ប្រជាពលរដ្ឋជាង២០០នាក់មកពីក្រុមសហគមន៍ដីធ្លីសម្រាប់សន្ដិភាពបានដើរក្បួនចេញពីអង្គភាពប្រឆាំងអំពើពុករលួយទៅកាន់រដ្ឋសភាកាលពីម្សិលមិញ ជាការបំពាននឹងបម្រាមមួយចេញដោយសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា មិនអនុញ្ញាតឲ្យធ្វើការតវ៉ាកាលពីថ្ងៃច័ន្ទ បន្ទាប់ពីជួបជាមួយអ្នកតំណាងមកពីក្រុមនេះ ដែលបានប្រាប់លោកអំពីគម្រោងការរបស់ខ្លួនដឹកនាំការដើរក្បួនមួយមានអ្នកភូមិជាង១.៥០០នាក់មកពីទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយឲ្យមានការយល់ដឹងអំពីការកាប់បំផ្លាញព្រៃឈើ ជម្លោះដីធ្លី និងបញ្ហាដែលកំពុងកើតឡើងទាក់ទងនឹងសម្បទានដីសេដ្ឋកិច្ច។
ក៏ប៉ុន្តែមនុស្សមួយក្រុមមានគ្នាចំនួន២០០នាក់បានដើរក្បួន ដែលគ្មានការរារាំង បន្ទាប់ពីប្រមូលផ្ដុំគ្នានៅលើមហាវិថីព្រះនរោត្តម ខាងក្រៅអគារអង្គភាពប្រឆាំងអំពើពុករលួយនៅម៉ោង៨ព្រឹក ជាទីដែលអ្នកតំណាងចំនួន១០នាក់បានចូលក្នុងអគារនេះ និងប្រគល់ញត្តិឲ្យក្រុមមន្ត្រីនៃស្ថាប័ននេះ។
១ម៉ោងក្រោមមក ក្រុមអ្នកដើរក្បួនបានដើរតាមផ្លូវលេខ១៥៤ ដោយស្រែកពាក្យស្លោក រួមមាន “គ្មានអំពើពុករលួយ គ្មានការកាប់ព្រៃឈើ “និង” អំពើពុករលួយជាឧបសគ្គរារាំងនៃការអភិវឌ្ឍសង្គមជាតិ”។
បន្ទាប់នោះ ក្រុមនោះបានដើរបត់ទៅតាមតីរវិថីព្រះសីុសុវត្ថិ និងដើរសំដៅទៅរដ្ឋសភាដើម្បីប្រគល់ញត្តិទី២ ដោយប្រើផ្លូវមួយ ដែលបន្ទាប់នោះកងរាជអាវុធហត្ថបានបិទមិនឲ្យព្រះសង្ឃដង្ហែក្បួនស្រដៀងគ្នានោះ។
អ្នកស្រី មុំ សាគិន អ្នកតំណាងមកពីខេត្តក្រចេះបានមានប្រសាសន៍ថា ក្រុមមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយបានស្វាគមន៍ក្រុមកសិករ និងធានាចំពោះពួកគាត់ថា ពួកគេនឹងពិភាក្សាអំពីបញ្ហានេះជាមួយលោក ឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
អ្នកស្រីបានមានប្រសាសន៍ថា “យើងបានប្រាប់ពួកគេអំពីបញ្ហាអំពើពុករលួយនៅក្នុងខេត្តនីមួយៗ និងបញ្ហាធំៗរួមមានការកាប់បំផ្លាញព្រៃឈើធ្វើឡើងដោយក្រុមមន្ត្រីជាន់ខ្ពស់… ការមិនចេញប័ណ្ណកម្មសិទ្ធិដីឲ្យ បើទោះជាក្រុមនិស្សិតស្ម័គ្រចិត្តកំណត់ព្រំដីឲ្យក្ដី… ហើយផ្ទះអ្នកភូមិត្រូវបានដុតកម្ទេចចោល។ ពួកគេបានប្រាប់យើងថា ពួកគេនឹងធ្វើការស៊ើបអង្កេតរឿងនេះ”។
លោក សេង សុខហេង មកពីខេត្តឧត្តរមានជ័យបានមានប្រសាសន៍ថា អ្នកភូមិទាំងនេះមកប្រគល់ញត្តិឲ្យអង្គភាពប្រឆាំងអំពើពុករលួយនិងសមាជិកសភាដោយផ្ទាល់ដែលលើកឡើងអំពីបទល្មើសទាក់ទងនឹងដីធ្លី ដែលលោកបាននិយាយថាកំពុងតែរីកធំឡើង។ លោកបានមានប្រសាសន៍ថា “[មន្ត្រីមូលដ្ឋាន] ធ្វើគថ្លង់មិនអើពើនឹងការព្រួយបារម្ភនិងបញ្ហារបស់យើងទេ ដូច្នេះហើយបានជាយើងមកទីនេះ ដើម្បីសុំឲ្យពួកគេធ្វើការស៊ើបអង្កេត”៕ ប៊ុុននី