតៗបង្ហាញពីប្រវត្តិនៃប្រាសាទ។
នៅលើផែនទីនៃឧទ្យានបុរាណអង្គរហ្គូហ្គល បង្ហាញតែប្រាសាទល្បីៗនៅក្នុងឧទ្យានបុរាណអង្គរប៉ុណ្ណោះ ដែលមានដូចជា ប្រាសាទបន្ទាយស្រី ប្រាសាទបឹងមាលា ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្មជាដើម។
ផែនទីនៃឧទ្យានបុរាណអង្គរនេះក៏ត្រូវបានបញ្ចូលទៅក្នុងគេហទំព័រគម្រោងអច្ឆរិយវត្ថុពិភពលោក ( World Wonder Project website)របស់វិទ្យាស្ថានចងក្រងវប្បធម៌ (Google Cultural Institute)របស់ក្រុមហ៊ុនហ្គូហ្គលផងដែរ។ នៅក្នុងផែនទីនោះ យើងអាចចូលមើលនិងសិក្សាអំពីប្រវត្តិរបស់អង្គរវត្ត តាមរយៈរូបភាពនិងវីដេអូ ឲ្យបានកាន់តែច្បាស់។
ការបង្ហាញនៅលើផែនទី គឺមានទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយយើងក៏អាចមើលបានតាមរយៈទូរស័ព្ទដៃទំនើបៗផងដែរ។
ផែនទីនេះ គឺជាផ្នែកនៃកម្មវិធីរបស់ហ្គូហ្គលឈ្មោះថា Street View ដែលប្រើរូបភាព៣៦០ដឺក្រេដើម្បីឲ្យយើងមើលឃើញប្រសាទកាន់តែច្បាស់។ ហ្គូហ្គលបានយករូបភាពនៃប្រាសាទនៅក្នុងឧទ្យានបុរាណអង្គរជាង៩0.០០០ មកប្រើប្រាស់ដោយធ្វើឲ្យវាក្លាយជារូបឌីជីថលដ៏ច្រើនបំផុតក្នុងចំណោមរូបឌីជីថលច្រើនផ្សេងទៀតនៃតំបន់បេតិកភណ្ឌពិភពលោកដែលបានចុះបញ្ជីនៅអង្គការយូណេស្កូ (UNESCO)។ គេបានចំណាយពេលមួយឆ្នាំដើម្បីបញ្ចប់គម្រោងនេះ។
លោក ម៉ានិក ហ្គូបតា (Manik Gupta) ប្រធានគ្រប់គ្រងផលិតផលទទួលបន្ទុកផ្នែកGoogle Maps របស់ក្រុមហ៊ុន ហ្គូហ្គល បានមានប្រសាសន៍ថា “ យើងសង្ឃឹមថា ពលរដ្ឋនៅក្នុងប្រទេសកម្ពុជានិងនៅទូទាំងពិភពលោក អាចស្វែងយល់ពីកេរមរតកវប្បធម៌និងកេរមរតកពីបុរាណរបស់ប្រទេសកម្ពុជាទាំងនេះតាមវិធីដ៏ថ្មីនេះ។
មិនថាការទស្សនាឡើងវិញនៅតាមតំបន់ប្រាសាទដ៏ល្បីល្បាញ ដូចជា ប្រាសាទបាយ័ន នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ឬក៏ការសិក្សាពីចម្លាក់ក្បាច់រាបដែលរៀបរាប់ពីសមរភូមិក្នុងក្រុងលង្កានៃរឿងរាមកេរ្តិ៍ ដែលមានឆ្លាក់ជាប់នៅលើជញ្ជាំងនៃប្រាសាទអង្គរវត្តប៉ុណ្ណោះទេ កម្មវិធី Street View អាចជួយយើងឲ្យចូលរុករកនិងស្វែងយល់ពីបេតិកភណ្ឌអង្គរដ៏សម្បូរបែបបានយ៉ាងងាយផងដែរ”។
លោក សឿង គង់ អគ្គនាយករងអាជ្ញាធរអប្សរាដែលគ្រប់គ្រងឧទ្យានបុរាណអង្គរនិងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនហ្គូហ្គលនឹងជួយទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើន។ លោក សឿង គង់ បានមានប្រសាសន៍បន្ថែមថា “គំនិតផ្តួចផ្តើមនេះនឹងធ្វើឲ្យពលរដ្ឋទូទាំងពិភពលោកងាយស្រួលស្វែងរកប្រទេសកម្ពុជា”។
រីឯលោក ថោង ខុន បានលើកឡើងថា លោកសង្ឃឹមថា ចំនួនភ្ញៀវទេសចរមកលេងប្រទេសកម្ពុជានឹងកើនពី ៤,២លាននាក់កាលពីឆ្នាំមុនដល់យ៉ាងតិច៤,៥លាននាក់នៅក្នុងឆ្នាំ២០១៤។ លោក ថោង ខុន បានមានប្រសាសន៍ថា “វានឹងជាមធ្យោបាយដ៏ងាយស្រួលសម្រាប់ជនបរទេសស្វែងរកប្រទេសកម្ពុជា ដោយសារជនបរទេសមួុយចំនួនដូចជា ពលរដ្ឋឥណ្ឌូនេស៊ី ជាដើមមិនស្គាល់អង្គរវត្តនោះទេ។ វាក៏ដូចជា ពលរដ្ឋដទៃទៀតនៅក្នុងបណ្តាប្រទេសនៅតំបន់អាហ្វ្រិកផងដែរ។ ពួកគេមិនដឹងថាអ្វីខ្លះមាននៅក្នុងប្រទេសរបស់យើងឡើយ”។
លោក ថោង ខុន បានមានប្រសាសន៍បន្ថែមទៀតថា “ឥឡូវនេះពួកគេអាចប្រើកម្មវិធីអីុនធើណិតនេះដើម្បីស្វែងរកថា តើកន្លែងណាដែលពួកគេត្រូវទៅក្នុងប្រទេសរបស់យើង ហើយបន្ទាប់មកទើបពួកគេមកទស្សនា”៕ ស៊ុយឈាង