32.5 C
Phnom Penh

សាលារាជធានី​ចេញសេច​​​ក្តី​​​ណែនាំ​​​ឲ្យ​​​ទប់​​​ស្កាត់​​​ការ​​​ហូរចូល​​​ជនអនាថា​​​ក្នុង​​​ក្រុង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ សាលា​រាជ​​​ធានី​​​ភ្នំពេញ​បាន​ចេញ​​​សេច​​​ក្តី​​​ណែនាំ​​​​ឲ្យ​ទប់​ស្កាត់​​​កា​​រហូរ​​ចូល​​​​ជន​អនាថា​មក​​​​ក្នុង​​​រាជធានី និង​​​ធ្វើ​​​ការ​​​​ប្រមូល​​​ផ្តុំ​​​​អ្នក​សុំទាន ​ជន​អនាថា និង​កុមារ​​លក់​របស់​របរ​នៅ​​​តាម​ចំណុច​ភ្លើង​ស្តុប​នានា។

នៅ​ក្នុង​សេចក្តី​​​ណែនាំ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក សេង រតនៈ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​​​ សាលា​​រាជធានី​​​​​​បាន​​​ណែ​​​នាំឲ្យ​អភិបាល​ខណ្ឌ​ទាំង​១២​ ​​មន្ទីរ​​​សង្គម​​​កិច្ច និង​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​​ ​ឃ្លាំមើល​ និង​បណ្ដុះ​បណ្ដាល​អ្នក​ត្រូវ​បាន​​​​ប្រមូល​ផ្តុំ​​​ និង​ព្យាយាម​បញ្ជូន​​​ពួកគេទៅ​​​​តាម​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​​វិជ្ជាជីវៈ​។

សេចក្តី​​​ណែនាំ​​​ដែល​មាន​សុពលភាព​ភ្លាមៗ​នេះ​មាន​ខ្លឹម​សារ​ដូច្នេះ​ថា “​ សាលា​រាជធានី​នឹង​​​ចាត់​​​​មន្ត្រី​​​ជំនាញ​សហការ​ជាមួយ​អង្គការ​ភាព​ញញឹម​នៃ​​​កុមារ និង​អង្គការ​ក្រៅ​ដៃគូ​​​ផ្សេង​ទៀត ចុះ​​​ពិនិត្យ​​​ជាក់​​​ស្តែង​​​និង​ធ្វើ​​​ការ​​​ប្រមូល​​​ផ្តុំ​​​ជន​អនាថា កុមារ​សុំទាន អ្នក​លក់​កាសែត លក់​ផ្កា​​​តាម​ភ្លើង​ស្តុប និង​​​ជន​​ពិការ​ដើម្បី​​​យក​​​ទៅ​​​​អប់រំ​​​ [ពួក​​​គេ​​​] ​​​ឲ្យ​បញ្ឈប់​​​សកម្មភាព​នេះ​”។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​​​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គម្រោង​នេះ​​ផ្ដោត​ជា​សំខាន់​លើ​ការ​គាំពារ​ស្ត្រី​ និង​កុមារ​មក​ពី​តាម​បណ្ដា​ខេត្ត​ដែល​ត្រូវ​បាន​​​គេ​​​បង្ខំ​​​​​​ឲ្យ​​​ដើរ​​​សុំ​​​ទាន​​​នៅ​តាម​ផ្លូវ​នានា​នៅ​ក្នុង​រាជ​ធានី​​​ភ្នំពេញ។ លោក​បាន​​​មាន​ប្រសាសន៍​ថា ដំណាក់​កាល​ដំបូង​នៃ​គម្រោង​នេះ​ គឺ​ដើម្បី​បង្កើត​មូល​ដ្ឋាន​​​ទិន្នន័យ​សម្រាប់​​​អ្នក​ដែល​រស់​នៅ​តាម​ចិញ្ចើម​ផ្លូវ សុំទាន ឬ​​​លក់​ដូរ​របស់​របរ​បន្តិច​បន្តួច​នៅ​តាម​ចំណុច​ភ្លើង​ស្តុប។

លោក​បាន​​​មាន​ប្រសាសន៍​ទៀត​ថា ” ជា​​​មូល​ដ្ឋាន​ យើង​ចំា​​​បាច់​ត្រូវ​បង្កើត​យន្តការ​មួយ​ដើម្បី​​​ជួយ​កុមារ​តូច​ៗ និង​ស្ត្រី​ដែល​ត្រូវ​បាន​គេ​ជួញដូរ​​​និង​​​បង្ខំ​​​​ឲ្យ​សុំ​​​ទាន​​​តាម​ផ្លូវ​។ យើង​ចាំបាច់​ត្រូវ​បញ្ជូន​​​ពួក​​​គេ​ទៅ​​​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ មុន​​​ពេល​បញ្ចូល​​​​ពួកគេ​បញ្ចូល​ទៅ​​​ក្នុង​សង្គម​វិញ ដើម្បី​​​ចាប់​ផ្ដើម​ការ​ងារ​ថ្មី​សម្រាប់​ចិញ្ចឹម​ជីវិត​”។

លោក​ ពិន សារ​​​ពេជ្រ ប្រធាន​អង្គការ​​​ដើម្បី​​​ភាព​ញញឹម​នៃ​​​កុមារ​ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ត្រៀម​ខ្លួនរួច​ជាស្រេច​ដើម្បី​​​ទទួល​យក​រំហូរ​កុមារ​យ៉ាង​គំហុក​​​នៅ​ខែ​​​ខាង​មុន​​​នេះ​។

លោក​មាន​ប្រសាសន៍​​​ទៀត​ថា លោក​បាន​ចរចា​ជាមួយ​សាលា​រាជធានី​អស់​រយៈពេល​ពីរ​ខែ​មក​ហើយ​ពាក់​​​ព័ន្ធនឹង​គម្រោង​នេះ ហើយ​អង្គការ​របស់​លោក​នឹង​មិន​ “ប្រមូល​​​ផ្តុំ​​​​” នរណា​ម្នាក់​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ​លោក​នឹង​ផ្ដល់​ចំណីអាហារ ការ​អប់​រំ និង​ជម្រើស​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​ដល់​កុមារ​ដែល​​​គ្មាន​ឪពុក​ម្ដាយ​ ឬ​​​ក្រុម​​​គ្រួសារ​សម្រាប់​ពឹង​ពាក់​។

លោក​បាន​លើក​ឡើង​​បន្ត​ថា ” យើង​នឹង​មិន​ចាប់​​​​ខ្លួន​​​នរណា​ម្នាក់​ឡើយ យើង​នឹង​បញ្ជូន​អ្នក​ស្ម័គ្រ​ចិត្ត​ទៅជួប​ជាមួយ​កុមារ​ដើម្បី​សាក​​សួរ​​​ថា តើ​​​ពួក​​​គេ​មកពី​​ណា ហើយ​ពួកគេ​មាន​បញ្ហា​អ្វីខ្លះ។ យើង​មិន​ធ្វើ​​​សកម្មភាព​​​លើ​កុមារ​ដែល​​​ជួយ​គ្រួសារ​រក​ចំណូល​​​​នោះ​​​ទេ យើង​​​​ធ្វើ​​​សកម្មភាព​​​​​​តែ​​​លើ​​​​កុមារ​ដែល​ត្រូវ​បាន​គេ​​​ប្រើ​ប្រាស់​ជា​មធ្យោបាយ​រក​ប្រាក់​​​ប៉ុណ្ណោះ​​​​។ ប្រសិន​បើ​កុមារ​យល់​ព្រម ហើយ​​​ពួកគេ​គ្មាន​នរណា​​​ម្នាក់​​​ពឹង​ផ្អែក ពេល​នោះ​​​យើង​​​អាច​​​ធ្វើ​សមា​ហរ​​​ណ​កម្ម​ពួកគេ​បញ្ចូល​​​​​​ទៅ​ក្នុង​កម្មវិធី​អប់រំ ឬ​​​បណ្ដុះ​​​បណ្ដាល​វិជ្ជាជីវៈ​​​បាន”។

ប៉ុន្តែ​ប្រសិន​បើ​កម្មវិធី​ដែល​មាន​បំណង​ជួយ​​​កុមារ​​​​នេះ​​​គ្រាន់​តែ​ជា​​​ការ​សន្យា​​​​​​ទេ​​​នោះ រដ្ឋាភិបាល​​​មិន​​​ចាំ​​​បាច់​​​លាតត្រដាង​​​សេច​​​ក្ត​​​ី​​​លម្អិត​​​អំពី​​​​​​ការ​​​ជួយ​​​មនុស្ស​​​ពេញ​​​វ័យ​​​ឡើយ។​​

មណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​​នានា​នៅ​ក្នុង​រាជ​​​ធានី​​​ភ្នំពេញ ជាពិសេស​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ ក្នុង​ខណ្ឌ​​​ពោធិ៍​​​សែនជ័យ ត្រូវ​បាន​ព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​​​ដោយ​សារ​មានការ​រំលោភ​បំពាន​ពី​​​សំណាក​់បុគ្គលិក​មណ្ឌល​ ដែល​ត្រូវ​បង្រៀន​ជំនាញ​ថ្មីៗ​ដល់​​អ្នក​​​ជាប់ឃុំ​​​នៅ​​​ទី​​​នោះ​​​​។

កាល​​​ពី​​​ម្សិល​​​មិញ លោក​ ឡុង ឌីម៉ង់ បាន​​​បដិសេធ​​​មិន​បញ្ចេញ​ឈ្មោះ​មណ្ឌល​ដែល​សេចក្តី​​​ណែនាំ​​​របស់​​​សាលា​រាជធានី មាន​​​បំណង​​​​ទទួលយក​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ទេ​។

អ្នកស្រី សូ ហ៊ាង អាយុ៥៥​ឆ្នាំ​ដែល​បាន​ផ្លាស់​ទីលំនៅ​ពី​ខេត្ត​កណ្ដាល​មក​រស់​នៅ​ក្នុង​រាជ​ធានី​​​ភ្នំពេញ​កាលពី១០​ឆ្នាំ​មុន និង​​​ដែល​​​សព្វ​​​ថ្ងៃ​​​​​​ប្រកប​​​របរ​​​​លក់​កម្រង​ផ្កា​ម្លិះ​នៅ​តាម​ចំណុច​ភ្លើង​ស្តុប​ គឺ​ជា​​​អ្នក​លក់​ម្នាក់​ក្នុង​ចំណោម​អ្នក​លក់​ជា​​​ច្រើន​​​ដែល​​​គ្មាន​​​សំណាង​​​បាន​​​អង្គការ​​​​ដើម្បី​​​ភាព​ញញឹម​នៃ​​​កុមារ​​​យក​​​ទៅ​​​បណ្តុះ​​​បណ្តាល​​​​​​ទេ​​​។ អ្នកស្រី​បាន​​​និយាយ​កាល​​​ពី​​​ម្សិល​​​មិញ​ថា ការ​គំរាម​​​ “​ប្រមូល​​​ផ្តុំ​​​​” ​​​របស់​​​សាលា​​​រាជ​​​ធានី មិនមែន​ជា​​​រឿង​ថ្មី​​​ទេ ហើយ​ជន​​​អនាថា​​​​នឹង​លាក់​ខ្លួន​​​ពី​អាជ្ញា​ធរ​ ដោយសារ​ពួកគេ​​​ខ្លាច​​ត្រូវ​គេ​​​​ចាប់​​​បញ្ជូន​​​ទៅ​មណ្ឌល​ព្រៃ​​​ស្ពឺ កន្លែង​ដែល​គាត់​ធ្លាប់​ជាប់​​​ចំនួន​​​បី​​​លើក​​​រួច​​​មក​​​ហើយ​​​​។

អ្នកស្រី​និយាយ​ថា “លើក​ចុង​ក្រោយ​ដែល​ខ្ញុំត្រូវ​គេ​​​​ចាប់​​​ប្រមូល​​​ផ្តុំ គឺ​នៅ​ដើម​ឆ្នាំនេះ។ ពួកគេ​បាន​បញ្ជូន​ខ្ញុំ​​​ទៅ​​​មណ្ឌល​ព្រៃ​​​ស្ពឺ ហើយ​ខ្ញុំ​​​បាន​ជាប់​ឃុំ​​​នៅ​​​ទី​​​នោះ​មួយ​សប្ដាហ៍។ នៅ​​​ទី​​​នោះ​វេទនា​​​ណាស់​​​។ ប្រសិន​បើ​​ពួកគេ​ធ្វើការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹម​ត្រូវ​ យើង​​មិន​ត្រឡប់​​​មក​​​តាម​​​ផ្លូវ​វិញ​​​បែប​​​នេះ​​​ទេ​”។

អ្នកស្រី រុន ចន្ធី អាយុ​៤២​ឆ្នាំ​ មក​​​ពី​​​ខេត្ត​ស្វាយ​រៀង ដែល​សុំទាន​ជាមួយ​ក្មេង​​ស្រី​អាយុ​២​ឆ្នាំ​ម្នាក់​​​ដែល​​​គាត់​​​​អះអាង​ថា​ត្រូវ​បាន​គេ​បំបរ​បង់​ចោល​នៅ​តាម​មាត់​ទន្លេ​កាល​​​ពីឆ្នាំមុន​​​នោះ​និយាយ​ថា ពីមុន​អ្នកស្រី​ធ្លាប់​ត្រូវ​បាន​គេ​បញ្ជូន​​​ទៅ​​​​មណ្ឌល​​​ព្រៃ​​​ស្ពឺ ហើយ​គ្មាន​សង្ឃឹម​បាន​សិក្សា​ជំនាញ​នៅ​ទី​​​នោះ​​​ទេ បន្ទាប់ពី​សាលា​រាជធានី​ “ធ្វើការ​ប្រមូល​ផ្តុំ​​​​”។

អ្នកស្រី​និយាយ​ថា “ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ជួយ​អ្នកក្រ​ សូម​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជាក់​ស្ដែង​ដល់​​​ពួក​​​យើង​ មិន​មែន​មានតែ​នៅ​លើ​ក្រដាស​នោះ​​​ទេ។ រាល់​លើក​ដែល​ពួក​​​យើង​ត្រូវ​គេ​​​ប្រមូល​​​ផ្តុំ​​​​នៅ​តាម​ផ្លូវ​ បុគ្គលិក​​​នៅ​មណ្ឌល​នេះ​និយាយ​ថា យើង​ធ្វើ​ឲ្យ​រាជ​ធានី​ខូច​សោភ័ណ​​​ភាព។ ពួកគេ​មិន​ផ្ដល់​ជំនាញ​ឲ្យ​​​ពួក​​​យើង​ទេ ពួក​​​គេ​​​បាន​​​​ត្រឹម​​​តែ​​​ប្រមាថ​មាក់​ងាយ​ពួក​យើង​ប៉ុណ្ណោះ”។

កន្លង​មក​ អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​លីកាដូ ដែល​ឃ្លាំ​​​មើល​​​ស្ថាន​​​ភាព​​​ពន្ធនាគារ​ និង​មណ្ឌល​ឃុំ​ឃាំង​​​នានា​​​ បាន​អំពាវ​នាវ​ឲ្យ​បិទ​មណ្ឌល​សង្គមកិច្ច​នានា​របស់​​​សាលា​​​រាជ​​​ធានី​ភ្នំពេញ ដោយ​លើក​ឡើង​ពី​​​សេចក្ដី​រាយការណ៍​អំពី​​​ការ​រំលោភ​បំពាន ខណៈ​​​ពេល​​​ពួកគេ​កំពុង​​​ទទួល​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ថ្មីៗ​។

ពេល​ទាក់​ទង​កាល​​​ពីម្សិល​​​មិញ លោក អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​​​នៅ​​​​អង្គការ​លីកាដូ បាន​មាន​ប្រសាសន៍​ថា ​​គេ​​​មិន​​​អាច​​​ប្រមូល​​​ផ្តុំ​​​​នរណា​ម្នាក់​ដើម្បី​​​បញ្ជូន​​​ទៅ​​​​មណ្ឌល​សង្គម​កិច្ច​ផ្ទុយ​ពី​​​ឆន្ទៈ​របស់​ពួកគេ​​​បាន​​​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​​​ទៀត​ថា “យើង​គាំទ្រ​អាជ្ញាធរ​ចំពោះ​​​កិច្ច​ខំប្រឹង​​​ប្រែង​របស់​ពួកគេ​ក្នុង​ការ​ជួយ​កុមារ​តូចៗ​ពី​​​ការ​កេងប្រវ័ញ្ច​ ហើយ​ជន​ល្មើស​ត្រូវ​ទទួល​ការ​ផ្ដន្ទាទោស​។ ប៉ុន្តែ​ការ​​​ប្រមូល​​​​ផ្តុំ​​​គួរតែ​​​​ធ្វើ​ឡើង​ដោយ​​​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រចិត្ត​ ហើយ​គ្មាន​ជន​​​អនា​​​ថា​ណា​ម្នាក់​ត្រូវ​បាន​ចាប់​បង្ខាំង​ផ្ទុយ​ពី​ឆន្ទៈ​របស់​​​ពួក​​​គេ​ឡើយ ​ពី​​​ព្រោះ​វា​ជា​ការ​រំលោភ​​សិទ្ធិមនុស្ស”៕ សុខុម​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស