38 C
Phnom Penh

នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី​​បញ្ជាក់ពី​សំណើ​​ពាក់​ព័ន្ធ​នឹង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​​នៅ​ប្រទេសអូស្ត្រាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ប្រព័ន្ធផ្សព្វផ្សាយ​អូស្ត្រា​លី​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃសុក្រ លោក តូនី អាប់​បុត​ នាយក​រដ្ឋ​មន្ត្រីអូស្ត្រាលី​​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា​កំពុង​ពិភាក្សា​ជាមួយ​រដ្ឋា​​​ភិបាល​របស់លោក​ក្នុងការ​ទទួល​យក​​ជន​ភៀស​ខ្លួន​មួយ​ចំនួន​ដែល​​ព្យាយាម​​ធ្វើដំណើរ​មក​ដល់​​​ទឹក​ដី​​ប្រទេស​របស់​លោក។

សេចក្តី​ថ្លែងការ​ណ៍របស់​លោក អាប់បុត គឺ​ជា​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​លើក​ដំបូងពី​​រដ្ឋា​​​ភិបាល​របស់លោក​ដែល​ថា ប្រទេស​អូស្ត្រាលី​​បាន​​ពិភាក្សា​ពី​បញ្ហា​​នេះ​ជាមួយ​ប្រទេស​កម្ពុជា។

យោង​តាម​សាជីវកម្ម​ផ្សាយ​សំឡេង​​​របស់​​​​អូស្ត្រា​​​លី​​លោក អាប់​បុត​ បាន​មាន​ប្រសា​សន៍​ថា “ កម្ពុជា​ទទួលយកជន​ភៀស​ខ្លួន​ទាំង​​​​នេះ​ឬ​អត់​នោះ វា​ជា​​រឿង​​​របស់​កម្ពុជា។​យើង​រីក​​​រាយ​ក្នុងការ​ទទួល​​​បាន​​ការ​គាំទ្រ​រពី​ [ប្រទេស​បា៉ពូអាស៊ី នូវែល​​​ហ្គី​​​ណេ] និង​ប្រទេសណូរ៉ូ​ ហើយ​យើង​ទន្ទឹ​ងរង់​ចាំ​ការ​គាំទ្រ​បន្ថែម​ពី​ប្រទេស​ដទៃទៀត​​​​ក្នុង​តំបន់​រួម​ទាំង​​ប្រទេស​​​​​​​​​​កម្ពុជា​ផងដែរ”។

ប្រទេស​ប៉ាពូ អាស៊ី នូវែលហ្គីណេ បាន​យល់​ព្រម​ទទួល​យក​​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​មួយ​ចំនួន​ដែល​ឥឡូវ​នេះ​កំពុង​ត្រូវ​ឃុំ ខ្លួននៅ​កន្លែង​ឃុំខ្លួន​នៅ​តំបន់​ឆ្នេរ​របស់ខ្លួន ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ការ​​ទាម​ទារ​សិទ្ធិ​ជ្រក​កោន​​ស្រប​ច្បាប់​​​​មែន ប៉ុន្តែ​​បាន​លើក​ឡើង​ថា ខ្លួន​មិន​ទទួល​យក​​​​​​​ជន​ភៀស​ខ្លួន​ទាំង​​អស់​ឡើយ។

ការ​បញ្ជាក់ជា​ផ្លូវ​ការ​ពី​ការ​ចូលរួម​របស់​កម្ពុជា​នៅក្នុង​​គម្រោង​នេះ​កើត​​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ស្គុត​ ម៉ូរីសុន​ រដ្ឋ​មន្ត្រី​ក្រសួង​អន្តោ​ប្រវេស​ន៍​អូស្ត្រាលីមក​កាន់​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃព្រហស្បត​ិ៍​សម្រាប់​ជំនួប​ជា​​លក្ខណៈ​បុគ្គល​ជាមួយ​លោក ​​​ស​ ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

កាលពី​សប្តាហ៍មុន សារព័ត៌មាន​​​អូស្ត្រាលី​បាន​ដកស្រង់​សម្តី​លោក ម៉ូរីសុន ដែល​និយាយ​​​​​​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​គឺ​​ដើម្បី​​​​​ចង់​ដឹង​ថា តើ​​​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី ជូលី ប៊ីសប់​ រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសរបស់​​​​អូស្ត្រាលីនៅ​ទី​នេះ​កាលពី​ខែកុម្ភៈ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​លោក ហោ ណាំហុង​ សម​ភាគី​កម្ពុជា​​របស់​លោក​ស្រី ទទួល​បាន​លទ្ធផល​យ៉ាង​ណា។ទាំង​លោក ម៉ូរីសុន និង​លោកស្រី ប៊ីសប់​​ មិន​បាន​​បញ្ជាក់​ថា អូស្ត្រាលី​បាន​ស្នើឲ្យ​កម្ពុជា​​ទទួលយក​អ្នកស្វែង​រក​សិទ្ធិ​ជ្រកកោន​​​របស់​​​ខ្លួន​មួយ​ចំនួន​ឡើយ។ក៏ប៉ុន្តែ​លោក​ ហោ ណាំហុង បាន​ទម្លាយ​ព័ត៌មាន​នេះ​​ភ្លាម​ៗបន្ទាប់​​​​​​​​​​​​ពី​ជំនួប​របស់លោក​ជាមួយ​លោកស្រី ប៊ីសប់ កាលពី​ខែកុម្ភៈ ដោយ​លើកឡើង​ថា កម្ពុជា​នឹង​ “ ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត​្ន” នូវ​សំណើនេះ។

លោក​ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហា​​​​​​ផ្ទៃ​បាន​មាន​ប្រសាសន៍​កាលពី​ខែមុនថា ​គណៈកម្មការ​ពិសេស​មួយ​នឹង​ត្រូវ​បង្កើត​​​ឡើង​ដើម្បី​សិក្សា​អំពី​សំណើ​សុំ​ឲ្យ​ទទួល​យក​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​របស់​អូស្ត្រាលី​នេះ​។ ទោះជា​យ៉ាង​ណា កាល​ពី​ម្សិល​មិញ លោក​​​​​​​បាន​បដិសេធមិន​និយាយអំពី​ជំនួប​កាលពី​ថ្ងៃព្រហស្បតិ៍​រវាង​លោក ម៉ូរីសុន និង​លោក ស ខេង ឡើយ​។លោក​​​ថ្លែង​​​​​​ថា “ វា​ជា​ជំនួប​បិទ​ទ្វារ ដូច្នេះ​មិន​មាន​ព័ត​៌មាន​ទេ”។

កាលពី​ថ្ងៃសៅរ៍ ទីភ្នាក់​ងារព័ត៌មាន​ឌឹ ហា្គាឌាន​ បាន​រាយការណ៍​អំពី​ការ​សន្និដ្ឋាន​​ថា ​នៅ​ក្នុង​កិច្ច​​​​ព្រមព្រៀង​នេះ​ ប្រទេស​កម្ពុជា​នឹង​​ទទួល​យក​ជន​ភៀស​ខ្លួន​រហូត​ដល់​១០០​នាក់​​ជាថ្នូរ​នឹង​ទឹក​ប្រាក់​ចំនួន​៤០លាន​ដុល្លារ។

ព័​ត៌មាន​​អំពី​ផែនការ​នេះ​បាន​រង​ការ​រិះ​គន់​យ៉ាងខ្លាំង​ពី​​អង្គការ​សិទ្ធិមនុស្ស​ និង​សមា​​​ជិក​សភា​គណបក្ស​ប្រឆាំងទាំង​​ក្នុង​ប្រទេស​អូស្ត្រាលី និង​កម្ពុជា។ ពួកគេ​ចោទ​រដ្ឋា​ភិបាល​​​​​​​របស់លោក​ អាប់​បុត ថាខ្វះ​​​ការ​ទទួល​ខុស​​​ត្រូវ​​​​ចំពោះ​អ្នកស្វែង​រក​សិទ្ធិ​ជ្រកកោន​ទាំង​នេះ។

ពួកគេ​បន្ថែមថា កម្ពុជា​​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​តំបន់​​​​ដែល​មាន​​​ប្រវត្តិ​មិន​ល្អ​​ក្នុង​ការ​​ដោះ​ស្រាយ​ជា​មួយ​​អ្នកស្វែង​រក​សិទ្ធិជ្រក​កោន គឺ​ជា​​កន្លែង​មិន​ត្រឹម​ត្រូវ​​ក្នុង​ការ​​​ដាក់​​​ជន​ភៀស​ខ្លួន​​ដែលគេចខ្លួនពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​ស្ថាន​​​ភាព​លំបាក៕សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស