សកម្មជនសិទ្ធិដីធ្លី និងព្រៃឈើជាង១២០នាក់មកពីទូទាំងប្រទេសបានប្រមូលផ្ដុំគ្នាក្នុងខេត្តកោះកុង កាលពីថ្ងៃសៅរ៍ ដើម្បីរំឭកខួប២ឆ្នាំ នៃការស្លាប់លោក ឈុត វុទ្ធី ដែលត្រូវមន្ត្រីកងរាជអាវុធហត្ថម្នាក់បាញ់សម្លាប់ ខណៈពេលលោកកំពុងស៊ើបអង្កេតការកាប់ឈើខុសច្បាប់កាលពីឆ្នាំ២០១២។

អ្នកចូលរួមដែលមកពីខេត្តព្រះវិហារ បានប្រមូលផ្ដុំគ្នានៅកន្លែងដែលលោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់ក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីសម្ដែងការគោរពរបស់ខ្លួន។
លោក ឈឹម សាវុធ នាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិ ជាអង្គការឃ្លាំមើលបរិស្ថានដែលលោក ឈុត វុទ្ធី បានបង្កើតឡើងនិងគ្រប់គ្រងរហូតដល់គាត់ស្លាប់នោះ បានមានប្រសាសន៍ថា “យើងបានធ្វើរូបសំណាកលោក ឈុត វុទ្ធី ជាមួយមែកឈើ និងស្លឹកឈើ។
អ្នកចូលរួមក៏បានផ្ដិតមេដៃលើញត្តិមួយអំពាវនាវឲ្យស៊ើបអង្កេតការសម្លាប់សកម្មជនព្រៃឈើរូបនេះឡើងវិញ។ លោក សាវុធ មានប្រសាសន៍ថា “យើងសង្ឃឹមថា រដ្ឋាភិបាលនឹងធ្វើការស៊ើបអង្កេតឡើងវិញ ដើម្បីស្វែងរកជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់”។
ការស៊ើបអង្កេតដែលមានភាពមិនប្រក្រតី និងមានការផ្លាស់ប្ដូរសេនារីយ៉ូ បានសន្និដ្ឋានថា លោក អុិន រតនា ជាមន្ត្រីកងរាជអាវុធហត្ថបានបាញ់សម្លាប់លោក ឈុត វុទ្ធី បន្ទាប់មកបានបាញ់សម្លាប់ខ្លួនឯង នៅពេលដែលសន្តិសុខឯកជនម្នាក់បានព្យាយាមដណ្តើមកាំភ្លើងពីគាត់។
ការសើុបអង្កេតនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្សដែលបានលើកឡើងថា ខ្វះភ័ស្តុតាងនិងការយកចិត្តទុកដាក់គឺជារឿងគួរឲ្យព្រួយបារម្ភ។ នៅពេលរឿងក្តីសន្តិសុខឈ្មោះ រ៉ាន់ បូរ័ត្ន បានដល់ដៃតុលាការ ក្រុមមន្ត្រីបានប្រកាសថា មិនចាំបាច់ធ្វើការស៊ើបអង្កេតបន្ថែមលើការស្លាប់លោក ឈុត វុទ្ធី ទេ ពីព្រោះលោក អុិន រតនា ស្លាប់បាត់ទៅហើយ។
លោក ជ័យ ឧត្តមរស្មី អាយុ២២ឆ្នាំ ជាកូនប្រុសរបស់លោក ឈុត វុទ្ធី បាននិយាយថា គាត់នៅមានការខកចិត្តដដែលចំពោះកង្វះយុត្តិធម៌នេះ។ គាត់បាននិយាយថា “ខ្ញុំក្រៀមក្រំណាស់ចំពោះការបាត់បង់ឪពុករបស់ខ្ញុំ ពីព្រោះរដ្ឋាភិបាលមិនបានស្វែងរកជនដៃដល់ឡើយ”។
លោក ឧត្តមរស្មី បាននិយាយថា លោកមានបំណងដាក់ពាក្យបណ្ដឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិជុំវិញការសម្លាប់ឪពុករបស់លោក “ពីព្រោះយើងគ្មានជំនឿលើតុលាការកម្ពុជាទេ ព្រោះពួកគេធ្វើការក្រោមសម្ពាធអ្នកមានអំណាច”។
ការលើកឡើងនេះត្រូវបានគាំទ្រដោយមនុស្សជាច្រើនដែលបានចូលរួមនៅក្នុងពិធីនោះ។ រិន ចាន់រិទ្ធ ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតជាង២០នាក់ដែលបានចូលរួមពិធីនោះនិយាយថា “ ខ្ញុំជឿថា ការបាញ់សម្លាប់លោក ឈុត វុទ្ធី គឺជារឿងអយុត្តិធម៌ ហើយអំពើអយុត្តិធម៌បែបនេះនឹងបន្តកើតមាន ប្រសិនបើ យើងរកជនដៃដល់មិនឃើញទេ”៕ សារុន