32.5 C
Phnom Penh

លោក ហ៊ុន សែន ផ្តល់​​​អាជ្ញាប័ណ្ណ​​​ទូរទស្សន៍​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​ប៉ុន​​​ប៉ង​​​ប្រែ​​​ក្លាយ​​​ភាព​​​ទាល​​​់​​​ច្រក​​​ផ្នែក​​​នយោបាយ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​ទៅ​​​ជា​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​មួយ​​​ពាក់​​​ព័ន្ធ​​​នឹង​​​សំណើ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​សុំ​​​​​​ប៉ុស្តិ៍​​​​ទូរទស្ស​​​ន៍​​​ ដោយ​​​លើក​​​ឡើង​​​ថា ឥឡូ​​​វនេះ​​​វា​​​អាស្រ័យ​​​លើ​​​ការ​​​សម្រេច​​​ចិត្ត​​​របស់​​​គណបក្ស​​​ប្រឆាំង​​​។

ថ្លែង​​​នៅ​​​ឯ​​​មជ្ឈមណ្ឌល​​​ជន​​​ពិកា​​​រនៅ​​​ខេត្ត​​​កំពត​​​ លោក ហ៊ុន សែន​​​ បាន​​​​​​លើក​​​ឡើង​​​ថា ការ​​​ផ្តល់​​​ស្ថានីយ​​​ទូរទស្សន៍​​​ទៅ​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​កំពុង​​​មាន​​​ការ​​​ពិភាក្សា​​​គ្នា​​​ ហើយ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គ្រាន់​​​តែ​បើក​​​ក្រុម​​​ហ៊ុន​​​មួយ​​​ទទួលបាន​​​​អាជ្ញាប័ណ្ណ​​​នោះ​ហើយ​។ ប៉ុន្តែ​​​ ប្រធាន​​​ក្រុម​​​តំណាង​​​រាស្រ្ត​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា ស្ថាន​​​ីយ​​​ទូរទស្សន៍​​​តែ​​​មួយ​​​មុខ​​​​​​មិន​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​រដ្ឋ​​​សភា​​​របស់​​​ខ្លួន និង​​​បំពេញ​​​​​​អាសនៈ​​​សភា​​​នៅ​​​ទំនេរ​​​ទាំង​​​៥៥​​​របស់​​​ខ្លួន​​​បាន​​​ទេ។

លោ​​​ក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​ស្នើ​​​ឲ្យ​​ [សម រង្ស៊ី ​​​​​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​] បង្កើត​​​ក្រុម​​​ហ៊ុន​​​មួយ​​​ ហើយ​​​ខ្ញុំ​​​បាន​​​ណែ​​​នាំ​​​គាត់​​​ថា គាត់​​​ត្រូវ​​​ធ្វើ​​​ពាណិជ្ជកម្ម​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​”។ ក្រោយ​​​ពី​​​បង្កើត​​​ក្រុម​​​ហ៊ុន​​​រួច​​​ហើយ​​​ លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ប្រាប់​​​លោក សម រង្ស៊ី ឲ្យ​​​ធ្វើ​​​សំណើ​​​សុំ​​​អាជ្ញា​​​ប័ណ្ណ​​​ទូរទស្សន៍​​​ទើប​​​គេ​​​ផ្តល់​​​ឲ្យ។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “លោក សម រង្ស៊ី សន្យា​​​ថា គាត់​​​នឹង​​​ធ្វើ​​​ ហើយ​​​ខ្ញុំ​​​ក៏​​​បាន​​​សួរ​​​លោក ខៀវ កាញារីទ្ធ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួ​​​ង​​​ព័ត៌​​​មាន​​​ថា តើ​​​អាច​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​​ទូរ​ទស្ស​​​ន៍​​​ជាតិ​​​ឲ្យគាត់​​​បាន​​​ ឬ​​​ទេ”។ “យើង​​​បាន​​​អនុញ្ញាត​​​ [​​​ឲ្យគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បង្កើត​​​ស្ថានីយ​​​ទូរទស្សន៍​​​]​​​​​​​​​​​​ ប៉ុន្តែ លោក​សម រង្ស៊ី​​​ មិន​​​បាន​​​ធ្វើ​​​លិខិត​​​មក​​​ខ្ញុំ​​​ទេ​​​។ ដូច្នេះ​​​ហើយ​​​គាត់​​​គ្មាន​​​បំណង​​​ដោះ​​​ស្រាយ​​​ភាព​​​ទាល់​​​ច្រក​​​ផ្នែក​​​នយោបាយ​​​នេះ​​​ឡើយ​​​។​​​បើ​​​គាត់​​​ចង់​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​មែនឬ​​​មិន​​​មែន​​​នោះ វា​​​អាស្រ័យ​​​លើគាត់​​​”។

លោក​​​ ហ៊ុន សែន ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា លោក​​​ក៏​​​បាន​​​យ​​​ល​​​់​​​ព្រម​​​ធ្វើ​​​ឲ្យ​​​ គ.ជ.ប.​​​ ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចោទ​​​ថា បាន​​​លួច​​​បន្លំ​​​សន្លឹក​​​ឆ្នោត​នេះ​ក្លាយ​​​​ទៅ​​​ជា​​​ស្ថា​​​ប័​​​ន​​​​​​ធម្មនុញ្ញ​​​ដូច​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​បាន​​​ទាម​​​ទារ​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ុយល់​​​ព្រម​​​ដាក់​​​ គ.ជ.ប.​​​ទៅ​​​ក្នុង​​​ជំពូក​​​១៥​​​នៃ​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​ដើម្បី​​​បន្ថែម​​​ជំពូក​​​មួយ​​​ទៀត ហើយ​​​យើង​​​នឹង​​​ធ្វើ​​​វិសោធ​​​នកម្ម​​​រដ្ឋ​​​​​​ធម្ម​​​នុញ្ញ​​​”។

នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពីម្សិលមិញ​​​ លោក ខៀវ កាញារីទ្ធ​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​បាន​​រៀបចំ​ឲ្យ​មាន​​​​ប្រព័ន្ធ​​​ឌីជីថល​សម្រាប់​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា​​​។ លោក ខៀវ កាញារីទ្ធ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បី​​​ជា​​​ស្ថានីយ​​​ទូរទស្សន៍​​​ថ្មី​​​នេះ​​​មិន​​​អនុ​​​ញ្ញាត​​​ឲ្យ​​​មាន​​​ឈ្មោះ​​​គណបក្ស​ក៏​​​ដោយ ក៏​​​អនុញ្ញាត​​​ឲ្យ​​​ទូរទស្សន៍​​​នេះ​​​ផ្សាយ​​​កម្ម​​​វិធី​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ស្រប​​​តាម​​​​​​ច្បាប់​​​ដែរ​​​។

លោក ខៀវ​​​ កាញារីទ្ធ​​​ បាន​​​លើក​​​ឡើង​​​តាម​​​ហ្វេស​​​ប៊ុក​​​ថា “លោក​​​ដឹង​​​ច្បាស់​​​ហើយ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ការ​​​ចាប់​​​ពិរុ​​​ទ្ធ​​​​​​មិន​​​ស្រប​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញ​​​ទេ”។ ទាំង​​​លោក ខៀវ កាញារីទ្ធ និង​​​លោក ហ៊ុន សែន បាន​​​លើកឡើង​​​ថា ការ​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​ទូរទស្សន៍​​​នេះ​​​បាន​​​ពិភាក្សា​​​គ្នា​​​ជាង​​​មួយ​​​ខែ​​​មក​​​ហើយ។

កាល​​​ពី​​​ម្សិលមិញ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក សម រង្ស៊ី សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​ ប៉ុន្តែ លោក សុ​​​ន ឆ័យ ប្រធាន​​​ក្រុម​​​តំណាង​​​រាស្រ្ត​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​អាទិ​​​ភាព​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​មិន​​​មែនជា​​​អាជ្ញា​​​ប័ណ្ណ​​​ទូរទស្សន៍​​​​ដែល​​​បាន​​​ស្វះ​​​ស្វែង​​​រក​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​មាន​​​តុល្យ​​​ភាព​​​ចំពោះ​​​ការ​​​ប្រើ​​​ប្រាស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​​​​ដែល​​​ភាគ​​​ច្រើន​​​គ្រប់​​​គ្រង​​​ដោយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ទេ។

លោក សុន ឆ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​មិន​​​ធ្វើ​​​ទេ​​​។ យើង​​​មិន​​​ព្រម​​​​​​ចំពោះ​​​ស្ថាន​​​ីយ​​​ទូរ​​​ទស្សន​​​៍​​​ថ្មី​​​នេះ​​​ទេ លុះ​​​ត្រា​​​តែ​​​មាន​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ន​​​យោ​​​បាយ​​​ទាំង​​​អស់​​​រួច​​​រាល់​​​សិន​​​។ វា​​​ជា​​​ផ្នែក​​​មួ​​​យ​​​នៃ​​​កញ្ចប់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​តែ​​​ជា​​​ចំណុច​​​សំខាន់​​​ដើម្បី​​​ឲ្យ​​​គណបក្ស​​​ប្រឆាំង​​​ទទួល​​​យក​​​អាសនៈ​​​នៅ​​​ក្នុង​​​សភា​​របស់​​​ខ្លួន​​​។

លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា “ស្ថានីយ​​​ទូរទស្សន៍​​​ដែល​​​ស្ថិ​​​ត​​​នៅ​​​ក្រោម​​​បទ​​​ប្ប​​​ញ្ញតិ​​​បច្ចុប្បន្ន​​​គ្មាន​​​ន័យ​​​ទេ​​​ រដ្ឋាភិបាល​​​ចង់​​​ឲ្យ​​​យើង​​​ចុះ​​​បញ្ជី​​​ជា​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​ ប៉ុន្តែ យើង​​​ត្រូវ​​​ប្រតិបត្តិ​​​តាម​​​បទ​​​ប្ប​​​ញ្ញតិ្ត​​​មិន​​​ល្អ​​​ ហើយ​​​រដ្ឋាភិបាល​​​អាច​​​ដក​​​អាជ្ញា​​​ប័ណ្ណ​​​វិញ​​​នៅ​​​ពេល​​​ណា​​​ក៏​​​បាន”។

នៅ​​​ពេល​​​ថ្លែង​​​សុន្ទរកថា​​​កាល​​​ពីម្សិលមិញ​​​នេះ លោក​​​នាយករដ្ឋមន្ត្រី​​​ក៏​​​បាន​​​រិះគន់​​​ព័ត៌មាន​​​ក្លែង​​​ក្លាយ​​​ដែល​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​កាល​​​ពី​​​ចុង​​​សប្តាហ​​​៍​​​មុន​​​ថា គាត់​​​មាន​​​ស្ថាន​​​ភាព​​​​​​ធ្ងន់​​​ធ្ងរ​​​ក្រោយ​​​ពី​​​មាន​​​ជំងឺ​​​ដាច់​​​សរ​​​សៃ​ឈាម​ខួរ​​​ក្បាល ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ប្រទេស​​​សិង្ហ​​​បុរី​​​។

លោក ហ៊ុន សែន បាន​​​ថ្លែង​​​ដោយ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​​​​ លោក សម រង្ស៊ី ថា ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ញុះញង់​​​​​​ប្រជាជន​​​ដោយ​​​និយាយ​​​ថា នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ធ្លាក់​​​ខ្លួន​​​ឈឺ​​​។ លោក ហ៊ុន សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​បាន​​​​​​អាន​​​កាសែត​​​ ខេ​​​ម​​​បូ​​​ឌា ដេ​​​លី កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ហើយ​​​បាន​​​ដឹង​ថា ប្រធាន​​​គណ​​​បក្ស​​​មួយ​បាន​​​និយាយ​​​ថា គាត់​​​បាន​​​ទទួល​​​ព័ត៌​​​មាន​​​ថា ខ្ញុំ​​​មាន​​​ជំងឺ​​​ដាច់​​​សរសៃ​​​ឈាម​​​ខួរ​​​ក្បាល​​​”។

បន្ទាប់​​​មក​​​លោក​​បាន​​​បដិសេធ​​​នឹង​​​គំនិត​​​មួយ​​​ដែល​​​ថា លោក សម រង្ស៊ី ប្រហែល​​​ស្នង​​​ជា​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ដោយ​​​លើ​​ក​​​ឡើង​​​ថា បើ​​​លោក​​​ស្លាប់​​អាច​​​នា​​​ំ​​​ឲ្យ​​​មាន​​​ការ​​​ដណ្តើម​​​អំណាច​​​ក្នុង​​​ស្រុក។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​​​​ខ្ញុំ​​​មាន​​​ជំងឺ​​​ដាច់​​​សរ​​​សៃ​ឈាម​​​ខួរ​​​ក្បាល​​​មែន​​​លោក​​​​​​ឯង​​​គួរ​​​តែ​​​វេច​​​បង្វិច​​​ត្រៀម​​​រត់​​​។ ខ្ញុំ​​​និយាយ​​​បែប​​​នេះ​​​ដោយ​​​​​​ស្មោះ​​​ត្រង់​​​ ពីព្រោះ​​​មាន​​​មនុស្ស​​​តែ​​​ម្នាក់​​​គត់​​​ដែល​​​​​​អាច​​​បញ្ជា​​​កង​​​ទ័ព​​​ ហើយ​​​ពួក​​​គេ​​​មិន​​​ចង់​​​ឲ្យ​​​​​​ ហ៊ុន​​ សែន ងាប់​​​ទេ”៕គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស