29.6 C
Phnom Penh

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​បដិសេធថា មិន​​​បាន​​ទទួល​​​​​អ្នក​​​សុំ​​​ទាន​ពី​​​​​សាលារាជធានី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​ការ​​​ពារ​​​កុមារ​​​ដែល​​​សហ​​​ការ​​​ជាមួយ​​​សាលា​​​រាជ​​​ធានី​​​ ដើម្បី​​​បោស​​​សម្អាត​​​អ្នក​​​សុំ​​​ទាន​​​ចេញ​​​ពី​​​ផ្លូវ​​​នៅ​​​ក្នុង​​​ទីក្រុង​​​​​​កាល​​​ពី​​​ម្សិលមិញ បាន​​​លើក​​​ឡើង​​​នូវ​​​កង្វល់​​​យ៉ាង​​​ខ្លាំង​​​អំពី​​​កន្លែង​​​ស្នាក់​​​នៅ​​​​​​របស់​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ប្រមូល​​​ចាប់​​​​​​ទាំង​​​នេះ បន្ទាប់​​ពី​​​សាលា​​​រាជ​​​ធានី​​​ប្រាប់​​​តួ​​​លេខ​​​គួរ​​​ឲ្យ​​​ស​​​ង្ស័យ​​​អំពី​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ប្រមូល​​​ចាប់​​​ទាំង​​​នោះ​​​។

សាលា​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ឲ្យដឹង​​​កាល​​​ពីម្សិលមិញ​​​ថា ខ្លួន​​​ប្រមូល​​​បាន​​​អ្នក​​​សុំ​​​ទាន​​​ និង​​​អ្នក​​​លក់​​​ដូរ​​​តាម​​​ផ្លូវ​​​ចំនួន​​​៣៦​​​​​​នាក់​​​ ហើយ​​​បាន​​​យក​​​ពួកគេ​​​ទៅ​​​ដាក់​​​នៅ​​​ក្នុង​​​អង្គការ​​​ដើម្បី​​​ភាព​​​ញញឹម​​​នៃ​​​កុមារ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា  ប្រធាន​​​អង្គការ​​​នេះ​​​បាន​​​និយាយ​​​ថា ខ្លួន​​​បាន​​​ទទួល​​​​​​កុមារ​​​តែ​​​ម្នាក់​​​​​​ប៉ុណ្ណោះ។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ សា​​​លា​​​រាជ​​​ធានី​​​បាន​​​ប្រកាស​​​បោស​​​សម្អាត​​​អ្នក​​​សុំ​​​ទាន​​​ឲ្យ​​​អស់​​​ពី​​​ផ្លូវ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង​​​ដោយ​​​ចាត់​​​ទុក​​​អង្គការ​​​ដើម្បី​​​ភាព​​​ញញឹម​​​នៃ​​​កុមារ​​​ និង​​​អង្គការ​​​​​​មិត្ត​​​សំឡាញ់​​​​​​ដែល​​​ធ្វើ​​​ការ​​​ជាមួយ​​​កុមារ​​​អនាថា​​​ជា​​​ដៃ​​​គូ​​​នៅ​​​ក្នុង​​​គម្រោង​​​នេះ​​​។

ប៉ុន្តែ រហូត​​​មក​​​ទល់​​​រសៀល​​​ម្សិលមិញ តួ​​​លេខ​​​របស់​​​រដ្ឋាភិបាល​​​អំពី​​​មនុស្ស​​​ដែល​​​ត្រូវ​​​បាន​​​ប្រមូល​​​ចាប់​​​ទាំង​​​នេះ​​​ខុស​​​គ្នា​​​ស្រឡះ​​​អំពី​​​តួលេខ​​​របស់​​​ដៃ​​​គូ​​​ខ្លួន​​​ និង​​​ខុស​​​គ្នា​​​ពី​​​តួ​​​លេខ​​​របស់​​​អង្គការ​​​លីកាដូ ដែល​​​ឃ្លាំ​​​មើល​​​ដំណើ​​​រ​​​ការ​​​នេះ ហើយ​​​លើក​​​ឡើង​​​ថា មនុស្ស​​​ជាង​​​៧០​​​នាក់​​​បាន​​​បាត់​​​មុខ​​​ពី​​​ផ្លូវ​​​នានា​​​ក្នុង​​​ទីក្រុង​​​។

លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សា​​​លា​​​រាជ​​​ធានី​​​បាន​​​និយាយ​​​ថា “រហូត​​​មកទល់​​​ពេល​​​នេះ​​​ប្រមូល​​​ចាប់​​​បាន​​​តែ​​​មនុស្ស​​​​​​៣៦​​​នាក់​​​ប៉ុណ្ណោះ។ ពួកគេ​​​ត្រូ​​​វ​​​បាន​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​អង្គការ​​​ដើម្បី​​​ភាព​​​ញញឹម​​​នៃ​​​កុមារ​​​រួច​​​ហើយ​​​”។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ គេ​​​ឃើញ​​​រថយន្ត​​​ធំៗ​​​ដឹក​​​អ្នក​​​សំុ​​​ទាន​ជា​​​ច្រើន ​​​​​ដែល​​​មាន​​​ស្ត្រី កុមារ និង​​​មនុស្ស​​​ចាស់​​​។ លោក ឡុង​​​ ឌីម៉ង់ បាន​​​និយាយ​​​ថា មនុស្ស​​​៣៣​​​នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ទាំង​​​៣៦​​​នាក់​​​ត្រូវ​​​បាន​​​ប្រមូល​​​នៅ​​​ថ្ងៃ​​​ដំបូង​​​នៃ​​​ប្រតិបត្តិការ​​​នេះ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ពិន សារពេជ្រ ប្រធាន​​​កម្ម​​​វិធី​​​​​នៅ​​​អង្គការ​​​ដើម្បី​​​ភាព​​​ញញឹម​​​នៃ​​​កុមារ​​​បាន​​​និយាយ​​​ថា ការ​​​អះអាង​​​របស់​​​សា​​​លា​​​រាជ​​​ធានី​​​ដែល​​​ថា មនុស្ស​​​៣៦​​​នាក់​​​ត្រូវ​​​បាន​​​នាំ​​​មក​​​កាន់​​​អង្គការ​​​របស់​​​លោក​​​ គឺ​​​មិន​​​ពិត​​​ទេ​​​។ លោក សារពេជ្រ​​​ បាន​​​និយាយ​​​ថា ” កាល​​​ពី​​​ថ្ងៃ​​​អង្គារ មន្ទីរ​​​សង្គម​​​កិច្ច​​​បាន​​​នាំ​​​កុមារ​​​១៣​​​នាក់​​​មក​​​ទី​​​នេះ​​​”។ ​​​លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​ការ​​​ងារ​​​របស់​​​លោ​​​ក​​​បាន​​​ធ្វើ​​​តាម​​​នីតិ​​​វិធី​​ធម្មតា​​​នៅ​​​ពេល​​ខ្លួន​​​ពិចារណា​​​ទទួល​​​យក​​​អ្នក​​​ចូល​​​ថ្មី​​​នៅ​​​ក្នុង​​​កម្ម​​​វិធី​​​របស់​​​ខ្លួន​​​។ លោក​​​បាន​​​និយាយ​​​ថា “នៅ​​​ទី​​​បញ្ចប់​​​កុមារ​​​១២​​​នាក់​​​ក្នុង​​​ចំណោម​​​កុមារ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​គ្រួសារ​​​ ដូច្នេះ​​​យើង​​​ទទួល​​​យក​​​តែ​​​កុមារ​​​ម្នាក់​​​​​ប៉ុណ្ណោះ​​​ ដែល​​​ជា​​​កុមារ​​​កំព្រា”។ លោក​​​បាន​​​ឲ្យដឹង​​​ទៀត​​​ថា កុមារ​​​ទាំង​​​១២​​​នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឲ្យ​​​គ្រួសារ​​​របស់​​​ពួក​​​គេ​​​វិញ​​​ហើយ។

លោក សារពេជ្រ បាន​​​និយាយ​​​ថា​​​  ទោះ​​​បី​​​ជា​​​លោក​​​ព្រម​​​ព្រៀង​​​សហ​​​ការ​​​ជាមួយ​​​​​​សា​​​លា​​​រាជ​​​ធានី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យក​​​កុមារ​​​អនាថា​​​ទៅ​​​ឲ្យ​​​រៀន​​​មុខ​​​វិជ្ជា​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវ​​​ៈ​​​ក៏​​​ដោយ​​​ ក៏​​​សា​​​លា​​​រាជ​​​ធានី​​​បាន​​​នាំ​​​កុមារ​​​ទាំង​​​នេះមក​​​ដោយ​​​មិន​​​មានការ​​​ប្រកាស​​​ឲ្យដឹង​​​ដែរ​​​។ លោក​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​ធ្វើ​​​ការ​​​របៀប​​​នេះ​​​ទេ​​​។ យើង​​​មាន​​​គម្រោង​​​ចេញ​​​ទៅ​​​និយាយ​​​ជាមួយ​​​មនុស្ស​​​ទាំង​​​នេះ ស្វែង​​​យល់់​​​អំពី​​​បញ្ហា​​​របស់​​​ពួកគេ​​​ និង​​​ព្យាយាម​​​រក​​​ដំណោះ​​​ស្រាយ​​​សម្រាប់​​​មនុស្ស​​​ម្នាក់​​​ៗ​​​ផ្អែក​​​តាម​​​​​​រឿង​​​រ៉ាវ​​​ផ្ទាល់​​​ខ្លួន​​​របស់​​​ពួកគេ។ សា​​​លា​​​រាជ​​​ធានី​​​មាន​​​យុទ្ធ​​​សាស្ត្រ​​​ផ្ទាល​​់​​​ខ្លួន​​​សម្រាប់​​​យុទ្ធ​​​នា​​​ការ​​​នេះ​​​ ប៉ុន្តែ សា​​​លា​​​រាជ​​​ធានី​​​មិន​​​ធ្វើ​​​ការ​​​ឲ្យ​​​យើង​​​ទេ”។

លោក សារពេជ្រ​​​ បាន​​​ឲ្យដឹង​​​ថា កុមារ​​​បួន​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​នាំ​​​មក​​​ការិយាល័យ​​​របស់​​​លោក​​​កាល​​​ពីម្សិលមិញ ប៉ុន្តែ អង្គការ​​​ដើម្បី​​​ភាព​​​ញញឹម​​​នៃ​​​កុមារ​​​មិន​​​អាច​​​ទទួល​​​យក​​​ពួក​​​គេ​​​បាន​​​ទេ ” ពួកគេ​​​មក​​​ពី​​​ក្រៅ​​​តំបន់​​​របស់​​​យើង​​​”។

គេ​​​នៅ​​​មិនទាន់​​​ដឹង​​​ថា កុមារ​​​ទាំង​​​បួន​​​នាក់​​​ និង​​​មនុស្ស​​​ទាំង​​​២៤​​​នាក់​​​ដែល​​​មិន​​​បាន​​​​​​មក​​​ដល់​​​អង្គការ​​​ដើម្បី​​​ភាព​​​ញញឹម​​​នៃ​​​កុមារ​​នោះ នៅ​​​ទី​​​ណា​​​ទេ​​​។

លោក សាន សុផល ប្រធាន​​​មន្ទីរ​​​សង្គម​​​កិច្ច​​​ក្រុង​​​ដែល​​​ទទួល​​​បន្ទុក​​នាំ​​​កុមារ​​​អនាថា​​​យក​​​មករៀន​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​វិជ្ជជីវៈ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិ​​​ប្បាយ​​​អំពី​​​យុទ្ធនាការ​​​នេះ​​​ទេ​​​។

លោក អំ សំអាត​​​ អ្នក​​​គ្រប់​​​គ្រង​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​លីកាដូ​​​បាន​​​និយាយ​​​ថា តាម​​​រយៈ​​​បណ្តាញ​​​​​​នៃ​​​ប្រភព​​​របស់​​​លោក​​​ លោក​​​រាប់​​​ឃើញ​​​មនុស្ស​​​៧០​​​នាក់​​​ ឬ​​​លើស​​​ពី​​​នេះ​​​ដែល​​​បាន​​​បាត់​​​ខ្លួន​​​ពី​​​ផ្លូវ​​​នៅ​​​​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​ចាប់​​​តាំង​​​ពី​​​សា​​​លា​​​រាជ​​​ធានី​​​បាន​​​ប្រកាស​​​អំពី​​​ប្រតិបត្តិការ​​​​​​ប្រមូល​​​ចាប់​​​នេះ​​​មក​​​​​​​​​​​​​​​។ លោ​​​ក​​​បាន​​​និយាយ​​ថា ភាព​​​ខុស​​​គ្នា​​​អំពី​​​ចំនួនមនុស្សទាំង​​​នេះ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​បារម្ភ​​​អំពី​​​ជោគ​​​វាសនា​​​របស់​​​មនុស្ស​​​ដែល​​​បាត់​​​ខ្លួន។

លោក​​​បាន​​​និយាយ​​​សំដៅ​​​ដល់​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជាជីវៈ​​​ដែល​​​មាន​​​ឈ្មោះ​​​មិន​​​ល្អ​​​នៅ​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ ដែល​​​ធ្លាប់​​​បាន​​​ទទួល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​​​​អំពី​​​ការ​​​រំលោភបំពាន​​​ថា “យើង​​​កំពុង​​​ស្វែង​​​រក​​​ពួកគេ​​​ ពី​​​ព្រោះ​​​យើង​​​សង្ស័យ​​​ថា មនុស្ស​​​អនាថា​​​ទាំង​​​នោះ​​​ប្រហែល​​​ជា​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មណ្ឌល​​​សង្គម​​​កិច្ច​​​ព្រៃ​​​ស្ពឺ​​​”។ លោក អំ សំអាត ក៏​​​បាន​​​និយាយ​​​ដែរ​​​ថា លោក​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​ថា មនុស្ស​​​ចាស់​​​មួយ​​​ចំនួន​​​ដែល​​​សា​​​លា​​​រាជ​​​ធានី​​​ប្រមូល​​​ចាប់​​​បាន​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ស្រុក​​​កំណើត​​​របស់​​​ពួក​​​គាត់​​​វិញ​​​ហើយ​​​។ លោក​​​ ឡុង​​​ ឌីម៉ង់ បាន​​​បដិសេធ​​​ចំពោះ​​​ការ​​​អះ​​​អាង​​​នេះ​​​។

លោក​​​ សេបាសស្ទៀន ម៉ារ៉ុត នាយក​​​ប្រតិ​​​បត្ត​​​ិអង្គការ​​​ Friends International ដែល​​​សហ​​​ការ​​​ជា​​​មួយ​​​​​អង្គការ​​​មិត្ត​​​សំឡាញ​​​់​​​ក្នុង​​​ការ​​​ធ្វើ​​​ការ​​​ជា​​​មួយ​​​ជន​​​អនាថា​​​បាន​​​និយាយ​​​ថា លោក​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ទង្វើ​​​របស់​​​សា​​​លា​​​រាជ​​​ធានី​​​។

លោក​​​ ម៉ារ៉ុត បាន​​​និយាយ​​​ថា ” យើង​​​កំពុង​​​ប៉ុន​​​ប៉ង​​​ស្វែង​​​រក​​​ការ​​​ពិត​​​អំពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​ ប៉ុន្តែ​​​នគរ​​​បាល​​​ [ មន្ទីរ​​​សង្គម​​​កិច្ច​​​ ]​​​​​​​​​ និង​​សា​​​លា​​​រាជ​​​ធានី​​​សុទ្ធ​​​តែ​​​មាន​​​តួលេខ​​​ខុស​​​ៗ​​​គ្នា”។​​​លោក​​​បាន​​​បន្ថែម​​​ថា មជ្ឈមណ្ឌល​​​ព្រៃ​​​ស្ពឺ​​​រាយការណ៍​​​ថា មិន​​​មាន​​​អ្នក​​​ចូល​​​ថ្មី​​​ទេ​​​។ យោង​​​តាម​​​លោក ម៉ារ៉ុត បាន​​​ឲ្យដឹង​​​ថា សា​​​លា​​​រាជ​​​ធានី​​​​​​មិន​​​បាន​​​នាំ​​​​​​ជន​​​អនាថា​​​ណា​​​ម្នាក់​​​ដែល​​​ខ្លួន​​​ប្រមូល​​​បាន​​​ទៅ​​​ឲ្យ​​​អង្គការ​ Friends International ​​​ទេ។ លោក ម៉ារ៉ុត បា​​​ន​​​និយាយ​​​ថា ” ការ​​​ទាក់​​​ទង​​​ទៅ​​​នគរបាល​​​ សា​​​លា​​​រាជ​​​ធានី​​​ និង​​​មន្ទីរ​​​សង្គម​​​​​​កិច្ច​​​មាន​​​ការ​​​លំបាក​​​ណាស់​​​។ វា​​​មាន​​​ការ​​​ពិបាក​​​ដឹង​​​ពី​​​អ្វី​​​ដែល​​​កំពុង​​​​​កើត​​​ឡើង​​​ណាស់។ វា​​​គឺ​​​ជា​​​បញ្ហា​​​ធំ​​​មួយ​​​”៕ គឹម​​​ហឿន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស