ការងារនៅតាមស្ថានីយប្រេងឥន្ធនៈកាល់តិចក្នុងទីក្រុងភ្នំពេញបានផ្អាកដំណើរការកាលពីម្សិលមិញ នៅពេលដែលបុគ្គលិករាប់រយនាក់នៅតាមស្ថានីយប្រេងឥន្ធនៈទាំង១៧កន្លែងរបស់ក្រុមហ៊ុនប្រេងដ៏ធំនៅក្នុងទីក្រុងនេះ បានចាប់ផ្ដើមធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ។

មន្ត្រីសហជីព និងបុគ្គលិកបាននិយាយកាលពីម្សិលមិញថា កូដកម្មដែលដឹកនាំដោយសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជានឹងបន្តធ្វើកូដកម្មរហូតដល់បុគ្គលិកកម្មករទទួលបានការដំឡើងប្រាក់ឈ្នួលពី១១០ដុល្លារដល់១៦០ដុល្លារ។
បុគ្គលិកស្លៀកពាក់ឯកសណ្ឋានរបស់ក្រុមហ៊ុនកាល់តិច ដែលលើកបដាសរសេរថា “យើងត្រូវការមួយខែ១៦០ដុល្លារ” និងដែលបានបដិសេធដោយគួរសមមិនទទួលអតិថិជននោះ បានជួបជុំគ្នានៅតាមស្ថានីយនីមួយៗ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត។
មិនដូចកូដកម្មរបស់កម្មកររោងចក្រកាត់ដេរនាពេលថ្មីៗនេះ ដែលមានទ្រង់ទ្រាយធំ និងជួនកាលមានវត្តមាននគរបាលដែលប្រើហិង្សានោះ មានមន្ត្រីពីរបីនាក់បានឈរជើងនៅជិតកូដករកាលពីម្សិលមិញ ហើយការតវ៉ាត្រូវបានអនុញ្ញាតឲ្យធ្វើដោយគ្មានការរារាំងឡើយ។
យោងតាមលោក ស ម៉ូរ៉ា ប្រធានសម្ព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបានឲ្យដឹងថា សាលារាជធានីភ្នំពេញបានលើកឡើងថា ខ្លួននឹងជួយសម្របសម្រួលឲ្យមានការចរចាគ្នារវាងកម្មករនិងក្រុមហ៊ុន ដើម្បីដោះស្រាយវិវាទនេះ។
លោកបានមានប្រសាសន៍ថា “សាលារាជធានីបាននិយាយថា បុគ្គលិកក្រុមហ៊ុនកាល់តិចអាចធ្វើកូដកម្មដោយអហិង្សានៅកន្លែងធ្វើការរបស់ខ្លួនបាន ប៉ុន្តែពួកគេត្រូវប្រុងប្រយ័ត្ន ពីព្រោះកន្លែងនោះងាយឆាបឆេះ។ពួកគេនិយាយថា ពួកគេនឹងយកបញ្ហានេះទៅពិភាក្សាជាមួយថៅកែ”។
លោក ម៉ូរ៉ា បានបន្ថែមថា សហជីពក៏ប្រហែលជាស្វែងរកអន្តរាគមន៍ពីស្ថានទូតអាមេរិកផងដែរ ដោយសារប្រភពដើមរបស់ក្រុមហ៊ុនកាល់តិចនេះចេញពីក្រុមហ៊ុនប្រេងឈេហ្វរ៉ុនដ៏ធំរបស់អាមេរិក។
បុគ្គលិកចាក់សាំង អ្នកបើកបររថយន្តនិងអ្នកធ្វើការក្នុងហាងលក់ទំនិញនៅតាមស្ថានីយកាល់តិច បានជួបជុំគ្នាកាលពីម្សិលមិញ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួល ដែលពួកគេនិយាយថា មិនអាចរស់បានសមរម្យ។
អ៊ូ ទេពផល្លីន អនុប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាបាននិយាយថា “ពួកគេមិនអាចផ្គត់ផ្គង់គ្រួសារជាមួយប្រាក់ខែ១១០ដុល្លារនេះបានទេ ដោយសារតែអតិផរណាចេះតែកើនឡើង”។
មានការទាមទារផ្សេងៗទៀត គឺប្រាក់ឧបត្ថម្ភប្រចាំឆ្នាំស្មើនឹងប្រាក់ឈ្នួលមួយខែ។ កាលពីខែមេសា ក្រុមហ៊ុននេះបានដំឡើងប្រាក់ឈ្នួលពី៩០ដុល្លារដល់១១០ដុល្លារ ប៉ុន្តែបុគ្គលិកអះអាងថា វាមិនគ្រប់គ្រាន់ទេ។
លោក យស ពិសិដ្ឋ អ្នកចាក់សាំងអាយុ៤៥ឆ្នាំ ដែលបានធ្វើការនៅក្រុមហ៊ុនកាល់តិចអស់រយៈពេល១៧ឆ្នាំមកហើយបាននិយាយថា ក្រុមហ៊ុនមិនបានដំឡើងប្រាក់ឈ្នួលឲ្យសមនឹងការចំណាយសម្រាប់ការរស់នៅឡើយ។
គាត់បាននិយាយថា “ស្ថានភាពរស់នៅរបស់យើងកាន់តែលំបាកទៅៗដោយសារតម្លៃទំនិញលើទីផ្សារចេះតែកើនឡើង។ យើងត្រូវការប្រាក់ឈ្នួលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់យើងឲ្យបានគ្រប់គ្រាន់”។
ការទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារនេះដូចគ្នានឹងការទាមទាររបស់កម្មកររោងចក្រកាត់ដេរនៅទូទាំងប្រទេសកម្ពុជា ដែលមិនបានជោគជ័យតាំងពីខែធ្នូមក។ ប៉ុន្តែបុគ្គលិកបាននិយាយកាលពីម្សិលមិញថា ពួកគេសង្ឃឹមថា ការតវ៉ាដែលមានការសម្របសម្រួលច្រើននេះនឹងទទួលបានជោគជ័យ ទោះបីជាការតវ៉ាផ្សេងទៀតបរាជ័យក៏ដោយ។
ឡុក បូណាវត្ដី អាយុ២០ឆ្នាំជាបុគ្គលិកនៅហាងលក់ទំនិញស្ដាម៉ាត បាននិយាយថា “ការធ្វើកូដកម្មនេះធ្វើឲ្យក្រុមហ៊ុនមានការលំបាក។ ប្រសិនបើស្ថានីយមិនដំណើរការទេ ពួកគេនឹងបាត់បង់ចំណូល។ ដូច្នេះពួកគេត្រូវស្វែងរកដំណោះស្រាយឲ្យយើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
គេមិនអាចទាក់ទងសុំអត្ថាធិប្បាយពីមន្ត្រីក្រសួងការងារបានទេ ប៉ុន្តែ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបាននិយាយថា កូដកម្មនេះអនុញ្ញាតឲ្យធ្វើបន្តទៀតឲ្យតែបុគ្គលិកទាំងនោះស្ថិតនៅតាមកន្លែងធ្វើការរបស់ខ្លួន និងមិនបិទផ្លូវឬធ្វើសកម្មភាពខុសច្បាប់ផ្សេងទៀត។
ថន ចាន់ល័ក្ខណ៍ អ្នកឯកទេសផ្នែកយីហោនិងផ្នែកទំនាក់ទំនងនៅក្រុមហ៊ុន ឈេហ្វរ៉ុន បាននិយាយថា ក្រុមហ៊ុនមានការភ្ញាក់ផ្អើលចំពោះការធ្វើកូដកម្មនេះ។
ចាន់ល័ក្ខណ៍ បានសរសេរតាមអីុម៉េលថា យើងមានការខកចិត្ត ដោយសារសហការីរបស់យើងបានចាត់វិធានការផ្អាកការងារភ្លាមៗ មិនរកដំណោះស្រាយផ្លូវច្បាប់ដោះស្រាយបញ្ហានេះដើម្បីឲ្យយើងអាចបន្តការផ្គត់ផ្គង់ប្រេងនិងកាត់បន្ថយការលំបាករបស់អតិថិជន”។ គាត់បានបន្ថែមថា ក្រុមហ៊ុនកំពុងធ្វើការជាមួយអាជ្ញាធរ និងមេដឹកនាំសហជីព ដើម្បីឲ្យស្ថានីយរបស់ខ្លួនបានដំណើរការឡើងវិញ។
សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា ដែលមានអាយុកាលប្រាំពីរឆ្នាំនេះ បានធ្វើកូដកម្មបានជោគជ័យជាច្រើនដងតាងនាមឲ្យបុគ្គលិកកម្មករនៅក្នុងឧស្សាហកម្មសេវាកម្ម រួមទាំងបុគ្គលិកកម្មករនៅក្រុមហ៊ុនស្រាបៀរនិងកន្លែងកម្សាន្តផងដែរ។
ទើបតែប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ក្រុមហ៊ុនខេមប៊្រូ ដែលជាក្រុមហ៊ុនផលិតស្រាបៀរដ៏ធំនៅកម្ពុជា បានយល់ព្រមដំឡើងប្រាក់ខែឲ្យបុគ្គលិកចំនួន៣០ដុល្លារដល់១៥០ដុល្លារ។ បុគ្គលិករាប់រយនាក់នៅក្រុមហ៊ុនផលិតស្រាបៀរអង្គរក្នុងក្រុងព្រះសីហនុបានចូលរួមធ្វើកូដកម្មរយៈពេលពីរថ្ងៃ ដែលដឹកនាំដោយសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាមុនពេលទទួលបានតាមការទាមទាររបស់ខ្លួន។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានមានប្រសាសន៍ថា សហជីពនេះធ្លាប់បានធ្វើកូដកម្មទទួលបានជោគជ័យ។
លោកបានមានប្រសាសន៍ថា “សហជីពនេះបានគាំទ្រគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតជាតិចំពោះផែនការដំឡើងប្រាក់ខែគោលទូទាំងប្រទេស។ ប៉ុន្តែនៅពេលពួកគេខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោត ពួកគេបានចាប់ផ្ដើមផ្ដោតលើវិស័យម្ដងមួយៗ និងពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ដើម្បីផលប្រយោជន៍របស់កម្មករ”។ ប៉ុន្តែលោកបានបន្ថែមថា ជោគជ័យឬបរាជ័យរបស់កូដកម្មនាពេលថ្មីៗនេះអាចនាំឲ្យមានការពិចារណាថែមទៀតពីរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា “ក្រុមហ៊ុនសូគីមិុច របស់លោក សុខ គង់ មានទំនាក់ទំនងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមហ៊ុនតេលា យើងបានឮថា ជាក្រុមហ៊ុនរបស់កូនស្រី និងកូនប្រសាប្រុសរបស់នាយករដ្ឋមន្ត្រី ហើយលោកស្រី ប៊ុន រ៉ានី មានភាគហ៊ុនដ៏ធំ។ ប្រហែលជាពួកគេទុកឲ្យជម្លោះនេះអូសបន្លាយពេល ដើម្បីពួកគេលក់កាន់តែដាច់”៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ Matt Blomberg)