38.8 C
Phnom Penh

លោក​ស្រី មូរ សុខហួរ ត្រូវ​បាន​​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​ទី​លាន​ប្រជា​ធិបតេយ្យ​បី​ថ្ងៃ​ជាប់ៗ​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​ នគរបាល​បាន​រុញ​​លោក​ស្រី មូរ សុខ​ហួរ​ សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​ទីលាន​ប្រជា​ធិបតេយ្យ​ជាលើ​ក​ទី​៣​ក្នុង​រយៈពេល​បីថ្ងៃ​ជាប់ៗ​គ្នា​។

លោកស្រីបាន​មាន​ប្រសាសន៍​ថា លោក​ស្រី​កំពុង​ធ្វើ​ការ​តវ៉ា​ប្រចាំថ្ងៃ​ប្រឆាំង​នឹង​ច្បាប់​ដែល​គេ​ដាក់​តាម​អំពើ​ចិត្ត​ និង​មិនមាន​ន័យ​ច្បាស់​លាស់​ដើម្បីរារាំង​ប្រជាជន​មិន​ឲ្យប្រើ​ទីលាន​ដែល​គេ​បង្កើត​ឡើង​សម្រាប់​​ធ្វើ​ការ​តវ៉ា​ជាសា ធារណៈ​នេះ​។

ក្រោយ​ពី​លោក​ស្រី​បាន​ទៅ​ដល់​ទី​នោះ​ក្រោយម៉ោង​៨​ព្រឹក​បន្តិច​ លោកស្រី​ មូរ​​ សុខ​ហួរ​ ប្រធាន​កិច្ច​ការ​សាធារណៈ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​​ត្រូវ​បាន​ឡោម​ព័ទ្ធ​ដោយ​នគរ​បាល​បង្ក្រាប​បាតុកម្ម​ និង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ​ដែល​ពាក់​មួក​សុវត្ថិភាព​។ បន្ទាប់​ពី​បាន​បង្ខំ​សមាជិកសភា​រូប​នេះ​ឲ្យចេញ​ពីទីលាន​នោះ​ នគរបាល​បាន​តាម​លោកស្រី​​តាម​មហា​វិថី​ព្រះ​នរោត្តម​។

លោកស្រី​បាន​សួរ​នៅទីលាន​នោះថា “តើ​​ពួក​គេ​ឃាត់​ខ្លួន​ខ្ញុ​ំ​តាម​ច្បាប់​មួយ​ណា​?”។ លោកស្រីបាន​ប្រាប់​មន្ត្រី​ទាំង​នោះថា “មន្ត្រី​​យុត្តិធម៌មាន​សិទ្ធិ​ឃាត់​ខ្លួន​ខ្ញុំ​ ប៉ុន្តែ ពួក​គេ​មិន​មែនជា​មន្ត្រី​យុត្តិធម៌​ទេ​។តើ​ខ្ញុំ​ធ្វើ​ខុស​ច្បាប់​មួយ​ណា​? អស់​លោក​គ្មាន​សិទ្ធិ​​ប៉ះ​ពាល់​​ខ្ញុំ​ទេ​”។

អាជ្ញា​ធរ​បាន​​វិល​ក្រោយ​វិញ​ នៅ​ពេល​ដែល​តំណាង​រាស្ត្រ​​រូបនេះ​បាន​ធ្វើ​​​ដំណើរ​ទៅ​ហួស​​វិមាន​ឯករាជ្យ​ឆ្ពោះ​ទៅ​ទីស្នាក់ការ​​របស់​គណបក្ស​សង្គ្រោះជាតិ​នៅសង្កាត់​ចាក់​អង្រែ​លើ​។

លោកស្រី​មាន​ប្រសាសន៍​សំដៅ​ដល់​អតី​ត​ ព្រះ​បរមរតនកោដ្ឋ​សម្តេច​ឪ​ នរោត្តម សីហនុ​ ថា “យើង​ត្រូវ​មាន​សិទ្ធិ​បញ្ចេញ​មតិ​។ អ្នក​ដែល ​មិន​ផ្តល់​សិទ្ធិ​ឲ្យ​យើង​គឺ​​មិនគោរព​ព្រះ​រាជ​​បន្ទូល​របស់​អតីត​ព្រះ​មហាក្សត្រ​ទេ​”។

សន្តិសុខ​ខណ្ឌ​ម្នាក់​ដែល​​បាន​ក្លាយ​ជា​កម្លាំង​បង្ក្រាប​បាតុកម្ម​របស់​រដ្ឋាភិបាល​ចាប់​តាំង​ពីការ​បោះឆ្នោត​​កាល​ពីខែ​កក្កដា​មក​​បាន​រអ៊ូថា “ខ្ញុំ​មិន​ដែល​ឃើញ​តំណាង​រាស្ត្រ​ណា​​ល្ងីល្ងើ​ជាង​លោកស្រី​ទេ​”។

លោក ឡុង​ ឌីម៉ង់ អ្នកនាំពាក្យ​សាលារាជ​ធានីមិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​។ ប៉ុន្តែ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ពុធថា លោកស្រី​ មូរ សុខហួរ​ ត្រូវតែ​សុំ​ការ​អនុញ្ញាត​ដើម្បី​ចូលទីលាន​ប្រជាធិប​តេយ្យ​​ដោយសារ​លោកស្រី​ចង់​ចាប់​ផ្តើម​ធ្វើ​ការ​តវ៉ា​​ជា​សាធារណៈ។

លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ទទួលស្គាល​់កាល​ពី​ថ្ងៃពុធ​ថា លោកស្រី​ មូរ  សុខ​ហួរ​ មិន​បាន​បំពាន​ច្បាប់​ណា​មួយ​ចំពោះការ​ចូលទី​លាន​ប្រជា​ធិប​តេយ្យ​ទេ​ ហើយ​លោក​បាន​ពន្យល់​ប្រាប់​ថា សន្តិសុខ​ខណ្ឌ​ធ្វើ​បែប​នេះ​ចំពោះលោក​ស្រី​ពីព្រោះ​ពួក​គេ​មិន​ចូល​ចិត្ត​លោកស្រី​”៕​​គឹមហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស