ស្រុកអន្លង់វែង, ខេត្តឧត្តរមានជ័យ-លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងបានលុបចោលដំណើរទស្សនកិច្ចចំនួនពីរថ្ងៃ នៅអតីតតំបន់ខ្មែរក្រហមនាភាគពាយព្យនៃប្រទេសកម្ពុជាកាលពីម្សិលមិញ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន និងបុរសដែលស្ថិតក្នុងឯកសណ្ឋានស៊ីវិលបាននិយាយថា ពួកគេនឹងរារាំងរាល់ការជួបជុំគ្នាទាក់ទិននឹងរឿងនយោបាយ។

លោក សម រង្ស៊ី និងលោក កឹម សុខា មានគម្រោងចាប់ផ្ដើមដំណើរទស្សនកិច្ចរបស់ខ្លួនដោយមានពិធីជួបជុំគ្នាមួយនៅពេលព្រឹកក្នុងស្រុកអន្លង់វែង ដែលជាមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ពួកទ័ពព្រៃខ្មែរក្រហម និងជាកន្លែងបូជាសព ប៉ុល ពត ប៉ុន្តែមេដឹកនាំទាំងពីរបានលុបចោលដំណើរទស្សនកិច្ចនេះពីខេត្តសៀមរាប បន្ទាប់ពីមិនអាចទទួលបានការធានាពីសុវត្ថិភាពរបស់ខ្លួន។
លោក សម រង្ស៊ី បានមានប្រសាសន៍តាមទូរស័ព្ទពីខេត្តសៀមរាបមកថា ការជជែកគ្នារវាងមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ការធានាត្រឹមតែថា អាជ្ញាធរស្រុកនិងខេត្ត នឹងមិនរារាំងដំណើរចូលទៅកាន់ស្រុកអន្លង់វែងរបស់ពួកគាត់ប៉ុណ្ណោះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ស្ថានភាពទូទៅឥឡូវនេះគឺមិនល្អទេ ពួកគេបាននិយាយថា មានកងកម្លាំងដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយពួកគេមិនអាចធ្វើអ្វីបានឡើយ។ ពួកគេអាចគ្រប់គ្រងអភិបាលខេត្ត នគរបាលឃុំ-ស្រុក ប៉ុន្តែមិនអាចគ្រប់គ្រងទាហានដែលជាអតីតទាហានខ្មែរក្រហមបានទេ។ មានពាក្យចចាមអារ៉ាមជាច្រើន ហេតុដូច្នេះ គួរតែចាកចេញប្រសើរជាង”។
ទាំងលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃនិង លោក ព្រំុ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលលោក សម រង្ស៊ី បានលើកឡើងថា លោកបានទាក់ទងនោះ មិនអាចទាក់ទងសុំការបញ្ជាក់ពីការអះអាងទំាងនេះបានទេ។
តែទោះជាយ៉ាងណា នៅតាមបណ្ដោយផ្លូវពីខេត្តសៀមរាបទៅកាន់ស្រុកអន្លង់វែង ដែលមានចម្ងាយផ្លូវមិនដល់១០០គីឡូម៉ែត្រផងនោះ បុរសមួយក្រុមប្រហែល២០០នាក់ ដែលស្លៀកឯកសណ្ឋានស៊ីវិលបាននាំគ្នាកាន់ទង់ជាតិកម្ពុជា ហើយដើរក្រវែលក្បែររបាំងផ្លូវបណ្ដោះអាសន្នមួយ ដោយមានមន្ត្រីមួយចំនួននៅកន្លែងនោះ បានបដិសេធមិនប្រាប់ពីអត្តសញ្ញាណ ឬក៏ថា នរណាជាថ្នាក់លើរបស់ខ្លួនឡើយ។
បុរសម្នាក់បានរឹបអូសយកម៉ាស៊ីនថតសំឡេង និងកាមេរ៉ារបស់អ្នកយកព័ត៌មានម្នាក់ ហើយបានប្រគល់ឧបករណ៍ទាំងនេះវិញ ដោយដាក់លក្ខខណ្ឌឲ្យអ្នកយកព័ត៌មានរូបនេះចាកចេញជាបន្ទាន់ពីកន្លែងបិទផ្លូវ ដែលទំនងជាត្រូវបានគេដាក់ដើម្បីបញ្ឈប់រថយន្តជាច្រើនគ្រឿង។
ទាហានឯកសណ្ឋានមួយក្រុម ដែលមានកាន់កាំភ្លើងវែងក៏បានបង្ហាញខ្លួនម្ដងម្កាលផងដែរនៅតាមចិញ្ចើមផ្លូវនោះ ប៉ុន្តែទាហានភាគច្រើនគ្រាន់តែអង្គុយលើម៉ូតូរបស់ខ្លួនដោយគ្មានធ្វើអ្វីឡើយ។ មន្ត្រីកងរាជអាវុធហត្ថមួយក្រុមបានអង្គុយនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចម្ងាយប្រហែល៥០០ម៉ែត្រ ពីកន្លែងបិទផ្លូវនោះ។
លោក សឿន ហៃ មន្ត្រីយាមនៅខាងមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បាននិយាយថា “គ្មានបទបញ្ជាឲ្យយើងបញ្ឈប់ឡានណាមួយឡើយ។ យើងនឹងមិនត្រួតពិនិត្យរថយន្តណាដែលពាក់ស្លាកលេខរដ្ឋនោះទេ ពីព្រោះឋានៈរបស់គេខ្ពស់ជាងយើង”។ មន្ត្រីរូបនេះបានបន្ថែមថា ខ្លួនមិនដឹងថា មានការបិទផ្លូវនៅក្បែរៗនោះឡើយ។ លោក សឿន ហៃ បាននិយាយបន្តថា “អ្នកអាចធ្វើដំណើរចេញចូលតាមផ្លូវនេះបានដោយសុវត្ថិភាព”។
នៅក្នុងស្រុកអន្លង់វែង មន្ត្រីនគរបាលស្រុក រួមទាំងលោក សូ នៅ ដែលជាអធិការរងនគរបាលស្រុកផងដែរនោះ បានបដិសេធមិននិយាយថា តើខ្លួនអាចធានាសុវត្ថិភាពជូនលោក សម រង្ស៊ី និងលោក កឹម សុខា បានឬក៏អត់នោះទេ ប្រសិនបើពួកគាត់ប៉ុនប៉ងចូលមកស្រុកអន្លង់វែងនោះ។
មុននេះមួយថ្ងៃ នៅពេលអ្នកគាំទ្រមានផែនការស្វាគមន៍មេដឹកនាំគណបក្សសង្គ្រោះជាតិ បុរសស្រវឹងស្រាស្លៀកស៊ីវិលជាច្រើនក្រុមបាននាំគ្នាអង្គុយលើរថយន្តមួយបាំងកន្លះនៅខាងមុខការិយាល័យនគរបាល ឃាត់អ្នកគាំទ្រដែលមកចូលរួមការជួបជុំទាំងនេះ។
ក្រុមបុរសទាំងនោះបានប្រាប់អ្នកយកព័ត៌មានថា ពួកគេត្រូវបានដាក់ពង្រាយនៅទីនោះ គឺដើម្បីជួយនគរបាលការពារក្រុងកុំឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា បង្កបញ្ហា។ បុរសម្នាក់បាននិយាយថា “យើងបានរារាំងគណបក្សសង្គ្រោះជាតិ ដែលមកទីនេះដើម្បីបង្កបញ្ហា”។
យោងតាមលោក សម រង្ស៊ី បានឲ្យដឹងថា អ្នកគាំទ្រពី១០ទៅ១៥នាក់លែងចាកចេញពីខេត្តនេះកាលពីយប់ថ្ងៃសៅរ៍ ដោយព្រួយបារម្ភខ្លាចក្រែងអាចមានបញ្ហាកើតឡើង។
លោក ញ៉ែន អេន អតីតអភិបាលរងស្រុកមកពីគណបក្សប្រជាជនកម្ពុជា ដែលបានចុះចូលជាមួយគណបក្សប្រឆាំងកាលពីខែមីនា សង្ឃឹមថា នឹងអាចទទួលលោក សម រង្ស៊ី និងលោក កឹម សុខា អំឡុងការមកបំពេញទស្សនកិច្ចរបស់ពួកគាត់ ប៉ុន្តែទីបញ្ចប់បានភៀសខ្លួនទៅខេត្តសៀមរាប។
លោក អេន ដែលជាអ្នកថតរូបនៅគុកទួលស្លែង ក្នុងក្រុងភ្នំពេញ អំឡុងសម័យខ្មែរក្រហម បានឃើញផ្ទះជួលរបស់ខ្លួនត្រូវគេបិទកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីព្យាយាមលើកស្លាកដ៏ធំរបស់គណបក្សសង្គ្រោះជាតិ មន្ត្រីម្នាក់ដែលប្រាប់ត្រឹមថា លោកឈ្មោះ អុល កាលពីថ្ងៃអាទិត្យ បានលេចមុខចេញពីសាលាស្រុក ហើយបាននិយាយថា អាជ្ញាធរបានចាក់សោផ្ទះជួលរបស់លោក អេន ដែលនៅទល់មុខនោះ ពីព្រោះគាត់មិនស្ដាប់ម្ចាស់ផ្ទះដែលមិនអនុញ្ញាតឲ្យលើកស្លាកដ៏ធំរបស់គណបក្សសង្គ្រោះជាតិ។
នៅព្រឹកថ្ងៃអាទិត្យ មន្ត្រីស្រុកបានបើករថយន្តស៊េរីទំនើបដែលមានធុងបាស់ចេញពីសាលាស្រុករបស់ខ្លួន ហើយតម្រង់ទៅផ្ទះរបស់លោក អេន ដែលនៅទល់មុខនោះ ជាទីដែលកូនស្រីរបស់គាត់បានព្យាយាមយកកាំបិតប៉័ងតោកាប់សោនោះចេញតែមិនបានសម្រេច។
បុរសម្នាក់ដែលជិះនៅលើរថយន្តទំនើបមានធុងបាស់បានស្រែកទៅកាន់មនុស្សមួយក្រុមតូចនៅកន្លែងនោះថា “យើងប្រឆាំងយ៉ាងដាច់អហង្ការ ប្រឆាំងយ៉ាងដាច់អហង្ការ មិនឲ្យ កឹម សុខា និង សម រង្ស៊ី ចូលក្នុងទឹកដីអន្លង់វែង ជាតំបន់បានធ្វើសមាហរណកម្ម ដែលមានភាពសុខសាន្ត ហើយរដ្ឋាភិបាលកំពុងតែអភិវឌ្ឍហើយ”។
តែទោះបីជា លោក សម រង្ស៊ី បានបដិសេធកាលពីថ្ងៃសុក្រថា ដំណើរទស្សនកិច្ចរបស់គណបក្សប្រឆាំងទៅកាន់តំបន់ភាគពាយព្យមិនមែនមានបំណងប្រមូលការគាំទ្រពីអតីតខ្មែរក្រហមក៏ដោយ ក៏ដំណើរទស្សនកិច្ចទៅកាន់ភាគពាយព្យរបស់លោក និងលោក កឹម សុខា គួរតែបានទៅទស្សនកិច្ចស្រុកសំខាន់ៗទាំងអស់ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ទ័ពព្រៃខ្មែរក្រហមដែរ។
ស្រុកអន្លង់វែងជាមូលដ្ឋានដ៏រឹងមាំចុងក្រោយរបស់ខ្មែរក្រហមបានធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវិញនៅខែធ្នូ ឆ្នាំ១៩៩៨ ដោយ ខៀវ សំផន និង នួន ជា បានចុះចូលជាមួយរដ្ឋាភិបាល បន្ទាប់ពីការចរចាគ្នាយ៉ាងយូរ ហើយការចុះចូលរបស់ទាហានជាច្រើននៅក្នុងឆ្នាំនោះបានធ្វើឲ្យមេដឹកនាំដ៏ខ្លាំងរបស់ខ្លួនគឺ តាម៉ុក រដ្ឋមន្ត្រីក្រសួងការពារជាតិសម័យខ្មែរក្រហមគ្មានសល់ទាហានខ្លាំងៗឡើយ។ ទាហានចុងក្រោយរបស់ខ្មែរក្រហមបានធ្វើសមាហរណកម្មចូលជាមួយរដ្ឋាភិបាលចុងក្រោយនៅខែកុម្ភៈ ឆ្នាំ១៩៩៩។
នៅថ្ងៃនេះ លោក សម រង្ស៊ី និងលោក កឹម សុខា គួរតែបានចុះទៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាទីដែលកូនស្រីតែមួយគត់របស់ ប៉ុល ពត បានរៀបមង្គលការកាលពីខែមីនា និងខេត្តប៉ៃលិន ជាទីដែល អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនៅសម័យខ្មែរក្រហម បានដឹកនាំទាហានខ្មែរក្រហមជាច្រើនចុះចូលជាលើកដំបូងជាមួយរដ្ឋាភិបាលកាលពីខែកញ្ញា ឆ្នាំ១៩៩៦។
គណបក្សប្រឆាំងរបស់លោក សម រង្ស៊ី ឈ្នះតែមួយអាសនៈគត់នៅក្នុងខេត្តប៉ៃលិន អំឡុងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ១៩៩៨ ប៉ុន្តែតំណាងរាស្ត្រដែលឈ្នះឆ្នោតនៅខេត្តនេះក្រោយមកបានចុះចូលជាមួយគណបក្សហនស៊ិនប៉ិច។ លោក សម រង្ស៊ី និងលោក កឹម សុខា ក៏គួរតែបានធ្វើដំណើរទៅកាន់ស្រុកសំឡូត ខេត្តបាត់ដំបងផងដែរ៕ ស៊ុយឈាង