38.8 C
Phnom Penh

លោក ស៊ូបេឌី សម្តែងសុទិដ្ឋិនិយម​ បើទោះ​ជារដ្ឋាភិបាលបដិសេធមិន​ធ្វើកំណែទម្រង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើទោះណាជា​រដ្ឋាភិបាល​បដិសេធយ៉ាងខ្លាំង​មិន​ព្រមធ្វើតាម​អនុសាសន៍​របស់​លោក​ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​កាលពីពីរ​ឆ្នាំ​មុនក៏ដោយ ក៏លោក​ សុរិយា ស៊ូបេឌី ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំជាមួយ​លោក អុឹម សួស្ដី ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត (គ.ជ.ប.) កាលពីម្សិលមិញ ដោយមានគំនិត​​​សុទិដ្ឋិនិយមដែរ​។

លោក​ ស៊ូបេឌី បាន​មាន​ប្រសាសន៍​ថា “​ដំណើរ​ការ​កែទម្រង់គឺ​តែងតែជា​ដំណើរ​ការ​ដែលជួប​ឧបសគ្គ​សម្រាប់​ប្រទេស​ណាក៏ដោយ ជា​ពិសេស​ចំពោះប្រទេសដូច​ជា​ប្រទេស​កម្ពុជា​ជាដើម ដែល​មាន​ភាព​ស្មុគ​ស្មាញ​។ ប៉ុន្តែ​ជាថ្មីម្ដង​ទៀត ខ្ញុំមានក្តីរំភើបរីក​រាយ​ដែល​ភាគ​ច្រើននៃអនុសាសន៍​​របស់​ខ្ញុំ​ ឥឡូវ​នេះ​​ក្លាយជា​ផ្នែក​មួយ​នៃ​របៀប​វារៈរបស់ជាតិ​”។

នៅ​ក្នុង​របាយការណ៍​ខែកក្កដា ឆ្នាំ​២០១២​ផ្ញើ​ជូ​ន​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ លោក ស៊ូបេឌី បាន​ព្រមាន​ថា ការ​មិន​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​រដ្ឋមួយ​ចំនួន រួម​ទាំង​​គ.ជ.ប.​ផងនោះ​ អាច​ធ្វើ​ឲ្យ​ប្រទេស​ជាតិមាន​អស្ថិរភាព​ និង​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​​។

ការ​ព្រមាន​របស់​លោកបាន​បង្ហាញ​ឲ្យឃើញដូច​ការ​គិត​ទុក​ជាមុន​ ខណៈដែល​កង​កម្លាំង​រដ្ឋាភិបាល​បាន​​បាញ់​បណ្ដាល​ឲ្យមនុស្ស​យ៉ាង​ហោច​ណាស់​ប្រាំពីរ​នាក់​ស្លាប់ មាន​ទាំង​អ្នក​តវ៉ា ឬអ្នក​ឈរ​មើល​ការ​តវ៉ា​ជាដើម ចាប់​តាំងពី​ការ​បោះ​ឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពី​ខែកក្កដាមក។

ប៉ុន្តែ​លោក ស៊ូបេឌី បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក អុឹម សួស្ដី “តែង​តែ​និយាយដោយ​​​ស្មោះ​ត្រង់​និង​ក្នុង​ន័យ​ស្ថាបនា​នៅក្នុង​ការ​ពិភាក្សា​របស់​ខ្ញុំ” ហើយ​ “លោក​តែងតែផ្ត​ល់ព័ត៌មានដែលមានសារៈ​សំខាន់​នៅ​ក្នុងដំណោះរបស់​លោក​ចំពោះ​បញ្ហា​មួយ​ចំនួន​ ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​មុខ​សព្វ​ថ្ងៃ​នេះ”។

ការ​​​ទាម​ទារខ្លាំងបំផុត​របស់​គណបក្ស​សង្គ្រោះជាតិ​ដើម្បីបញ្ចប់​ការបន្ត​ធ្វើ​ពហិការ​រដ្ឋ​សភា​របស់ខ្លួននោះ​ គឺ​ជា​ការ​កែទម្រង់​គ.ជ.ប.ទាំងស្រុង ដែល​បច្ចុប្បន្ន​នេះ​មាន​មន្ត្រី​ជាច្រើន​រួមទាំង​លោក អុឹម សួស្ដី ផងសុទ្ធតែមាន​ទំនាក់​ទំនង​ជិត​ស្និទ្ធជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ស៊ូបេឌី បាន​មាន​ប្រសាសន៍​ថា ជំនួប​នោះ​ភាគច្រើន​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​កាលពី​ខែកក្កដា និង​ថា​តើ​លោក​អាច​ចូលរួម​ចំណែក​ដោះ​ស្រាយ​​ភាព​ទាល់​ច្រក​នយោបាយ​ដោយ​វិធីណា។ លោក​បាន​មាន​ប្រសាសន៍​ថា “ដល់​ពេល​ផ្លាស់ប្តូរ​ដំណើរ​ការ​បោះ​ឆ្នោត​ និង​ធ្វើ​កំណែទម្រង់ស៊ីជម្រៅ​​ទូលំទូលាយហើយ​”។

ទោះជាយ៉ាង​ណា ការ​​ពិភាក្សា​ថ្មីបំផុត​ពាក់​ព័ន្ធ​នឹង​នយោបាយ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍មុនបាន​បញ្ចប់នៅពេល​ដែល​ប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​ទទូ​ច​ឲ្យ​មានការ​ជ្រើស​រើស​សមាជិក​គ.ជ.ប.ថ្មី ដោយ​សំឡេង​៥០ភាគរយបូក១នៅក្នុង​​សភា ដែល​ជាថ្មីម្ដង​ទៀត​អនុញ្ញាត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជ្រើស​រើស​សមាជិក ​គ.ជ.ប. យ៉ាងប្រុង​ប្រយ័ត្ន​ដោយ​គ្មាន​ការ​ទប់ស្កាត់។

លោក អឹុម សួស្ដី មិនអាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បានទេបន្ទាប់ពីជំនួប​នោះ ប៉ុន្តែ​លោក ទេព នីថា អគ្គលេខាធិការ​គ.ជ.ប. បាន​មាន​ប្រសាសន៍​ថា លោក​ប្រធាន​បាន​ពន្យល់​ថា ទន្ទឹមនឹង​​ការ​ផ្លាស់​ប្ដូរ​លក្ខណៈ​បច្ចេកទេស​មួ​យ​ចំនួន​ ដូច​ជាការ​ដាក់​ចៅក្រម​ពីរ​រូប ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​​គ.ជ.ប. លោក​បាន​បដិសេធ​មិន​ឆ្លើ​យ​សំណួរ​ទាក់​ទង​ផែន​ការ​ធ្វើ​កំណែទម្រង់​បន្ថែមទៀត​ឡើយ។

លោក​ ទេព នីថា បានមាន​ប្រសាសន៍​ថា “ការពិត​ គ.ជ.ប.មិនមាន​សមត្ថកិច្ច​ធ្វើ​កំណែ​ទម្រង់​ទេ យើង​ត្រូវ​រង់​ចាំ​រហូត​ដល់​សមាជិក​សភា​ត្រេៀមខ្លួន​​ធ្វើ​កំណែទម្រង់​ច្បាប់ ហើយ​យើង​ត្រូវ​​អនុវត្ត​តាម​ច្បាប់​។ ដូច្នេះហើយ គ.ជ.ប.គ្រាន់​តែ​ជម្រាប​លោក ស៊ូបេឌី ថា យើង​មិន​អាច​ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ​បានទេ​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស