30.4 C
Phnom Penh

គណ​បក្ស​​​តូច​​​មួយ​​​ ​សង្ឃឹម​ថា​នឹង​បាន​​​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្ត​​​សៀមរាប– គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​​​​ (LDP) បាន​​​រង់ចាំ​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​មកហើយ​​​ដើម្បី​​​បង្កើន​​​គោលនយោបាយ​​​របស់​​​ខ្លួន​​​ពី​​​ថ្នាក់​​​ឃុំ​​​​​សង្កាត់​​​ទៅ​​​​​ថ្នាក់​​​ស្រុក​​​ខណ្ឌ​​​។

គណបក្ស​​​តូច​​​មួយ​​​នេះ​​​​​​ ដែល​​​និយាយ​​​អំពី​​​អំណាច​​​ប្រជាពលរដ្ឋ​​​ជា​​​ជាង​​​អំណាច​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​នោះ បាន​​​នៅ​​​ស្ងៀម​​​ស្ងាត់​​​ ខណៈ​​​ពេល​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បា​​​ន​​​​​​ប្រឆាំង​​​គ្នា​​​នៅ​​​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​កាល​​​ពីឆ្នាំ​​​២០១៣។

ប៉ុន្តែ​​​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែឧសភា សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​ទូទាំង​​​ប្រទេស​​​នឹង​​​បោះឆ្នោត​​​ជ្រើសរើស​​​​​​​ក្រុម​​​ប្រឹក្សា​​​​រាជធានី ខេត្ត​​​ ក្រុង ​​​ស្រុក ​​​ខណ្ឌ។ នៅ​​​ក្នុង​​​ខេត្ត​​​សៀមរាប​​​​​​ ដែល​​​មាន​​​អ្នក​​​​​​គាំទ្រ​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​​​ គណបក្ស​​​នេះ​​​មាន​​សិទ្ធិ​​​ដាក់​​​លោក​​​ សៅ សុភិន​​​ អាយុ​​​៣៧​​​ឆ្នាំ​​​ជា​​​អ្នក​​​ស្មោះត្រង់​​​គណបក្ស​​​ឲ្យ​​​ឈរ​​​ឈ្មោះ​​​ជា​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ស្រុក​​​សូទ្រ​​​និគម។

នៅ​​​ថ្ងៃ​​​បោះឆ្នោត​​​ សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​-សង្កាត់​​​៨២​​​រូប​​​នឹង​​​បោះឆ្នោត​​ជ្រើស​​​រើស​​​​ក្រុម​​​ប្រឹក្សា​​​ស្រុក​​​សូទ្រនិគម​​​ចំនួន​​​១៩រូប​​ មានន័យ​​​ថា​​​ សំឡេង​​​ឆ្នោត​​​៤​​​សំឡេង​​​ នឹង​​​ទទួល​​​បាន​​​១​​​អាសនៈ​​​។ គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ ដែល​​​មាន​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​ប្រាំ​​​រូប​​​ទៅ​​​បោះឆ្នោត​​​នោះ ​​​ត្រៀម​​​ខ្លួន​​​បង្កើន​​​សំឡេង​​​​​នយោបាយ​​​របស់​​​ខ្លួន​​​ទៅ​​​ថ្នាក់​​​​​​លើ​​​បន្ទាប់​​​ទៀត​​​ឲ្យ​​​តែ​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​យ៉ាង​​​តិច​​​បួន​​​​​​​​​រូប​​​នៅ​​​ស្មោះ​​​ត្រង់​​​ចំពោះ​​​គណបក្ស​​​របស់​​​ខ្លួន​​​។

លោក​​​ ស៊ុង​​​ ដានី ប្រធាន​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​   បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្វី​​​ក៏​​​ដោយ​​​អាស្រ័យ​​​លើ​​​ការ​​ទុក​​​ចិត្ត​​​។ អ្នក​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ​​​ស្មោះត្រង់​​​ជានិច្ច​​​​ចំពោះ​​​​​​គណបក្ស​​​ប៉ុន្តែ​​​ពួក​​​គេ​​​គិត​​​ថា ប្រសិន​​​បើ​​​ពួក​​​គេ​​​ក្បត់​​​គណបក្ស​​​ ពួក​​​គេ​​​ក្បត់​​​ខ្លួន​​​ឯង​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “ដូច្នេះ​​​ពួក​​​គេ​​​ដឹង​​​ថា ប្រសិន​​​បើ​​​ពួក​​​គេ​​​ព្យាយាម​​​បំផ្លាញ​​​គណបក្ស​​​ មាន​​​ន័យ​​​ថា ពួក​​​គេ​​​ព្យាយាម​​​បំផ្លាញ​​​ខ្លួន​​​ឯង។ ពួក​​​គេ​​​នឹង​​​មិន​​​ធ្វើ​​​អ៊ីចឹង​​​ទេ​​​”។

ស្រុក​​​សូទ្រ​​​និគម​​​នៅ​​​ចន្លោះ​​​ស្រុក​​​ពីរ​​​នៅ​​​​​​ភាគ​​​ខាង​​​កើត​​​ក្រុង​​​សៀម​​​រាប​​​ ហើយ​​​ភាគខាង​​​ត្បូង​​​ជាប់​​​បឹង​​​ទន្លេ​​​សាប​​​។ វា​​​ជា​​​តំបន់​​​ជនបទ​​​ ដែល​​​ញាំញី​​​ដោយ​​​វិវាទ​​​ដីធ្លី​​​ និង​​​កង្វះ​​​ការងារ​​​ធ្វើ​​​។

ប៉ុន្តែ ថ្វីបើ​​​មាន​​​សង្ឃឹម​​​ថា គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ  នឹង​​​ទទួល​​​បាន​​​សំឡេង​​​គាំទ្រ​​​នៅ​​​ថ្នាក់​​​ស្រុក​​​ក៏​​​ដោយ​​​ ក៏​​​​​​លោក​​​ សុភិន​​​ ដែល​​​ជា​​​បេក្ខជន​​​ មិន​​​មាន​​​សុទិដ្ឋិនិយម​​​ថា លោក​​​​​អាច​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​បាន​​​ឡើយ​​​។

លោក​​​ សុភិន បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​បញ្ហា​​​ច្រើន​​​នៅ​​​ក្នុង​​​ស្រុក​​​នេះ​​​​​​ ប៉ុន្តែ​​​ខ្ញុំ​​​មិន​​​អាច​​​ឈរ​​​មើល​​​វិវាទ​​​ដីធ្លី​​​ និង​​​បញ្ហា​​​ដទៃ​​​ទៀត​​​បាន​​​ឡើយ​​​”។​​ លោក​​​បាន​​​បន្ថែម​​​ថា “ខ្ញុំ​​​ពិតជា​​​គ្មាន​​​មធ្យោបាយ​​​ដោះស្រាយ​​​បញ្ហា​​​ទាំង​​​នោះ​​​ទេ​​​។ មាន​​​តែ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជាប៉ុណ្ណោះ​​​មាន​​​អំណាច​​​​​​ ប៉ុន្តែ​​​ខ្ញុំ​​​អាច​​​បន្ត​​​អប់រំ​​​ប្រជាពលរដ្ឋ​​​ឲ្យ​​​យល់​​​ដឹង​​​អំពី​​​របៀប​​​ទំនាក់​​​ទំនង​​​ក្នុង​​​សង្គម​​​ និង​​​បង្រៀនពួកគាត់​​​​​​អំពី​​​កម្មវិធី​​​នយោបាយ​​​របស់​​​គណបក្ស​​​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​”។

គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ  មាន​​​ “យន្តការ​​​ប្រាំបី​​​ចំណុច” ជា​​​គោល​​​នយោបាយ​​​របស់​​​ខ្លួន​​​។ គោល​​​បំណង​​​នៃ​​​យន្តការ​​​ទាំង​​​នោះ​​​​​​ គឺ​​​យក​​​អំណាច​​​ពី​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ប្រគល់​​​ទៅ​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​សាមញ្ញ​​​។ កម្មវិធី​​​នយោបាយ​​​របស់​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ រួម​​​មាន​​​ការ​​​កំណត់​​​អាណត្តិ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ មិន​​​អនុញ្ញាត​​​ឲ្យ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ជួល​​​អង្គរក្ស​​​ផ្ទាល់​​​ខ្លួន​​​ ​​​និង​​​ឲ្យ​​​រដ្ឋ​​​ជា​​​អ្នក​​​កសាង​​​​​​និង​​​ឃ្លាំ​​​មើល​​​​​​ភូមិ​​​គ្រឹះ​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ដើម្បី​​​កុំ​​​ឲ្យ​​​គាត់​​​លាក់​​​អាវុធ​​​ ដើម្បី​​​ប្រើប្រាស់​​​ប្រឆាំង​​​សត្រូវ​​​នយោបាយ​​​របស់​​​ខ្លួន។

ប៉ុន្តែ​​​ ខណៈ​​​ដែល​​​គោលនយោបាយ​​​របស់​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ  មាន​​​គោលបំណង​​​ច្បាស់​​​លាស់​​​ក្នុងការ​​​កែទម្រង់​​​រដ្ឋាភិបាល​​​ដែល​​​ដឹកនាំ​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន​​ នោះ ការ​​​គំរាម​​​កំហែង​​​ខ្លាំង​​​ក្លា​​​ចំពោះ​​​មហិច្ឆតា​​​អំណាច​​​ថ្នាក់​​​​​​ស្រុក​​​របស់​​​ខ្លួន​​​ គឺ​​​ជា​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​ដឹកនាំ​​​ដោយ​​​លោក​​​ សម រង្ស៊ី​​​។

ថ្លែង​​​នៅ​​​ក្រៅ​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ កាល​​​ពី​​​ម្សិលមិញ​​​ លោក​​​ ឆុន​​​ គឹម​​​ឃន សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​គណបក្ស​​​ សម រង្ស៊ី ដែល​​​នឹង​​​​​​បោះឆ្នោត​​​នៅ​​​ក្នុង​​​ស្រុក​​​សូទ្រ​​​និគម បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​ជំនឿថា យ៉ាង​​​ហោច​​​ណាស់​​​សមា​​​ជិក​​​ម្នាក់​​​ក្នុង​​​ចំណោម​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ប្រាំ​​​នាក់​​​របស់​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ នឹង​​​បោះឆ្នោត​​​ឲ្យ​​​គណ​​​បក្ស​​​របស់​​​ខ្លួន​​​។

លោក​​​ គឹមឃន បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រធាន​​​គណបក្ស​​​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​ គាត់​ដឹង​​​​ពី​​​អ្វី​​​ដែល​​​​​​គាត់​​ចង់​​​បាន​​​​ ប៉ុន្តែ​​​យើង​​​ដឹង​​​ថា សមាជិក​​​មួយ​​​ចំនួន​​​របស់​​​លោក​​​ មាន​​​គម្រោង​​​បោះឆ្នោត​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​”។

ហើយ​​​មិន​​​ដូច​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​ ដែល​​​បាន​​​ធ្វើ​​​យុទ្ធនាការ​​​​​តាម​​​ផ្លូវ​​​ទូទាំង​​​ប្រទេស​​​ ដើម្បី​​​កៀងគរ​​​អ្នក​​​គាំទ្រ​​​នៅ​​​មុន​​​ការ​​​បោះឆ្នោត​​​នៅ​​​ចុង​​​ខែ​​​នេះ​​​នោះ​​​ទេ​​​​​​ គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ បាន​​​ធ្វើ​​​យុទ្ធនាការ​​​តិច​​​តួច​​​តែ​​​ប៉ុណ្ណោះ។

នៅ​​​ក្នុង​​ក្រុង​​​សៀម​​​រាប​​​កាល​​​ពី​​​ម្សិលមិញ​​​ ម៉ូតូ​​​មួយ​​​គ្រឿង​​​ដែល​​​មាន​​​ឧគ្ឃោសន​​​សព្ទ​​​ចង​​​ភ្ជាប់​​​​​​ទៅ​​​​​​នឹង​​​​​​ដៃ​​​ម៉ូតូ​​​បាន​​​បើក​​​ទៅ​​​កាន់​​​ទីស្នាក់​​​ការ​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ ។ អ្នក​​​បើក​​​បរបាន​​​បើក​​​ជំុវិញ​​​ក្រុង​​​នេះ​​​ ដោយ​​​ចាក់​​​ចម្រៀង​​​រៀប​​​រាប់​​​អំពី​​​គោលនយោបាយគណបក្ស​​​ គឺ​​​ “យន្តការ​​​ទាំង​​​ប្រាំបី​​​ចំណុច​​​”។

លោក​​​ ដានី​​​ ជា​​​ប្រធាន​​​គណបក្ស​​​ខេត្ត​​​នេះ​​​បាន​​​ពន្យល់​​​ថា “យើង​​​មិន​​​មាន​​​យុទ្ធនាការ​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ទេ​​​។ យើង​​​គ្រាន់តែ​​​ធ្វើ​​​យុទ្ធនាការ​​​នៅ​​​ជុំ​​​វិញ​​​ក្រុង​​​ ហើយ​​​ចែក​​​ខិត្តប័ណ្ណ​​​តូចៗ​​​ និង​​​​​មានបដា​​​ធំៗ ដើម្បី​​​បង្ហាញ​​​ពី​​​គោល​​​នយោបាយ​​​របស់​​​យើង​​​តែ​​​ប៉ុណ្ណោះ​​​។ យើង​​​បញ្ចុះ​​​បញ្ចូល​​​ប្រជាពលរដ្ឋ​​​ឲ្យ​​​យល់​​​ដឹង​​​ពី​​​គោល​​​នយោបាយ​​​របស់​​​យើង​​​ជាជាង​​​ការ​​​បោះឆ្នោត​​​”។

លោក​​​ សន សុភាព​​​ អាយុ​​​៣៤​​​ឆ្នាំ​​​លក់​​​ចំណី​​​សត្វ​​​ និង​​​ស្រាបៀរ​​​​​​នៅ​​​ក្នុង​​​តូប​​​តូច​​​មួយ​​​​​ប្រឡាក់​​​សុទ្ធតែ​​​ធូលី​​​នៅ​​​តាម​​​ផ្លូវ​​​ទៅ​​​ឃុំ​​​កៀន​​​សង្កែ ស្រុក​​​សូទ្រ​​​និគម។ គាត់​​​បាន​​​និយាយ​​​ថា “ជួនកាល​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ មក​​​ឃោសនា​​​នៅទី​​​នេះ​​​ ដោយ​​​ជិះ​​​ម៉ូតូ​​​ផ្សព្វផ្សាយ​​​ពី​​​គោល​​​នយោបាយ​​​របស់​​​គណបក្ស​​​​​​ដល់​​​ប្រជាពលរដ្ឋ​​​។  ប៉ុន្តែ​​​គ្មាន​​​នរណា​​​ម្នាក់​​​ចាប់​​​អារម្មណ៍​​​​​​​​​ទេ​​​”។ គាត់​​​បាន​​​បន្ថែម​​​ថា “បើ​​​ទោះ​​​ជា​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ​​​មាន​​​ឱកាស​​​ឈរ​​​ឈ្មោះ​​​ក្នុង​​​ក្រុម​​​ប្រឹក្សា​​​ស្រុក​​​ក៏​​​ដោយ​​​ ក៏ពួក​​​គេ​​​មិន​​​អាច​​​ជួយ​​​ដោះស្រាយ​​​បញ្ហា​​​នៅ​​​ទីនេះ​​​បាន​​​ដែរ​​​ ពីព្រោះ​​​អំណាច​​​ទាំង​​​អស់​​​ស្ថិត​​​ក្នុង​​​ដៃ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​។

លោក​​​ សុភិន ​​​ជា​​​អតីត​​​យោធា​​​ ដែល​​​​​​អាច​​​ជា​​​​​​មនុស្ស​ទី១​​​តំណាង​​​ឲ្យ​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ នៅ​​​ថ្នាក់​​​ក្រុម​​​ប្រឹក្សា​​​ស្រុក​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ឃោសនា​​​​និង​​​​​​​​​ក្ដី​​​រំពឹង​​​​​តិច​​​តួច​​​ គឺ​​​ជា​​​មធ្យោបាយ​​​របស់​​​គណបក្ស​​​នេះ​​​។ ដូច​​​ថ្នាក់​​​លើ​​​របស់​​​លោក​​​​​​ដែរ លោក​​​មិន​​​មែន​​​ជា​​​អ្នក​​​នយោបាយ​​​ ដែល​​​ចូល​​​ចិត្ត​​​ការ​​​បង្ខិត​​​បង្ខំ​​​ឡើយ។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ​​​សង្កាត់​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ ចង់​​​ផ្ដាច់​​​ខ្លួន​​​ទៅ​​​កាន់​​​​​​គណបក្ស​​​ដទៃ​​​ គឺដោយ​​​សារ​​​ពួក​​​គេ​​​ពេញ​​​ចិត្ត​​​​​​ទស្សន​​​របស់​​​លោក​​​ សម រង្ស៊ី ដែល​​​ផ្ដល់​​​ប្រាក់​​​៣០​​​.០០០​​​រៀល ឬ​​​៤០​​​.០០០​​​រៀល​​ក្នុង​​​មួយ​​​ខែ​​​ដល់​​​អ្នក​​ចូល​​​និវត្ត​​​ ដូច្នេះ​​​ពួក​​​គេ​​​អាចដេក​​​នៅ​​​ផ្ទះ​​​រាល់​​​ថ្ងៃ​​​ នោះ​​​គឺ​​​ជា​​​សេរីភាព​​​របស់​​​ពួក​​​គេ​​​។

លោក​​​បាន​​​បន្ថែម​​​ថា “ពិត​​​មែន​​​ហើយ​​​ វា​​​លំបាក​​​យល់​​​ណាស់​​​ថា តើ​​​ពួក​​​គេ​​​នឹង​​​​​​បោះឆ្នោត​​​​​​ឲ្យ​​​ខ្ញុំ​​​ឬ​​​អត់​​​នោះ​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​ចង​​​ចាំ​​​​​​ស្នាដៃ​​​ដែល​​​ខ្ញុំ​​​បាន​​​ធ្វើ​​​សម្រាប់​​​គណបក្ស​​​សម្ព័ន្ធ​​​ដើម្បី​​​ប្រជាធិបតេយ្យ ពួក​​​គេ​​​នឹង​​​បោះឆ្នោត​​​ឲ្យ​​​ខ្ញុំ​​​​​​។ ប្រសិន​​​បើ​​​ពួក​​​គេ​​​មិន​​​ចាំ​​​ទេ​​​នោះ​​​ ក៏វា​​​មិន​​​អី​​​ដែរ”៕​​​សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស