ថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃសុក្រ បានផ្ទុះអំពើហិង្សា ប៉ុន្តែបានបញ្ចប់ដោយការរាំច្រៀងនៅខាងមុខព្រះបរមរាជវាំង បន្ទាប់ពីគណបក្សសង្គ្រោះជាតិបានដង្ហែក្បួននៅក្នុងរាជធានីភ្នំពេញ អំឡុងពេលរសៀល។

គម្រោងហែក្បួនរបស់គណបក្សសង្គ្រោះជាតិចេញពីទីស្នាក់ការគណបក្សរបស់ខ្លួននៅក្នុងខណ្ឌមានជ័យ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យត្រូវបានផ្លាស់ប្ដូរ បន្ទាប់ពីកងសន្តិសុខខណ្ឌដូនពេញបានវាយប្រហារជាថ្មីម្ដងទៀតទៅលើមន្ត្រីគណបក្សសង្គ្រោះជាតិមួយក្រុម អ្នកគាំទ្រ និងអ្នកកាសែត ដែលរង់ចាំនៅជិតទីលាននេះនៅលើដងមហាវិថីព្រះនរោត្តម។
ដោយប្ដេជ្ញារារាំងមិនឲ្យមានការប្រមូលផ្ដុំគ្នានៅជិតទីលានប្រជាធិបតេយ្យ ដែលត្រូវបានបិទច្រកជិតដោយរបាំងដែក និងលួសបន្លា កងសន្តិសុខបានប្រដេញអ្នកណាក៏ដោយ ដែលព្យាយាមឈប់នៅជិតសួនច្បារប៉ែកខាងកើតនៃទីលានប្រជាធិបតេយ្យពេញមួយរសៀល ដោយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ប្រាំនាក់រងរបួសនៅក្នុងសកម្មភាពវាយប្រហារដាច់ដោយឡែកពីគ្នា។
ក្នុងចំណោមអ្នករងរបួសទាំងនោះមានដូចជា លោក ញ៉យ ចំរើន តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលកំពង់ចាម និងឈ្មោះ ឡាយ សាមាន អ្នកយកព័ត៌មានរបស់សំឡេងប្រជាធិបតេយ្យ VOD។
លោក ញ៉យ ចំរើន ដែលបានរងការវាយប្រហារនៅម៉ោងប្រហែល៣រសៀល បានមានប្រសាសន៍តាមទូរស័ព្ទកាលពីល្ងាចថ្ងៃសុក្រថា លោកបានប្រេះលលាដ៍ក្បាល និងរងរបួសជើងឆ្វេងដោយសារស្នាដៃក្រុមសណ្ដាប់ធ្នាប់ពាក់អាវកាក់ប៉ារ៉ា និងមួកសុវត្ថិភាព ដែលប្រដាប់ដោយដំបង និងដំបងដែក។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំជាតំណាងរាស្ត្រ [សមាជិកសភា] ហើយពួកគេនិយាយថា ពួកគេមិនខ្វល់ទេ ហើយក៏ចាប់ផ្ដើមវាយខ្ញុំ”។ លោកបានមានប្រសាសន៍ទៀតថា លោកនឹងពិភាក្សាជាមួយមេដឹកនាំគណបក្សនៅថ្ងៃស្អែកថា តើត្រូវដាក់ពាក្យប្ដឹងកម្លាំងសន្តិសុខរាជធានីឬក៏អត់។
លោក អ៊ុក ពេជ្រសំណាង ជាអ្នកឈរមើលដែលបានស្ទុះចូលរាំងការពារលោក ញ៉យ ចំរើន កុំឲ្យកងសន្តិសុខទាំងនេះវាយ បានរងការវាយដំធ្ងន់ជាងគេ ដោយត្រូវកងសន្តិសុខវាយផ្ទួនៗទៅលើក្បាល និងរាងកាយរបស់គាត់។
មិនយូរប៉ុន្មានបន្ទាប់ពីការវាយប្រហារនេះ លោក ពេជ្រសំណាង និយាយថា គាត់គ្រាន់តែមានបំណងចង់ការពារតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំងរូបនេះប៉ុណ្ណោះ។ គាត់និយាយថា “ខ្ញុំគ្រាន់តែចង់ជួយឯកឧត្តម [លោក ចំរើន] ប៉ុណ្ណោះ។ ទោះបីជាពួកគេវ៉ៃខ្ញុំម្ដងទៀត ក៏ខ្ញុំនឹងនៅតែបន្តទាមទារសិទ្ធិប្រជាធិបតេយ្យរបស់ខ្ញុំដដែល”។
ប្រហែល១ម៉ោងក្រោយមក កងសន្តិសុខបានឡោមព័ទ្ធព្រះតេជគុណ លួន សុវ៉ាត ដែលតែងតែថតវីដេអូសកម្មភាពតវ៉ា និងការហែក្បួនរបស់គណបក្សប្រឆាំង ពេលនោះក្រុមអ្នកយកព័ត៌មានមកពីVOD បានស្ទុះចូលទៅថត។ ប៉ុន្តែនៅពេលអ្នកកាសែតចូលទៅជិត កងសន្តិសុខបានងាកមកប្រដេញអ្នកយកព័ត៌មានទាំងនេះវិញ ហើយទីបំផុតបានវាយផ្ទួនៗទៅលើលោក ឡាយ សាមាន បន្ទាប់ពីគាត់ដួលទៅនឹងដី។
លោក ណុប វី ប្រធានផ្នែកផ្សព្វផ្សាយនៅ VOD បានមានប្រសាសន៍ថា “នៅពេលនោះអ្នកយកព័ត៌មានរបស់យើងបានថតរូប ហើយនៅពេលនគរបាលឃើញ ពួកគេក៏ងាកមកវាយប្រហារពួកយើង។ អ្នកយកព័ត៌មានរបស់យើងបាននាំគ្នារត់ ប៉ុន្តែជាសំណាងអាក្រក់អ្នកយកព័ត៌មានម្នាក់របស់យើងបានជំពប់ជើងដួល ហើយនគរបាលក៏បានវាយដំគាត់” ។
លោកមានប្រសាសន៍បន្តថា “ពួកយើងពាក់កាតសម្គាល់ខ្លួន និងប័ណ្ណព័ត៌មានរបស់ក្រសួងព័ត៌មាន ប៉ុន្តែទោះបីជាពួកគេឃើញកាតព័ត៌មានរបស់យើងក៏ដោយ ក៏ពួកគេនៅតែវ៉ៃដែរ” ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ពេលនេះលោក ឡាយ សាមាន កំពុងសម្រាកព្យាបាលរបួសក្បាល និងរាងកាយនៅមន្ទីរពេទ្យ។
ងាកទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិឯណោះវិញ អ្នកគាំទ្រគណបក្សប្រឆាំងបានជិះរ៉ឺម៉កម៉ូតូកង់បី និងម៉ូតូចេញដំណើរនៅម៉ោង៣ និង៣០នាទីរសៀលសម្រាប់ការហែក្បួនធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ហើយក្បួននេះបានរីកធំទៅៗរហូតដល់មានគ្នាជាង១.០០០នាក់ នៅពេលលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានជួបជុំជាមួយនឹងការហែក្បួននេះនៅម៉ោង៥ល្ងាច។
ដោយហែកាត់កណ្ដាលរាជធានីភ្នំពេញ ឆ្លងកាត់ក្បួនកងរាជអាវុធហត្ថដែលតម្រង់គ្នាជាជួរបិទកំណាត់មហាវិថីព្រះសីហនុ នៅចំណុចផ្លូវលេខ៥១ និងដាក់របាំងបិទផ្លូវឆ្ពោះទៅរដ្ឋសភា ការហែក្បួនរបស់គណបក្សសង្គ្រោះជាតិបានមកឈប់នៅខាងមុខព្រះបរមរាជវាំងលើតីរវិថីស៊ីសុវត្ថិ។
លោក សម រង្ស៊ី និងលោក កឹម សុខា បានឡើងលើរថយន្តធំមួយគ្រឿងដែលបំពាក់ដោយឧគ្ឃោសនសព្ទចាក់តន្ត្រីឮៗអំឡុងពេលហែក្បួននេះ ហើយបានថ្លែងទៅកាន់អ្នកគាំទ្រគណបក្សប្រឆាំងប្រហែល៥០០នាក់ ខណៈកងរាជអាវុធហត្ថដែលតម្រង់គ្នាជាជួរសម្លឹងមើល។
ដោយខិតខំពុះពារគោរពតាមបទបញ្ជារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) កុំឲ្យវាយប្រហារគណបក្សនយោបាយផ្សេង អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះ លោក សម រង្ស៊ី បានមានប្រសាសន៍ម្ដងហើយម្ដងទៀតថា គណបក្សរបស់លោកនឹងមិនវាយប្រហារលើគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចឡើយ ប៉ុន្តែគ្រាន់តែព្យាយាមការពារប្រទេសជាតិប៉ុណ្ណោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ” ប្រសិនបើយើងគាំទ្រគណបក្សប្រជាជនកម្ពុជា ពួកគេនឹងមិនដោះស្រាយរាល់បញ្ហាទាំងអស់នេះទេ ហើយប្រទេសជាតិនឹងរងការបំផ្លាញ។ សូមកុំគិតថា ពេលនេះខ្ញុំកំពុងវាយប្រហារនរណាម្នាក់ឲ្យសោះ។ ខ្ញុំចង់ប្រកាសទៅប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាថា សូមរួបរួមគ្នាដើម្បីជួយប្រទេសជាតិ។ ខ្ញុំមិនយកពេលវេលានេះដើម្បីវាយប្រហារទេ គ្រាន់តែដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររួបរួមគ្នា និងស្រឡាញ់គ្នាប៉ុណ្ណោះ” ។
បន្ទាប់ពីសុន្ទរកថាដ៏ខ្លីថ្លែងដោយលោក កឹម សុខា និងលោកស្រី មូរ សុខហួរ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រឆាំង ជាថ្មីម្ដងទៀត លោក សម រង្ស៊ី បានកាន់ម៉ៃក្រូហ្វូននិយាយប្រាប់ឲ្យអ្នកចូលរួមហែក្បួនរាំអបអរជាមួយលោក។
ដោយមានកងរាជអាវុធហត្ថរាប់រយនាក់តម្រង់គ្នាជាជួរនៅសួនច្បារខាងមុខព្រះបរមរាជវាំង ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបានចាប់ផ្ដើមបំបែកហ្វូង ហើយចរាចរណ៍តាមបណ្ដោយតីរវិថីស៊ីសុវត្ថិក៏ចាប់ផ្ដើមដំណើរការឡើងវិញនៅម៉ោងជាង៧យប់។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃសុក្រ ជាការបំពានសេចក្ដីណែនាំរបស់គ.ជ.ប. មិនឲ្យប្រើប្រាស់រយៈពេលធ្វើយុទ្ធនាការសម្រាប់ធ្វើបាតុកម្មសាធារណៈ។
លោកបានថ្លែងឲ្យដឹងថា ” វាមិនត្រឹមត្រូវទេ ពីព្រោះយើងបានប្រាប់ពួកគេរួចហើយកុំឲ្យធ្វើយុទ្ធនាការនៅតាមទីសាធារណៈ ប៉ុន្តែយើងនឹងប្ដឹងទៅគ.ជ.ប.ឲ្យស្វែងរកដំណោះស្រាយដើម្បីបញ្ឈប់ឬមិនអនុញ្ញាតឲ្យធ្វើយុទ្ធនាការនេះ។ ប៉ុន្តែនោះមិនមែនមានន័យថា យើងនឹងបង្ក្រាបទេ”។
លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា ក្រុមមេដឹកនាំគណបក្សប្រឆាំងនឹងដឹកនាំការហែក្បួនមួយទៀតនៅរសៀលថ្ងៃស្អែក ដោយចាប់ផ្ដើមនៅម៉ោង៤រសៀល បន្ទាប់ពីលោក សម រង្ស៊ី និងលោក កឹម សុខា វិលត្រឡប់ពីការហែក្បួនធ្វើយុទ្ធនាការឃោសនាក្នុងខេត្តព្រៃវែងវិញ។
អំឡុងរយៈពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារយៈពេលពីរសប្ដាហ៍ “រាល់ពេលរសៀលម៉ោង៤ មេដឹកនាំទាំងពីរនឹងធ្វើយុទ្ធនាការឃោសនារៀងរាល់ថ្ងៃ”។
ខណៈដែលក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិប្រឈមមុខនឹងកងសន្តិសុខកាលពីរសៀលថ្ងៃសុក្រ លោកស្រី មូរ សុខហួរ លោក សម រង្ស៊ី និងលោក កឹម សុខា បានទៅកាន់ស្ថានទូតអាមេរិក ជាទីដែលពួកលោកបានជួបជាមួយលោក វីលៀម ថូត (William Todd) ឯកអគ្គរដ្ឋទូតអាមេរិក នេះបើយោងតាមលោកស្រី មូរ សុខហួរ។
លោកស្រីបានមានប្រសាសន៍ថា “យើងជួបគ្នាជាទៀងទាត់ មិនមែនត្រឹមតែជួបជាមួយអាមេរិកទេ ក៏ជួបជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបផងដែរ ពីព្រោះយើងបារម្ភយ៉ាងខ្លាំងអំពីការប្រើកងសន្តិសុខនិងការប្រើអំពើហិង្សារបស់ពួកគេក្នុងរយៈពេលពីរបីថ្ងៃមកនេះ”។ លោកស្រីបានបន្ថែមថា “សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនៅរក្សាជំហរដូចគ្នា ដោយមានសំឡេងរួមគ្នាតែមួយ យើងចង់បើកទីលានប្រជាធិបតេយ្យឡើងវិញ។ ទីលានប្រជាធិបតេយ្យត្រូវតែជាកន្លែងសម្រាប់ប្រជាពលរដ្ឋ”។
លោក សៀន ម៉ាកគីនតុស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកបានបដិសេធមិនអត្ថាធិប្បាយអំពីការសន្ទនារវាងលោក វីលៀម ថូត និងមេដឹកនាំគណបក្សសង្គ្រោះជាតិឡើយ ប៉ុន្តែបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែបារម្ភអំពីស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
លោកបានមានប្រសាសន៍ថា “យើងមិនពាក់ព័ន្ធនឹងយុទ្ធការនយោបាយនៅទីនេះទេ។ ស្ថានទូតបារម្ភអំពីដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ឲ្យតែយើងអាចជួយបាន យើងនឹងបន្តជួយធានាថា លទ្ធិប្រជាធិបតេយ្យ គឺជាបញ្ហាដំបូងដែលយើងត្រូវដោះស្រាយ ហើយធ្វើឲ្យប្រាកដថា ប្រជាពលរដ្ឋកម្ពុជាទទួលអត្ថប្រយោជន៍ពីវា”៕ សុខុម
(រាយការណ៍បន្ថែមដោយ Alex Willemyns និង ម៉ិច ដារ៉ា)